អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អន្តោប្រវេសន៍៖ បារាំង​ចង់​ព្យួរ​ការ​អនុវត្ត​អនុសញ្ញា​ស្តីពី​ការ​លុប​ព្រំដែន​ក្នុង​សហភាពអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​បារាំង​កំពុង​តែ​ពិចារណា​​អំពី​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន នូវ​ការ​អនុវត្ត​អនុសញ្ញា Schengen ដែល​ចែង​អំពី​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ ក្នុង​ប្រទេស​ជា​សមាជិក។ វិធានការ​នេះ​ធ្វើឡើង ដើម្បី​ទប់ស្កាត់​ចលនា​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​កំពុង​ហូរ​ចូល​ពី​ប្រទេស​ទុយនីស៊ី ឆ្លងកាត់​តាម​ប្រទេស​អ៊ីតាលី។

ដែនដី Schengen និង​ច្រកចេញ​ចូល​នៃ​ចលនា​អន្តោប្រវេសន៍​ខុសច្បាប់
ដែនដី Schengen និង​ច្រកចេញ​ចូល​នៃ​ចលនា​អន្តោប្រវេសន៍​ខុសច្បាប់ ©Latifa Mouaoued/RFI
ផ្សាយពាណិជ្ជកម្ម

 

អនុសញ្ញា Schengen គឺ​ជា​សសរ​ទ្រូង​ដ៏​សំខាន់​មួយ របស់​សហភាព​អឺរ៉ុប។ យោងតាម​អនុសញ្ញា​នេះ ព្រំដែន​រវាង​ប្រទេស​ជា​សមាជិក​ត្រូវ​លុបចោល​ទាំងស្រុង ដើម្បី​បើក​ឲ្យ​ទំនិញ និង​ប្រជាជន​អាច​ធ្វើ​ចរាចរណ៍​បាន​ដោយសេរី។

បដិវត្តន៍​នៅ​ទុយនីស៊ី និង​នៅ​លីប៊ី​បាន​ធ្វើ​ឲ្យ​ចលនា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចូល​មក​អឺរ៉ុប​បាន​កើនឡើង​កាន់តែ​ខ្លាំង។ ច្រក​ចូល​ធំជាងគេ គឺ​ប្រទេស​អ៊ីតាលី ដែល​ជា​សមាជិក​អនុសញ្ញា Schengen ។ ថ្មីៗនេះ​ មាន​ជនអន្តោប្រវេសន៍​​ជាង​ ២ម៉ឺននាក់​បាន​លួចចូល​ដោយខុសច្បាប់ មក​ក្នុង​ដែនដី​របស់​អ៊ីតាលី។ ដោយ​មិនចង់​រ៉ាប់រង​បញ្ហា​នេះ​តែ​ម្នាក់​ឯង រដ្ឋាភិបាល​អ៊ីតាលី​បាន​សម្រេច​ផ្តល់​ឯកសារ​ស្នាក់នៅ និង​ឯកសារ​ធ្វើ​ដំណើរ​ដល់​ជនអន្តោប្រវេសន៍​ដោយ​ខុសច្បាប់​ទាំងនេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ដំណើរ​ក្នុង​ដែនដី Schengen បាន។ វិធានការ​នេះ​បាន​ធ្វើឲ្យ​ប្រទេស​ជា​ដៃគូ ជាពិសេស បារាំង​ផ្ទុះកំហឹង​យ៉ាងខ្លាំង រហូត​ដល់​បាន​សម្រេច​បិទ​​ចរាចរណ៍​ផ្លូវដែក​ជាមួយ​អ៊ីតាលី​ជា​បណ្តោះអាសន្ន កាល​ពី​ថ្ងៃ​អាទិត្យមុន។

នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​នេះ មន្រ្តី​រដ្ឋាភិបាល​បារាំង​​បាន​លើកឡើង​ថា នៅពេលនេះ យន្តការ​ Schengen កំពុង​តែ​បង្ក​​ជា​បញ្ហា​​ ដែល​តម្រូវ​ឲ្យ​​បារាំង​ត្រូវ​ពិចារណា​អំពី​លទ្ធភាព​ព្យួរ​ការអនុវត្ត​អនុសញ្ញា​នេះ​បណ្តោះ​អាសន្ន។

ក៏ប៉ុន្តែ នៅ​ក្នុង​អនុសញ្ញា​ Schengen ការ​ព្យួរ​អនុសញ្ញា​នេះ​អាច​ធ្វើ​ទៅបាន​តែ​ក្នុង​ករណី​មួយ​ប៉ុណ្ណោះ គឺ​ករណី​​មាន​ការគំរាមកំហែង​​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ។ បញ្ហា​​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​បារាំង​កំពុង​ជួប​ប្រទះ​នៅពេលនេះ ទំនង​ជា​ពិបាក​នឹង​ចាត់​បញ្ចូល​ក្នុង​​ករណី​ខាង​លើ​​នេះ​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ