បារាំងចាប់បង្ហាញចង្កូម សម្រាប់សង្រ្គាមអ៊ីនធ័រនែត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៦
កងទ័ពបារាំង នឹងត្រូវបំពាក់ឲ្យមានយុទ្ធសាស្រ្តសម្រាប់ធ្វើសង្រ្គាមអ៊ីនធ័រនែត។ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិបារាំង លោកស្រី Florence Parly បានបង្ហាញពីយុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែត ដែលរដ្ឋាភិបាលបារាំង បានសម្រេចដាក់បញ្ចូលបន្ថែម ក្នុងច្បាប់ស្តីពីកម្មវិធីកងទ័ព បារាំង ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៥។ តើអ្វីទៅជាយុទ្ធសាស្រ្តរបស់បារាំង សម្រាប់ធ្វើសង្រ្គាមអ៊ីនធ័រនែត?
នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parly ជាមួយនឹងនាយសេនាធិការបារាំង លោកFrançois Lecointre បានបង្ហាញឲ្យឃើញ ជាផ្លូវការ យុទ្ធសាស្រ្តវាយប្រហារ តាមអ៊ីនធ័រនែត ដែលគេត្រូវបំពាក់ឲ្យកងទ័ពបារាំង។ សម្រាប់រដ្ឋមន្រ្តីការពារជាតិបារាំង សង្រ្គាមអ៊ីនធ័រនែត បានចាប់ផ្តើមហើយ។ ដូច្នេះ បារាំងត្រូវត្រៀមខ្លួន ដើម្បីវាយប្រយុទ្ធតបតវិញ។
ដោយលើកឡើងពីយុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែត ក្រសួងការពារជាតិបារាំង ចង់បង្ហាញដល់ប្រទេសសត្រូវ ឬចោរអ៊ីនធ័រនែត ថា បារាំង ក៏មានកម្លាំងទ័ពអ៊ីនធ័រនែតសម្រាប់ធ្វើសង្រ្គាមវាយប្រហារតបវិញដែរ គឺមិនមែនត្រឹមតែសម្រាប់ការពារនោះទេ។
តាមច្បាប់ស្តីពីកម្មវិធីកងទ័ព ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥ ក្រសួងការពារជាតិបារាំង គ្រោងនឹងរើសបញ្ចូល អ្នកជំនាញព័ត៌មានវិទ្យា ១ពាន់នាក់ គឺបន្ថែមពីលើចំនួនក្រុមកងទ័ពព័ត៌មានវិទ្យាដែលមានប្រមាណ ៣ពាន់នាក់ នាពេលសព្វថ្ងៃនេះ។ ក្រសួងការពារជាតិបារាំងគ្រោងនឹងវិនិយោគ ចំណាយ ទឹកប្រាក់១ពាន់ ៦រយលានអឺរ៉ូសម្រាប់វិស័យការពារព័ត៌មានវិទ្យា ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥។
នៅដើមឆ្នាំ ២០១៤ ក្រសួងការពារជាតិបារាំងបានលើកឡើងពីកញ្ចប់ថវិកា ១ពាន់លានអឺរ៉ូ សម្រាប់ បំពាក់អាវុធឲ្យវិស័យការពារតាមអ៊ីនធ័រនែត ដែលជាអាទិភាពជាតិ។ ក្នុងនោះ ថវិកា ប្រមាណ៥០០លានអឺរ៉ូត្រូវចំណាយសម្រាប់ការអភិវឌ្ឍន៍ ឧស្សាហកម្ម ហើយនិងបច្ចេកវិទ្យា។
នៅពេលដែល ការវាយប្រហារតាមអ៊ីនធ័រនែតមានកាន់តែច្រើនឡើង នៅក្នុងពិភពលោក រដ្ឋាភិបាលបារាំង ចង់បំពាក់បន្ថែម អាវុធព័ត៌មានវិទ្យា ទៅឲ្យកងទ័ពរបស់ខ្លួន ដើម្បី ធ្វើសង្រ្គាមវាយប្រហារ មិនថា នៅក្នុងសមរភូមិជាក់ស្តែង ឬនៅក្នុងសង្រ្គាមព័ត៌មានវិទ្យានោះទេ។
សូមបញ្ជាក់ថា រហូតមក បារាំង មានតែយុទ្ធសាស្រ្ត ឬមធ្យោបាយ សម្រាប់ការពារខ្លួនពីការវាយប្រហារ របស់ចោរអ៊ីនធ័រនែតតែប៉ុណ្ណោះ។ នៅឆ្នាំ២០១៧ បារាំងបានបង្កើតទីបញ្ជាការដ្ឋានកងទ័ពអ៊ីនធ័រនែតមួយ សម្រាប់ធានាសន្តិសុខព័ត៌មានវិទ្យា។ នៅទីបញ្ជាការដ្ឋានកងទ័ពអ៊ីនធ័រនែតបារាំង ទាហាន ដែលមានជំនាញ ព័ត៌មានវិទ្យា មិនមែនធ្វើការសម្រាប់តែដោះស្រាយ ការពារ បារាំងពីការវាយប្រហាររបស់ចោរ ឬរបស់ប្រទេសណាមួយទេ តាមផ្លូវអ៊ីនធ័រនែតតែប៉ុណ្ណោះទេ។ នៅប្រទេសបារាំង ការវាយប្រហារតបវិញ តាមផ្លូវអ៊ីនធ័រនែត ត្រូវបានសរសេរ ចែង យ៉ាងច្បាស់ នៅក្នុងសៀវភៅស របស់ក្រសួងការពារជាតិបារាំង តាំងពីឆ្នាំ ២០០៨ម្ល៉េះ។ ប៉ុន្តែ យុទ្ធសាស្រ្តនេះ ទើបត្រូវបានបង្ហាញ បណ្តើរៗ ដោយ អតីត រដ្ឋមន្រ្តីការពារជាតិបារាំង លោកJean Yves Le Drian កាលពីឆ្នាំ ២០១៧។ សម្រាប់អតីតរដ្ឋមន្រ្តីការពារជាតិបារាំង យុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែត ទៅលើគូសត្រូវលែងជារឿងដែលគេត្រូវលាក់កំបាំងទៀតហើយ។
យុទ្ធសាស្រ្តដើម្បីវាយប្រហារ តាមអ៊ីនធ័រនែត នឹងប្រើទាំងក្នុងសង្រ្គាមអ៊ីនធ័រនែត និងសមរភូមិ
បន្ថែមពីលើយុទ្ធសាស្រ្តការពារតាមអ៊ីនធ័រនែត យុទ្ធសាស្រ្ត វាយប្រហារតាមអ៊ីនធ័រនែតរបស់ក្រសួងការពារជាតិបារាំង ចង់សំដៅ ដល់ការវាយប្រហារតបវិញ ដើម្បីចាប់សញ្ញា និងតាមដាន រាល់មេរោគចម្លែកៗ នៅលើអ៊ីនធ័រនែត។ ជាមួយនឹងបច្ចេកវិទ្យា ហើយនិងយុទ្ធសាស្រ្ត ពិសេស ក្រុមកងទ័ពព័ត៌មានវិទ្យា បារាំង អាចមានសមត្ថភាពចូលទៅគ្រប់គ្រង កុំព្យូទ័រ របស់គូសត្រូវ ប្រមូលបានទិន្នន័យរបស់ចោរអ៊ីនធ័រនែត។ គោលដៅ គឺដើម្បីបន្ទុចបង្អាក់ ឬបំផ្លាញចោលទាំងស្រុង គម្រោងការ ឬយុទ្ធសាស្រ្តវាយប្រហាររបស់គូសត្រូវ។ ការវាយប្រហារតាមអ៊ីនធ័រនែត ត្រូវបានកងទ័ពបារាំង ធ្លាប់ប្រើរួចហើយ នៅក្នុងប្រយុទ្ធប្រឆាំង យុទ្ធនាការឃោសនារបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ បារាំងមិនមែនប្រើយុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែតតែទៅលើចោរអ៊ីនធ័រនែតទេ ប៉ុន្តែ បារាំង ទាហានបារាំង នៅបានប្រើប្រព័ន្ធព័ត៌មានវិទ្យា នៅក្នុងសមរភូមិប្រយុទ្ធរបស់ខ្លួន ជាមួយ ពួកភេរវនិយម នៅប្រទេសម៉ាលីទៀតផង។
ហេតុអ្វីបារាំងចាំបាច់មានយុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែត នៅពេលនេះ?
ការវាយប្រហារអ៊ីនធ័រនែត នៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមួយចំនួន ប្រព្រឹត្តដោយចោរព័ត៌មានវិទ្យា ដើម្បី គ្រាន់តែ ចាប់ជំរិតទារប្រាក់ និងមួយចំនួនទៀត ជាស្នាដៃរបស់ប្រទេស រដ្ឋាភិបាល ក្នុងគោលដៅ ធ្វើឲ្យជាប់គាំងស្ទះ បណ្តាញកុំព្យូទ័រ ព័ត៌មានវិទ្យារបស់គូសត្រូវរបស់ខ្លួននោះ បានធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរ និងខាតបង់ប្រាក់រាប់លានដុល្លារ។
តាមមេបញ្ជាការកងទ័ពជំនាញខាងអ៊ីនធ័រនែត នៅប្រទេសបារាំង ក្នុងរយៈពេល១ឆ្នាំ ២០១៧ គេរកឃើញមានករណីប៉ុនប៉ង វាយប្រហារតាមអ៊ីនធ័រនែត ដល់ទៅ ៧០០ដង ដែលនៅក្នុងនោះ ជាង ១០០ករណីសំដៅបណ្តាញអ៊ីនធ័រនែត និងប្រព័ន្ធកុំព្យូទ័ររបស់កងទ័ព ហើយនិងក្រសួងការពារជាតិបារាំង។ ក្រៅតែពីមានមធ្យោបាយចេះការពារ បារាំងត្រូវតែមានយុទ្ធសាស្រ្តដើម្បីវាយប្រហារតបវិញ។
ដោយបំពាក់យុទ្ធសាស្រ្ត វាយប្រហារតាមអ៊ីនធ័រនែតឲ្យកងទ័ពរបស់ខ្លួន បារាំងជាប្រទេសលោកខាងលិចទី៣ បន្ទាប់ពី អាមេរិក និងអង់គ្លេស។ អង់គ្លេសមានកងទ័ពអ៊ីនធ័រនែត ប្រមាណ ២ពាន់នាក់ ប៉ុន្តែ នៅតិចណាស់ បើប្រៀបធៀបនឹងកងទ័ពឆ្មាំអ៊ីនធ័រនែតរបស់អាមេរិក ដែលមានចំនួន ៧ពាន់នាក់ ហើយដែលនឹងបង្កើនចំនួន ដល់ទៅ ៣ដង ពីពេលនេះ ដល់ឆ្នាំ ២០២៨។ នេះគេនៅមិនទាន់និយាយពីទីភ្នាក់ងារសន្តិសុខជាតិ NSAដែលមានអ្នកជំនាញ អ៊ីនធ័រនែត ដល់ទៅ ៣៨ ០០០នាក់ សម្រាប់តាមដានស្តាប់ និងចូលលួចទិន្នន័យ មិនថា ពីសម្ព័ន្ធមិត្ត ឬប្រទេសគូសត្រូវ។ គេជឿថា អាមេរិក ដែលបានបង្ហាញឲ្យគេដឹងជាផ្លូវការ ពីយុទ្ធសាស្រ្តវាយប្រហារតាមអ៊ីនធ័រនែត កាលពីខែកញ្ញាឆ្នាំមុន គឺធ្លាប់បានប្រើយុទ្ធសាស្រ្តវាយប្រហាររបស់កងទ័ពអ៊ីនធ័រនែត ដើម្បី វាយប្រហារទៅលើក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាម នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ មិនចាញ់រុស្ស៊ី និងកូរ៉េខាងជើង ដែលត្រូវបានប្រទេសលោកខាងលិច ចោទចង្អុរមុខថា ជាអ្នកនៅពីក្រោយការវាយប្រហារអ៊ីនធ័រនែត នៅក្នុងពិភពលោក អាមេរិក និងអ៊ីស្រាអែល វិញ ត្រូវគេចោទផងដែរ ជាអ្នកប្រើប្រាស់មេរោគអ៊ីនធ័រនែតដើម្បី ចូលទៅគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័ររបស់រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីប៉ុន្មានឆ្នាំមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ