ចំនួនអាវុធនុយក្លេអ៊ែរលើពិភពលោកថយចុះ ប៉ុន្តែកាន់តែទំនើបខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៤
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ នៅទីក្រុងស្តុកខុម ហៅកាត់ថា Sipri ចេញផ្សាយនៅថ្ងៃចន្ទទី ១៧ មិថុនា២០១៩នេះ បានបង្ហាញឱ្យឃើញថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ នៅទូទាំងពិភពលោក បានបន្តថយចុះទៀត នៅឆ្នាំកន្លងមកនេះ ប៉ុន្តែ អាវុធនុយក្លេអ៊ែរនីមួយៗ កាន់តែទំនើប ហើយបណ្តាប្រទេសអ្នកមាននុយក្លេអ៊ែរ ឱ្យតម្លៃដល់អាវុធបែបនេះកាន់ខ្លាំងឡើងៗ។
គិតមកទល់នឹងដើមឆ្នាំ២០១៩នេះ ពិភពលោករាប់ឃើញមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រមាណ ១៣៨៦៥ ពោលគឺមាន៦០០គ្រាប់តិចជាង កាលពីដើមឆ្នាំ២០១៨។ នេះបើតាមការប៉ាន់ស្មានចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI។ ពាក្យថាពិភពលោក គឺសំដៅរាប់គ្រប់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដូចជា សហអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង។
សម័យដែលពិភពលោកមានអាវុធនុយក្លេអ៊ែរ ច្រើនខ្លាំងជាងគេបំផុត គឺនៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលកាលណោះគេរាប់ឃើញមានក្បាលគ្រាប់នុយក្លេអ៊ែរ ដល់ទៅប្រមាណជាង ៧ម៉ឺនគ្រាប់។ សហរដ្ឋអាមេរិកនិងរុស្ស៊ី ជាប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេនៅលើពិភពលោក។ ៩០% នៃអាវុធបរមាណូ នៅទូទាំងពិភពលោកជារបស់អាមេរិកនិងរុស្ស៊ី។
ប៉ុន្តែទន្ទឹមពេលគ្នាជាមួយគ្នានេះ ក្រុមប្រទេសនុយក្លេអ៊ែរ នីមួយៗ បានធ្វើទំនើបកម្មអាវុធរបស់ពួកគេ។ នាយកគ្រប់គ្រងកម្មវិធីត្រួតពិនិត្យអាវុធនុយក្លេអ៊ែរ របស់វិទ្យាស្ថាន SIPRI និងជាសហប្រធានសំណេររបាយការណ៍ លោក Shannon Kile បានសង្ខេបឃ្លាដ៏ខ្លីមួយប្រាប់យើងថា “ពិភពលោកមានអាវុធនុយក្លេអ៊ែរតិចជាងមុនមែន តែកាន់តែទំនើបឡើងៗ”។
ការប្រកួតប្រជែងនុយក្លេអ៊ែរថ្មី ?
មូលហេតុចំបងដែលជំរុញឱ្យពិភពលោកមានចំនួនអាវុធនុយក្លេអ៊ែរថយចុះគឺទំនងជាដោយសារសហរដ្ឋអាមេរិកនិងរុស្ស៊ី បានបំពេញកាតព្វកិច្ចរបស់ខ្លួន ស្របតាមសន្ធិសញ្ញាNew START ចុះហត្ថលេខា កាលពីឆ្នាំ២០១០។ សន្ធិសញ្ញាដែលមានគោលដៅ កាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ចាស់ៗសល់ពីសង្គ្រាមត្រជាក់។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវអស់សុពលភាពនៅឆ្នាំ២០២១។ ហើយមកទល់ពេលនេះ គ្មានការចរចាច្បាស់លាស់ណាមួយត្រូវបានរៀបចំឡើងដើម្បីបន្តកិច្ចព្រមព្រៀងNew Startទេ គឺមានតែភាពតានតឹងប្រឈមដាក់គ្នារវាងមហាអំណាចនុយក្លេអ៊ែរតែប៉ុណ្ណោះ។
គ្មានសន្ធិសញ្ញាថ្មីមកបន្តទេ មានន័យថាប្រទេសទាំងពីរក៏លែងមានកាតព្វកិច្ចអ្វីត្រូវគោរពគ្នា ! ប្រទេសទាំងពីរ អាចប្រកួតប្រជែងផ្នែកអាវុធនុយក្លេអ៊ែរនេះ ដោយគ្មានដែនកំណត់។ ប្រធានាធិបតីរុស្ស៊ី ពូទីន បានព្រលយឱ្យដឹងរួចហើយ កាលពីដើមខែមិថុនានេះ អំពីចេតនាចង់បញ្ជូនអាវុធនុយក្លេអ៊ែរទៅអវកាស។ ចប់សន្ធិសញ្ញាភ្លាម រុស្ស៊ីមានលទ្ធភាពអាចបំប៉ោងអាវុធនុយក្លេអ៊ែរបានភ្លែត ហើយអាមេរិកច្បាស់ជាត្រូវបង្ខំចិត្តពង្រឹងពង្រីកអាវុធនុយក្លេអ៊េររបស់ខ្លួនដែរ ដើម្បីប្រដេញតាម។ ហេតុដូច្នេះហើយបានក្រុមអ្នកប្រជាធិបតេយ្យអាមេរិកព្រួយបារម្ភខ្លាំង។ សមាជិកសភាអាមេរិកបានសរសេរលិខិតមួយទៅរដ្ឋបាលលោកត្រាំ កុំឱ្យប្រព្រឹត្តកំហុសធ្ងន់ធ្ងរប៉ះពាល់ដល់ស្ថិរភាពយុទ្ធសាស្ត្រនិងសន្តិសុខប្រទេស។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែងពេលនេះ គេគ្មានឃើញសញ្ញាអ្វីមួយដែលថានឹងអាចនាំឱ្យប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងថ្មីណាមួយបានឡើយ។
ផ្តល់តម្លៃខ្លាំងដល់នុយក្លេអ៊ែរ
ក្រៅអំពីភាពប្រកួតប្រជែងរវាងអាមេរិកនិងរុស្ស៊ី ម្ចាស់របាយការណ៍ក៏មើលឃើញអំពីនិន្នាការគួរឱ្យព្រួយបារម្ភផ្សេងទៀត ៖ ចិន ឥណ្ឌា និងប៉ាគីស្ថាន ក៏ពង្រីកទំហំឃ្លាំងបរមាណូដែរ។ ចំពោះឥណ្ឌានិងប៉ាគីស្ថាន ដែលជាប្រទេសជិតជាប់របងគ្នា និងមានជម្លោះ ព្រំដែនជាមួយគ្នាស្រាប់ផង ការពង្រីកអាវុធនុយក្លេអ៊ែរ អាចធ្វើឱ្យជម្លោះប្រដាប់អាវុធធម្មតា ក្លាយទៅជាជម្លោះនុយក្លេអ៊ែរដ៏មហាគ្រោះថ្នាក់។
និន្នាការមួយទៀត គឺការឱ្យតម្លៃលើអាវុធនុយក្លេអ៊ែរ ដោយមិននិយាយអំពីកូរ៉េខាងជើង ដែលតែងប្រើនុយក្លេអ៊ែរជាលេសគ្រប់យ៉ាងនោះ គេសង្កេតឃើញពិភពលោក ចាប់ផ្តល់ភាពសំខាន់ ជាទូទៅ ដល់អាវុធនុយក្លេអ៊ែរ និងដោយថែមទាំងមានការប្តូរផ្លាស់ទ្រឹស្តីយុទ្ធសាស្ត្រផង។ ជាក់ស្តែងគឺសហរដ្ឋអាមេរិកតែម្តង ! សហរដ្ឋអាមេរិកបានផ្តល់តួនាទីដ៏សំខាន់ដល់អាវុធប្រភេទនេះ ក្នុងប្រតិបត្តិការយោធា និងការពិភាក្សាស្តីអំពីសន្តិសុខជាតិ។ នេះបើតាមការពន្យល់បញ្ជាក់របស់ម្ចាស់សំណេររបាយការណ៍ដដែល ដែលសង្កេតឃើញអំពីទស្សនៈវិស័យខុសគ្នាស្រលះកាលពី៥ឆ្នាំ។ ៥ឆ្នាំមុន ពិភពលោកទាំងមូល មូលមតិគ្នាចាត់ទុកនុយក្លេអ៊ែរជាអាវុធប្រល័យលោកដែលត្រូវរំសាយឱ្យអស់។
តែពេលនេះ ការទប់ស្កាត់មិនឱ្យមានការរីកសាយភាយនុយក្លេអ៊ែរ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (TNP) ដែលនឹងមានអាយុ៥០ឆ្នាំ នៅឆ្នាំក្រោយ កំពុងជួបឧបសគ្គ។ ការត្រួតពិនិត្យអន្តរជាតិមិនឱ្យពិភពលោកជួបករណីរីកសាយភាយនុយក្លេអ៊ែរ បានដើរមកទល់ផ្លូវទ័លតាំងពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់។ កាលពីឆ្នាំទៅ ពិភពលោកបានស្គាល់ភាពជូរចត់មួយទៀត បន្ទាប់ពីអាមេរិកនិងរុស្ស៊ីបានប្រកាសព្យួរសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ (INF) រយៈមធ្យម (៥០០ទៅ៥៥០០គ.ម.) ចុះហត្ថលេខាក្នុងសម័យសង្គ្រាមត្រជាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ