អានតួអត្ថបទ
អាល្លឺម៉ង់-អារ៉ាប៊ី សាអូឌីត

ឧបនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ប្រាប់​អារ៉ាប៊ី សាអូឌីត​ឲ្យ​ឈប់​ផ្តល់​លុយ​ឧបត្ថម្ភ​វិហារ​អ៊ីស្លាម​នៅ បរទេស

បន្ទាប់​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាល្លឺម៉ង់ អារ៉ាប៊ី សាអូឌីត ធ្លាក់​ចូល​ក្នុង​សំណាញ់​ចោទប្រកាន់​របស់​ឧបនាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ លោក​Sigmar Gabriel។ នៅក្នុង​កាសែត​ចុះផ្សាយ​អាល្លឺម៉ង់ ចុះផ្សាយ​នៅ​ថ្ងៃ​អាទិត្យ លោក​ឧបនាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​អំពាវនាវ​ដល់​អារ៉ាប៊ី សាអូឌីត ឲ្យ​ឈប់​ផ្តល់​ថវិកា​ដល់​វិហារ​នៅ​បរទេស ដែល​កំពុង​ចិញ្ចឹម​បង្កើត​ក្រុមអ៊ីស្លាម​ជ្រុល​និយម​​តទៅទៀត។ 

លោក​ Sigmar Gabriel រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុអាល្លឺម៉ង់ ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់
លោក​ Sigmar Gabriel រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុអាល្លឺម៉ង់ ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

តាម​លោក​ឧបនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ​Sigmar Gabriel អារ៉ាប៊ី សាអូឌីត​ត្រូវតែ​ឈប់​ផ្តល់​លុយ​ទៅ​ឲ្យ​វិហារ​អ៊ីស្លាម​ជ្រុលនិយម​នៅ​បរទេស។ លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ចង់​និយាយ​សំដៅ​ដល់​វិហារ​របស់​ក្រុមអ៊ីស្លាម​វ៉ាហាប៊ី នៅ​បរទេស​ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​សន្ធឹក​សន្ធាប់​ពី​ទីក្រុង​រីយ៉ាដ។ អ៊ីស្លាម​វ៉ាហាប៊ី ដែល​មាន​ប្រភព​មកពី​និកាយ​ស៊ុននីត ប៉ុន្តែ តឹងរ៉ឹង​ត្រូវ​បាន​បង្កើតឡើង និង​ដាកអនុវត្ត នៅ​សតវត្សរ៍ ទី​១៨ ដោយ​មេគ្រូសាសនា​Sheikh Mohammed Bin Abdul Wahhab ដែល​ជា​ស្ថាបនិក​ម្នាក់ដែរ ក្នុង​ការបង្កើត​ប្រទេស​អារ៉ាប៊ី សាអូឌីត។ អ៊ីស្លាម​វ៉ាហាប៊ី ដែលចាក់គ្រឹះ​នៅ​អារ៉ាប៊ី សាអូឌីត ចង់​ឲ្យ​មាន​ការវិលត្រលប់​ទៅ​រក​អ៊ីស្លាម​ដើម​ដំបូងគេ​បង្អស់។ សម្រាប់​ក្រុម​និកាយ​ស៊ុននីត វ៉ាហាប៊ី អ្នកកាន់​សាសនា​អ៊ីស្លាម និកាយ​ស្ហ៊ីអ៊ីត មិនមែន ជាអ្នកគោរព​ជឿ​សាសនារបស់​ព្រះអាឡា​ពិតប្រាកដ​ឡើយ។

 
ការផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ដោយ​មាន​លាយឡំ​ចូល​ជាមួយ មនោគម វ៉ាហាប៊ី ត្រូវ​បាន​រិះគន់ ចោទប្រកាន់​ថា បាន​ជះឥទ្ធិពល និង​ជំរុញ​លើក​ទឹកចិត្ត​ដោយ​មាន​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​មាន​តាំង​ពី​មេបណ្តាញ​អាល់កៃដា អូសាម៉ា បិនឡាដិន រហូត​ដល់​មេកើយ​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ដែល​បច្ចុប្បន្ន កំពុង​ធ្វើសង្រ្គាម សម្លាប់​មនុស្ស​មិន​រើសមុខ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

តាម​ឧបនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅ​ប្រទេស​អាល្លឺម៉ង់ ក្រុមអ៊ីស្លាម​ដែល​អាជ្ញាធរ​ចាត់ទុក​ថា គ្រោះថ្នាក់​ភាគច្រើន​គឺ​មាន​ប្រភព​ចេញមក​ពី​សហគមន៍​អ៊ីស្លាម​វ៉ាហាប៊ី​នេះឯង។ “ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅ​តាម​វិហារ​អ៊ីស្លាម គឺ​មាន​គ្រោះថ្នាក់ មិនចាញ់​ក្រុមស្តាំនិយម​ជ្រុល​អាល្លឺម៉ង់​នោះទេ។ នេះ​បើតាម​លោក​Sigmar Gabriel មុន​នឹង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​បន្ទាន់ ដើម្បី ប្រឆាំង នឹង​ក្រុមវិហារ​ដែល​មាន​ចំណងទាក់ទង​នឹង​ក្រុមសាឡាហ្វីស អ៊ីស្លាម​ជ្រុលនិយម ក្នុង​ទឹកដី​អាល្លឺម៉ង់។

លោក​Sigmar Gabriel មក​ពី​គណបក្ស​កណ្តាល​ឆ្វេង​សង្គមនិយម ដែល​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្គែឡា ម៉ែរគែល នៅ​បាន​និយាយ​ទៀត​ថា អាល្លឺម៉ង់​ប្រឹងប្រែង ទប់ស្កាត់​មិន​ឲ្យ​អារ៉ាប៊ី សាអូឌីត​អាច​បញ្ជូន​លុយ​ទៅ​ឲ្យ​វិហារ ដែល​កំពុង​ផ្សព្វផ្សាយ​មនោគម​វ៉ាហាប៊ី​នៅ​ប្រទេស​អាល្លឺម៉ង់។

សារ​ព្រមាន​របស់​ឧបនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ទៅលើ​អារ៉ាប៊ី សាអូឌីត ធ្វើឡើង បន្ទាប់​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅ​បរទេស​របស់​អាល្លឺម៉ង់ ទើប​បាន​ចេញ​របាយការណ៍​មួយ កាលពី​ថ្ងៃ​ពុធ ដែល​នៅក្នុង​នោះ គេ​បាន​ចោទប្រកាន់​ទីក្រុង​រីយ៉ាដ​ថា បាន​ជះលុយ ជំរុញ នយោបាយ​ការបរទេស ដើម្បី​បង្ក​អស្ថិរភាព​ក្នុង​តំបន់។ តាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ ព្រះរាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​របស់​អារ៉ាប៊ី សាអូឌីត និង​បិតា​របស់ព្រះអង្គ គឺ​ព្រះចៅ សាល់ម៉ាន បាន​ដើរ​នយោបាយ​បង្កើន​អំណាច​យោធា និង​ចង​សម្ព័ន្ធ ក្នុង​តំបន់​ ក្នុង​គោលដៅ ចង់​ក្លាយ​ជា​មេដឹកនាំ​ពិភពអារ៉ាប់​ទាំង​មូល។ កន្លងមក អ្នកជំនាញ​ខ្លះ​ធ្លាប់​បាន​លើក​ឡើង​ថា ក្រុមជីហាត អង្គការ​រដ្ឋ​អ៊ីស្លាម​កើត​ឡើង​ដោយសារ​ជំនួយ ឧបត្ថម្ភ​របស់​អារ៉ាប៊ី សាអូឌីត​ដែល​ប៉ុនប៉ង​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​ស៊ីរី ខ្ទាត​ចេញពី​តំណែង។ ដើម្បី​ប្រជែង​ជាមួយ​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត​កំពុង​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ីរី និង​ទម្លាក់គ្រាប់បែក​លើ​ក្រុមឧទ្ទាម នៅក្នុង​ប្រទេស​យេម៉ែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ