អានតួអត្ថបទ
ប៉ាណាម៉ា-ពន្ធដារ

ផលវិបាក និង​ប្រតិកម្ម​កើត​ចេញ​ពី​រឿងអាស្រូវ « Panama Papers »

រឿងអាស្រូវ « Panama Papers » ដែល​បាន​បែក​ធ្លាយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី៣ មេសា​ចុង​សប្តាហ៍​កន្លង​ទៅ​បាន និង​កំពុង​បង្ក​ឲ្យ​មាន​ប្រតិកម្ម និង​ផលវិបាក​ជា​ហូរហែ។ សូម​រម្លឹក​ជូន​ឡើង​វិញ​ថា « Panama Papers » ជា​សំណុំ​ឯកសារ​ជាង ១១លាន​ឯកសារ​របស់​ការិយាល័យ​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប៉ាណាម៉ា​ឈ្មោះ Mossack Fonseca។ សំណុំ​ឯកសារ​ជាង ១១លាន​ឯកសារ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​សម្ព័ន្ធអ្នកកាសែត​អន្តរជាតិ​ផ្នែក​ស៊ើបអង្កេត បន្ទាប់​ពី​បាន​ធ្វើ​ការ​អង្កេត​អស់​រយៈពេល ១ឆ្នាំ។ គឺ​ជា​សំណុំ​ឯកសារ​ដែល​លាត​ត្រដាង​ពី​រឿង​គេចពន្ធ​របស់​ឥស្សរជន​ល្បីៗ​ក្នុង​លោក មាន​តាំង​ពី​ថ្នាក់ដឹកនាំកំពូលៗ​រហូត​ដល់​កីឡាករ និង​សិល្បករ​ល្បីៗ​ក្នុង​លោក។

លោក​នាយករដ្ឋមន្រ្តី​​អ៊ីស្លង់ Sigmundur David Gunnlaugsson
លោក​នាយករដ្ឋមន្រ្តី​​អ៊ីស្លង់ Sigmundur David Gunnlaugsson REUTERS/Bertil Enevag
ផ្សាយពាណិជ្ជកម្ម

ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ សំណុំរឿង« Panama Papers » ក៏​បាន និង​កំពុង​បន្ត​ទម្លាយ​ចេញ​នូវ​ព័ត៌មាន​ថ្មី​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ នៅ​ក្នុង​ថ្ងៃទី១ នៃ​ការ​បែក​ធ្លាយ​សំណុំរឿង« Panama Papers » ដែល​មាន​ជាង ១១លាន​ឯកសារ​ពាក់ព័ន្ធ​នឹង​រឿង​គេចពន្ធ គេ​សង្កេត​ឃើញ​មាន​ជាប់​ឈ្មោះ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ខ្លះ​ដែល​កំពុង​កាន់​អំណាច ក៏​ដូច​ជា​ឈ្មោះ​របស់​អតីត​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ព្រម​ទាំង​កីឡាករ និង​សិល្បករ​ល្បីៗ​ក្នុង​លោក។

ឥឡូវ​នេះ រឿង​គេចពន្ធ​ដោយ​យក​លុយ​ទៅ​លាក់​ទុក​តាម​រយៈ​​ការិយាល័យ​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​ប៉ាណាម៉ា​ឈ្មោះ Mossack Fonseca បាន​ឆ្លង​រាលដាល​ដល់​រដ្ឋមន្រ្តី អ្នកតំណាងរាស្រ្ត ព្រម​ទាំង​ប្រធាន និង​អតីត​ប្រធាន​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លះ ដូច​យ៉ាង​ប្រទេស​បារាំង​ទាក់ទង​នឹង​គណបក្សស្តាំនិយមជ្រុល​របស់​លោកស្រី​ម៉ារីន ឡឺពែន។ មួយ​វិញ​ទៀត « Panama Papers » ក៏​មាន​ជាប់​ឈ្មោះ​តាំង​ពី​មហាសេដ្ឋី​គ្រាក់ៗ រហូត​ដល់​អ្នកមាន​លុយ​ច្រើន​គួរ​សម។

គួរ​បញ្ជាក់​ថា អ្នក​ដែល​បាន​យក​លុយ​ទៅ​ទុក​ក្នុង​ប្រទេស​បាណាម៉ា​តាម​រយៈ​ការិយាល័យ​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប៉ាណាម៉ា​ឈ្មោះ Mossack Fonseca មិនមែន​សុទ្ធ​ជា​អ្នក​ដែល​មាន​បំណង​គេចពន្ធ​ពី​ប្រទេសដើម​របស់​ខ្លួន​ទេ ព្រោះ​មាន​អ្នក​ខ្លះ​ក៏​បាន​ប្រកាស​ប្រាប់​រដ្ឋអំណាច​ពី​ចំនួន​ទឹក​លុយ​របស់​ខ្លួន​ដែរ ពោល​មិនមែន​យក​ទៅ​តម្កល់​ទុក​ស្ងាត់ៗ​នោះ​ទេ។

 
រឿងអាស្រូវ « Panama Papers » បាន​ទម្លាក់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្លង់

រឿងអាស្រូវ « Panama Papers » កំពុង​បង្ក​ឲ្យ​មាន​ផលវិបាក​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លះ​ដែល​ថ្នាក់ដឹកនាំ​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់។ មុន​គេ គឺ​ប្រទេស​អ៊ីស្លង់​ដែល​លោក​នាយករដ្ឋមន្រ្តី​ស៊ីមុនដួរ ដាវីដ ហ្គុនឡុកសុន (Sigmundur David Gunnlaugsson) បាន​ប្រកាស​ចុះ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​ដែល​លោក​បាន​អង្គុយ​តាំង​ពី​ឆ្នាំ ២០១៣។ ការ​លា​ឈប់​ពី​មុខ​តំណែង​របស់​លោក​ហ្គុនឡុកសុន​ដោយសារ​លោក​មិន​អាច​ទ្រាំទ្រ​នឹង​សម្ពាធ​របស់​ប្រជាជន​អ៊ីស្លង់​នៅ​តាម​ដង​ផ្លូវ​តាំង​ពី​ថ្ងៃ​អាទិត្យ ទី៣ មេសា ចំ​ថ្ងៃ​បែក​ធ្លាយ​រឿងអាស្រូវ« Panama Papers »។

អ្វី​ដែល​ប្រជាជន​អ៊ីស្លង់​ក្តៅក្រហាយ​ខ្លាំង​នឹង​គ្រួសារ​របស់​លោក​ហ្គុនឡុកសុន គឺ​ការ​ដែល​លោក និង​ភរិយា​បាន​យក​លុយ​រាប់លានដុល្លារ​ទៅ​លាក់ទុក​នៅ​បរទេស។ ក្រៅ​ពី​មាន​ឈ្មោះ​លោក​ហ្គុនឡុកសុន​នៅ​ក្នុង​រឿងអាស្រូវ« Panama Papers » ក៏​គេ​ឃើញ​មាន​ឈ្មោះ​រដ្ឋមន្រ្តី​មួយ​ចំនួន​ដែរ។ តែ​មក​ទល់​ពេល​នេះ រដ្ឋមន្រ្តី​ទាំង​នោះ​បាន​បន្ត​ឱបអំណាច​មិន​ព្រម​លា​ចេញ​ទេ។ សូម​ជម្រាប​ជូន​ថា រឿងអាស្រូវ « Panama Papers » ជា​រឿង​ដ៏​រសើបខ្លាំង​ណាស់​សម្រាប់​ប្រទេស​អ៊ីស្លង់​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ពិសេស​ក្នុង​ឆ្នាំ ២០០៨។

សង្រ្គាមប៉ាកា​បាន​ចាប់​ផ្តើម

ក្រៅ​ពី​ផលវិបាក​នយោបាយ រឿងអាស្រូវ « Panama Papers » ក៏​កំពុង​បង្ក​ឲ្យ​មាន​ប្រតិកម្ម និង​សង្រ្គាម​ប៉ាកា​រវាង​ប្រទេស​ប៉ាណាម៉ា និង​ក្រុមប្រទេស​ពាក់ព័ន្ធ។ តែ​ប្រតិកម្ម វិធានការ និង​សង្រ្គាម​ប៉ាកា​នៅ​មាន​តិច ព្រោះ​វា​ជា​រឿង​ថ្មីថ្មោង​ដែល​គេ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជ្រៅ​បន្ថែម។ សូម​ជម្រាប​ជូន​ថា រឿងអាស្រូវ « Panama Papers » ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​សម្ព័ន្ធអ្នកកាសែត​អន្តរជាតិ​ផ្នែក​ស៊ើបអង្កេត បន្ទាប់​ពី​មាន​អ្នក​កាសែត ៣៧០នាក់ មក​ពី ១០៧​ការិយាល័យ​និពន្ធខុស​គ្នា និង​មក​ពី​៧៧​ប្រទេស​ក្នុង​លោក​បាន​ធ្វើ​ការ​អង្កេត​អស់​រយៈពេល ១ឆ្នាំ។

ក្រៅ​ពី​ប្រទេស​ពាក់ព័ន្ធ​បាន​សន្យា​ប្រកាស​បើក​ការ​ស៊ើបអង្កេត ក៏​មាន​ប្រទេស​ខ្លះ ដូច​យ៉ាង​បារាំង​បាន​ប្រកាស​ពី​ការ​ដាក់​បញ្ជូល​ប៉ាណាម៉ា​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស​ជួយ​លាក់លុយ​អ្នក​គេចពន្ធ។ ប៉ាណាម៉ា​បាន​ចេញ​មុខ​ប្រតិកម្ម​ភ្លាមៗ​ដោយ​សន្យា​សងសឹក​បារាំង​វិញ​តាម​ផ្លូវ​សេដ្ឋកិច្ច។ នៅ​អាមេរិក លោក​ប្រធានាធិបតី​អូបាម៉ា​មិន​បាន​ចោទ​អ្នក​ណា​ទេ តែ​បាន​ចាត់​ទុក​រឿង​គេចពន្ធ​ជា​បញ្ហា​ដ៏​ធំ​ដែល​គេ​ត្រូវ​ពង្រឹងច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ។

ចំណែក​អង្គការ​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅ​កាត់​ថា OCDE បាន​ចោទ​ប៉ាណាម៉ា​ចំៗ​ថា មិន​បាន​រួមចំណែក​គ្រប់គ្រាន់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​លាងលុយ​កខ្វក់។ ជា​ការ​ឆ្លើយ​បក​វិញ ប្រទេស​ប៉ាណាម៉ា​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់ OCDE ថា​អយុត្តិធម៌ និង​មាន​ការ​រើសអើង។ ចំណែក​ការិយាល័យ​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​ប៉ាណាម៉ា Mossack Fonseca បាន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​រងគ្រោះ​ដោយ​ក្រុមចោរ​ព័ត៌មានវិទ្យា​នៅ​បរទេស​ដែល​ចូល​លួច​ទិន្នន័យ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ​របស់​ខ្លួន ព្រម​ទាំង​បាន​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ​ចំពោះ​រឿង​នេះ។

ឃើញ​ថា រឿងអាស្រូវ « Panama Papers » នៅ​មាន​ដំណើរ​វែងឆ្ងាយ និង​ស្មុគស្មាញ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ