អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OTAN៖ ជំនួបកំពូល​ត្រៀម​ការពារខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​គំរាម​កំហែង​របស់រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ​រឺ​ហៅកាត់​ថា ​OTAN ​បាន​បិទ​បញ្ចប់​ជំនួបកំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​ ប្រទេស​ប៉ូឡូញ ​នៅ​ថ្ងៃ​អាទិត្យ ​ទី​១០​កក្កដា​នេះ។​ ជំនួបកំពូល​រវាង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨ ​ដែល​ជា​សមាជិក​នៃ​អង្គការ​នេះ ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ​ព្រមទាំង​ប្រទេស​អឺរ៉ុប​សមាជិក​ផ្សេង​ទៀត​ គឺ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ ​និង​មធ្យោបាយ​ ក្នុងការ​ការពារ​ខ្លួន ​ស្របពេល​ដែល​រុស្ស៊ី​កំពុង​តែ​ជម្រុញ​ការ​ត្រៀមរៀប​ចំ​អាវុធ ​ នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អឺរ៉ុប។ តែ​យ៉ាងណា ​ OTAN ​មិន​បាន​ចាត់ទុក​រុស្ស៊ី​ជា​សត្រូវ​ទេ ​ហើយ​បន្ត​យន្តការ​ចរចា​ជាមួយ​រុស្ស៊ី​តទៅ​ទៀត។

រូបភាព​មហាគ្រួសារ​អូតង់ នៅថ្ងៃទី​ ៨ កក្កដា ២០១៦​ នៅក្រុង​វ៉ាសូវី ប្រទេសប៉ូឡូញ
រូបភាព​មហាគ្រួសារ​អូតង់ នៅថ្ងៃទី​ ៨ កក្កដា ២០១៦​ នៅក្រុង​វ៉ាសូវី ប្រទេសប៉ូឡូញ REUTERS/Jerzy Dudek
ផ្សាយពាណិជ្ជកម្ម

មហិច្ឆិតា​រុស្ស៊ី ​គឺជា​គ្រោះថ្នាក់៖

ជំនួបកំពូល​ប្រចាំឆ្នាំ​នៃ​អង្គការ​អូតង់ ​គឺបាន​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សន្តិសុខ ​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ ​និង​ខាងជើង ​ពោល​គឺ​តំបន់​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ខាង​ប្រទេស​តំបន់​សមុទ្រ​បាល់ទិក ​មាន​ដូច​ជា​ប៉ូឡូញ ​អេស្តូនី ​​ឡេតូនី ​និង​លីទុយអានី ​ ជាដើម ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ដោយសារ​រុស្ស៊ី​ដែល​នៅ​ជាប់​ខាងកើត ​ បាន​ដាក់​រាយ​កម្លាំងទ័ព ​ និង​បញ្ឈរ​អាវុធ​ត្រៀម ​ ដែល​នេះ​គឺជា​ការ​គំរាមកំហែង​សម្រាប់​ពួកគេ។

យើងដឹង​ថា​សង្រ្គាម​ត្រជាក់ ​បាន​ចប់​ជា​ស្ថាពរ​ហើយ ​ ​ក៏​ប៉ុន្តែ​យើង​នៅ​តែ​បារម្ភ​ដដែល​អំពី​មហិច្ឆិតា​យោធា ​ របស់​រុស្ស៊ី។ ដូចយើង​បាន​ឃើញ​ស្រាប់​ហើយ​នៅ​អ៊ុយក្រែន ​កាល​ពី​ឆ្នាំ​២០១៤ ​ដែល​រុស្ស៊ី​បាន​លើក​កម្លាំង​មក​ទន្រ្ទាន​យក​តំបន់​គ្រីម៉េ ​ហើយ​បាន​ពន្យុះ​ក្រុម​ឧទ្ទាម​ខាង​កើត​អ៊ុយក្រែន​ ឲ្យធ្វើ​សង្រ្គាម​ទៀត។ ដូច្នេះ ​ ការ​ព្រួយ​បារម្ភ​ពី​មហិច្ឆិតា​របស់​រុស្ស៊ី​ ​វា​មិនមែន​ជា​រឿង​មិន​សមហេតុ​សម​ផល​ទេ ​ ​តែ​ជា​រឿងពិត​ ដែល​គ្រប់​បណ្តា​ប្រទេស​លោក​ខាងលិច ​កំពុង​តែ​បារម្ភ។

បន្ថែម​កម្លាំង​៤០០០​នាក់​ និង​ស្ថាបនា​ប្រព័ន្ធ​ការពារ​មីស៊ីល៖
ឆ្លើយ​តប​ទៅនឹង​ចលនាទ័ព​របស់​រុស្ស៊ី​នៅ​តំបន់​បាល់ទិក  ​អូតង់​និង​សមាជិក​ខ្លួន​ហាក់​បាន​ចាប់ដៃ​គ្នា​បាន​ល្អ។ លោក​បារ៉ាក់ អូបាម៉ា​ បានថ្លែង​កាល​ពី​ល្ងាច​ថា ​ទោះ​មាន​ការ​អ្វី​ក៏​ដោយ ​អាមេរិក​ នៅ​ចាំ​ជួយ​អឺរ៉ុប​ ជានិច្ច។ ក៏​ប៉ុន្តែ​លោក​ឆ្លៀត​បន្ថែម​ថា ​តែ​អឺរ៉ុប​ ក៏មិន​ត្រូវ​រំពឹង​ចាំតែ​ជំនួយ​របស់​អាមេរិក​ទាំងស្រុង​ដែរ។ គ្រប់​គ្នាត្រូវ​ព្យាយាម ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព។

ក្នុងន័យ​នេះ ​សមាជិក​អូតង់ ​បាន​មូល​មតិគ្នា ​បន្ថែម​ការ​ចំណាយ​វិភាគទាន​ ដើម្បី​ដំណើរការ​របស់​អូតង់​ និង​ជា​ពិសេសគឺ​ដើម្បី​សម្រេច​ឲ្យ​បាន​រួច​រាល់​នូវ​ការ​សាងសង់ ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ។ សម្រាប់​ពេល​នេះ​ អូតង់​បាន​សម្រេច ​ដាក់​ចល័ត​កម្លាំង​ចម្រុះ​ចំនួន​៤០០០​នាក់ ​នៅ​តាម​ប្រទេស​តំបន់​បាល់ទិក។ បន្ថែម​ពី​នេះទៀត ​កម្លាំង​ពិសេស​មួយ​នឹង​ត្រូវ​បង្កើតឡើង ​ហើយ​ដែល​អាច​ចុះធ្វើ​អន្តរាគមន៍​ភ្លាមៗ ​ក្នុង​រយៈពេល​៤៨​ម៉ោង ​ក្នុង​ករណី​មាន​ការ​បន្ទាន់។

ទីតាំង​ប្រតិបត្តិការ​ធំ​ថ្មី​របស់​អូតង់​ នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ នៅ​ទីក្រុង​ព្រុចសែល។ ទីតាំង​ថ្មី​នេះ​ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សហការ​ប្រមូល​ទិន្ន័យ​រួមគ្នា ​ពី​គ្រប់​ស្ថានីយ​ធំៗ​របស់​អូតង់​ដែល​ដាក់​រាយ​នៅ​ជុំវិញ​អឺរ៉ុប។ មាន​ន័យ​ថា ​នាវា​ចម្បាំង​អាមេរិក​នៅ​ក្បែរ​អេស្ប៉ាញ ​ប្រព័ន្ធ​រ៉ាដា ​នៅ​តួកគី​ និងប្រព័ន្ធ​ចាប់​រលក​សញ្ញា​នៅ​រូម៉ានី​ជាដើម  ​នឹង​អាច​ធ្វើការ​រួមគ្នា ​ ក្រោមការ​ដឹកនាំ​និង​សម្រប​សម្រួល​ពី​ស្នាក់ការ​ធំ​របស់​អូតង់​នៅ​ព្រុចសែល។

អង់គ្លេស​សន្យា​បន្ត​ជួយអូតង់ ​ទោះបី​ខ្លួន​ដើរចេញ​ពី​សហភាព​អឺរ៉ុប៖
ធ្លាប់មាន​គេ​ព្រួយ​បារម្ភ​ដែរ ​ ពី​ផល​ប៉ះពាល់ ​ដល់​ដំណើរការ​របស់​អូតង់ ​ ក្នុង​ករណី​ដែល​អង់គ្លេស ​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​ដោយសារ​តែ​អង់គ្លេស ​ជា​អ្នក​ចំណាយ​ប្រាក់​សឹងតែ​មួយ​ភាគ​បួន ​នៃ​ដំណើរការ​អូតង់ ​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ក៏​ប៉ុន្តែ​ក្នុង​ពេល​ប្រជុំ​កាល​ពី​ថ្ងៃ៩ កក្កដា ​ លោក​ដេវីដ ខាមឺរ៉ុន ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ​អង់គ្លេស​នៅ​តែ​បន្ត​ចូលរួម​សហការ​ជា​មួយ​អូតង់​ជានិច្ច។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​ ១៨​កក្កដា​ខាង​មុខនេះ​ សភា​អង់គ្លេស​នឹង​បោះឆ្នោត​សម្រេច​បន្ត​ដាក់​ប្រតិបត្តិការ​នាវា​មុជទឹក​បាត​សមុទ្រ​ចំនួន​៤គ្រឿង ​បន្តទៀត។ នាវា​មុជទឹក ​បំពាក់​ដោយ​ប្រព័ន្ធ​នុយក្លេអ៊ែរ​ នេះគឺ​ជា​មធ្យោបាយដ៏​សំខាន់ ​ក្នុង​ការ​ការពារ​សន្តិរួម​របស់​អូតង់​ និង​របស់​អង់គ្លេស​ខ្លួនឯង​ផងដែរ។

ក៏ប៉ុន្តែ ​ទាក់ទិន​ទៅនឹង​បញ្ហា​ប្រព័ន្ធ​នុយក្លេអ៊ែរ​នេះ ​នៅពេល​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុបទៅ ​ គឺ​មាន​ន័យ​ថា​ចាប់​ពី​ពេល​នោះ​ទៅ ​ គឺ​មាន​សល់តែ​បារាំង​ម្នាក់ឯង​គត់​ ដែល​មាន​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ ​ក្នុង​សហភាពអឺរ៉ុប។ ឆ្លើយតប​ជាមួយ​នឹង​កម្មវិធី​ធ្វើ​ប្រព័ន្ធ​ការពារ​មីស៊ីល ​របស់​អូតង់ ​លោក​ប្រធានាធិបតី​បារាំង​មិន​បាន​រារាំង​ រឺ​ប្រឆាំង​ដាច់ណាច់​ទេ ​ តែ​បារាំង​បាន​សំណូមពរ​ ឲ្យ​មាន​ការ​ចែក​រំលែក​ការងារ​គ្នា ​មិនមែន​អាមេរិក​ទទួល​ខុសត្រូវ​ធ្វើ​ទាំងស្រុង​ទេ។ បារាំង​ត្រូវ​មាន​ចំណែក​ចាត់ចែង ​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ។

ភាព​ចាំបាច់​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល​នុយក្លេអ៊ែរ៖
រុស្ស៊ី​បច្ចុប្បន្ន​នេះ ​កំពុង​តែ​ដំឡើង​កម្លាំង ​និង​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល​នៅ​តំបន់​Kaliningrad ​នៅ​គ្រីម៉េ ​ ហើយ​អាច​នៅ​ស៊ីរី​ទៀតផង។​ហើយ​មិនមែន​មាន​តែ​រុស្ស៊ី​មួយ​ទេ ​ដែល​មាន​អាវុធ​មីស៊ីល​នុយក្លេអ៊ែរ ​នៅមាន​អ៊ីរ៉ង់ ​និង​កូរ៉េ​ខាងជើង​ទៀត។ ដូច្នេះ ​វាជា​រឿង​បន្ទាន់​បំផុត ​ ដែល​អឺរ៉ុប​ ក៏ដូច​ជា​អូតង់​ ត្រូវ​សម្រេច​ឲ្យបាន​នូវ​ប្រព័ន្ធ​ការពារ ​រឺ​បំផ្លាញ​មីស៊ីល​នុយក្លេអ៊ែរ ​ ឲ្យបាន​មុន​ឆ្នាំ​២០២០។

ក៏ប៉ុន្តែ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ប៊ែលហ្សិក ​បាន​បញ្ជាក់ថា ​យ៉ាងណា​ក៏ដោយ ​គ្រប់គ្នា​ត្រូវតែ​បើកផ្លូវ​ចំហរ​ឲ្យធំ ​ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ជាមួយ​រុស្ស៊ី ​ ដោយ​សន្តិវិធី។ គេ​ត្រូវ​ការ​និយាយ​ចរចា​ជាមួយ​រុស្ស៊ី ​ មិនមែន​ត្រឹមតែ​បញ្ហា​សន្តិសុខ​នៅ​អឺរ៉ុប​ខាង​កើត​ទេ ​តែ​គេ​ក៏​ត្រូវ​ការ​រុស្ស៊ី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅស៊ីរី​ និង​អ៊ីរ៉ាក់​ដែរ។ ដូច្នេះ​ម្នាក់ៗ​ សុទ្ធតែ​មាន​ផល​ប្រយោជន៍​ ដើម្បី​បញ្ចៀស​សង្រ្គាម ​និង​ការ​ផ្ទុះអាវុ​ដាក់គ្នា។ វិធីតែ​មួយ​គត់គឺ​ និយាយ​ចរចាគ្នា។

កម្លាំង១២០០០នាក់​ បន្តនៅ​អាហ្វហ្កានីស្ថាន៖
ទាក់ទិន​នឹង​អាហ្វហ្កានីស្ថាន ​OTAN ​ បាន​សន្យា​បន្ត​ដាក់​កម្លាំង​ពិសេស​ចំនួន​១២០០០​នាក់ ​ នៅ​ទីនោះ​រហូត​ដល់​ចុង​ឆ្នាំ​២០១៧។ បន្ថែមពី​នេះទៀត ​ប្រទេស​សមាជិក​អូតង់ ​បាន​សន្យា​បន្ត​ជួយ​ថវិកា ​ដើម្បី​ជួយ​កងទ័ព​អាហ្វហ្កានីស្ថាន ​រហូត​ដល់​ឆ្នាំ​២០២០​ដែរ។

ចំណែក​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​វិញ ​អូតង់​បន្ត​ជួយ​កងទ័ព​អ៊ីរ៉ាក់ ​តាម​រយៈ​ការ​ហ្វិកហាត់​បច្ចេកទេស ​ដើម្បី​វាយប្រយុទ្ធ​ជាមួយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ អូតង់​ ក៏ជួយ​ផងដែរ​នូវ​យន្តហោះ​ស៊ើបការណ៍​ជាច្រើន​គ្រឿង​ដល់​កងទ័ព​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ