Facebook និង Twitter បិទគណនីចំនួន២០ម៉ឺន ដោយសង្ស័យថាចិនប្រើប្រាស់ដើម្បីបង្ខូចកិត្តិយសរបស់បាតុករហុងកុង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៤
ថ្ងៃអង្គារ ទី២០សីហា ក្រុមហ៊ុន Facebook និង Twitter បានប្រកាសថាបិទគណនីអ្នកប្រើប្រាស់ ចំនួន២០ម៉ឺននាក់ ដែលប្រើប្រាស់យ៉ាងសកម្មនាពេលថ្មីៗនេះ ដើម្បីបង្ខូចកិត្តិយសរបស់ចលនាបាតុកម្មហុងកុង។ ក្រុមហ៊ុនយក្សផ្នែកបណ្តាញសង្គមរបស់អាមេរិកទាំងពីរនេះ សង្ស័យនិងមានភស្តុតាងបញ្ជាក់ថា គណនីខ្លះរបស់Facebook និងTwitter មិនដែលមានសកម្មភាពអ្វីសោះពីមុនមក តែទើបតែសកម្ម នៅពេលថ្មីៗនេះ ហើយខ្លះទៀត បានបិទលាក់បាំងទីកន្លែងដែលខ្លួនប្រើប្រាស់អ៊ិនធឺណែន ឬ ដាក់ទីតាំងក្លែងក្លាយជាដើម។ គេដាក់ការសង្ស័យថា អ្នកនៅពីក្រោយរឿងនេះ គឺអាជ្ញាធរចិន។
តើចិនប្រើប្រព័ន្ធបណ្តាញសង្គម ដើម្បីបំពុលចលនាបាតុកម្មមែនដែរឬទេ?
បើតាម កាសែតជាច្រើននៅបច្ចិមលោក រួមទាំងភ្នាក់ងារព័ត៌មានបារាំងឈរជើងហុងកុងផង គេគ្រប់គ្នាសុទ្ធតែអង្អុរមុខចិន ថា អាជ្ញាធរចិន ជាអ្នកប្រើប្រាស់គណនីបណ្តាញសង្គមទាំងនោះ។ បើតាមក្រុមហ៊ុន Facebook និង Twitter ក្នុងចំណោមគណនីដែលត្រូវលុបចោល ឬត្រូវដាក់ឱ្យផ្អាក់ដំណើរការ ទាំង២០ម៉ឺនគណនីនោះ គឺមានគណនី ប្រហែលជិត១ពាន់ ដែលសរសេរបំភ្លៃព័ត៌មាន បង្ករការអុជអាល ញោះញុង ឱ្យស្អប់ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យហុងកុង។ បានជាគេអះអាងដូច្នេះ គឺមានភស្តុតាងបញ្ជាក់ថា អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានបង្កាច់បង្ខូចកិត្តិយសរបស់ក្រុមអ្នកតវ៉ា ហើយថែមទាំងចោទប្រកាន់ ដោយប្រៀបប្រដូចហ្វូងបាតុករហុងកុងដូចជាភេរវជនជ្រុលនិយម ឬក៏ប្រៀបទៅនឹងក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត អ៊ីចឹង។
គណនីទាំងនោះភាគច្រើន ទើបបង្កើតថ្មី ឬមានមកហើយដែរ តែមិនដែលមានសកម្មភាពអ្វីសោះពីមុនមក តែទើបតែសកម្មខ្លាំងក្លានៅពេលថ្មីៗនេះ។ ប្រការគួរចាប់ថ្នាក់មួយទៀត គឺគណនីខ្លះទៀត បិទលាក់បាំងទីកន្លែងដែលខ្លួនប្រើប្រាស់អ៊ិនធឺណែន ឬ ដាក់ទីតាំងក្លែងក្លាយជាដើម។ ដូច្នេះហើយ ទើប Facebook និងTwitter បានសម្រេចបញ្ឈប់ដំណើរគណនីទាំងនោះ។
ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីទាក់ទាញមតិសាធារណៈឱ្យយល់ច្រឡំ ឬអូសទាញឱ្យគិតបែបផ្សេង ឬក៏មើលអ្វីៗទៅតាមការអូសទាញណាមួយ គឺបង្កជាក្តីព្រួយបារម្ភខ្លាំងមួយសម្រាប់ពិភពលោក ពិសេសខណៈពេលដែលសភាពការកំពុងតែជ្រួលច្របល់ដូចនៅហុងកុងពេលនេះ។ អ្នកជំនាញខាងបណ្តាញសង្គម បានឱ្យឧទាហរណ៍ ដូចជា ករណីបោះឆ្នោតប្រធានាធិបតីនៅអាមេរិក និងការបោះឆ្នោតប្រជាមតិដើរចេញពីសហភាពអឺរ៉ុប របស់អង់គ្លេស ជាដើម ដែលមួយផ្នែកធំ គេសង្ស័យថា មានការអូសទាញមតិមហាជនដោយសារតែបណ្តាញសង្គមនេះឯង។
គួរបញ្ជាក់ដែរថា Facebook ត្រូវចិនហាមឃាត់មិនឱ្យមានប្រើទេនៅស្រុកចិន ក៏ប៉ុន្តែ នៅហុងកុងវិញ គឺ Facebook កំពុងពេញនិយមសម្បើមណាស់ដែរ។ ក្នុងចំណោមពលរដ្ឋហុងកុង មានជាង ៧លាននាក់ គឺមនុស្សជាង ជិត៥លានទៅហើយ ដែលប្រើប្រាស់ Facebook។ ដូច្នេះ ការបំពុលព័ត៌មានតាមបណ្តាញសង្គម ទំនងជាមធ្យោបាយមួយដែរ ដែលអាជ្ញាធរស្វ័យតហុងកុង ឬរដ្ឋអំណាចចិន ប្រើប្រាស់ជាមធ្យោបាយដើម្បីប្រឆាំងតទល់នឹងបាតុករហុងកុង។
ថ្នាក់ដឹកនាំរដ្ឋបាលស្វ័យតហុងកុង លោកស្រី ការី ឡាំ ក៏នៅតែប្រកាន់ជំហរមិនធ្វើសម្បទានអ្វីឱ្យច្រើនដូចតាមទាមទាររបស់បាតុករនោះឡើយ?
ជំហររបស់ថ្នាក់ដឹកនាំហុងកុង លោកស្រី ការី ឡាំ ដែលរណបចិនប៉េកាំង គឺហាក់បានទន់ជាងមុនបន្តិច។ ទន់បន្តិចពីព្រោះថា លោកស្រីបញ្ជាក់ជាថ្មីប្រាប់អ្នកកាសែតថា ច្បាប់ធ្វើបត្យាប័នបញ្ចូនជនសង្ស័យចាប់នៅហុងកុង ទៅកាន់ទោសនៅចិន គឺស្លាប់ហើយ មិនបាច់យកមកនិយាយទេ។ ចំណែកការប្តឹងផ្តល់ប៉ូលីសដែលប្រើហិង្សាលើបាតុករ លោកស្រីនឹងឱ្យមេប៉ូលីសពិនិត្យស៊ើបអង្កេត។ ការធ្វើសម្បទាននេះ គឺមិនអាចធ្វើឱ្យបាតុករស្ងប់ចិត្តនោះទេ។ ដ្បិតថា ការស៊ើបអង្គេតនោះ ច្បាស់ជាមិនឯករាជ្យសោះឡើយ ព្រោះថា មេប៉ូលីស គឺលោកស្រី ការី ឡាំខ្លួនឯង ជាអ្នកជ្រើសតាំង។ ប៉ុន្តែ ការទាមទារផ្សេងទៀតរបស់បាតុករដែលចង់ឱ្យលោកស្រីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតជាថ្មី ដោយយុត្តិធម៌ត្រឹមត្រូវនិងឯករាជ្យ គឺលោកស្រី ហាក់គ្មានបានយកចិត្តទុកដាក់ស្តាប់សម្រែងទាមទាររបស់បាតុករសោះឡើយ។ ហើយថែមទាំងធ្វើសន្នីសីទកាសែតអំពាវវនាវឱ្យមានកិច្ចសន្ទនា ព្រមទាំងដាក់លក្ខខណ្ឌផងថាឱ្យមានសភាពស្ងប់ស្ងាត់ជាមុន។ ដូច្នេះ ទោះចង់មិនចង់ លំហូរបាតុកម្មនៅហុងកុង គឺមិនអាចស្ងប់ទៅវិញឡើយ។
ចិនមានសេណារីយ៉ូថ្មី គឺអភិវឌ្ឍតំបន់ក្បែរៗហុងកុង ហើយទុកហុងកុងឱ្យឯកោ
នេះជាសេចក្តីណែនាំថ្មីរបស់រដ្ឋាភិបាលកុំម្មុយនីស្តចិន ដែលចេញនៅថ្ងៃច័ន្ទ ទី១៩សីហា និងដែលចង់កែប្រែមុខមាត់នៃតំបន់ Shenzhen ទៅជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចជឿនលឿន នៅឆ្នាំ២០២៥ ហើយក្លាយជាតំបន់សេដ្ឋកិច្ចលំដាប់លេខមួយលើពិភពលោក នៅឆ្នាំ២០៣៥។ តំបន់ Shenzhen មានកំពង់ផែស្រាប់ គឺជាប់កោះហុងកុងដែរ មានប្រជាជនជាង១២លាននាក់ ច្រើនជាងហុងកុង ដែលមានត្រឹមជាង៧លាននាក់។ ហើយបើតាមរដ្ឋអំណាចចិន គឺតំបន់ Shenzhen នេះ ស្គាល់ការរីកចម្រើនជាង៤០ឆ្នាំហើយ និងជាកន្លែងឧស្សាហកម្មជឿនលឿន ពិសេសផ្នែកបច្ចេកវិទ្យា ព្រមទាំងមានកម្លាំងពលកម្មពីយុវជនក្មេងៗពេញសមត្ថភាព មកពីក្រុងជ្រុងជ្រោយនៃប្រទេស។
ទោះបីយ៉ាងណាក៏ដោយ ចិនមិនបានគូសបញ្ជាក់លម្អិតពីគម្រោងផែនការថ្មីឱ្យច្បាស់លាស់នោះទេ។ តែបើតាមអ្នកវិភាគ គេជឿថាការចេញផែនការថ្មីនេះ គឺជាការចាំត្រងចាប់យកអ្នកវិនិយោគនៅហុងកុង ដែលចង់គេចពីភាពជ្រួលច្របល់នៅហុងកុង។ ម្យ៉ាងទៀត ចិនចង់ប្រើមធ្យោបាយអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជុំវិញនិងក្បែរៗកោះហុងកុង ហើយទុកហុងកុងឱ្យឯកោ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ