អានតួអត្ថបទ
អាល្លឺម៉ង់

ប្រទេស​អាល្លឺម៉ង់​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី

នៅ​ថ្ងៃ​សុក្រ ទី៤ ធ្នូ​នេះ សភា​អាល្លឺម៉ង់​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ សេចក្តីសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​បាន​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​នៅ​ក្រោយ​អំពើភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ អំពើ​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស ១៣០នាក់ និង​របួស​ជាង ៣០០នាក់។

សភា​អាល្លឺម៉ង់
សភា​អាល្លឺម៉ង់ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

គម្រោង​ផែនការ​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្គេឡា មែរកិល​ទទួល​បាន​សម្លេង​​គាំទ្រ​យ៉ាង​ច្រើន​ពី​ក្រុម​អ្នកតំណាងរាស្រ្ត ពោល​ជាង ៥០០សម្លេង​ក្នុង​ចំនួន​អសនៈ​ទំាង ៦៣០ ដែល​មាន​នៅ​ក្នុង​សភា។ នៅ​ក្នុង​គម្រោងផែនការ​នោះ រដ្ឋាភិបាល​អាល្លឺម៉ង់​គ្រោង​នឹង​បញ្ជូន​កម្លាំង​ទ័ព​ច្រើន​បំផុត​ចំនួន ១ ២០០នាក់ យន្តហោះ​ចម្បាំង​ផ្នែក​ឈ្លប​យក​ការណ៍​ចំនួន ៦គ្រឿង ព្រម​ទាំង​នាវា​ដឹកយន្តហោះចម្បាំង​មួយ​គ្រឿង​ដើម្បី​សហការណ៍​ជាមួយ​នាវាដឹក​យន្តហោះ​ចម្បាំង​បារាំង Charles-de-Gaulle។

ក៏​ប៉ុន្តែ ទាហាន​អាល្លឺម៉ង់​នឹង​មិន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​ទម្លាក់​គ្រាប់បែក​លើ​ស៊ីរី ដូច​ទាហាន​បារាំង ទាហាន​អាមេរិកាំង ឬ​មួយ​ក៏​ទាហាន​អង់គ្លេស​ទេ។ ទាហាន​អង់គ្លេស​ដែល​ទើប​បាន​ផ្តើម​បើក​យុទ្ធនាការ​ផ្លូវអាកាស​លើ​ស៊ីរី​តំាង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ធ្នូ ពោល ១ម៉ោង​ក្រោយ​ពី​មាន​ភ្លើង​ខៀវ​ពី​សភា។ អ្វី​ជា​ការ​កត់សម្គាល់ បេសកកម្ម​យោធា​របស់​បស្ចិមលោក​នៅ​ស៊ីរី​មិន​មាន​ការ​រួមសហការណ៍​ជាមួយ​នឹង​បេសកកម្ម​របស់​ទាហាន​រុស្ស៊ី​នៅ​ស៊ីរី​ទេ។ រុស្ស៊ី​ដែល​រង​ការ​ចោទ​ប្រកាន់​ថា មិន​បាន​វាយប្រហារ​លើ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទេ តែ​បាន​វាយប្រហារ​លើ​ពួក​អ្នក​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ក្នុង​គោលដៅ​ជួយ​គាំទ្រ​លោក​អាសាដ​ដែល​ជា​សម្ព័ន្ធមិត្ត​រុស្ស៊ី។

នៅ​ខាង​ក្រុម​អ្នកប្រឆាំង ពួក​គេ​បាន​បរិហារ​លើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ព្រម​ទាំង​បរិហារ​លើ​កង្វះ​យុទ្ធសាស្រ្ត​ពិតប្រាកដ​របស់​បស្ចិមលោក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ចំណែក​ក្រុមអ្នកគាំទ្រ​រដ្ឋាភិបាល​វិញ​បាន​បញ្ជាក់​ពី​ភាព​ស្របច្បាប់​នៃ​សេចក្តីសម្រេច​ចិត្ត​ដោយ​សំអាង​លើ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​កំចាត់​អង្គការ​រដ្ឋអ៊ីស្លាម និង​តាម​សំណើ​សុំ​របស់​ប្រទេស​បារាំង។

គួរ​ជម្រាប​ជូន​ថា សេចក្តី​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ការ​បញ្ជូន​ទាហាន​ឲ្យ​ទៅ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នៅ ១សប្តាហ៍​មុន។ គឺ​ជា​សេចក្តីសម្រេច​ដើម្បី​ឆ្លើយ​តប​តាម​សំណើ​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​នៅ​ក្រោយ​អំពើភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ អំពើ​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស ១៣០នាក់ និង​របួស​ជាង ៣០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ