អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គលេខាធិការ​អូតង់៖ ទ័ព​ពិសេស​ដើម្បី​ប្រតិកម្ម​រហ័ស​នឹង​អាច​ធ្វើ​​ប្រតិបត្តិការ​នៅ​ដើម​ឆ្នាំ ២០១៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​អង្គការ​អូតង់​បាន​ជួប​ប្រជុំ​គ្នា នៅថ្ងៃអង្គារ​ទី ២ ធ្នូ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្ស៊ិក។ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ដំណាច់ឆ្នាំ ប្រមុខ​ការទូត​របស់​អូតង់​ផ្តោតសំខាន់ ពិភាក្សា​លើ​ស្ថានការណ៍​ដែល​បាន​កើតមាន នៅក្នុង​ពិភពលោក នៅក្នុង​អំឡុង​ពេល​មួយឆ្នាំនេះ ចាប់តាំង ពី​វិបត្តិ​នៅ​អ៊ុយក្រែន សង្រ្គាម​របស់​ពួក​ជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ដោយ​មិន​ភ្លេច​និយាយ​ពី​ដំណើរ​ដក​កងទ័ព​អន្តរជាតិ​ចេញ​ពី​អាហ្វហ្កានីស្ថាន ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន នៅ​ចុងឆ្នាំ​២០១៤​នេះ។ ឆ្នាំ២០១៤ សំបូរ​ទៅ​ដោយ​រឿង​រំលោភ​ឈ្លានពាន វិបត្តិ និង​ជម្លោះ​សង្រ្គាម​ស៊ីវិល។ នេះ​ជា​ការកត់​សំគាល់​របស់​អគ្គលេខាធិការ​​ថ្មី​របស់​អង្គការ​អូតង់ ឬ​សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង លោក​ចេន ស្តូលតង់ប៊ើក Jens Stoltenberg។  

Janes Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​ថ្លែង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក ថ្ងៃ​ទី ២ ធ្នូ ២០១៤
Janes Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់​ថ្លែង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក ថ្ងៃ​ទី ២ ធ្នូ ២០១៤ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​សមាជិក​ទំាង​២៨​របស់​អូតង់ ត្រូវ​ធ្វើការ​បូកសរុប​ប្រចាំឆ្នាំ នូវ​រាល់​ព្រឹត្តិការណ៍ ទាក់ទង​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ដែល​បាន​កើតមាន នៅក្នុង​ពិភពលោក នៅ​ក្នុង​រយៈពេល មួយ​ឆ្នាំ នេះ។ គេ​ធ្វើការ​បូកសរុប ក៏​ដូចជា​នឹង​ពិភាក្សា​លំអិត​ពី​វិធានការ​ដែល​អង្គការ​អូតង់​បាន​សម្រេច នៅក្នុង​ជំនួប​កំពូល កាលពី​ខែ​កញ្ញា​កន្លងទៅ នៅក្នុង​ប្រទេស​អង់គ្លេស។

 
ទាក់ទង​នឹង​វិបត្តិ​ដែល​កំពុង​កើតមាន​នៅ​ភាគខាងកើត​អ៊ុយក្រែន និង​ជម្លោះ​ប្រដាប់​អាវុធបង្ក​ដោយ​ពួក​ជីហាត​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ប្រមុខរដ្ឋ​របស់​ប្រទេស​សមាជិក​អូតង់ កាលពី​ក្នុង​ជំនួប​កំពូល​អូតង់ នៅ​ប្រទេស​អង់គ្លេស បាន​សម្រេច​ចាត់វិធានការ​បង្កើត​ក្រុមទ័ព​ពិសេស​របស់​អូតង់​មួយ ដែល​មាន​សមត្ថភាព​អន្តរាគមន៍​ក្នុង​រយៈពេល​ដ៏ខ្លី​បំផុត។

បច្ចុប្បន្ននេះ អូតង់​មាន​ទ័ព​ពិសេស​ប្រមាណ ១ម៉ឺន ៥ពាន់នាក់ ដែល​មាន​ឈ្មោះថា កងកម្លាំង​ប្រតិកម្ម​រហ័ស។ រហូតមក អូតង់​ត្រូវការ​ពេល​យ៉ាងតិច មួយ​ខែ ដើម្បី​បញ្ជូន​អង្គភាព​កងកម្លាំង​ប្រតិកម្ម​រហ័ស ទៅក្នុង​បេសកកម្ម​ណាមួយ។ ប៉ុន្តែ កាលពី​ខែ​កញ្ញា ប្រមុខរដ្ឋ​របស់​សមាជិក​អូតង់​បាន​សម្រេច​បង្កើត​ទ័ព​ពិសេស​មួយ ដែល​មាន​ចំនួន​តែ ពី​៣០០ ទៅ ១២០០​នាក់ ដែល​រើស​ចេញ​ពី​កងកម្លាំង​ប្រតិកម្ម​រហ័ស និង​ដែល​មាន​សមត្ថភាព​អាច​ធ្វើអន្តរាគមន៍ ភា្លមៗ ក្នុង​រយៈពេល​តែ​ពី ៤ ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ។ ក្រុមនេះ​នឹង​អាច​ចេញ​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​ឆ្នាំ ២០១៦។ ប៉ុន្តែ តាម​អគ្គលេខាធិការ​អូតង់ លោក Jens Stoltenberg គេ​នឹង​អាចសាកល្បង​សមត្ថភាព​របស់​ក្រុមទ័ព​ពិសេស មួយក្រុម ចាប់ពី​ដើម​ឆ្នាំ ក្រោយនេះ ទៅ។ អាល្លឺម៉ង់ ន័រវែស ជាពិសេស ​ប៉ូឡូញ ដែលបារម្ភ​ជាងគេ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​ក្នុង​ទឹកដី​របស់ខ្លួន បាន​ស្ម័គ្រចិត្ត​បញ្ជូន​ទ័ព​របស់ខ្លួន ទៅក្នុង​អង្គភាព​ទ័ព​ពិសេស សាកល្បង​របស់​អូតង់។

អគ្គលេខាធិការ​របស់​អូតង់​ធ្លាប់​បាន​និយាយ​ថា គេ​នឹង​អាច​បេះយក​ចំណែក​ណាមួយ​ពី​កញ្ចប់​ថវិកា​របស់​អូតង់ ឬ​បើ​មិន​ដូច្នោះ​ទេ គឺ​ប្រទេស​សមាជិក​ត្រូវ​ចូលរួម​ធ្វើ​វិភាគទាន​បន្ថែម។ អូតង់​បាន​បង្កើន​សកម្មភាព​ទ័ព ជាច្រើន នៅ​មួយ​រយៈពេល​ចុងក្រោយនេះ ដើម្បី​ការពារ​ដែនអាកាស និង​ដែនទឹក​របស់ប្រទេស​សមាជិក​របស់ខ្លួន ដូចជា​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង​ឲ្យ​ទៅ​ហោះហើរ ធ្វើជា​យន្តហោះ​​ប៉ូលិស​នៅ​លើ​ដែន​អាកាស​នៅ​អឺរ៉ុប​ខាងកើត ឬ​បញ្ជូន​នាវាចម្បាំង​ទៅក្នុង​សមុទ្រ​ខ្មៅ និង​សមុទ្រ​បាល់ទិក បន្ទាប់ពី​កត់សំគាល់​ឃើញ​វត្តមាន​ញយដង​របស់​ទ័ព​រុស្ស៊ី។

ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស សមាជិក​របស់​អូតង់​កាន់តែច្រើន​បាន​កាត់បន្ថយ​វិភាគទាន​របស់ខ្លួន សម្រាប់​អង្គការ​អូតង់។ ប៉ុន្តែ នៅក្នុង​ជំនួប​កំពូល ប្រមុខដឹកនាំ​របស់​ប្រទេស​សមាជិក​អូតង់​បាន​ប្រកាស​ប្តេជ្ញា​ថា នឹង​ព្យាយាម​ផ្តល់​ថវិកា​របស់ខ្លួន​ដែល​ស្មើ​នឹង​២ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប​សម្រាប់​កេស​ថវិកា​របស់​អូតង់។

ការសុំ​ចូល​របស់អ៊ុយក្រែន ​ជា​សមាជិករបស់​អូតង់​ជាប្រភព​ក្តៅក្រហាយ​សម្រាប់រុស្ស៊ី
នៅក្នុងពេល​កំពុង​មាន​ភាពតានតឹង​ជាមួយ​រុស្ស៊ី គ្មាន​នរណា​គិតថា ការសុំ​ របស់​អ៊ុយក្រែន សមាជិក​របស់​អង្គការ​អូតង់​ជា​រឿង​ដែល​ត្រូវ​ធ្វើ​នៅពេល​បច្ចុប្បន្ននេះទេ។ រុស្ស៊ី​ផ្ទាល់​ធ្លាប់​បាន​ព្រមាន​ធ្ងន់ៗ​ពីផលវិបាក ប្រសិនបើ​អ៊ុយក្រែន​ចូល​ជា​សមាជិក​របស់​អូតង់។ សម្រាប់​រុស្ស៊ី វា​ជា​ការគំរាមកំហែង​ដល់​សុវត្ថិភាព​ទឹកដី​រុស្ស៊ី។

ដើម្បី​ជៀសវាង​បន្ថែម​ភាពតានតឹង អូតង់​នឹង​មិន​ជជែក​ភ្លាមៗ​ទៅលើ​បំណង​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែនទេ ប៉ុន្តែ អូតង់​គ្រាន់តែ​បញ្ជាក់ថា គេនៅតែ​បើកទ្វារ​ជានិច្ច​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ និង​ឯករាជ្យ។

យ៉ាងណាក៏ដោយ បើទោះបី​ជា​មិននិយាយ​ពីការសុំ​ចូល​ជា​សមាជិក របស់អ៊ុយក្រែន ប៉ុន្តែ​អូតង់ កំពុង​គិតគូរ​រក​ថវិកា និង​មធ្យោបាយ​សម្រាប់​ជួយ​ពង្រឹង​ទ័ព​អ៊ុយក្រែន ទប់ទល់​នឹង​រុស្ស៊ី។ នៅ​ថ្ងៃ​នេះ រដ្ឋមន្រ្តីការបរទេស​របស់​អូតង់​ត្រូវ​ជួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន ដើម្បី​ជជែក​ពី​ការបង្កើត​មូលនិធិ​ចំនួន​៤ ដែល​មាន​តម្លៃ ១៥​លាន​ដុល្លារ។ ១៥​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​អ៊ុយក្រែន។

ប្រធានាធិបតី​ថ្មី​របស់​អាហ្វហ្កានីស្ថាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៅ​ព្រុចស៊ែល ព្រោះថា កិច្ចប្រជុំ​ត្រូវ​ផ្តោត​សំខាន់​ផងដែរ ទៅលើ​ការបិទ​បញ្ចប់​បេសកកម្ម​ធ្វើ​សង្រ្គាម​ប្រឆាំង​ពួកតាលីបង់ រយៈពេល​១៣​ឆ្នាំ​របស់​ទ័ព​អន្តរជាតិ នៅ​អាហ្វហ្កានីស្ថាន។ នៅ​ចុង​ឆ្នាំ ២០១៤ អូតង់​ត្រូវ​ដកទ័ព​ចេញ​ទាំងអស់ ប៉ុន្តែ តាមកិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ថ្មី​របស់​អាហ្វហ្កានីស្ថាន និង​អូតង់ និង​អាមេរិក ទ័ព​អន្តរជាតិ​ប្រមាណ​១ម៉ឺន ពីរពាន់​៥រយនាក់ ដែលក្នុងនោះ​មាន​មួយម៉ឺននាក់​ជាទ័ព​អាមេរិក ត្រូវ​បន្ត​រក្សាទុក​នៅ​អាហ្វហ្កានីស្ថាន។ តួនាទី​របស់ពួកគេ​គេ​គឺ​ចូលរួម​បណ្តុះបណ្តាល​កងទ័ព​អាហ្វហ្កានីស្ថាន ប៉ុន្តែ លែង​ចូលរួម​ធ្វើ​សង្រ្គាម ប្រយុទ្ធ​ដោយ​ផ្ទាល់​ប្រឆាំង​ពួក​តាលីបង់​ទៀតហើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ