អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដំណើរ​ទស្សនកិច្ច​លើកទី១ របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​ក្នុង​ប្រទេស​បារំាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​នៃ​ប្រទេស​អេហ្ស៊ីប​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារំាង​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ ទី២៦ វិច្ឆិកា​នេះ។ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង លោក​អាល់ស៊ីស៊ី​ចូល​ជួប​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ ព្រម​ទំាង​ថ្នាក់ដឹកនំា​បារំាង​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក​ប្រមុខ​ការទូត​ឡូរ៉ង់ ហ្វាប៊្យុស​ផង​ដែរ។គួរ​ជម្រាប​ជូន​ថា លោក​អាល់ស៊ីស៊ី​បាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​អេហ្ស៊ីប​តំាង​ពី​ខែ​កក្កដា ឆ្នំា ២០១៣ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ម័រស៊ី មុន​នឹង​បាន​ជាប់ឆ្នោត​ជា​ផ្លូវការ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah Al-Sissi) ប្រធានាធិបតី​អេហ្ស៊ីប
លោក​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah Al-Sissi) ប្រធានាធិបតី​អេហ្ស៊ីប REUTERS/The Egyptian Presidency/Handout
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​មក​ដល់​ប្រទេស​បារំាង​ថ្ងៃ​នេះ លោក​អាល់ស៊ីស៊ី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ដំណើរ​មក​កាន់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ជា​លើកទី១ របស់​លោក​ប្រធានាធីបតី​អេហ្ស៊ីប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ទើប​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប​ជា​ផ្លូវការ​កាល​ពី​ខែ​ឧសភា​កន្លង​មក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​រូប​លោក​អាល់ស៊ីស៊ី​នេះ​ឯង​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ស្របច្បាប់​ម័រស៊ី​កាល​ពី​ខែ​កក្កដា ឆ្នំា ២០១៣។ គឺ​រូប​លោក​អាល់ស៊ីស៊ី​នេះ​ឯង​ដែល​បាន​ចាត់​វិធានការ​វាយបង្រ្កាប​លើ​សកម្មជន​របស់​លោក​ម័រស៊ី និង​ក្រុម​ភាតរៈ​អ៊ីស្លាម​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ៤០០នាក់ និង​ចាប់​ដាក់​គុក​ប្រមាណ​ជា ១៥ ០០០នាក់។ គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ចាស់​ដៃ​មួយ​ដែល​លោក​អាល់ស៊ីស៊ី​បាន​ទទួល​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សហគមន៍​អន្តរជាតិ​នា​ពេល​នោះ។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ដំណើរ​ទៅ​កាន់​បរទេស​របស់​លោក​អាល់ស៊ីស៊ី​ពេល​នេះ អាច​ជា​ការ​ស្វែង​រក​ភាព​ស្របច្បាប់​របស់​លោក​នៅ​លើ​ឆាកអន្តរជាតិ ពិសេស​តំាង​ពី​លោក​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​ផ្លូវការ​ដោយ​ទទួល​បាន​សម្លេង​គំាទ្រ​យ៉ាង​ច្រើន​សម្បើម​ពី​ប្រជាជន​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ព្យាយាម​បំភ្លេច​រឿង​អតីតកាល​របស់​លោក​អាល់ស៊ីស៊ី ដោយ​យល់ព្រម​បោះដៃ​រួម​សហការ​ជាមួយ​លោក​អាល់ស៊ីស៊ី​វិញ​ម្តង។

ប្រយោជន៍​ដែល​ប្រទេស​លោកខាងលិច​ចំាបាច់​ត្រូវ​តែ​រួម​សហការ​ជាមួយ​ប្រទេស​អេហ្ស៊ីប

ក្រៅ​ពី​សំដៅ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​នៅ​លើ​វិស័យ​មួយ​ចំនួន ពិសេស​វិស័យ​សេដ្ឋកិច្ច បារំាង ក៏​ដូច​ជា​អ៊ីតាលី​បាន​ចាត់​ទុក​អេហ្ស៊ីប ជា​ប្រទេស​ដៃគូ​យុទ្ធសាស្រ្ត​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​សន្តិសុខ​នៅ​ក្នុង​តំបន់ ពិសេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ ចូរ​កុំ​ភ្លេច​ថា បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​ផ្លូវការ​កាល​ពី​ខែ​ឧសភា​មក លោក​អាល់ស៊ីស៊ី​បាន​នំា​ប្រទេស​អេហ្ស៊ីប​មក​កាន់​ឆាកអន្តរជាតិ​ជា​ថ្មី ដោយ​ផ្តើម​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​ដូច​ដែល​អេហ្ស៊ីប​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នៅ​ក្នុង​សំណុំរឿង​តំបន់​មួយ​ចំនួន ពិសេស​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ថ្មីៗ​នេះ ទីក្រុង​គែរ​បាន​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កាល​ក្នុង​សង្រ្គាម​តំបន់​ហ្គាហ្សា។ គឺ​ប្រទេស​អេហ្ស៊ីប​នេះ​ហើយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដោះស្រាយ​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​លីប៊ី។ សំណុំរឿង​លីប៊ី​ដែល​ទីក្រុង​ប៉ារីស និង​គែរ​កំពុង​សម្តែង​ក្តី​បារម្ភ​ដូច​គ្នា គឺ​ខ្លាច​តែ​ប្រទេស​អារ៉ាប់​មួយ​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ពួក​ជីហាត។

ក្រៅ​ពី​ប្រទេស​លីប៊ី អេហ្ស៊ីប និង​បារំាង​ក៏​ត្រូវ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី។ មក​ដល់​ពេល​នេះ ទីក្រុង​គែរ​បាន​គំាទ្រ​ដំណោះស្រាយ​ស្នើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​ដែល​គេ​មិន​ត្រូវ​ទាត់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ចេញ​ពី​ឆាកនយោបាយ។ តែ​នេះ មិនមែន​ជា​ការ​ចង់​បាន​របស់​ទីក្រុង​ប៉ារីស​ទេ។ បន្ទាប់​មក និង​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ការ​អេហ្ស៊ីប ក៏​ដូច​ជា​អេហ្ស៊ីប​ត្រូវ​ការ​សហគមន៍​អន្តរជាតិ​នោះ គឺ​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​ទីក្រុង​គែរ​​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​ចូលរួម​ជា​បស្ចិមលោក។

កម្មវត្ថុ​របស់​បារំាង គឺ​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អេហ្ស៊ីប

សេដ្ឋកិច្ច គឺ​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​បារំាង​មិន​អាច​មើល​រំលង​បាន​ទេ នោះ​បើ​ទោះបី​ជា​រឿងសិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​បាន​ធ្វើ​ឲ្យ​បារំាង​ទើសទាល់​ចិត្ត​ខ្លំាង​ក៏​ដោយ។ ទីផ្សារ​ដែល​ទីក្រុង​ប៉ារីស​កំពុង​សម្លឹង​មិន​ដាក់​ភ្នែក​នោះ គឺ​ទីផ្សារ​អាវុធ​ដែល​ទីក្រុង​គែរ​កំពុង​ធ្វើ​ឲ្យ​ទំនើប​នៅ​ក្នុង​វិស័យ​យោធា​របស់​ខ្លួន ព្រោះ​ថា ដើម្បី​អាច​ប្រឈម​ទប់​នឹង​ក្រុម​ភេរវនិយម​ផ្ទៃក្នុង ក៏​ដូច​អង្គការ​រដ្ឋអ៊ីស្លាម​បាន អេហ្ស៊ីប​ចំា​បាច់​ត្រូវ​ពង្រឹង​បន្ថែម ឬ​ត្រូវ​បំពាក់​អាវុធ​ទាន់សម័យ​ឲ្យ​កម្លំាង​ទ័ព​របស់​ខ្លួន។ តំាង​ពី​អាមេរិក​បាន​កាត់​បន្ថយ​ជំនួយ​យោធា​មួយ​ភាគ​ទៅ​ឲ្យ​អេហ្ស៊ីប​ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស​មក ទីក្រុង​គែរ​បាន​ងាក​ទៅ​រក​ជំនួយ​ពី​អ្នក​ផ្សេង ដូច​យ៉ាង​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជា​ដើម។

គឺ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​អេហ្ស៊ីប​នេះ​ហើយ​ដែល​បារំាង​សង្ឃឹម​ទទួល​បាន​កិច្ចសន្យា​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អាល់ស៊ីស៊ី​ពេល​នេះ។ តែ​បញ្ហា​នៅ​ត្រង់​ថា បារំាង​ត្រូវ​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត មាន​រុស្ស៊ី ឬ​មួយ​ក៏​ចិន​ជា​ដើម។ នៅ​ដើម​ឆ្នំា ២០១៤ នេះ ទីក្រុង​ប៉ារីស​ទទួល​បាន​កុងត្រា​លក់​នាវាចម្បំាង​៤គ្រឿង​ទៅ​ឲ្យ​កម្លំាង​ជើងទឹក​អេហ្ស៊ីប និង​ដែល​សង្ឃឹម​ទទួល​បាន​ការ​កុម្មង់ទិញ​ចំនួន ២គ្រឿង​បន្ថែម​ទៀត។ ការ​ចរចា​ក៏​អាច​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ទំនើប​នូវ​ប្រព័ន្ធការពារ​ផ្លូវអាកាស ដូច​យ៉ាង​ការ​លក់​យន្តហោះ​ចម្បំាង Rafale ចំនួន ២៤គ្រឿង​ទៅ​ឲ្យ​ទ័ព​អាកាស​អេហ្ស៊ីប។

ក្រៅ​ពី​ទីផ្សារ​អាវុធ បារំាង​ក្នុង​នាម​ជា​អ្នកវិនិយោគ​លំដាប់​ទី៥ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ក៏​កំពុង​សម្លឹង​ឃើញ​ទីផ្សារ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ ៨០លាននាក់ ពិសេស​ការ​សាងសង់​រចនាសម្ព័ន្ធ​នានា មាន​ដូច​ជា​វិស័យ​ដឹកជញ្ជូន​សាធារណៈ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ