ការបំពុលបរិយាកាស៖ បារាំងចាត់វិធានការតំរូវអោយរថយន្តផ្លាកលេខគូនិងសេស ធ្វើដំណើរឆ្លាស់គ្នាមួយថ្ងៃម្នាក់
នៅក្រុងប៉ារីស និងជាយក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃចន្ទនេះ រដ្ឋាភិបាលបានចាត់វិធានការអនុញ្ញាតអោយរថយន្តពាក់ផ្លាកលេខគូ និងសេស ធ្វើដំណើរឆ្លាស់គ្នា មួយថ្ងៃម្នាក់ ដើម្បីប្រឆាំងការបំពុលបរិយាកាស ដែលបង្កឡើងដោយសារធាតុល្អិតឆ្មារ។ អ្នកធ្វើដំណើរតាមរថយន្តក្រុង រឺរទេះភ្លើង នៅក្រុងប៉ារីស និងជាយក្រុងប៉ារីស មិនចាំបាច់បង់ប្រាក់កាសអ្វីទេ។ នេះជាវិធានការពិសេសប្រឆាំងការបំពុលបរិយាកាស លើកទី១ គិតចាប់ពីឆ្នាំ១៩៩៧មក។ ដោយសារវិធានការនេះ ក្រុមហ៊ុនដឹកអ្នកដំណើររបស់រដ្ឋ ត្រូវខាតបង់ថវិកាប្រមាណ២លាន៥សែនអឺរ៉ូ ក្នុងមួយថ្ងៃ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥១
នៅបារាំង ថ្ងៃចន្ទនេះ សារធាតុល្អិតឆ្មារបង្កដោយរថយន្ត រឺសកម្មភាពឧស្សាហកម្មផ្សេងៗ នៅតែបន្តបំពុលបរិយាកាសទីក្រុងប៉ារីស និងជាយក្រុងប៉ារីសដដែល។ ថ្វីបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ ស្ថានភាពបរិយាកាស បានប្រសើរឡើងវិញបន្តិចក្តី ផ្នែកឧតុនិយមបារាំងបានព្យាករណ៍ថា ស្ថានភាពនេះនឹងធ្លាក់ចុះវិញ នៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។
ប្រឈមនឹងការបំពុលបរិយាកាស រដ្ឋាភិបាលបារាំងបានចាត់វិធានការតំរូវអោយរថយន្តពាក់ផ្លាកលេខគូ និងសេស ធ្វើដំណើរឆ្លាស់គ្នាមួយថ្ងៃម្នាក់ នៅក្រុងប៉ារីស និងជាយក្រុងប៉ារីស។ ថ្ងៃចន្ទនេះ ជាថ្ងៃទី១៧មីនា ១៧ជាលេខសេស ដូច្នេះ រថយន្តពាក់ផ្លាកលេខសេសអាចបើកបរបាននៅក្នុងក្រុងប៉ារីស និងនៅជាយក្រុងប៉ារីស។ រថយន្តពាក់ផ្លាកលេខគូ មិនអាចបើកបរបានទេ។ ម្ចាស់រថយន្តពាក់ផ្លាកលេខគូ ត្រូវចាំថ្ងៃស្អែក ទើបអាចបររថយន្តបាន។ ទោះយ៉ាងនេះក្តី រថយន្តពាក់ផ្លាកលេខគូ រឺសេសក្តី អាចបើកបរបានគ្រប់ពេល ប្រសិនបើរថយន្តនោះប្រើថាមពលអគ្គិសនី ឬអាគុយ រឺក៏ដឹកអ្នកដំណើរចាប់ពី៣នាក់ឡើងទៅ។ តាក់ស៊ី រថយន្តដែលដឹកឥវ៉ាន់ពេលរើផ្ទះសំបែង រថយន្តដឹកសិស្សសាលា និងរថយន្តការដ្ឋានសំណង់ អាចធ្វើដំណើរបានគ្រប់ពេលផងដែរ។ ដោយឡែក អ្នកបើកបរត្រូវគោរពល្បឿនកំណត់។ រថយន្តបង្កបទល្មើសនឹងត្រូវទទួលពិន័យបង់ប្រាក់២២អឺរ៉ូ។
ក្នុងការប្រឆាំងការបំពុលបរិយាកាសនេះដែរ អ្នកដំណើរមិនចំណាយប្រាក់កាស ក្នុងការធ្វើដំណើរតាមរថយន្តក្រុងរឺរទេះភ្លើង នៅប៉ារីស និងជាយក្រុងប៉ារីសទេ ដើម្បីជាការទប់សងអោយរថយន្តមានផ្លាកលេខ ដែលមិនអាចចរាចរណ៍ ក្នុងថ្ងៃសេស រឺគូនោះ។ ដោយសារវិធានការនេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើររបស់រដ្ឋត្រូវខាតបង់ពីរលាន៥សែនអឺរ៉ូ ក្នុងមួយថ្ងៃ។
រដ្ឋាភិបាលបានប្រកាសអនុវត្តវិធានការពិសេសនេះ កាលពីថ្ងៃសៅរ៍កន្លងទៅ ពោលគឺ៨ថ្ងៃប៉ុណ្ណោះ មុនពេលបារាំងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាក្រុង។ បក្សប្រឆាំងស្តាំនិយមUMP របស់អតីតប្រធានាធិបតីសាកូហ្ស៊ី បានរិះគន់ថា បក្សកាន់អំណាចចាត់វិធានការនេះ យឺតពេល។ វាជាវិធានការបិទបាំងភាពអសកម្មរបស់បក្សកាន់អំណាច ក្នុងការដឹកនាំប្រទេសតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ