អានតួអត្ថបទ
រុស្ស៊ី

មេបក្ស​ប្រឆាំង​រុស្ស៊ី Boris Nemtsov ត្រូវ​គេ​បាញ់​សម្លាប់​នៅ​កណ្តាល​ក្រុង​ម៉ូស្គូ

លោក​ Boris Nemtsov អតីត​ទេសរដ្ឋមន្រ្តី​រុស្ស៊ី និង​ជា​អ្នក​នយោបាយ​ដែល​តែងតែ​រិះគន់ ​នយោបាយ​ផ្តាច់ការ​របស់​លោក​ពូទីន ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាញ់​សម្លាប់​ នៅ​កណ្តាល​ក្រុង​ម៉ូស្គូ ក្នុង​វេលា​យប់​ថ្ងៃ​សុក្រ ទី ២៧ កុម្ភៈ។ ឃាតកម្ម​ដ៏​សាហាវ​នេះ កើតឡើង​ចំ​ពេល​ដែល​បរិយាកាស​នយោបាយ​នៅ​រុស្ស៊ី ​មាន​ភាព​អួរអាប់ ជុំវិញ​បញ្ហា​នៅ​អ៊ុយក្រែន។ លោក Boris Nemtsov ធ្លាប់​បាន​អំពាវនាវ ឲ្យ​ប្រជាជន​ងើប​ក្រោកឈរ​ឡើង ធ្វើ​ការ​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​របស់​ពូទីន ​ព្រម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់ ពូទីន បញ្ឈប់​ការ​ឈ្លានពាន​ ទៅ​លើ​អ៊ុយក្រែន។

លោក Boris Nemtsov តវ៉ា​ជាមួយអាជ្ញាធររុស្ស៊ី ដែលកំពុងព្យាយាមរារាំងលោក និង ក្រុម​មនុស្ស​មិនឲ្យ​ធ្វើ​ការ​ជួបជុំ​គ្នា សម្តែង​មតិ
លោក Boris Nemtsov តវ៉ា​ជាមួយអាជ្ញាធររុស្ស៊ី ដែលកំពុងព្យាយាមរារាំងលោក និង ក្រុម​មនុស្ស​មិនឲ្យ​ធ្វើ​ការ​ជួបជុំ​គ្នា សម្តែង​មតិ AFP/Oxana Onipko
ផ្សាយពាណិជ្ជកម្ម

លោក Boris Nemtsov ជា​មេដឹកនាំ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ នៅ​រុស្ស៊ី។ ប៉ុន្តែ​មិនមែន​គ្រាន់តែ​ប្រឆាំង​ធម្មតា​ទេ គឺ​លោក Boris Nemtsov នេះ បាន​ប្រឆាំង​យ៉ាង​ពេញ​មុខ​តែម្តង។ ក្នុង​ចំណោម​អ្នក​នយោបាយ​រុស្ស៊ី ​មានតែ​គាត់​ម្នាក់​គត់ ​ដែល​ហ៊ាន​និយាយ​រិះគន់​ចំៗ ទៅ​លើ​លោក​ប្រធានាធិបតី​ពូទីន។ ឧទាហរណ៍ ​ទាក់ទិន​ទៅ​នឹង ​អំពើ​ពុក​រលួយ ស៊ីរូង ​នៅ​ក្នុង​ចំណោម​មន្រ្តី​ធំៗ ​របស់​រដ្ឋាភិបាល​លោក ពូទីន ​ហើយ​ជា​ពិសេស គឺ​នយោបាយ​ផ្តាច់ការ ​មហិច្ឆិតា​ឈ្លានពាន​ប្រទេស​ជិត​ខាង​ របស់​លោក ​ពូទីន​តែម្តង។

 
នរណា​ជា​ឃាតករ?
កាល​ពី ២សប្តាហ៍​មុន​នេះ ​លោក Boris Nemtsov ធ្លាប់​បាន​ប្រាប់​អ្នក​កាសែត​ ក្នុង​បទ​សម្ភាសន៍​​មួយ​ថា ​លោក ​មាន​ការ​ព្រួយបារម្ភ ​ថា ​គេ​អាច​នឹង​មាន​គម្រោង ធ្វើ​ឃាត​លោក ​ដោយសារ​តែ​សកម្មភាព​ប្រឆាំង ​រិះគន់​របស់​លោក។ ដូច​ការ​ដែល​គាត់ បារម្ភ​មែន ​នៅ​យប់​ថ្ងៃសុក្រ ម៉ោង​ប្រមាណជា ១១-៤០​នាទី​យប់ នៅ​កណ្តាល​ក្រុងម៉ូស្គូ ​ក្បែរ​វិមាន​ក្រឹមឡាំង​តែម្តង ​ឃាតករ​បាន​មក​បាញ់​សម្លាប់​គាត់ ក្នុង​ពេល​ដែល​គាត់​ កំពុងដើរ​ឆ្លង​ស្ពាន​មួយ។

01:25

សេចក្តីរាយការណ៍​​របស់​​​ កែវ​ ឆាយា ពីក្រុង ម៉ូស្គូ

 
រឿង​ចៃដន្យ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ហេតុផល​នយោបាយ ​គឺ​ជា​ចំណុច​តែ​មួយ​គត់ ​ដែល​គេ​យល់​ថា​វា​ជា​កម្មវត្ថុ​របស់​ឃាតកម្ម​ ដ៏​គួរ​ឲ្យ​រន្ធត់​នេះ។ លោក​ពូទីន ខ្លួន​គាត់​ផ្ទាល់ បាន​ទទួល​ស្គាល់​ថា ​នេះ​ជា​ឃាតកម្ម​ស៊ីឈ្នួល ដោយ​មាន​នរណា​ម្នាក់​ ជួល​ឃាតករ​ឲ្យ​សម្លាប់ ​ដើម្បី​ដាក់​បន្ទុក​ ទៅ​លើ​រដ្ឋាភិបាល​រុស្ស៊ី។ សំណួរ​គេ​សួរ​គ្រប់​មាត់ ថា​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ? រដ្ឋាភិបាល​របស់​លោក ពូទីន ​រឺ​មួយ​ក្រុម​ឧទ្ទាម​ ផ្តាច់​ទឹកដី​នៅ​អ៊ុយក្រែន?

 
លោក Boris Nemtsov ត្រៀម​បញ្ចេញ​ឯកសារ​ បញ្ជាក់​អំពី​សកម្មភាព​ឈ្លានពាន​របស់​ពូទីន​លើ​អ៊ុយក្រែន៖
តាម​ការ​បញ្ជាក់​ អំពី​អ្នក​នយោបាយ​ប្រឆាំង​ម្នាក់​ទៀត​ថា លោក Boris Nemtsov  កំពុង​ត្រៀម​ចេញ​របាយការណ៍​មួយ​ ជា​សាធារណៈ។ របាយការណ៍​នេះ ​នឹង​បង្ហាញ​អំពី​សក្ខីកម្ម និង​ភស្តុតាង​​ផ្សេងៗ មិន​អាច​ប្រកែក​បាន ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក ពូទីន​ ពិត​ជា​បាន​រៀបចំ​គម្រោង ​វាយ​ដណ្តើម​យក​ទឹកដី​អ៊ុយក្រែន ប្រាដក​មែន។

អ្វី​ដែល សំខាន់​នោះ គឺ ៣​ម៉ោង មុន​ពេល​ដែល លោក Boris Nemtsov ត្រូវ​គេ​សម្លាប់ នៅ​ល្ងាច​ថ្ងៃ​សុក្រ ម៉ោង​ប្រហែល​ជា​៨ល្ងាច ​គាត់​បាន​ផ្តល់​បទ​សម្ភាសន៍​ តាម​វិទ្យុ​រុស្ស៊ី​មួយ។ តាម​រយៈ​បទ​សម្ភាសន៍​នោះ គាត់​បាន​អំពាវនាវ​ ឲ្យ​ប្រជាជន​រុស្ស៊ី នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ ឲ្យ​បាន​ច្រើន​លាន​អ្នក ដើម្បី​ទាមទារ​ឲ្យ​រុស្ស៊ី ឈប់​បញ្ជូន​ទ័ព​ ទៅ​ឈ្លានពាន​អ៊ុយក្រែន​តទៅ​ទៀត។ ក្បួន​បាតកម្ម​នេះ ​ត្រូវ​បាន​ក្រុម​ការងារ​លោក រៀបចំ​ជា​ច្រើន​ខែ​មក​ហើយ ហើយ​តាម​ការ​គ្រោងទុក នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​អាទិត្យ ទី១​មិនា នេះ។
 

00:46

សម្តីលោក Nemtsov ៣​ម៉ោង​មុន​ពេល​គេ​ធ្វើ​ឃាត

ក្នុង​បទ​សម្ភាសន៍​នេះ លោក​បាន​រិះគន់ ពី​ការ​ធ្វើ​ទារុណកម្ម ទៅ​លើ​តំណាងរាស្ត្រ និង​ជា​អ្នក​បើក​យន្តហោះ​ស្រី​ម្នាក់ ជនជាតិ​អ៊ុយក្រែន ឈ្មោះ Nadia Savtchenko ដែល​ត្រូវ​អាជ្ញាធរ​រុស្ស៊ី ចាប់​ដាក់​ឃុំ។ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដែល​លោកស្រី បាន​អង្អត់​បាយ​ខ្លួនឯង​ ដើម្បី​ទាមទារ​ឲ្យ​រុស្ស៊ី​ ដោះលែង​គាត់ និង បញ្ឈប់​រាល់​អំពើ​ឈ្លានពាន​ ទៅ​លើ​ប្រទេស​គាត់។

លោក​ Boris Nemtsov ជា​អ្នក​នយោបាយ​ប្រឆាំង​ដ៏​ក្លាហាន៖
សេចក្តី​ក្លាហាន​ ហ៊ាន​រិះគន់​ដោយ​ចំហរ ទៅលើ​នយោបាយ​របស់​លោក​ពូទីន ជា​ពិសេស ទៅ​លើ​ការ​ប្រើ​កម្លាំង​ទ័ព ឈ្លានពាន​អ៊ុយក្រែន ​បាន​ធ្វើ​ឲ្យ​លោក Boris Nemtsov បាត់បង់​ជីវិត។លោក Boris Nemtsovជា​សកម្មជន​នយោបាយ​ ដែល​ធ្លាប់​ស្និតស្នាល​ជាមួយ លោក Boris Eltsine អតីត​ប្រធានាធិបតិ​រុស្ស៊ី។ ឆ្នាំ​នេះ លោក Nemtsov មាន​អាយុ​៥៥ឆ្នាំ ហើយ​មាន​សញ្ញាប័ត្រ​ផ្នែក​រូបវិទ្យា។ កាល​ពី​ជំនាន់ លោក Boris Eltsine លោក Nemtsov គឺ​ជា​អ្នក​នយោបាយ​ម្នាក់ ​ដែល​តំណាង​ឲ្យ​ចលនា​នយោបាយ​ថ្មី​ របស់​រុស្ស៊ី ក្នុង​ការ​ធ្វើ​កំណែរ​ទម្រង់​ប្រទេស ​ព្រោះ​ថា ពេល​នោះ សហភាព​សូវៀត​ ទើបតែ​ដួល​រលំ​ ហើយ​រុស្ស៊ី​ទើបតែ​បត់​ក្បាល​ វិល​ទៅ​បើក​ចំហរ​ប្រទេស តាម​ប្រព័ន្ធ​គ្រប់គ្រង​បែប​សេរី។

ក្នុង​ចំណោម អ្នក​ប្រឆាំង នឹង​នយោបាយ​លោក​ពូទីន បច្ចុប្បន្ន មាន​តែ លោក Boris Nemtsov ម្នាក់​គត់​ ដែល ធ្លាប់​បាន​បំរើ​ការងារ​ផ្ទាល់ ក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី។ គាត់​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត ក្នុង​សភា​រុស្ស៊ី កាល​ពី​ឆ្នាំ ១៩៩០។ បន្ទាប់​មក គាត់​ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត ហើយ​បាន​កសាង​កេរិ៍្តឈ្មោះ​ បន្តិចម្តងៗ​ ក្នុង​ជួរ​គណបក្ស រហូត​ក្លាយ​ជា នាយករដ្ឋមន្រ្តី​ស្តីទី របស់​លោក Boris Eltsine​ ក្នុង​ឆ្នាំ ៩៧-៩៨។

ក្នុង​បទ​សម្ភាសន៍ តាម​វិទ្យុ គាត់​បាន​ប្រាប់​ថា កាល​ពី​ដំបូង លោក Boris Eltsine មាន​ចេតនា ឲ្យគាត់​បន្តវេន​ ក្នុង​ការ​ដឹកនាំ និង​ស្តារ​ប្រទេស​រុស្ស៊ី បន្តែ​ទី​បំផុត​លោក Boris Eltsine បាន​ប្តូរ​ចិត្ត ងៀក​ទៅ​ទំនុក​បំរុង លោក​ពូទីន​វិញ។ គាត់ថា នេះ​ជា​ការ​សម្រេច​ចិត្ត ខុស​ធ្ងន់ធ្ងរ​ណាស់ របស់​លោក Boris Eltsine។ ក្រោយការ​ឡើង​កាន់​ដំណែង របស់​លោក ពូទីន លោក​ Boris Nemtsov ​បាន​បន្ត​ធ្វើ​ជា​តំណាងរាស្ត្រ​ក្រុម​ប្រឆាំង ក្នុង​សភាឌូម៉ា​ របស់​រុស្ស៊ី។

លោក ត្រូវ​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​នយោបាយ ​ដែល​គេ​គោរព​ស្រលាញ់ ដោយសារ​តែ​ភាព​ក្លាហាន និង​ចិត្ត​មានៈ​របស់​គាត់ ​ក្នុង​ការ​វែកញែក​រក​សខ្មៅ ​និង​បញ្ហា​អយុត្តិធម៌​សង្គម។ គាត់​ធ្លាប់​បាន​រិះគន់ ​ដោយ​ចំហរ​ អំពី របៀប​គ្រប់គ្រង​ប្រទេស​ បែប​ផ្តាច់ការ​របស់​ពូទីន ​អំពី​បញ្ហា​ពុករលួយ តួយ៉ាង​ការ​រៀបចំ​កីឡា​អូឡាំពិក​រដូវ​ត្រជាក់ នៅក្រុង​សុតឈី។ ហើយ​រឿង​ចុងក្រោយ​​នេះ គឺ​បញ្ហា​នៅ អ៊ុយក្រែន​នេះ​ឯង ដែល​លោក​បាន​ធ្វើការ​បរិហារ ពី​មហិច្ឆិតា របស់​ពូទីន ក្នុង​ការ​លេប​ត្របាក់ តំបន់​គ្រីម៉េ និង​ភាគ​ខាងកើត​អ៊ុយក្រែន។

ប្រតិកម្ម​ក្រោយ ឃាតកម្ម៖
លោក​ប្រធានាធិបតី បារាំង បាន​មាន​ប្រតិកម្ម​ភ្លាមៗ ថា​នេះ ជា​ឃាតកម្ម​ដ៏​សាហាវ និង​ដ៏​ថោកទាប​ជា​ទី​បំផុត។ លោក​បាន​អំពាវនាវ ​ឲ្យ​អាជ្ញាធរ​រុស្ស៊ី វែក​មុខ​ រក​ជន​ដៃដល់ និង​អ្នក​ដែល​បញ្ជា ឲ្យ​ឃើញ។ ដូច​គ្នា​ដែរ ​លោកស្រី អង់ហ្គេឡា មែកគែល ​បាន​ថ្លែង​ថា ​លោកស្រី មាន​ក្តី​រន្ធត់ ​តក់​ស្លុត​ជាខ្លាំង ហើយ​លោកស្រី ​ហៅ​ឃាតកម្ម​នេះ​ថា ​ជា​ឃាតកម្ម​ដ៏​កំសាក​បំផុត។ ចំណែក ​លោក​ប្រធានាធិបតី ​អ៊ុយក្រែន ​ប៉េត្រូប៉ូរ៉ូឆិនកូ ​បាន​ថ្លែង​ថា លោក Boris Nemtsov  ជា​មិត្ត​របស់​អ៊ុយក្រែន។ លោក​ជា​ស្ពាន ​នាំ​សន្តិភាព​រវាង ​អ៊ុយក្រែន ​និង​រុស្ស៊ី។

ដោយឡែក ​លោក​ប្រធានាធិបតី​រុស្សី បាន​ចាត់​ទៅ​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ ឲ្យ​ដឹក​នាំ ​ក្រុម​ស្រាវជ្រាវ ដើម្បី​វែក​រក​មុខ​ឃាតករ និង មនុស្ស​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។ យ៉ាងណា​ក៏​ដោយ ​ទោះ​បី​ជា​លោក ​ពូទីន ​មិនមែន​ជា​អ្នក​បញ្ជា​ ឲ្យ​គេ​សម្លាប់​លោក Boris Nemtsov ក៏​ដោយ​ចុះ ​បន្តែ​លោក​ពូទីន ​មាន​ការ​ទទួល​ខុសត្រូវ​មួយទៀត ដែល​គាត់​ជា​អ្នក​ ធ្វើ​ឲ្យ​មាន​ស្ថានការ​អាប់អួរ ​នៅ​រុស្ស៊ី។ ស្ថានការ​ដែល​ធ្វើឲ្យ​មាន​ការ​បែកបាក់ ចោទ​គ្នា​ទៅវិញ​ទៅមក ក្នុង​ចំណោម​អ្នក​នយោបាយ ​ក៏​ដូច​ជា​ប្រជាជន​រុស្ស៊ី។ ហេតុការណ៏​នៅ​អ៊ុយក្រែន​កន្លង​មក  បាន​ធ្វើ​ឲ្យ​ជនជាតិ​រុស្ស៊ី​ ចោទគ្នា​ថា​ នរណា​មិនគាំ​ទ្រ​ឲ្យ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ​សុទ្ធសិង​តែ​ពួក​ក្បត់​ជាតិ។ ​លោក Boris Nemtsovត្រូវ​មនុស្ស​មួយ​ចំនួន​ ចោទ​ថា​ជា​អ្នក​ក្បត់ជាតិ ​ព្រោះ​លោក​អំពាវនាវ​ឲ្យ​ឈប់ ​ឈ្លានពាន​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ