អានតួអត្ថបទ

Brexit៖ ពេលវេលា​កំណត់​កាន់តែ​ជិតដល់ រដ្ឋមន្ត្រី​ម្នាក់​ទៀត​លាលែង​ពី​តំណែង

វិបត្តិBrexit កំពុងបន្តយាយីរដ្ឋាភិបាល លោកស្រីតេរ៉េហ្សា ម៉េ។ នៅថ្ងៃទី​២៣ឧសភា នេះ រដ្ឋមន្ត្រីមួយរូបទៀត របស់លោកស្រី បានសម្រេចចិត្តដើរចេញពីរដ្ឋាភិបាល ដោយសារតែមិនពេញចិត្ត នឹងផែនការរបស់លោកស្រី តេរ៉ាហ្សា ម៉េ ទាក់ទិននឹងការបោះឆ្នោតលើកិច្ចព្រមព្រៀងផ្តាច់ខ្លួន ចេញពីសហភាពអឺរ៉ុប។ ដើម្បីបានសម្លេងគាំទ្រពីសមាជិកសភាឲ្យគ្រប់ លោកស្រីតេរ៉េហ្សា​ ម៉េ បានសុខចិត្តធ្វើសម្បទានជាច្រើនចំណុច ដូចជាការរៀបចំធ្វើប្រជាមតិមួយទៀត ស្តីពីកិច្ចព្រមព្រៀងផ្តាច់ខ្លួន ជាដើម។

លោកស្រី Andrea Leadsom រដ្ឋមន្ត្រីទទួល​បន្ទុក​ទំនាក់ទំនង​សភា ដែល​លាលែង​ចេញ​ពីតំណែង។
លោកស្រី Andrea Leadsom រដ្ឋមន្ត្រីទទួល​បន្ទុក​ទំនាក់ទំនង​សភា ដែល​លាលែង​ចេញ​ពីតំណែង។ REUTERS/Henry Nicholls
ផ្សាយពាណិជ្ជកម្ម

លោកស្រី Andrea Leadsom រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋសភា បានដាក់ពាក្យលាឈប់​ពីដំណែង ធ្វើឲ្យរដ្ឋាភិបាលរបស់លោកស្រីតេរ៉ាហ្សា ម៉េ កាន់តែរង្គោះរង្គើបាក់បែកគ្នា។ នៅក្នុងលិខិតលាឈប់ ដែលគេបានផ្សាយចែកចាយ នៅលើទំព័រ​Twitter លោកស្រី Andrea Leadsom បានលើកឡើងថា លោកស្រីលែង​មានជំនឿទុកចិត្តទៀតហើយ ថារដ្ឋាភិបាលរបស់លោកស្រី តេរ៉េហ្សា ម៉េ នឹងអាចគោរព​ឆន្ទៈ​របស់ប្រជាជនអង់គ្លេស ដែលបានបោះឆ្នោតប្រជាមតិ ចាកចេញពីសហភាពអឺរ៉ុប។

លោកស្រីរដ្ឋមន្ត្រី បានពន្យល់ថា​ ផែនការចុងក្រោយរបស់លោកស្រីតេរ៉េហ្សា ម៉េ នឹងមិនអាចនាំ​ប្រទេសអង់គ្លេស ឲ្យត្រលប់មកជាប្រទេស ពេញអធិបតេយ្យវិញបានទេ។ ជាងនេះទៀត លោកស្រីគិតថាការរៀបចំធ្វើប្រជាមតិមួយទៀត គឺវានឹងរិតតែធ្វើឲ្យប្រទេសអង់គ្លស បែកបាក់គ្នា។

សូមរំលឹកថា កាលពីថ្ងៃពុធ​ទី​២២ឧសភា​ លោកស្រីតេរ៉េហ្សា ម៉េ ​បានបង្ហាញឲ្យដឹងនូវផែនការរបស់លោកស្រី ដើម្បីឈានទៅសម្រេចការផ្តាច់ខ្លួន ចេញពី​សហភាពអឺរ៉ុប ឲ្យបានមុនចុងខែតុលា។ លោកស្រីនឹងដាក់​កិច្ចព្រមព្រៀងផ្តាច់ខ្លួន ដែលលោកស្រី​បានចុះហត្ថលេខាជាមួយភាគីអឺរ៉ុប ឲ្យសភាអង់គ្លេស បោះឆ្នោតម្តងទៀត។ ក៏ប៉ុន្តែលើកនេះ ដើម្បីអាចប្រមូល​សម្លេងគាំទ្រឲ្យបានគ្រប់ លោកស្រីនាយករដ្ឋមន្ត្រី បានព្រមធ្វើសម្បទាន ជាច្រើនចំណុច។ ក្នុងនោះរួមមាន ការបន្តនៅក្នុងសហព័ន្ធពន្ធដារបស់អឺរ៉ុប ជាបណ្តោះអាសន្ន​សិន ព្រមទាំងការរៀបចំធ្វើប្រជាមតិម្តងទៀត។

តាមរយៈការធ្វើសម្បទាន បោះដៃទៅកាន់ក្រុមសមាជិកសភា ប្រឆាំងBrexit នេះ លោកស្រីតេរ៉េហ្សា ម៉េ បានបង្ខំចិត្តពាក់មុខយក្ស ដាក់សាមាជិកគណ​បក្សលោកស្រី ក៏ដូចជាក្រុមសមាជិកសភា ដែលគាំទ្រ Brexit។ តែយ៉ាងណា លោក Jeremy Crobyn តំណាងគណបក្សពលករ ដែលជាបក្សគាំទ្រសហភាពអឺរ៉ុប បានបញ្ជាក់ថា បក្សលោក នឹងមិនបោះឆ្នោតទទួលយកកិច្ចព្រមព្រៀងផ្តាច់ខ្លួន របស់លោកស្រីតេរ៉េហ្សា ម៉េទេ។

គួរកត់សំគាល់ថា ការខ្វែងគំនិតបែកបាក់គ្នា នៅក្នុងរង្វង់រដ្ឋាភិបាលរបស់លោកស្រីតេរ៉េហ្សា ម៉េ កំពុងធ្វើឲ្យអនាគតវាសនានយោបាយ របស់លោកស្រី ក៏ដូចជាគណបក្សអភិរក្សនិយមអង់គ្លេស ប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ ការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប ដែលនឹងប្រព្រឹត្តិធ្វើទៅនៅថ្ងៃទី២៤ឧសភា នៅអង់គ្លេស អាចជាឱកាស ដែលប្រជាជននឹងដាក់ទណ្ឌកម្ម លើគណបក្សរបស់លោកស្រីម៉េ។ ការបោះឆ្នោតប្រជាមតិជាលើកទី២ បើសិនជាមានមែននោះ នឹងធ្វើឡើងដើម្បីឲ្យប្រជាជនបោះឆ្នោតយល់ព្រម ឬមិនយល់ព្រម ទទួលយកកិច្ចព្រមព្រៀងផ្តាច់ខ្លួន។ តែអ្នកវិភាគខ្លះលើកឡើងថា សមាជិកសភាអង់គ្លេស អាចនឹងបញ្ចូលសំណួរមួយទៀត ស្តីពីការសម្រេចចិត្ត ចាកចេញ ឬមិនចាកចេញ ពីសហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ