អានតួអត្ថបទ
កម្ពុជា

ជនជាតិ​បារាំង​ម្នាក់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​ប្រកួត​និយាយ​ពី​ភាសា​ខ្មែរ​ជា​លើក​ដំបូង!

លោក Blaise Kilianជា​ជន​ជាតិ​បារាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ក្នុងការ​ប្រកួត​និយាយ​ភាសា​ខ្មែរ​សម្រាប់​ជន​បរទេស​លើក​ដំបូង​នៅ​កម្ពុជា។ ក្នុងការ​ប្រកួត​នេះ​មាន​បេក្ខជន​ចំនួន២២នាក់ មក​ពី​៩ ប្រទេស​។ កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ១៣ មិថុនា​នេះ នៅឯ​សា​លក​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ទីតាំង​ខាងត្បូង​វិមាន​ឯករាជ្យ ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​កីឡា ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី​ភឿង សកុណា ឯក​អគ្គ​រដ្ឋទូត​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន សាស្ត្រាចារ្យ និង​និស្សិត​សរុប​ទាំង​អស់​ជិត ៥០០​នាក់​។

បេក្ខជន​បរទេស​ចូលរួម​ប្រកួត​និយាយ​ភាសាខ្មែរ​ជា​លើកដំ​បូង​នៅ​កម្ពុជា​។
បេក្ខជន​បរទេស​ចូលរួម​ប្រកួត​និយាយ​ភាសាខ្មែរ​ជា​លើកដំ​បូង​នៅ​កម្ពុជា​។ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកួត​និយាយ​ភាសា​ខ្មែរ​សម្រាប់​ជនបរទេស​លើក​ដំបូង​នៅ​កម្ពុជា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ជា​៣​កំរិត។ កំរិត​ធម្យម មាន​បេក្ខជន​៩​រូប កំរិត​ខ្ពស់​មាន​បេក្ខជន​ចំនួន​៧​រូប និង កំរិត​ជំនាញ​មាន​បេក្ខជន​៦​រូប។ លោក Blaise Kilian បាន​ប្រកួត​និយាយ​ភាសា​ខ្មែរ​នៅក្នុង​កំរិត​ជំនាញ ដោយ​លោក​បាន​ប្រកួត​ប្រជែង​ជាមួយ​និង​បេក្ខ​ជន​មកពី​ប្រទេស​អូស្ត្រាលី​ម្នាក់ ជប៉ុន​៣​នាក់ និង​អង់​គ្លេស​ម្នាក់​។

 
បេក្ខជន​ទាំង​២២​នាក់​នេះ មក​ពី​បណ្តា​ប្រទេស​ដូចជា ជប៉ុន បារាំង ប៊ែលស្សិក កូរ៉េខាង​ត្បូង កូរ៉េខាង​ជើង អូស្ត្រាលី អ៊ីតាលី អង់គ្លេស និង​សហរដ្ឋ​អាមេរិក។បេក្ខជន​ទាំង​អស់​មាន​រយៈពេល​៣​នាទី និយាយ​ពី​ប្រធានបទ​ទាក់​និង​មូលហេតុ និង​កត្តា​ដែល​ជំរុញ​ឲ្យ​ពួកគេ​រៀន​ភាសា​ខ្មែរ និយាយ​ពី​សំនួន​ពាក្យ​នៅក្នុង​ភាសា​ខ្មែរ និង​និយាយ​ពី​អនុស្សាវរីយ៍​ដែល​ពួកគេ​ចងចាំ​បំផុត​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ហង់ ជួនណារ៉ុន បាន​បង្ហាញ​ថា កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ជនបរទេស​ដែល​កំពុង​តែ​ធ្វើការ និង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ។ លោក​រដ្ឋ​មន្ត្រី​បាន​បន្តថា នៅ​ពេល​ដែល​ជន​បរទេស​ចាប់​ផ្តើម​រៀន​ភាសា​ខ្មែរ​ហើយ​នោះ គឺ​មិន​ត្រឹម​តែ​រៀន​និយាយ​និង​សរសេរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ហើយ​ចាប់ផ្តើម​យល់​និង​ស្រលាញ់​ការ​រស់​នៅ​ក្នុង​ប្រទេស​ខ្មែរ​កាន់​តែ​ខ្លាំង​ជាង​មុន។

សូម​បញ្ជាក់​ថា​ជន​បរទេស​ទាំង​២២រូប​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្ម​វិធីនេះ បាន​រស់​នៅ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ដែល​អ្នកខ្លះ​រហូត​ដល់​ទៅ​ជាង​២០​ឆ្នាំ ជាង ១០​ឆ្នាំ ​ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទើបតែ​មក​សិក្សា​និង​រស់​នៅ​ក្រោម​១​ឆ្នាំ​ផង​ដែរ​។ ហើយ​ក្នុងនោះ​ក៏មាន​អ្នក​រស់​នៅ​បាន​១​ឆ្នាំ ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ផងដែរ​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ