អានតួអត្ថបទ
FIFA-កីឡាបាល់ទាត់

FIFA សម្រេច​បន្ថែម​ចំនួន​ក្រុម​បាល់ទាត់​ដល់ ៤៨​ក្រុម​ ចាប់​ពី​World Cup​ ឆ្នាំ​២០២៦​ទៅ

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ទើប​បាន​សម្រេច​ចិត្ត​បន្ថែម​ចំនួន​ក្រុម​ជំរើសជាតិ ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ​ចាប់​ពី​ឆ្នាំ​២០២៦​ទៅ ​ដំឡើង​ពី​ចំនួន​៣២ ​ទៅ​ដល់ ​៤៨​ក្រុម។ សេចក្តី​សម្រេច​នេះ ​ ត្រូវបាន​ FIFA​ បញ្ជាក់​ថា​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​កីឡា​បាល់ទាត់​កាន់តែ​ច្រើន ​អាច​មាន​ឱកាស​ចូលរួម​ប្រកួត។ តែ​យ៉ាងណា ​មាន​មតិ​រិះគន់​ជាច្រើន​ ដែល​ថា ​ហេតុផល​សំខាន់​នៃ​ការ​ពង្រីក​ចំនួន​នេះ ​គឺ​ជា​ហេតុ​ផល​ដើម្បី​ប្រមូល​ប្រាក់ ​បាន​កាន់តែ​ច្រើន។

លោក Gianni Infantino ប្រធានថ្មី​របស់​FIFA
លោក Gianni Infantino ប្រធានថ្មី​របស់​FIFA REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ជោគជ័យ​ទីមួយ​របស់​លោក ​ Gianni Infantino  ​ប្រធាន​ថ្មី​របស់​FIFA។ បច្ចុបន្បន្ន​នេះ ​ក្រុមបាល់​ទាត់​ដែល​ត្រូវ​ជម្រុះ​ជ្រើសរើស​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ World Cup ​គឺមាន​ចំនួន​៣២ ​ ហើយ​សរុប​ពេល​ World Cup ​ម្តងៗ​ គឺ​មាន​ចំនួន​៦៤​ប្រកួត។ តែ​ចាប់​​ពី​ឆ្នាំ​២០២៦​ទៅ ​ចំនួន​ក្រុម​អេគីប ​នឹង​ឡើង​ដល់​ ៤៨​ហើយ​ការ​ប្រកួត ​នឹង​ឡើង​ដល់​៨០​ប្រកួត។ ប៉ុន្តែ​ការ​រៀបចំ​បែប​ថ្មី​នេះ ​គឺ​មិន​ផ្លាស់​ប្តូរ​ចំនួន​ថ្ងៃ​ប្រកួត ​ទេ​ពោល​គឺ​ ការ​ប្រកួត​នៅ​តែ​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣២​ថ្ងៃ​ដដែល ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ពហុកីឡាដ្ឋាន​​១២​កន្លែង។

 
សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ​បាន​បញ្ជាក់​ថា ​ការ​រៀបចំ​ថ្មី​នេះ​ គឺ​ជា​គំនិត​ដ៏​ប្រសើរ ​ដើម្បី​អនុញ្ញាត​ឲ្យក្រុម​កីឡា​បាល់ទាត់​ មិន​ថា​មក​ពី​ប្រទេស​តូច​ប្រទេស​ធំ​ មាន​ឱកាស​ចូលរួម​បាន​កាន់​តែ​ច្រើន។ តែ​យ៉ាងណា ​គេ​នៅ​មិន​ទាន់​ដឹង​ថា ​១៦​ក្រុម​ដែល​ត្រូវ​បន្ថែម​ថ្មី ​នឹង​ត្រូវ​បែងចែក​ ទៅ​តាម​ទ្វីប​នីមួយៗ​ ដោយ​របៀបណា ​ទេ។

ទោះយ៉ាងណាក្តី​ ការតំឡើង​ចំនួន​ក្រុម​កីឡា​បាល់ទាត់​នេះ ​ នៅ​តែ​គេច​មិន​ផុត​ពី​ការ​រិះគន់។ សម្រាប់​សមាគម​ក្លឹប​កីឡា​បាល់ទាត់​អឺរ៉ុប ​ គេ​យល់ថា​ ការ​តំឡើង​ចំនួន​អេគីប ​ មិនមែន​ធ្វើ​ឡើង​ដោយ​ហេតុផល​កីឡា​ទេ ​តែ​ធ្វើឡើង​ដោយ​ហេតុផល​ហិរញ្ញវត្ថុ។ FIFA​ សង្ឃឹម​ថា ​ធ្វើ​ដូច្នេះ ​គេ​នឹង​ចំណេញ​ប្រាក់​កាន់តែ​ច្រើន។

ជាការពិត ​យោងតាម​របាយការណ៍​របស់​FIFA ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​ពិនិត្យ ​ការ​រៀបចំ​ថ្មី​ជាមួយ​នឹង​ចំនួន​ក្រុមបាល់​ទាត់​ ៤៨​ក្រុម​នេះ ​ នឹង​អនុញ្ញាតិ​ឲ្យ​FIFA​ រក​ចំណូល​បាន​ថែម​ ចំនួន​៦៤០​លាន​ដុល្លារ ​សម្រាប់​World Cup​ម្តងៗ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ចំណូល​ដែល​បាន​ពី​សិទ្ធិ​ផ្សព្វផ្សាយ​រូបភាព​តាម​ទូរទស្សន៍ ​ក៏​កើនឡើង​បាន​៥០០​លាន​ដុល្លារ ​ហើយ​ចំណូល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ក៏​នឹងអាច​កើន​បាន​ ៣៧០​លាន​ដុល្លារ ​ផង​ដែរ។ គឺ​ដោយ​យោង​លើ​របាយការណ៍​តួលេខ​ទាំង​នេះ​ហើយ​ ទើប​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​FIFA ​បាន​សម្រេច​យល់​ព្រម​ ​ជា​ឯកច្ឆ័ន​ កាល​ពី​ថ្ងៃ​អង្គារ​ទី១០​មករា។

ដោយឡែក ​សេចក្តី​សម្រេច​របស់​FIFA​នេះ​​ ក៏ត្រូវ​បាន​គេ​រិះគន់​ផងដែរ ​ ដោយសារ​តែ​វា​បាន​ធ្វើ​ឡើង​ដោយ​តក់ក្រហល់ ​ ដោយ​ពុំមាន​ឆ្លងកាត់​ការ​សួរ​យោបល់​គ្នា ​ ​ពី​សំណាក់​សមាគមន៍​ក្លឹប​បាល់ទាត់​ធំៗ​ទូទាំង​ពិភពលោក​ទេ។ លោក ​Javier Tebas ​ប្រធាន​សហគមន៍​Ligue​ របស់​អេស្ប៉ាញ​ បាន​និយាយ​ថា ​លោក ​Gianni Infantino ​ប្រធាន​ថ្មី​របស់ ​FIFA ​មាន​ចរិក​ធ្វើការ​ មិន​ខុស​ពី​លោក ​Joseph Blatter ​ទេ ​គឺ​ចូលចិត្ត​សម្រេច​អ្វី​ ដោយ​អត្តនោម័ត​តែ​ឯង ​ ឲ្យ​តែ​ចំណេញ​លុយ​ច្រើន។ យ៉ាងណា​មិញ ​សហគម​ក្រុម​កីឡា​បាល់ទាត់​អាជីព​​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ដែរ​ អំពី​របៀប​រៀបចំ​ថ្មី​នេះ​ ដោយ​ពួក​គេ​យល់​ថា ​៤៨ក្រុម​ គឺ​វា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក។ បើ​រយៈពេល​នៃ​ការ​ប្រកួត​នៅ​តែ​៣២​ថ្ងៃ​ដដែល ​គឺ​មាន​ន័យ​ថា ​ក្រុម​នីមួយៗ ​មិន​មាន​ពេល​បាន​សំរាក​គ្រប់គ្រាន់​ទេ ​ព្រោះ​ត្រូវ​ប្រកួត​ច្រើន​ដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ