អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​នយោបាយ​ថៃ៖ ក្រុមបាតុករ និង​រដ្ឋាភិបាល​ផ្តើម​ចង្អុល​មុខ​ដាក់​គ្នា ក្រោយ​ផ្ទុះគ្រាប់បែក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ ទីក្រុង​បាងកក​មួយ​ភាគ​ធំ​កំពុង​បន្ត​កាន់កាប់​ដោយ​ក្រុមបាតុករ​អាវលឿង។ មាន​ទីតំាង​យុទ្ធសាស្រ្ត​មួយ​ចំនួន​ត្រូវ​បាន​ក្រុមបាតុករ​បោះ​ជំរំស្នាក់​នៅ​ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​កាល​ពី​ក្នុង​វិបត្តិ​ឆ្នំា ២០១០ កន្លង​ទៅ។ ព័ត៌មាន​ថ្មី និង​ដែល​អាច​ចាត់​ទុក​ថា​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ក្នុង​ហ្វូងបាតុករ​ដែល​បាន​បណ្តាល​ឲ្យ​របួសធ្ងន់ និង​ស្រាល​យ៉ាង​តិច ២៨នាក់។ ប្រតិកម្ម​ភ្លាម រដ្ឋាភិបាល និង​ក្រុមបាតុករ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។

ក្រុមបាតុករ​ថៃ​កំពុង​ជួយសង្រ្គោះ​គ្នីគ្នា​គេ​ដែល​របួស​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក ថ្ងៃទី១៧ មករា ២០១៤
ក្រុមបាតុករ​ថៃ​កំពុង​ជួយសង្រ្គោះ​គ្នីគ្នា​គេ​ដែល​របួស​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក ថ្ងៃទី១៧ មករា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារំាង AFP ឲ្យ​ដឹង​ថា គ្រាប់បែក​បាន​ផ្ទុះ​នៅ​វេលា​ម៉ោង ១រសៀល ម៉ោង​ក្នុង​ទីក្រុង​បាងកក។ គ្រាប់បែក​នោះ​មិន​បាន​ផ្ទុះ​នៅ​ចំកណ្តាល​ហ្វូង​បាតុករ​ទេ តែ​បាន​ផ្ទុះ​នៅ​ពី​មុខ​ក្បួនបាតុកម្ម​ដឹកនំា​ដោយ​លោក​ស៊ូថេប និង​ដែល​ការ​ផ្ទុះ​នោះ​មាន​ចម្ងាយ​ពី​លោក​ស៊ូថេប​ប្រមាណ ៣០ម៉ែត្រ។ ភ្លាមៗ ក្រុម​កងការពារ​លោក​ស៊ូថេប​ក៏​បាន​គ្រាក​លោក​ស៊ូថេប​ចូល​ទៅ​ក្នុង​សួនឧទ្យាន​ក្បែរ​នោះ​ដែល​ជា​ទីកន្លែង​បោះទីតំាង​របស់​ក្រុមបាតុករ​អាវលឿង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក។

រូបភាព​នៅ​ក្រោយ​ការ​ផ្ទុះគ្រាប់បែក​​នោះ​ត្រូវ​បាន​ទូរទស្សន៍​គំាទ្រ​បាតុករ​ចាក់ផ្សាយ​ជាប់​មិន​ដាច់​ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​រត់ប្រសេកប្រសាច​របស់​បាតុករ និង​មាន​អ្នកខ្លះ​ទៀត ដេក ក្រាប​ផ្ទាល់ដី ពិសេស​គឺ​រូបភាព​បាតុករ​រងរបួស​ដែល​មាន​ឈាម​ហូរដាប​ពេញ​ខ្លួន។ យោង​តាម​តួលេខ​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ជួយសង្រ្គោះ​ឲ្យ​ដឹង​ថា មាន​មនុស្ស​រងរបួស​យ៉ាង​តិច ៣១នាក់ ក្នុង​នោះ​មាន​របួសធ្ងន់​ម្នាក់។ ចំណែក​ខាង​ប៉ូលិស​ក៏​បាន​បញ្ជូន​ក្រុមអ្នកស៊ើបអង្កេត​ភ្លាម​ទៅ​កាន់​កន្លែង​កើតហេតុ។ នៅ​ពេល​នេះ បាតុករ និង​រដ្ឋាភិបាល​បាន​ទម្លាក់កំហុស​ដាក់​គ្នា​ទៅវិញ ទៅមក។ តែ​មាន​មតិ​ខ្លះ​លើកឡើង​ថា អាច​ជា​ស្នាដៃ​របស់​ប្រជាជន​ក្នុង​ក្រុង​បាងកក​ដែល​ធុញទ្រាន់​នឹង​ពួកបាតុករ​ដែល​រំខាន​ដល់​ការ​រស់នៅ រកស៊ី​របស់​ពួក​គេ។

លោកស្រី​យីងឡាក់ និង​លោក​ស៊ូថេប
លោកស្រី​យីងឡាក់ និង​លោក​ស៊ូថេប

បាតុករ និង​រដ្ឋាភិបាល​បន្ត​ចង្អុលមុខ​ដាក់គ្នា

អំពើហិង្សា​ដែល​កើត​ចេញ​ពី​ការ​បំផ្ទុះគ្រាប់បែក ពី​ការ​បាញ់​ប្រហារ ឬ​មួយ​ក៏​ពី​ទង្វើ​អ្វី​ផ្សេង​ទៀត​នៅ​ក្នុង​ក្បួនបាតុកម្ម​តាម​ផ្លូវ គឺ​ជា​រឿង​មួយ​មិន​អាច​ចៀសផុត។ ករណី​ប្រទេស​ថៃ សឹង​ក្លាយ​ជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ ព្រោះ​ថា អំពើហិង្សា​នយោបាយ​ក្នុង​ប្រទេស​ជិតខាង​កម្ពុជា​មួយ​នេះ​បាន​កើត​មាន​តំាង​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦ មក​ម្ល៉េះ។ ក៏​ប៉ុន្តែ អ្វី​ដែល​ប្លែក​បន្តិច​នា​ពេល​នេះ គឺ​ថា ឧប្បត្តិហេតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ច្រើន​កើត​មាន​នៅ​ពេល​យប់​ក្នុង​ជំរំ​របស់​បាតុករ​អាវលឿង​ខ្លួន​ឯង ដោយ​គេ​មិន​ដឹង​ថា តើ​ជនដៃដល់​ជា​នរណា និង​មក​ពី​ខាង​ណា​ទេ។ ជាក់ស្តែង​ថ្មីៗ​នេះ មាន​ការ​ចោល​គ្រាប់បែក​មួយ​គ្រាប់​លើ​ផ្ទះ​មួយ​របស់​លោក​អតីតនាយករដ្ឋមន្រ្តី​អាប់ភីសិត​ក្នុង​ពេល​រាត្រី ដោយ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ឡើយ។

សូម​ជម្រាប​ជូន​ថា បាតុកម្ម​​ក្នុង​ទីក្រុង​បាងកក​សព្វថ្ងៃ គឺ​ជា​បាតុកម្ម​របស់​ក្រុមអាវលឿង​សុទ្ធសាធ ពោល​មិន​មាន​​បាតុកម្ម​របស់​ពួកអាវក្រហម​គំាទ្រ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ទេ។ តែ​មក​ដល់​ពេល​នេះ ទំាង​ព្រឹត្តិការណ៍​ចោល​គ្រាប់បែក​លើ​ផ្ទះ​របស់​លោក​អាប់ភីសិត ក៏​ដូច​ជា​ការ​បំផ្ទុះគ្រាប់បែក​នា​រសៀល​ថ្ងៃ​នេះ ត្រូវ​បាន​ក្រុមបាតុករ​អាវលឿង​ចោទ​លោកស្រី​យីងឡាក់​ចំមុខ។ តែ​ត្រូវ​បាន​លោកឧបនាយករដ្ឋមន្រ្តី​ស៊ូរ៉ាពុង​ចោទ​ត្រឡប់​វិញ​ថា គឺ​ជា​ទង្វើ​របស់​ក្រុមបាតុករ​អាវលឿង​ខ្លួន​ឯង​ក្នុង​បំណង​បញ្ឆេះ​អំពើហិង្សា​ដើម្បី​ឲ្យ​ទាហាន​ចូលខ្លួន​ធ្វើអន្តរាគមន៍។

លោក​ស៊ូថេប
លោក​ស៊ូថេប

អ្វី​ដែល​លោក​ស៊ូថេប​ចង់​បាន គឺ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោកស្រី​យីងឡាក់

ការ​ដែល​លោក​ស៊ូរ៉ាពុង​ហ៊ាន​និយាយ​ថា ជា​ទង្វើ​របស់​ក្រុមបាតុករ​អាវលឿង​ខ្លួន​ឯង​ក្នុង​បំណង​បញ្ឆេះ​អំពើហិង្សា​ដើម្បី​ឲ្យ​ទាហាន​ចូលខ្លួន​ធ្វើអន្តរាគមន៍​នោះ ពិត​ជា​រឿង​មួយ​មិន​សូវ​ខុស​ប៉ុន្មាន​ទេ បើ​គេ​ពិនិត្យ​មើល​នៅ​ក្នុង​វិបត្តិ​នា​ពេល​កន្លង​មក។ តំាង​ពី​ជាង ២ខែ​មក​ហើយ​ដែល​ក្រុមបាតុករ​អាវលឿង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះចេញ​ពី​តំណែង។ ក្បួនបាតុកម្ម​ដែល​មិន​សូវ​កើត​មាន​អំពើហិង្សា និង​ដែល​រដ្ឋាភិបាល​ព្យាយាម​ទ្រំាអត់ធ្មត់។ តែ​ចំពោះ​ពួកបាតុករ នេះ​ពិត​ជា​បរិយាកាស​មួយ​មិន​ល្អ​សោះ ព្រោះថា បើ​ស្ថានការណ៍​នៅ​តែ​បន្ត​យ៉ាង​ដូច​នេះ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​ខ្លួន​អាច​ទម្លាក់​លោកស្រី​យីងឡាក់​បាន​ឡើយ។

ពួក​គេ​យល់​ថា គឺ​មាន​តែ​បង្កើត​ឲ្យ​មាន​បរិយាកាស​វឹកវរ ច្របូកចបល់​តាម​រយៈ​ការ​បញ្ឆេះ​អំពើហិង្សា​ទេ ទើប​គេ​អាច​ផ្លាស់ប្តូរ​របប​ដឹកនំា​បច្ចុប្បន្ន​បាន។ គឺ​រូបភាព​វឹកវរ ច្របូកចបល់​ដែល​គ្មាន​នរណា​អាច​គ្រប់គ្រង​បាន​នោះ​ឯង​ដែល​នឹង​អាច​ជម្រុញ​កងទ័ព​ឲ្យ​ចេញ​អន្តរាគមន៍​បាន តាម​រយៈ​ធ្វើ​រដ្ឋប្រហារ។ នេះ​ហើយ​ជា​បំណង​ប្រាថ្នា​ដែល​មេបាតុករ​អាវលឿង​លោក​ស៊ូថេប​ទន្ទឹង​រង់ចំា​តែ​មួយ​គត់ ព្រោះ​ថា ទម្លាក់​លោកស្រីយីងឡាក់​តាម​ក្បួនបាតុកម្ម​អហិង្សា​ប្រហែល​ជា​មិន​អាច​មិន​រួច ហើយ​ទម្លាក់​តាម​ការ​បោះឆ្នោត គឺ​រឹតតែ​គ្មាន​សង្ឃឹម​ទៅ​ទៀត។

ករណី​លោកស៊ូថេប ជា​រឿងនយោបាយ

កាល​ពី​ដើម​ខែ​ធ្នូ ឆ្នំា ២០១៣ តុលាការ​បាន​ចេញដីការ​ឲ្យ​ចាប់​ខ្លួន​លោក​ស៊ូថេប ពី​បទ​បាន​ញុះញង់​ឲ្យ​មាន​ការ​ងើបបះបោរ​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់។ ក្រៅ​ពី​ដីការ​នេះ លោក​ស៊ូថេប​ក៏​កំពុង​ជាប់​ចោទ​ក្នុង​រឿង​អាស្រូវ​មួយ​ទៀត​កាល​ពី​ឆ្នំា ២០១០ នៅ​ក្នុង​ព្រឹត្តិការណ៍​វាយបង្រ្កាប​យ៉ាង​ហិង្សា​លើ​ក្រុមបាតុករ​គំាទ្រ​លោក​ថាក់ស៊ីន​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩០នាក់។ កាល​ណោះ លោក​ស៊ូថេប​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្រ្តី​ក្នុង​រដ្ឋាភិបាល​របស់​លោក​អាប់ភីសិត។

តែ​មក​ដល់​ពេល​នេះ លោក​ស៊ូថេប​នៅ​បន្ត​មាន​សេរីភាព​ពេញទី និង​ថែម​ទំាង​បាន​ចេញ​មុខ​ចាត់ចែង​មហាបាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង​មក​ដល់​ម៉ោង​នេះ​ទៀត​ផង។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មករា រដ្ឋាភិបាល​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន​លោក​ស៊ូថេប។ តែ​ប៉ូលិស​នៅ​តែ​មិន​ហ៊ាន​ចាប់​ខ្លួន​លោក​ស៊ូថេប​ដដែល។ ឥឡូវ​នេះ រឿងរ៉ាវ​នេះ​ក៏​ហាក់​ដូច​បន្ត​ស្ងាប់ស្ងាត់ និង​មិន​សូវ​និយាយ​ច្រើន​ប៉ុន្មាន​ទេ។ ក្រុមអ្នកវិភាគ​បាន​យល់​ឃើញ​ថា រឿងរ៉ាវ​នេះ​មាន​បង្កប់​ទៅ​ដោយ​រឿង​នយោបាយ​ច្រើន​ជាង​រឿង​បុគ្គល​របស់​លោក​ស៊ូថេប​ផ្ទាល់ ពិសេស​នៅ​ក្នុង​ស្ថានការណ៍​នយោបាយ​មិន​ទៀងទាត់​នា​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ