អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អំពី​ចលនា​ប្រឆាំង នៅរុស្ស៊ី ក្រោយ​ ឃាតកម្ម​លើ​មេម្នាក់​របស់គេ មួយសប្តាហ៍មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំនួរ​ដែល​ចោទសួរ គឺថា តើ​បក្សប្រឆាំង​នៅ​រុស្ស៊ី បាក់ស្បាត​ទៅហើយ ឬមួយ ក៏នៅ តែ​ប្តេជ្ញា​តស៊ូ ដដែល? កាលពី​យប់ថ្ងៃសុក្រ ទី ២៧ កុម្ភៈ គឺ​មួយ​សប្តាហ៍ គត់ ដែល​នៅ​ចំ​កណ្តាល​រដ្ឋធានី​រុស្ស៊ី នៅ​ចម្ងាយ​តែ ២០០ម៉ែត្រប៉ុណ្ណោះ​ពី​កំពែង វិមានក្រេមឡាំង ជនឧក្រិដ្ឋ​ដៃដល់ បាន​បាញ់យ៉ាង ព្រហើន ផ្តាច់ជីវិត រូប​មេបក្ស​ប្រឆាំងដ៏​ល្បី​ម្នាក់ នៅរុស្ស៊ី គឺ​លោក បូរិស ញ៉េមសូវ។ 

ប្រជាជន​រុស្ស៊ី​ចូលរួម​រំលឹក​វិញ្ញាណក្ខន្ធ​​លោក​ Boris Nemtsov មេបក្ស​ប្រឆាំង​ដែល​រិះគន់​លោក​ប្រធានាធិបតី​ពូទីន​មិន​ចាស់ដៃ និង​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពីថ្ងៃ​សុក្រ​ទី ២៧​កុម្ភៈ
ប្រជាជន​រុស្ស៊ី​ចូលរួម​រំលឹក​វិញ្ញាណក្ខន្ធ​​លោក​ Boris Nemtsov មេបក្ស​ប្រឆាំង​ដែល​រិះគន់​លោក​ប្រធានាធិបតី​ពូទីន​មិន​ចាស់ដៃ និង​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពីថ្ងៃ​សុក្រ​ទី ២៧​កុម្ភៈ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

គួរ​និយាយថា សោកនាដកម្ម​នេះ បន្ត​ស្ថិតនៅ ក្នុង​ការយក​ចិត្តទុកដាក់​របស់ មជ្ឈដ្ឋាន​អ្នកនយោបាយ ទាំង​ខាង​បក្សប្រឆាំង ទាំង​ខាងបក្ស​កាន់អំណាច។ ប្រាកដណាស់ ដែល​មតិ​របស់គេ គឺ​ផ្ទុយគ្នា​ស្រឡះ។ ក្នុង​វេទិកា​ពិភាក្សា ដែល​ផ្សាយបន្ត​ផ្ទាល់ តាម ទូរទស្សន៍ ខាងបក្ស​ប្រឆាំង​ចោទ​រដ្ឋអំណាច​ថា ប្រើ​ឃាតកម្ម​នេះ​សម្រាប់ បង្កើត​ជា​បរិយាកាស​បំភិតបំភ័យ ក្នុង​ប្រទេស ដើម្បី​នៅ​ទីបំផុត បង្ក្រាប​ចលនា​ប្រឆាំង។ ចំណែក ការចោទ​ប្រកាន់​ពី​ខាង ពួក​អ្នកនយោបាយ​នៃ​បក្ស​កាន់​អំណាច បន្លឺ​ឡើង ក្នុងន័យ​ថា ឧក្រិដ្ឋកម្ម ដ៏​កំសាក​នេះ ចាត់ចែង​ឡើង ដោយ​មានចារកិច្ច​បស្ចិមលោក ស្ថិតនៅ​ពីក្រោយ ដើម្បី​ភ្លាមនោះ ប្រើ​ជា លេស​ទម្លាក់​ទោស លើ​រូប​ពូទីន​តែម្តង ថា ជាមេដឹកនាំ​មិនអាចទ្រាំ​បាន​នឹង​មតិ​ទិតៀន។

 
ជា​ទឡ្ហីករណ៍ ទូរទស្សន៍​រដ្ឋរុស្ស៊ី បញ្ចាំង​ហើយ បញ្ចាំងទៀត រូបភាព​ជា​ករណី​មិនធ្លាប់មាន​ដូច  ដែល​ឯកអគ្គរដ្ឋទូតស.រ.អា. និង ឯកអគ្គរដ្ឋទូត ទាំង២៨ ប្រទេស​នៃ​សហភាពអឺរ៉ុប នាំគ្នា​ដាក់​បាច់ផ្កា នៅ ត្រង់​កន្លែង​ឃាតកម្ម​រូបលោក បូរិស ញ៉េមសូ ។ ទូរទស្សន៍ ក៏​បញ្ចាំងឲ្យ​ឃើញ ប្រតិកម្ម​រស់រវើក បញ្ចេញ​មុនគេ ក្នុង​ចំណោម​មេដឹកនាំ​បស្ចិមលោក គឺ​ដោយ​លោក​ប្រធានាធិបតី​អាមេរិកាំង បារ៉ាក់ អូបាម៉ា ទាំង​ចោទ​ជា​សំនួរ ដោយ​ងឿងឆ្ងល់ តើ​ការយកចិត្ត​ទុក​ដាក់​បែបនេះ បង្កប់​ដោយ គោលដៅ​យ៉ាងណាដែរ? ទន្ទឹមនេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី លើក​យក​មក​សូត្រ គឺ​ចំណងជើង ព្រោងព្រាត របស់​កាសែត បស្ចិម​លោក ដែល​ថា “ ឃាតកម្មលើ​ រូប​មេប្រឆាំង​ទល់​នឹង​របប​ពូទីន ប្រព្រឹត្ត គឺ នៅជាប់​នឹង​កំពែង​វិមាន​ក្រេមឡាំង​តែម្តង។

ថ្លែង​ថ្ងៃពុធ ទី៤​មីនា ក្នុង​សម័យ​ប្រជុំថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ គឺ​មួយ​ថ្ងៃ ក្រោយ​ពី​មាន​ប្រព្រឹត្ត ទៅ ពិធី​បញ្ចុះសព​លោក បូរិស ញ៉េមសូវ លោកប្រធានាធិបតី ពូទីន បាន​ទាមទារ​យ៉ាង​កំហិត ពី​ក្រសួងមហាផ្ទៃ​ឲ្យ​សំអាត​ប្រទេស​រុស្ស៊ី ពី ក្តី​អាម៉ាស់ និង ពី​សោកនាដកម្ម ដែល​នាំ​ឲ្យ​សង្គម ផ្អើល​ឆោឡោ បែប​យ៉ាង ឃាតកម្ម យ៉ាងគម្រក់ លើ​រូប​អ្នកនយោបាយ បូរិស ញ៉េមសូវ។ តាម ប្រសាសន៍​លោកពូទីន ជា​ការចាំបាច់ សម្រាប់​ក្រសួង​មហាផ្ទៃ​ដែល​ត្រូវ​ចាត់​វិធានការ​យ៉ាងណា កុំ​បណ្តោយ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ប្រភេទ​បែបនេះ នៅ​ចំ​កណ្តាល​បេះដូង​រដ្ឋធានី​ទៀតឡើយ ដែល ចំហាយ​វា នាំឲ្យប៉ះពាល់ ដល់​មុខមាត់​ប្រទេសជាតិ។

តើ​ពួក​មេប្រឆាំង នៅរុស្ស៊ី ជានរណា។ គេជា​មនុស្ស​ដែល​បស្ចិមលោក​និយម។ បុគ្គល​ពួកគេ តែង​ស្វាគម​ដោយ​ស្ថានទូត បណ្តា​ប្រទេស​លោក​ខាងលិច ជាពិសេស ដោយ​ស្ថានទូត​អាមេរិក ដែល​គេ​ត្រូវ​អញ្ជើញ​ឲ្យ​មាន​វត្តមាន ក្នុង​ពិធីនេះ ឬនោះ។ អាជ្ញាធរ​រុស្ស៊ី ដៀមដាម​ឲ្យ​ពួកគេ​ថា ចេញ ចូលស្ថានទូត​លោក​ខាងលិច គឺ​ដើម្បី​ទទួល លុយ ដំបូន្មាន និង អនុសាសន៍ សម្រាប់ ដំណើរការ ដោយ​ចាត់ទុក​ពួកគេ​ជា រនុកក្នុង របស់​បស្ចិមលោក។ ប៉ុន្តែ សកម្មភាព​ពួកគេ ពិតជា​ស្ថិតនៅ ក្រោម​ក្រសែ​ភ្នែក ស្ថាប័ន​សន្តិសុខ​រុស្ស៊ី។  ពួកប្រឆាំង​នេះ គឺ​ពួកដែល​នៅក្រៅ ប្រព័ន្ធ​អំណាច ដោយ​គេ​គ្មាន​អាសនៈ​ប្រចាំ ក្នុង​សភាឌូម៉ា​ទេ។

តាម​តួលេខ​ក្រសួង​យុត្តិធម៌ បច្ចុប្បន្ន​ នៅរុស្ស៊ី មាន​គណបក្ស​នយោបាយ​ចំនួន ៧៧ បាន​ទទួល ការចុះ​ឈ្មោះ ជា​ផ្លូវការ ក្នុង​បញ្ជី​ក្រសួង​នេះ ដើម្បីធ្វើសកម្មភាព។ ពីក្នុង​នោះ មានតែ ៤ គណបក្ស ប៉ុណ្ណោះ ដែល​ក្នុង​ការបោះឆ្នោត ចេះ​ដណ្តើម​បាន​អាសនៈ នៅ​រដ្ឋសភា។ គណបក្ស នៅ​រុស្ស៊ី អាច​ត្រូវ​បែងចែក ជា​គណបក្ស​ស្តាំ សេរីនិយម កណ្តាល​និយម ឆ្វេង ឆ្វេងជ្រុល កុម្មុយនិស្ត ជាតិនិយម ជាតិ​និយម​ផុតលេខ គណបក្សពលករ គណបក្ស​ប្រឆាំង​អំពើពុករលួយ។ល។ ចំណែកពាក្យ​ថា សេរីនិយម ឬ ប្រជាធិបតេយ្យ គឺ អាស្រ័យ នឹង​គេ​បំពាក់វា បន្ថែម​ពីលើ។

ដើម្បី​បង្កើត​ជា​គណបក្ស បើ​ជំនាន់លោក ពូទីន ជា​ប្រធានាធិបតី ពីរ​អាណត្តិ​ដំបូង គឺ​ត្រូវមាន សមាជិក​យ៉ាងហោច ណាស់ ៤០.០០០នាក់ នោះក្នុង ចន្លោះពីឆ្នាំ២០០៨ ដល់២០១២ ពេល​ដែល តួនាទី​កំពូលនេះ បំពេញ​ដោយលោក មេដវេដេវ ស្របនឹងគំនិតផ្តួចផ្តើមរបស់គាត់ សភាឌូម៉ា បានបន្ថយចំនួននេះ ឲ្យចុះអស់៨០ដង មកនៅត្រឹម ៥០០នាក់ប៉ុណ្ណោះ។ ជាការកត់សម្គាល់ សម្ព័ន្ធ “គណបក្សសាធារណរដ្ឋរុស្ស៊ី និង គណបក្សសេរីភាពប្រជាជន “ ហៅថា RPR-PARNAS ដែលធ្លាប់មានលោក បូរិស ញ៉េមសូវ ជាសហប្រធាន គឺមាន​សមាជិក​ជាង ១សែន៤ពាន់នាក់។ បក្ស​ប្រឆាំង​ដ៏ល្បី​មួយ​ទៀត​ឈ្មោះ ប្រទេសរុស្ស៊ីមុខមាត់ផ្សេង មានសមាជិក ៥ម៉ឺន២ពាន់នាក់។

ពិតជា​បក្ស​ប្រឆាំង​ទាំងពីរ​នេះ ដែល​តែង​នាំមុខ រលកតវ៉ា បាតុកម្ម ក្បួនយាត្រា​ពួកអ្នកជំទាស់  ក្រោម​ពាក្យ​ស្លោក​ទាមទារ ពី​លោកប្រធានាធិបតី​ពូទីន ឲ្យ​លាចេញ​ពី​មុខតំណែង ក្រោម​លេស​ ថា “អំណាច​ពូទីន បំបិទ​សេរីភាព​”, “អំណាចពូទីន ជា អំណាច ផ្តាច់ការ”។ ពួកគេបាន​ប្រកាស ទៅហើយ អំពី​គម្រោង​ធ្វើ ក្បួនយាត្រា​ជាថ្មី ក្នុងខែ​មេសា​ខាងមុខ។

ជា​ការកត់​សម្គាល់ ក្នុងខែកុម្ភៈកន្លងទៅ ពេល​ដែល នៅអ៊ុយក្រែន​គម្រប់​បាន​១ឆ្នាំ ខួប​នៃ បដិបត្តន៍​មានពណ៌ ហៅ​ថា បដិវត្តន៍ម៉ៃដាន់  នៅ​រុស្ស៊ី មាន​បង្កើតឡើង​ទៅហើយ ជា ចលនា ក្រោម​ឈ្មោះ​ថា ប្រឆាំងម៉ៃដាន់ ដែលតាំង​គោលដៅ កំចាត់​មិនឲ្យ​មាន​ការដណ្តើម​យក​អំណាច ដោយ​វិធី​ហិង្សា បោក​កញ្ជ្រោក តាម​ចិញ្ចើមថ្នល់ ឬ តាមទីលាន ដូច​នៅអ៊ុយក្រែន​ឡើយ។ ដ្បិត តាមយោបល់​ចលនានេះ បដិវត្តន៍​មានពណ៌ មុខជា​នាំមកនូ​វ អស្ថិរភាព​ដល់​ប្រទេស​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ