អានតួអត្ថបទ
ក្រិក-អឺរ៉ុប

ប្រជាជន​ក្រិក​បោះឆ្នោត​បដិសេធ មិន​យក​សំណើ​របស់​ម្ចាស់​បំណុល

ទីបំផុតទៅ ភាគច្រើននៃ​ប្រជាជនក្រិក បានបោះឆ្នោត​បដិសេធ មិនព្រម​ទទួល​យក សំណើ​របស់ម្ចាស់​បំណុល។ នៅវេលាម៉ោង ៨យប់ ម៉ោង នៅប្រទេសក្រិក ក្រសួងមហាផ្ទៃ​ក្រិក បានប្រកាស​លទ្ធផល​បណ្តោះអាសន្ន ថា ក្នុងចំណោម សន្លឹកឆ្នោត ដែលបាន​រាប់រួចរាល់ ចំនួន៤០% គឺ៦១%ភាគរយ ជាសម្លេង មិនព្រម ទល់នឹង សម្លេងព្រម ចំនួន៣៨%។  

អ្នកបោះឆ្នោត​ប្រឆាំង​អបអរ​​ជ័យ​ជំនះ​នៅក្រោយ​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​នៅ ក្រិក កាលពីថ្ងៃ​អាទិត្យ​ទី ៥​កក្កដា ២០១៥
អ្នកបោះឆ្នោត​ប្រឆាំង​អបអរ​​ជ័យ​ជំនះ​នៅក្រោយ​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​នៅ ក្រិក កាលពីថ្ងៃ​អាទិត្យ​ទី ៥​កក្កដា ២០១៥ REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

ថ្ងៃចាប់ជ្រេ ពាក្យ​ចរចាមអារ៉ាម ពី​លទ្ធផល​នៃ​ប្រជាមតិ ចាប់ផ្តើមលេចឮ​ខ្សឹបខ្សៀវ មនុស្សម្នា​ចាប់ផ្តើមជួបជុំ​គ្នា ដើម្បី​អបអរសាទរ​លទ្ធផល។ ពេលវេលា​កាន់តែ​ខិត លទ្ធផលឃើញ​កាន់តែ​ច្បាស់ថា សម្លេង​មិនគាំទ្រ​របស់ ប្រជាជនក្រិក មានច្រើន​លើស សម្លេងគាំទ្រ។ យោងតាមលទ្ធផល​បណ្តោះ​អាសន្ន សម្លេងឆ្នោត​ប្រឆាំង​មានចំ​នួន ៦១ ភាគរយ ទល់នឹង សម្លេងយល់ព្រម ចំនួន៣៨%។

 
លទ្ធផលនេះ មិនមែនគ្រាន់​តែ​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រិក ដែលបាន​អំពាវនាវ​ឲ្យ​ប្រជាជនខ្លួន​បោះឆ្នោត​បដិសេធនោះ​ទេ តែវា​ជា​ជោគជ័យ របស់ប្រជាជាតិ​ក្រិកទាំងមូល ដែលបានចាប់ដៃគ្នា យ៉ាងណែន ដើម្បីទប់ទល់​នឹង​ការដាក់គំនៀប ពីសំណាក់​ម្ចាស់បំណុល និង សហភាពអឺរ៉ុប។ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយនេះ កំពុងធ្វើ​ឲ្យ​រញ្ជួយ នយោបាយ​ហិរញ្ញវត្ថុ របស់​តំបន់​ចាយលុយអឺរ៉ូ ទាំងមូល ព្រោះនេះជា​លើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ​សហភាពអឺរ៉ុប ដែល​ប្រជាជន​ប្រទេសមួយ នាំគ្នា​បោះឆ្នោត​បដិសេធ វិធានការ​រឹតត្បិត​ថវិកា ដែល​ដាក់ចេញ​ដោយ សហភាពអឺរ៉ុប។

នៅម៉ោង​ប្រហែលជា ម៉ោង១០ និង​៣០ នាទីយប់ លោក នាយករដ្ឋមន្ត្រីក្រិក អាឡិចស៊ីស ស៊ីប្រាស បានធ្វើសុន្ទរកថា តាមទូរទស្សន៍ ដោយបានអបអរ​សាទរ​លទ្ធផល និងបានអរគុណ​ប្រជាជន​ក្រិក ដែលបាន​បោះឆ្នោត​បដិសេធ ទៅតាមអ្វី ដែល​រដ្ឋាភិបាល​បានអំពាវនាវ។ លោកបានបញ្ជាក់ថា វាមិនមែន​ជាការងាយទេ ក្នុងការដោះខ្លួន​ចេញពី​វិបត្តិ​បំណុលនេះ ប៉ុន្តែ លោកជឿទុកចិត្ត ថា កិច្ចព្រមព្រៀង​ថ្មីមួយ ដែលសមហេតុសមផល មាន​លក្ខណៈ​មនុស្សធម៌ និង​គិត​ពីប្រយោជន៍​រួម​របស់​ប្រជាជន​ក្រិក គឺជា​ជម្រើស​ដ៏ល្អ។ បើគ្រប់គ្នា ពិតជាមាន​ចេតនា​ជួយក្រិក នោះ​គ្មានអ្វី​ដែលមិនអាច​ទៅរួចទេ។

 
ជាការពិតណាស់ តាមរយៈលទ្ធផល បដិសេធ​របស់​ប្រជាជនក្រិក នាពេលនេះ មិនមែនមានន័យថា វាសនាក្រិក នឹងត្រូវបាន​ស្រោចស្រង់​នោះទេ។ វាសនាក្រិក គឺនៅស្ថិត​ក្នុងដៃ​ទាំងស្រុង របស់ម្ចាស់បំណុល នៅឡើយ។ គ្រាន់តែថា ចាប់ពី​ពេលនេះទៅ រដ្ឋាភិបាលក្រិក មានកម្លាំង​ខ្លាំងជាងមុន ក្នុង​ការចរចា ជាមួយ​ម្ចាស់បំណុល។ ក្រិក​ចេញ ឬ មិនចេញ ពី​តំបន់ចាយ​លុយអឺរ៉ូ ក៏គេ​នៅមិនទាន់​អាចស្មាន​បាននៅឡើយដែរ សម្រាប់ពេលនេះ។

ថ្ងៃចន្ទនេះ លោកស្រី អង់ហ្គេឡា មែរគែល ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ និង​អញ្ជើញទៅជួប​លោក ប្រធានាធីបតី បារាំង ដើម្បីស្វែងរក​ដំណោះស្រាយ​បន្ទាន់។ ក្នុងចំណោម​ថ្នាក់ដឹកនាំ​អឺរ៉ុប មានតែលោកស្រី​អង់ហ្គេឡា មែគែល​ម្នាក់គត់ ដែលរឹងរូស​ជាងគេ មិនព្រមធ្វើសម្បទាន ជាមួយ​រដ្ឋាភិបាល​ក្រិក។ អ្វីដែលគេ មិនគួរភ្លេច គឺថា ក្នុងចំណោម​លុយដែល ក្រិកជំពាក់ ក៏មានលុយ​អាល្លឺម៉ង់ មិនតិចដែរ។ ដូច្នេះវា ជារឿងធម្មតាទេ ដែលអាល្លឺម៉ង់ បារម្ភពី​ការប្រាក់​របស់ខ្លួន។ ប៉ុន្តែសម្រាប់ពេលនេះ សហភាពអឺរ៉ុប ដែលមានបារាំង នឹង អាល្លឺម៉ង់ ជាក្បាលម៉ាស៊ីន គួរតែ​សម្តែងសាមគ្គីភាព​រវាងគ្នា ដើម្បី​ស្រោចស្រង់ក្រិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ