វេទិកាតស៊ូមតិជាតិ៖ ប្រជាជនបារាំងភាគច្រើនចង់ឲ្យរដ្ឋកាត់បន្ថយការយកពន្ធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៣
រដ្ឋាភិបាលបារាំង នៅថ្ងៃចន្ទ នេះ ត្រូវបូកសរុបលទ្ធផល នៃវេទិកាតស៊ូមតិថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើង តាំងពី២ ខែមកហើយ ដើម្បី ឆ្លើយតបនឹងវិបត្តិចលនាអាវកាក់លឿង នៅក្នុងប្រទេសបារាំង។ នៅក្នុងវេទិកាថ្នាក់ ជាតិ ដែលបានបើកធ្វើ នៅទូទាំងប្រទេសបារាំង មានមនុស្សប្រមាណ ១លាន ៥សែន បានចូលរួមបញ្ចេញមតិយោបល់របស់ខ្លួន ទៅលើប្រធានបទសំខាន់ចំនួន៤ គឺ សារពើពន្ធ សេវាសាធារណៈ បរិស្ថាន ហើយនិងប្រជាធិបតេយ្យ។
នៅក្នុងសេចក្តីសង្ខេបរបាយការណ៍ ដែលជាលទ្ធផលនៃវេទិកាតស៊ូ មតិថ្នាក់ជាតិ ចំណុចដែលប្រជាជនបារាំង បញ្ចេញយោបល់ និងទាមទារចង់បាន ច្រើនជាងគេ គឺ ការកាត់បន្ថយពន្ធ ហើយនិងភាពយុត្តិធម៌ក្នុងរឿងបង់ពន្ធជូនរដ្ឋ។ ពន្ធ សេវាសាធារណៈ បរិស្ថាន ហើយនិងប្រជាធិបតេយ្យ គឺជាប្រធានបទធំ៤ នៃវេទិកាតស៊ូមតិថ្នាក់ជាតិ។
កាត់បន្ថយពន្ធ
នៅក្នុងរឿងបង់ពន្ធ នេះ ប្រជាជនបារាំង ជាច្រើនចង់ឲ្យរដ្ឋាភិបាល កាត់បន្ថយ ជាពិសេស លើពន្ធលើតម្លៃបន្ថែម TVA ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ បន្ទាប់មកទៀត គឺកាត់បន្ថយពន្ធលើប្រាក់ចំណូល។ ប្រជាជនដែលបានចូលរួមបញ្ចេញយោបល់ ក្នុងវេទិកាតស៊ូមតិជាតិ បានទាមទារផងដែរ ឲ្យរដ្ឋាភិបាល អនុវត្តឡើងវិញ ការយកពន្ធលើទ្រព្យសម្បត្តិ ដែលជាចំនុចទាមទារសំខាន់ របស់បាតុកម្មចលនាអាវកាក់លឿង។ សម្រាប់ក្រុមអាវកាក់លឿង ដោយលុបពន្ធលើទ្រព្យសម្បត្តិ រដ្ឋាភិបាលរបស់លោកម៉ាក្រុង កំពុងធ្វើអំណោយ កាដូឲ្យក្រុមអ្នកមាន ប៉ុន្តែ ងាកមកច្របាច់ក ប្រជាជនថ្នាក់ជីវភាពមធ្យម។ លោកម៉ាក្រុងធ្លាប់បានបង្ហាញជំហរប្រឆាំងដាច់ខាត នឹងការយកពន្ធលើទ្រព្យសម្បត្តិ ព្រោះថា វានឹងធ្វើឲ្យក្រុមហ៊ុន អ្នកមានរត់ លែងធ្វើជំនួញ ដែលជាហេតុផលធ្វើឲ្យបាត់ការងារនៅប្រទេសបារាំង។
ប្រជាជនបារាំង ទាមទារផងដែរ ឲ្យមានការរឹតបន្តឹង ការប្រយុទ្ធប្រឆាំង នឹងការលួចគេច មិនបង់ពន្ធ ដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលរាប់ពាន់លានអឺរ៉ូ។
កាត់បន្ថយការចំណាយសាធារណៈ
សម្រាប់ប្រជាជនបារាំង ដើម្បី កាត់បន្ថយឱនភាពថវិកា រដ្ឋាភិបាលគួរសន្សំសំចៃ កុំចាយខ្ជះខ្ជាយ ជាពិសេស នៅវិមានប្រធានាធិបតី។ ពួកគេបានស្នើផងដែរ ឲ្យរដ្ឋាភិបាល កាត់បន្ថយចំណាយសាធារណៈ តាមរយៈ ការកាត់បន្ថយថវិកាសម្រាប់វិស័យកងទ័ព ឬ សម្រាប់ ជំនួយផ្ទះសម្បែង។
ការពារបរិស្ថាន
ប្រជាជនបារាំងភាគច្រើនទទួលស្គាល់ថា ការរស់នៅរបស់ពួកគេកំពុងប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងត្រៀមខ្លួន ដើម្បីចូលរួមការពារបរិស្ថាន។ ប៉ុន្តែ ជាដំណោះស្រាយវិញ ពួកគេមិនគិតថា ការយកពន្ធដោយផ្ទាល់ លើតម្លៃប្រេង ដែលជាដើមហេតុចំបងធ្វើឲ្យផ្ទុះមានបាតុកម្មចលនាអាវកាក់លឿង នឹងជួយឲ្យប្រជាជនផ្លាស់ប្តូរការប្រើប្រាស់ថាមពលដោយវិជ្ជមាននោះទេ។ រដ្ឋាភិបាលគួរតែអនុវត្តយកពន្ធទៅលើ អ្នកដែលបញ្ចេញផ្សែងពុលច្រើនបំផុត ឬបង្កើន សេវាដឹកជញ្ជូនសាធារណៈ ឲ្យបានច្រើន ដើម្បីកាត់បន្ថយ ការបញ្ចេញផ្សែងពុល វិញគឺប្រសើរជាង។
សម្រាប់ប្រធានបទ ប្រជាធិបតេយ្យ ប្រជាជនបារាំងចង់ឲ្យគេកាត់បន្ថយចំនួនសមាជិកសភា បារាំង ដែលគេវាយតម្លៃថា មានចំនួនច្រើនពេក។ នៅស្រុកបារាំង ប្រជាជននៅថ្នាក់មូលដ្ឋាន ពឹងផ្អែក ធ្វើការច្រើនតែមួយចៅហ្វាយក្រុង និងមិនសូវស្គាល់ ឬបានប្រយោជន៍ ពីអ្នកតំណាងរាស្រ្តរបស់ខ្លួន នៅសភានោះទេ។
អ្វីដែលជាការកត់សំគាល់លើកនេះ បញ្ហាសុខភាព ដែលគ្មាននៅក្នុងប្រធានបទរបស់រដ្ឋាភិបាល ត្រូវបានប្រជាជនបារាំង ទាមទារស្នើចង់បានច្រើន ណាស់ដែរ។ នៅក្នុងពេលដែល បញ្ហាអន្តោប្រវេសន៍ ត្រូវបានគេបញ្ចេញយោបល់តិចតួច គេយល់បានថា ចំនុចនេះ មិនមែនជាបញ្ហាចោទខ្លាំង ឬផលរមាស់ សម្រាប់ប្រជាជនបារាំងនោះទេ។
លោកម៉ាក្រុងនឹងសម្រេចចិត្តនៅពាក់កណ្តាលខែមេសា
នៅថ្ងៃបូកសរុប លទ្ធផលនៃវេទិកា តស៊ូមតិជាតិ នាយករដ្ឋមន្រ្តីបារាំង លោកEdouard Philippe បានលើកឡើងពី ជំហរចង់បានរបស់ប្រជាជនបារាំង ទាក់ទងនឹងប្រធានបទទាំង៤ខាងលើ។ សម្រាប់នាយករដ្ឋមន្រ្តីបារាំង តាមរយៈការបញ្ចេញយោបល់លើកនេះ គេឃើញយ៉ាងច្បាស់ជំហររបស់ប្រជាជនបារាំង ដែលរដ្ឋាភិបាលត្រូវតែអនុវត្តធ្វើតាម។ នោះ គឺការកាត់បន្ថយពន្ធ ពោលគឺកាត់បន្ថយពន្ធឲ្យបានឆាប់បំផុត។
នៅសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីបារាំងធ្លាប់បានពន្លយឲ្យដឹងថា នៅប៉ុន្មានថ្ងៃខាងមុខ រដ្ឋាភិបាល នឹងប្រកាស ឲ្យដឹង ពីការសម្រេចចិត្តដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងចង់បានរបស់ប្រជាជន។ គេរំពឹងថា នៅក្រោយមានរបាយការណ៍ លើកនេះ លោកប្រធានាធិបតី អេម៉ានុយអែលម៉ាក្រុង នឹងសម្រេចចិត្ត ប្រកាសពីវិធានការជាក់ស្តែង នាពាក់កណ្តាលខែនេះ។
ក្រុមអាវកាក់លឿងត្រៀមខ្លួនបន្តធ្វើបាតុកម្មនៅថ្ងៃសៅរ៍?
នៅក្នុងរបាយការណ៍ ដែលជាលទ្ធផលនៃវេទិកាតស៊ូមតិ គេឃើញមាន ចំណុចទាមទារមួយចំនួនរបស់ក្រុមអាវកាក់លឿង ដូចជាការកាត់បន្ថយ ពន្ធ ការរៀបចំបោះឆ្នោតប្រជាមតិ ទៅតាមការផ្តួចផ្តើមរបស់ប្រជាជនជាដើម។ ប៉ុន្តែ យ៉ាងណាក៏ដោយ តាំងពីដើមមក ក្រុមអាវកាក់លឿង មិនសូវជាជឿទុកចិត្តប៉ុន្មាន លើវេទិកាតស៊ូមតិជាតិ ដែលរដ្ឋាភិបាលរៀបចំនោះទេ។ បាតុកម្មនៅរាល់ថ្ងៃសៅរ៍ រហូតមកនេះ គឺជាឧទាហរណ៍ស្រាប់។ សម្រាប់ អ្នកតំណាងក្រុមអាវកាក់លឿង ព្រមទាំងក្រុមគណបក្សប្រឆាំងបានចោទប្រកាន់ រដ្ឋាភិបាលរបស់លោកម៉ាក្រុង ថា គ្មានចេតនាចង់ដោះស្រាយបញ្ហាពិតប្រាកដ ប៉ុន្តែ ចេះតែពន្យារពេល ដើម្បីបានប្រយោជន៍សម្រាប់ការបោះឆ្នោតអឺរ៉ុប នៅខែក្រោយទៅវិញទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ