អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក នីកូឡា​ សាកូហ្ស៊ី​ ​លើ​វិថី​ឆ្ពោះ​ទៅ​រក​តំណែង​ប្រធានាធិបតី​បារាំង​ជា​ថ្មី​ម្តងទៀត ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក នីកូឡា​ សាកូហ្ស៊ី​ អតីត​ប្រធានាធិបតី​បារាំង ដែល​ទើប​កាលពីជាង​ពីរ​ខែ​មុន ​​បាន​ប្រកាស វិល​ចូល​ធ្វើ​នយោបាយ​វិញ បាន​ជាប់​ឆ្នោត​ជា​ថ្មី​នៅ​យប់មិញ ជា​ប្រធាន​គណបក្ស​ស្តាំនិយម​ UMP ជា​គណបក្ស​ប្រឆាំង។ ជាមួយ​នឹង​សំឡេង​គាំទ្រ ៦៤,៥% លោក​នីកូឡា សាកូហ្ស៊ី ដែល​នរណា​ដឹង​ថា​មាន​មហិច្ឆតា​ចង់​ក្លាយ​ជាប្រមុខ​ដឹក​នាំ​ប្រទេស​ ​ជា​ថ្មី បាន​តាំង​ជំហរ ដាក់​ខ្លួន​ក្នុង​ស្ថានភាព​ឃោសនា​ សម្រាប់​​បោះឆ្នោត​​​ប្រធានាធិបតី​បារាំង ២០១៧ រួច​ជា​ស្រេច​ទៅ​ហើយ។

លោក​ Nicolas Sarkozyអតីត​ប្រធានាធិបតី​បារាំង ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​UMP
លោក​ Nicolas Sarkozyអតីត​ប្រធានាធិបតី​បារាំង ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​UMP REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា យ៉ាង​សស្រាក់​សស្រាំ លោក​ នីកូឡា សាកូហ្ស៊ី បាន​ទទួល​សំឡេងគាំទ្រ​ត្រឹមតែ ៦៤,៥%​ប៉ុណ្ណោះ។ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ បើ​ប្រៀប​ទៅ​នឹង​កាល​ពី​១០​ឆ្នាំមុន។ នៅ​​ឆ្នាំ​២០០៤ លោក​នីកូឡា សាកូហ្ស៊ី​ធ្លាប់​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​បក្ស​UMP ក្នុង​សំឡេង​ ៨៥%។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សកម្មជន​របស់​លោក មិន​អាច​ស្រែក​ជ័យ​ឃោស មិន​បង្ហាញ​អំណរ​​ខ្លាំង​ក្លា​តាម​សន្ទុះ​ចិត្ត​បាន និង​បាន​ប្រឹង​សម្រួល​អារម្មណ៍​ ដោយ​លើក​ថា​អត្រា​នៃ​អ្នក​ចូល​បោះឆ្នោត​មាន​កំរិត​ខ្ពស់​ជាង​១០​ឆ្នាំ​មុន។

 

ម្យ៉ាង​វិញ​ទៀត គូប្រជែងដ៏​ចម្បង ដែល​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រោម​បង្គាប់​លោក​សាកូហ្ស៊ី ​បាន​ទទួល​សំឡេង​គាំទ្រ​ដល់​ ២៩%។ ជាមួយ​អត្រា​ខ្ពស់​នេះ លោក ​សាកូហ្ស៊ី គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​​ត្រូវ​ដឹកនាំ​ស្ថាបនា​បក្ស​​ ដែល​ប្រេះ​ឆា​ខ្លាំង តាំង​បរាជ័យ​ឆ្នាំ​២០១២​មក ដោយ​ត្រូវ​បង្ខំ​ចិត្ត​សហការ​ និង​រំពឹង​លើ​លោក Bruno Le Maire​ទេ ប្រសិន​បើ​ចង់​ឱ្យ​រូប​បក្ស​​លេច​ធ្លោ​និង​រួប​រួម​គ្នា​ឡើង​វិញ។

ភាព​ស្រពិច​ស្រពិលនៃ​ការ​បោះឆ្នោត​រើស​បេក្ខជន​ប្រធានាធិបតី​

លោក​នីកូឡា​សាកូហ្ស៊ីអាច​ប្រើ​ប្រាស់​តំណែងជា​ប្រធាន​បក្ស សម្រាប់​ជា​ប្រយោជន៍​ក្នុង​​ការ​តាំង​ខ្លួន​ជា​បេក្ខជន​ប្រធានាធិបតី​។

តាម​ធម្មតា មុន​នឹង​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​​ គណបក្ស​​នឹង​រៀប​ចំ​ការ​បោះឆ្នោត​បឋម​មួយ​ទៀត នៅ​ឆ្នាំ ២០១៦ ដើម្បី​ជ្រើសរើស​បេក្ខជន​តំណាង​បក្ស សម្រាប់ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៧។  ឥស្សរជន​នយោបាយ​បក្ស​ស្តាំ​និយម​UMP ពីរ​នាក់​រួច​មក​ហើយ​ដែល​បាន​ប្រកាស​ឈរ​ឈ្មោះ​ឱ្យ​សកម្មជន​បក្ស​ធ្វើ​ការ​ជ្រើសរើស នោះ​គឺ​លោក ហ្វ្រង់ស័រ​ហ្វីយ៉ុង អតីត​នាយក​រដ្ឋមន្ត្រី​សម័យ​លោក​នីកូឡា សាកូហ្ស៊ី​ ជា​ប្រធានាធិបតី​ និង​លោក​ អាឡាំង​ ហ្សូប៉េ ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​​បារាំង​ (ពី​ឆ្នាំ​១៩៩៥-៩៧)។ របៀប​រវាៈ​នៃ​ការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​នេះ មាន​ចែង​សព្វ​គ្រប់​ក្នុង​លក្ខន្តិកៈ​បក្ស​ ប៉ុន្តែ​គ្រប់​គ្នា គ្រប់​ភាគី​ជា​អ្នក​ប្រជែង​នឹង​លោក​នីកូឡា សាកូហ្ស៊ី មាន​មន្ទិល និង​សង្ស័យ​ខ្លាច​ក្រែង​តែ​លោក សាកូហ្ស៊ី នៅ​ពេល​បាន​ក្តោប​អំណាច​បក្ស​ក្នុង​ដៃ​ហើយ ប្រើ​វិធី​​កល​​យ៉ាង​ណា​កាយ​កប់​លក្ខន្តិកៈ​ច្បាប់​​ជ្រើស​រើស​បេក្ខជន​បក្ស​នេះ​ ដោយ​បង្វៀង​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រធាន​បក្ស​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការតែ​ម្តង។

នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ឡឺហ្វីហ្ការ៉ូ កាលពី​ថ្ងៃ​ទី ២៦ វិច្ឆិកា លោក​នីកូឡា​ សាកូហ្ស៊ី បាន​ព្រលយ​ពាក្យ​ថា នឹង​​ធ្វើ​ឱ្យ​មាន​តម្លាភាព ​នូវ​អ្វី ដែល​ហៅ​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​បក្ស នៅ​ឆ្នាំ​២០១៦ បេក្ខភាព​នឹង​បើក​ចំហ ប៉ុន្តែ​មិន​មែន​នរណា​ (អ្នក​ស្តាំ​និយម ឬ​កណ្តាល​និយម)​ ក៏​អាច​ចុះ​ឈ្មោះ​បាន​ឡើយ ! តើ​នេះ​មាន​ន័យ​ថា​ដូចម្តេច ?!

ធ្លាប់​ជា​អ្នកចាញ់​នៅ​ឆ្នាំ​២០១២ នៅ​ចំពោះមុខ​​​លោក​ហ្វ្រង់ស័រ​ហូឡង់ ​នៃ​បក្ស​ឆ្វេង​និយម​ ការ​វិល​ត្រលប់​របស់​លោក​សាកូហ្ស៊ី ដែល​បាន​ស្រែក​ក្តែងៗខ្លួន​ឯង​​ថា ប្តូរ​ឥរិយាបថ បាន​ទទួល​មេរៀន​ពីបរាជ័យ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កន្លង​ទៅ អាយុ​កាន់​តែ​ច្រើន​កាន់​តែ​ចេះ​ដឹង​ខុស​ត្រូវ តែ​តាម​រយៈ​ការ​ឃោសនាជាង​​ពីរ​ខែ​កន្លង​មក​នេះ លោក​នីកូឡា សាកូហ្ស៊ី មិន​បាន​ប្តូរ​ផ្លាស់​អ្វី​ទេ លោក​នៅ​តែ​ដដែល​ ក្អេង​ក្អាង​ វាយប្រហារ​​មិន​អាសូរ មិន​រើស​មុខ​​មិន​ថា​ជា​គូ​ប្រជែង​ផ្ទាល់​​ ឬ​ប្រយោល​ឡើយ។ ជា​ការ​វិល​ត្រលប់​ បង្កប់​ដោយ​ការ​សឹក​ និង​ទំនង​ដើម្បី​សម្រេច​បំណង​តែ​មួយ​គឺ​វិល​ទៅ​កាន់​វិមាន អេលីហ្សេ បើ​ទោះ​បី​ជា​រហូត​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​បាន​បញ្ចេញ​ពាក្យ​អ្វី​មួយ​ម៉ាត់​ ចេញ​ពី​មាត់​លោក​ទាក់​ទង​បេក្ខភាព​ប្រធានាធិបតី​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ