អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដល់ពេល​ហើយ ដែល ​Apple ​ត្រូវបង់​ពន្ធ​ឲ្យ​សមមាត្រ​ទៅតាម​ចំណូល​របស់​ខ្លួន​នៅ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗនេះ​ សហភាព​អឺរ៉ុប​ បាន​ចេញ​សេចក្តី​សម្រេចចិត្ត​មួយ​ យ៉ាង​ចម្រូងចម្រាស ​ដោយ​បាន​បង្ខំ​ក្រុមហ៊ុន​Apple ​ឲ្យ​បង់ពន្ធ ​សងទៅ​ប្រទៀស​អៀរឡង់ ​ចំនួន​១៣​ពាន់​លាន​អឺរ៉ូ។ សហភាព​អឺរ៉ុប​ចោទ​ប្រកាន់​ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក​នេះ ​ថាបាន​ឃប់ឃិត​ជាមួយ​អាជ្ញាធរ​អៀរឡង់ ​ដើម្បី​គេចវេស ​មិន​បង់​ពន្ធ​ជា​ថ្នូរ​នឹង​ការ​បង្កើត​ការងារ​នៅ​អៀរឡង់ ​ដែល​សកម្មភាព​នេះ​គឺ​វា​អយុត្តិធម៌​ណាស់ ​សម្រាប់​ក្រុមហ៊ុន​ដ៏ទៃ​ទៀត​ ក៏ដូច​ជា​ប្រជាពល​រដ្ឋ​សាមញ្ញ​ ដែល​ខំធ្វើការ​រកប្រាក់ ​ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ។ ការ​ចូលលូក​ដៃ​របស់​សហភាព​អឺរ៉ុប ​ក្នុង​កិច្ចការ​ពន្ធដា​អៀរឡង់ ​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត ​ពី​សំណាក់​រដ្ឋាភិបាល​អៀរឡង់​ផ្ទាល់ ​និង​ក្រុមហ៊ុន​ធំៗ​នានា ​របស់​អាមេរិក​ ព្រមទាំង​រដ្ឋាភិបាល​អាមេរិក​ផងដែរ។

Apple ក្រុមហ៊ុនផលិត​​ឧបករណ៍​ព័ត៌មានវិទ្យា​​ដ៏ធំ និង​​មាន​ជាង​គេ​​លំដាប់​ទីពីរ​​លើ​​លោក
Apple ក្រុមហ៊ុនផលិត​​ឧបករណ៍​ព័ត៌មានវិទ្យា​​ដ៏ធំ និង​​មាន​ជាង​គេ​​លំដាប់​ទីពីរ​​លើ​​លោក REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

អៀរឡង់ សុខៗ ត្រូវឆ្នោត១៣ពាន់លានអឺរ៉ូ៖

បើយើង​មើល​មួយភ្លែត ​គឺ​អៀរឡង់​ទើបតែ​ត្រូវ​ឆ្នោត​រង្វាន់​ធំ ​ក្នុង​ទឹក​ប្រាក់​១៣​ពាន់​លាន​អឺរ៉ូ ​ ដែល​ឆ្នោត​មួយ​សន្លឹក​នេះ ​មិនមែន​អៀរឡង់​ជា​អ្នក​ទិញ​ទេ ​តែ​គឺ​សហភាព​អឺរ៉ុប​ ជាអ្នក​ទិញ​និង​ផ្ទៀង​ឲ្យ​អៀរឡង់។ ១៣​ពាន់​លាន​អឺរ៉ូ ​ ពោលគឺ​ស្មើនឹង​ទឹក​ប្រាក់​នៃ​ការ​ចំណាយ​វិនិយោគ​របស់​អៀរឡង់ ​មួយ​គុណ​ជា​បី​ឯណោះ។ គឺក្រុមហ៊ុន​ Apple​ ដែល​ត្រូវ​បាន​សហភាព​អឺរ៉ុប ​ដាក់​បន្ទុក​ឲ្យ​បង់ប្រាក់​នេះ ​ចូល​ក្នុង​ហោប៉ៅ​ពន្ធដារ​របស់​អៀរឡង់ ​ព្រោះ​​សហភាព​អឺរ៉ុប ​បាន​ស្រាវជ្រាវ​ដឹង​ថា ​២០ឆ្នាំ​មក​នេះ ​ក្រុមហ៊ុន​Apple​ មិនបាន​បង់​ពន្ធ​ឲ្យ​ទៅ​អៀរឡង់ ​ឲ្យ​សមមាត្រ​ទៅ​នឹង​ចំណូល​ដែល​ខ្លួន​រក​បាន​ទេ។

នេះ​គឺជា​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ ​អស់​រយៈពេល​៣ឆ្នាំ​របស់​គណកម្មការ​អឺរ៉ុប​ ដែល​មាន​លោកស្រី ​Vestager ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​ស៊ើបអង្កេត។ សម្រាប់​សហភាព​អឺរ៉ុប ​ គឺ​វា​ច្បាស់​ណាស់​ថា ​ក្រុមហ៊ុន​ផលិត​iPhone​ នេះ​បាន​ទទួល​ការ​សហការ​ពី​រដ្ឋាភិបាល​អៀរឡង់ ​ក្នុង​ការ​រៀបចំ​កែច្នៃ​ធ្វើ​យ៉ាងណា ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដ៏​មាន​ជាង​គេ​លំដាប់ទី​ពីរ​លើ​លោក​នេះ ​ អាច​បង់ពន្ធ​តិច​បំផុត។ នេះ​គឺ​ជា​អំពើ​មួយ​អយុត្តិធម៌​ ហើយ​វា​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​ ខណៈ​ដែល​ក្រុមហ៊ុន​ដ៏ទៃ​ទៀត​ ត្រូវ​បង់ពន្ធ​ពេញៗ​ នៅ​តាម​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេងទៀត។

ក្រុមហ៊ុន​ខ្មោច​របស់​Apple ​នៅ​អៀរឡង់៖
ក្នុង​ការ​អង្កេត ​គណកម្មការ​អឺរ៉ុប​បាន​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន​ពីរ​ នៅ​អៀរឡង់ ​ទីមួយ​គឺ​ក្រុមហ៊ុន​Apple Operation Europe (AOE) ​ដែល​គឺ​ជា​សាខា​របស់​ក្រុមហ៊ុន​Apple​ ដែល​មាន​មនុស្ស​ធ្វើការ​នៅ​អៀរឡង់​ចំនួន​ប្រមាណ​ជា​៦ពាន់​នាក់ ​និង​ក្រុមហ៊ុន​ទីពីរ​គឺ ​Apple Sales International (ASI) ​ដែល​គ្រាន់​តែ​បាន​ចុះ​បញ្ជីរ​នៅ​អៀរឡង់ ​តែ​ពុំមាន​ទីតាំង​ពិត​ប្រាកដ ​ហើយ​ពុំមាន​មនុស្ស​ធ្វើការ​សូម្បី​តែ​ម្នាក់។ គឺ​ក្រុមហ៊ុន​ទីពីរ​នេះហើយ ​ដែល​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​ខ្មោច ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ ​ព្រោះ​ដោយសារ​តែ​ពុំមាន​ទីតាំង ​ពុំមាន​មនុស្ស​ធ្វើការ ​ទើប​ក្រុមហ៊ុន​នេះ ​មិន​បាច់​បង់ពន្ធ​ទៅ​ឲ្យ​អៀរឡង់​ទេ។ ក៏ប៉ុន្តែ​ពេល​ដែល​គេ​ពិនិត្យ​ស៊ី​ជំរៅ ​ប្រាក់​ចំណូល​របស់​សាខា​ក្រុមហ៊ុន​Apple​ ប្រចាំ​ទ្វីប​អឺរ៉ុប ​ស្ទើរតែ​ទាំងស្រុង​ គឺ​ផ្ទេរចូល​ទៅ​ក្នុង​គណនី​ក្រុមហ៊ុន​ទី​ពីរ​នេះ។
 

លោកស្រី Margrethe Vestager តំណាង​គណកម្មការ​អឺរ៉ុប ​ទទួល​​បន្ទុក​​ស៊ើបអង្កេត​ការ​បន្លំពន្ធ​របស់​Apple
លោកស្រី Margrethe Vestager តំណាង​គណកម្មការ​អឺរ៉ុប ​ទទួល​​បន្ទុក​​ស៊ើបអង្កេត​ការ​បន្លំពន្ធ​របស់​Apple REUTERS/Eric Vidal TPX IMAGES OF THE DAY

យោង​តាម​ប្រសាសន៍​លោកស្រី ​Vestager ​ក្រុមហ៊ុន​ Apple Sales International ​មាន​ប្រាក់​ចំណូល​១៦​ពាន់​លាន​អឺរ៉ូ ​ក្នុងឆ្នាំ​២០១១ ​ហើយ​ក្នុង​នោះ​ មានតែ​៥០លាន​ប៉ុណ្ណោះ ​ដែល​ជា​ចំណូល​របស់​សាខា​អៀរឡង់ ​ នៅ​សល់​ជាង​១៥ពាន់​លាន​ផ្សេងទៀត ​គឺ​គ្មាន​ប្រភព ​ដូច្នេះ​មិនត្រូវ​បង់​ពន្ធ​ទេ។ លោកស្រី​បន្ត​ថា ​ឆ្នាំ​ ​ឆ្នាំ​២០១៤​ កម្រឹត​ពន្ធ​ ដែល​Apple​ បង់ឲ្យ​អៀរឡង់  ​មានតែ​​០,០០៥%​ ប៉ុណ្ណោះ។ មានន័យ​ថា ​ក្នុង​ប្រាក់​ចំណូល​រកបាន​១លាន​អឺរ៉ូ ​ក្រុមហ៊ុន​នេះ ​បង់ពន្ធ​មិន​ដល់​៥០​អឺរ៉ូ​ផង។ នេះ​វា​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ​ ខណៈ​ដែល​ពន្ធ​លើ​ប្រាក់​ចំណូល​ក្នុង​ប្រទេស​អៀរឡង់ ​ជាទូទៅ​គឺ​មាន​កម្រិត​១២,៥%។

 
អៀរឡង់៖ ដែនដី​សំបូរ​សប្បាយ​របស់​ក្រុមហ៊ុន​ណា​មិន​ចង់​បង់​ពន្ធ
យោងតាម​គណកម្មការ​អឺរ៉ុប ​ក្រុមហ៊ុន​Apple​ និង​រដ្ឋាភិបាល​អៀរឡង់ ​បានធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ចំនួន​២លើក ​ដើម្បី​ចាត់ចែង​កិច្ចការ​ពន្ធដារ។ ម្តង​នៅ​ឆ្នាំ​១៩៩១​ និង​ម្តងទៀត​នៅ​ឆ្នាំ​២០០៧។ សម្រាប់​គណកម្មការ​អឺរ៉ុប​ គឺ​កិច្ច​ព្រមព្រៀង​ទាំង​ពីរ​លើក​នេះ​ហើយ ​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី ​ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Apple​ គេច​ពី​ការ​បង់ពន្ធ​ ហើយ​ជា​ថ្នូរ​Apple ​សន្យា​ប្រើប្រាស់​ទីផ្សារ​ការងារ​នៅ​អៀរឡង់។

ការពិត​វា​ជា​ជម្រើស​របស់​រដ្ឋាភិបាល​អៀរឡង់ ​ដែល​សុខចិត្ត​ជួយ​ក្រុមហ៊ុន​Apple​ មិន​យក​ពន្ធ​ច្រើន​ ក្នុង​ប្រទេសខ្លួន។ គេគ្មាន​អ្វីត្រូវ​ងើង​ឆ្ងល់​ទេ ​នៅពេល​ដែល​ឃើញ​លោក Michael Noonan រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អៀរឡង់ ​ចេញ​មុខ​មក​រិះគន់​សហភាព​អឺរ៉ុប​ថា​កុំចេះ​ដឹង​រឿង​គេ។ លោក​រដ្ឋមន្ត្រី​រូបនេះ ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អៀរឡង់​ប្តឹង​សហភាព​អឺរ៉ុប​ទៀត​ផង​ ព្រោះ​អឺរ៉ុប​មិន​ត្រូវ​មក​ជ្រៀតជ្រែក ​កិច្ចការ​ពន្ធដា​របស់​ប្រទេស​មាសជិក​ឯទៀត​ទេ។ អឺរ៉ុប​ ​ខំ​រក​យុត្តិធម៌ ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​មាន​កំហុស ​បង់​ពន្ធ​សង​អៀរឡង់​ តែ​អៀរឡង់​បែរ​ជា​ចេញ​មុខ​មក​ប្រកាស​ថា ​គេ​មិន​ត្រូវការ​ប្រាក់​នេះ​ទេ។

យ៉ាងណា​មិញ​លោក ​Tim Cook ​អគ្គនាយក​Apple​ បាន​និយាយ​ថា ​ នេះ​ជា​កាលៈទេសៈ​មួយ​ដ៏​ចំលែក​ ដែល​សហភាព​អឺរ៉ុប​មក​ចេះ​ចាត់ចែង​ បញ្ជា​ឲ្យ​ក្រុមហ៊ុន​លោក ​សង​ប្រាក់​១៣ពាន់​លាន​ទៅ​អៀរឡង់​ រឺឯ​ប្រទេស​សាមី​វិញ ​បែរ​ជា​និយាយ​ថា​ទេ ​ក្រុមហ៊ុន​Apple ​មិន​បាន​ជំពាក់​លុយ​ពន្ធ​ផង។

 
គួរបញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​Apple​ កើប​ប្រាក់​ចំណូល​ដល់​ទៅ​២៣២​ពាន់​លាន​ដុល្លារ ​ហើយ​ក្នុង​នោះ​មាន ​២១៤​ពាន់​លាន​ដុល្លារ ​កំពុង​លាក់ខ្លួន​នៅ​បរទេស​ ក្រៅ​ពី​សហរដ្ឋ​អាមេរិក ​ដែល​ជា​ទីតាំង​ធំ។ មិនមែន​មានតែ​ក្រុមហ៊ុន​Apple ​មួយទេ ​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​សហភាព​អឺរ៉ុប ​ថា​បាន​លួច​កេង​បន្លំ​មិន​បង់ពន្ធ។ នៅមាន​ក្រុមហ៊ុន​អាមេរិក​ធំៗ ​ជា​ច្រើន​ផ្សេង​ទៀត ​ដូចជា​ក្រុមហ៊ុន​ Google Amazon Starbucks Tweeter Facebook Dropbox  ​ជាដើម​ ដែល​កំពុង​តែ​ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ ​ដើម្បី​គេច​វេស​មិន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ខ្លួន។ ហើយ​ក្រុមហ៊ុម​ទាំងអស់​នេះ​ ភាគ​ច្រើន ​សុទ្ធតែ​មក​តាំងទី​នៅ​ប្រទេស​អៀរឡង់​ទាំងអស់។

អឺរ៉ុប​ចង់​បង្ហាញ​ភាព​រឹងមាំ​ ក្នុងការ​អនុវត្ត​ច្បាប់ ​ហើយ​អាមេរិក ​គួរណា​តែ​យក​គំរូតាម៖
ការ​លូកដៃ​ចូល​មកលើ​កិច្ចការ​ពន្ធដារ ​តំរូវឲ្យ​ក្រុមហ៊ុន​Apple ​បង់ពន្ធ​នេះ ​កំពុង​តែ​ធ្វើ​ឲ្យ​កើត​ជា​សង្រ្គាម​ពាក្យ​សំដី ​រវាង​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ផងដែរ។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បាន​រិះគន់​ថា​សហភាព​អឺរ៉ុប​កំពុង​បង្ក​បញ្ហា​ផ្លូវច្បាប់​ផ្នែក​គណនី​ពន្ធដារ​ ហើយ​វិធាន​ទាំង​នោះវា​ហាក់​ដូច​ជា​កំពុង​តែ​ធ្វើបាប​ក្រុមហ៊ុន​របស់​អាមេរិក។

គណកម្មការ​អឺរ៉ុប​បាន​ឆ្លើយតប​ទៅវិញ ​ទាំង​មិន​ញញើត​ថា ​ អឺរ៉ុប​មាន​ច្បាប់​របស់​អឺរ៉ុប​ ហើយ​អឺរ៉ុប​មិន​បាន​ទៅ​ទាមទារ​ផ្តេសផ្តាស​ទេ ​គឺ​ទាមទារ​ឲ្យ​បង់ពន្ធ​តែ​ទៅ​លើ​ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​រកបាន​នៅ​លើ​ដែនដី​របស់​សហភាព​អឺរ៉ុប​ តែប៉ុណ្ណោះ។​ មួយវិញទៀត​អឺរ៉ុប​ក៏​មិន​បាន​ទៅ​ធ្វើ​បាប​ក្រុមហ៊ុន​អាមេរិក​ដែរ ​ព្រោះវិធាន​ច្បាប់​អឺរ៉ុប​អនុវត្ត​ទៅ​គ្រប់​ក្រុមហ៊ុន​ មិន​ថា​ធំ​មិន​ថា​តូច ​មិន​ថា​បារាំង​ អាល្លឺម៉ង់ ​រឺ​អាមេរិក​ ទេ។

អង្គការ ​និង​អ្នក​នយោបាយ​នៅអឺរ៉ុប​ជាច្រើន​នាក់​ បាន​អបអរ​ដល់​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប ​ ដែល​បង្ហាញ​ពី​ភាព​ម៉ឹងម៉ាត់ ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​មុខ​ក្រុមហ៊ុន​គ្រាក់ៗ​ធំ​របស់​អាមេរិក។ កន្លង​មក​ក្រុមហ៊ុន​ទាំងអស់​នេះ ​មាន​ភាព​ក្អេងក្អាង ​កើប​ប្រមូល​ប្រាក់​ចំណេញ ​កេងបន្លំ​មិន​ព្រម​បង់​ពន្ធ​ ខណៈ​ដែល​វិបត្តិ​សេដ្ឋកិច្ច ​និង​ការ​ចំណាយ​របស់​រដ្ឋ​កាន់​តែ​ថយចុះ។ រឺ​ឯង​រដ្ឋ​វិញ​ គិតតែ​ពី​រក​ប្រាក់​ចំណូល ​ ដោយ​ការ​ដំឡើង​ពន្ធ​លើ​ប្រជាពលរដ្ឋ​សាមញ្ញ។ យ៉ាងណាមិញ ​សមាគម​ដើម្បី​យុត្តិធម៌​ពន្ធដារ​អាមេរិក​វិញ ​បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក​ថា ​ គួរណា​តែ​យក​គំរូ​តាម​សហភាព​អឺរ៉ុប​ ដែល​បង្ហាញ​គោល​ជំហរ​ជាក់លាក់​ក្នុង​ការ​ប្រមូលពន្ធ ​ មិនមែន​ស៊ុំគ្រលំ ​ចាញ់​ប្រៀប​ក្រុមហ៊ុន​យក្ស​ទាំងអស់​នោះ​ទេ។ ទោះ​ក្រុមហ៊ុន​នោះ​ធំ​ប៉ុណ្ណា​ក៏​ដោយ ​តែ​មិន​អាច​ធំ​ជាង​ច្បាប់​រដ្ឋ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ