អានតួអត្ថបទ
អង់គ្លេស

អង់គ្លស៖លោកដេវីដ កាមេរ៉ូន​ចូល​កាន់​តំណែង​នាយករដ្ឋមន្រ្តី​អាណត្តិទី២ សម្រាប់ ៥ឆ្នំា

នៅ​ប្រទេស​អង់គ្លេស លទ្ធផល​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា​បាន​ផ្តល់​ជោគជ័យ​យ៉ាង​ធំធេង​ដល់​គណបក្សអភិរក្សនិយម​របស់​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ដេវីដ កាមេរ៉ូន (David Cameron) និង​គណបក្សជាតិនិយម​នៅ​ក្នុង​រដ្ឋ​ស្កុតឡែន​របស់​លោកស្រី Nicola Sturgeon។ តាម​លទ្ធផល​មិន​ទាន់​ផ្លូវការ​ឲ្យ​ដឹង​ថា គណបក្ស​អភិរក្សនិយម​អាច​នឹង​ទទួល​បាន​សម្លេង​គំាទ្រ​ដាច់ខាត និង​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​ម្នាក់​ឯង​ដោយ​មិន​ត្រូវ​ការ​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង​ទេ។ ចំណែក​អ្នក​ដែល​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ខ្លំាង​ជាង​គេ គឺ​គណបក្ស​ពលករ​របស់​លោក​អេដ ម៉ីលីបាន (Ed Miliband) និង​គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​នីក ក្លេក (Nick Clegg)។

លោក​ដេវីដ កាមេរ៉ូន និង​ភរិយា ថ្ងៃទី៨ ឧសភា ២០១៥
លោក​ដេវីដ កាមេរ៉ូន និង​ភរិយា ថ្ងៃទី៨ ឧសភា ២០១៥ REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​នៅ​អង់គ្លេស​ពេល​នេះ គឺ​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ដែល​គ្មាន​នរណា​បាន​រង់ចំា ព្រោះ​តំាង​ពី​ក្នុង​សម័យ​ឃោសនាបោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត និង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃ​ម្សិលមិញ​ទៀត លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ផ្តល់​ដោយ​វិទ្យាសា្ថន​ស្ទង់មតិ​សឹង​តែ​ទំាង​អស់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល​ប្រកៀកប្រកើយ​គ្នា​រវាង​គណបក្សធំ​ចំនួន​ពីរ គឺ​គណបក្ស​អភិរក្សនិយម​របស់​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ដេវីដ កាមេរ៉ូ (David Cameron) និង​គណបក្ស​ពលករ​របស់​លោក​អេដ ម៉ីលីបាន (Ed Miliband)។ តែ​ទីបំផុត​នៅ​យប់មិញ និង​ក្រោយ​ពី​បាន​រាប់​សន្លឹកឆ្នោត​ជា​បន្តបន្ទាប់​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ ទី៨ ឧសភា​នេះ​មក លទ្ធផល​ជាក់ស្តែង​បែរ​ជា​បាន​បង្ហាញ​ផ្ទុយ​ស្រឡះ​ពី​ស្ទង់​មតិ​ទៅ​វិញ ពោល​គណបក្សអភិរក្សនិយម​បាន​ឈ្នះ​ដាច់​ឆ្ងាយ​ពី​គណបក្ស​ពលករ។

តាម​លទ្ធផល​បណ្តោះអាសន្ន​ឲ្យ​ដឹង​ថា គណបក្សអភិរក្សនិយម​របស់​លោក​ដេវីដ កាមេរ៉ូន​អាច​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​សភា​ដល់​ទៅ ៣២៩អសនៈ​នៅ​ក្នុង​ចំណោម​៦៥០អសនៈ​ដែល​មាន​នៅ​ក្នុង​រដ្ឋសភា ហើយ​គណបក្សពលករ​របស់​លោក​អេដ ម៉ីលីបាន​ទទួល​បាន​ប្រមាណ ២៣៩អសនៈ។ នេះ​ជា​រឿង​ភ្ញាក់ផ្អើល​ទី១ រីឯ​រឿង​ភ្ញាក់ផ្អើល​ទី២ គឺ​ជោគជ័យ​របស់​គណបក្សជាតិនិយម​នៅ​ក្នុង​រដ្ឋ​ស្កុតឡែន​ដែល​ទទួល​បាន​ចំនួន ៥៨អសនៈ​នៅ​ក្នុង​ចំណោម​អសនៈ​ប្រកួតប្រជែង​ចំនួន ៥៩។ សូម្បី​តែ​គណបក្សពលករ​ក៏​បាន​បាត់បង់​កៅអី​នៅ​រដ្ឋ​ស្កុតឡែន​ដែរ។

តំាង​ពី​យប់​មិញ លោក​ដេវីដ កាមេរ៉ូន និង​លោក​អេដ ម៉ីលីបាន​ប្រកាស​ទទួល​ស្គាល់​ភ្លាមៗ​ពី​ជោគជ័យ និង​បរាជ័យ​របស់​គណបក្ស​ខ្លួន។ សម្រាប់​លោក​ដេវីដ កាមេរ៉ូន រាត្រី​យប់​មិញ ពិត​ជា​រាត្រី​មួយ​ដ៏​ត្រចះត្រចង់​សម្រាប់​គណបក្សអភិរក្សនិយម។ តែ​សម្រាប់​លោក​អេដ ម៉ីលីបាន រាត្រី​យប់​មិញ​ជា​រាត្រី​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​ខ្លំាង​ណាស់​សម្រាប់​គណបក្សពលករ។

ហេតុអ្វី​បាន​ជា​គណបក្សអភិរក្សនិយម​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល?

ការ​ដែល​គណបក្សអភិរក្សនិយម​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​សភា​ពេល​នេះ គឺ​ជា​លើកទី១ បើ​គិត​តំាង​ពី​ឆ្នំា ១៩៩២ ហើយ​បើ​គិត​ជា​ចំនួន​អសនៈ​ដែល​ទទួល​បាន​វិញ នេះ​ជា​លើក​ទី១ ដែល​ទទួល​បាន​ច្រើន​លើសលប់ បើ​គិត​តំាង​ពី​​ជំនាន់​លោកស្រី​នាយករដ្ឋមន្រ្តី​ម៉ាហ្ការ៉េត ថាច់ឆ័រ​ក្នុង​ឆ្នំា ១៩៨៣។ រីឯ​ជោគជ័យ​របស់​គណបក្សជាតិនិយម​នៅ​ក្នុង​រដ្ឋ​ស្កុតឡែន​ពេល​នេះ ក៏​ជា​ជោគជ័យ​មួយ​ដ៏​កម្រ​ដែរ។ ចំណែក​បរាជ័យ​ដ៏​ល្វីងជូរចត់​របស់​គណបក្សពលករ​របស់​លោក​អេដ ម៉ីលីបាន​ពេល​នេះ ក៏​ជា​លើកទី១ ដែរ បើ​គិត​តំាង​ពី​រយៈពេល ៣០ឆ្នំា​កន្លង​ទៅ។ រីឯ​អ្នក​ចាញ់​យ៉ាង​អាម៉ាស់​មួយ​ទៀត គឺ​គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​នីក ក្លេក​ដែល​ធ្លាប់​រួម​សហការណ៍​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ដេវីដ កាមេរ៉ូន​ក្នុង​រយៈពេល ៥ឆ្នំា​កន្លង​ទៅ។ លោក​នីក ក្លេក និង​លោក​អេដ ម៉ីលីបាន​បាន​លា​ចុះ​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​នេះ។

មាន​មូលហេតុ​ច្រើន​ដែល​បាន​បង្វែរ​ចិត្ត​ប្រជាជន​អង់គ្លេស​ឲ្យ​សម្រេច​បោះឆ្នោត​ជូន​គណបក្សអភិរក្សនិយម​នៅ​នាទី​ចុង​ក្រោយ ពិសេស​គឺ​ជោគជ័យ​របស់​លោក​កាមេរ៉ូន​ក្នុង​ការ​ជួយ​ស្តារ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​កាមេរ៉ូន​ដែល​មាន​សម្លេង​ភាគច្រើន​ដាច់ខាត​ក្នុង​ដៃ​គ្មាន​ជម្រើស​អ្វី​ពី​បន្ត​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ សេដ្ឋកិច្ច​ដែល​ទទួល​ផល​វិជ្ជមាន និង​បន្ត​គម្រោង​កំណែទម្រង់​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​បញ្ចប់​នៅ​ក្នុង​អាណត្តិទី១។

លោក​កាមេរ៉ូន​ត្រូវ​ប្រឈម​មុខ​នឹង​សហភាព​អឺរ៉ុប និង​​ចលនា​ទាមទារ​ផ្តាច់ទឹកដី​នៅ​ផ្ទៃក្នុង​ចក្រភព​អង់គ្លេស!

ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​កាមេរ៉ូន​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ធ្វើ​ប្រជាមតិ​សម្រេច​ពី​ជោគវាសនា​របស់​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប។ លោក​កាមេរ៉ូន​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​តំាង​ពី​ក្នុង​អាណត្តិទី១ រួច​ហើយ​ថា បើ​លោក​ជាប់​ឆ្នោត​មួយ​អាណត្តិ​ថ្មី​ទៀត លោក​នឹង​រៀបចំ​បោះឆ្នោតប្រជាមតិ​នៅ​ឆ្នំា ២០១៧ ដើម្បី​ចង់​ដឹង​ពី​យោបល់​របស់​ប្រជាជន​អង់គ្លេស​ថា តើ​ពួក​គេ​ចង់​បន្ត​ស្ថិត​នៅ​ ឬ​មិន​ចង់​បន្ត​ស្ថិត​នៅ​ក្នុង​សហភាពអឺរ៉ុប។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​ទៅ ក៏​លោក​កាមេរ៉ូន​បាន​សន្យា​ជា​ថ្មី​ដែរ។ គេ​នៅ​ទាន់​ដឹង​ថា តើ​ប្រជាជន​អង់គ្លេស​នឹង​សម្រេចចិត្ត​យ៉ាង​ម៉េច​ទេ អ្វី​ដែល​គេ​ដឹង រូប​លោក​កាមេរ៉ូន​ក៏​មិន​មែន​ជា​ឥស្សរជន​ប្រឆំាង​អឺរ៉ុប​ផ្កាប់​មុខ​ដែរ តែ​លោក​បាន​សន្យា​ថា ប្រសិន​បើ​ដៃគូ​អឺរ៉ុប​សុខចិត្ត​ធ្វើ​សម្បទាន​មួយ​ចំនួន​ឲ្យ​អង់គ្លេសលោក​នឹង​ធ្វើ​យុទ្ធនាការ​រក្សា​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប។

ក្រៅ​ពី​បញ្ហា​អន្តរជាតិ​មួយ​នេះ ក៏​នៅ​មាន​បញ្ហា​ផ្ទៃក្នុង​មួយ​ដែល​លោក​កាមេរ៉ូន​មិន​អាច​មើល​រំលង​បាន នោះ​គឺ​ការ​ទាមទារ​ផ្តាច់ទឹកដី​របស់​ប្រជាជន​ស្កុតឡែន​ចេញ​ពី​ចក្រភព​អង់គ្លេស។ នា​ការ​បោះឆ្នោតប្រជាមតិ​នៅ​ក្នុង​រដ្ឋ​ស្កុតឡែន​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៤ កន្លង​ទៅ មាន​ប្រជាជន​ស្កុតឡែន ៥៥% បាន​បដិសេធ​មិន​ផ្តាច់​ខ្លួន​ចេញ​ពី​ចក្រភព​អង់គ្លេស​ទេ។ តែ​ជាមួយ​នឹង​ជោគជ័យ​របស់​គណបក្សជាតិនិយម​ស្កុតឡែន​ពេល​នេះ​នឹង​អាច​ធ្វើ​ឲ្យ​លោក​កាមេរ៉ូន​ឈឺ​ក្បាល​ជា​ថ្មី និង​ដែល​លោក​ត្រូវ​ចាត់​វិធានការ​បង្រួបបង្រួម​ជា​បន្ទាន់។ គួរ​រម្លឹក​ជូន​ថា មាន​រដ្ឋ​ចំនួន ៤ ដែល​ស្ថិត​ក្នុង​ចង្កោម​ចក្រភព​អង់គ្លេស​តែ​មួយ គឺ​អង់គ្លេស ស្កុតឡែន Wales និង​អៀឡង់ខាងជើង។ ដូច្នេះ​បើ​មាន​រដ្ឋ​ណា​មួយ​អាច​ទទួល​បាន​ឯករាជ្យ នោះ​វា​ជា​ផលវិបាក​ធំណាស់​សម្រាប់​ចក្រភព​អង់គ្លេស​ទំាង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ