អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​បារាំង​កំពុង​ឈានជើង​ចូលមក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​បញ្ហា​ដ៏ក្តៅគគុក​មួយ ដែល​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​ដេញដោលគ្នា​ស្ទើរតែ​ជាប់ជាប្រចាំ​ឥតដាច់។ បញ្ហា​នេះ​អាច​នឹង​ក្លាយ​ជា​ចំណុច​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថែម​ទៀត នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​ក្នុង​ពេល​ដែល​មេដឹកនាំ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ត្រូវ​ជួបគ្នា នៅ​ក្នុង​ជំនួបកំពូល​អាស៊ាន នៅ​ក្នុង​ប្រទេស​ឡាវ។ ជាទូទៅ កាលណា​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ គេ​ច្រើន​តែ​និយាយ​ពី​អាមេរិក ចិន និង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ មិនសូវ​ជា​និយាយ​ដល់​ប្រទេស​មួយ​ទៀត គឺ​បារាំង ដែល​ជា​ប្រទេស​មួយ​មាន​ផលប្រយោជន៍​យ៉ាងច្រើន​ដែរ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ដែល​ក្នុង​មួយរយៈកាលចុងក្រោយ​នេះ​ក៏​ហាក់ដូចជា​បាន​លូកដៃ​ចូល​មក​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​ដែរ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​ក្នុង​ជំនួបកំពូល G20 នៅ​ក្នុង​ប្រទេស​ចិន មុននឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម
លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​ក្នុង​ជំនួបកំពូល G20 នៅ​ក្នុង​ប្រទេស​ចិន មុននឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម REUTERS/Rolex dela Pena/Pool
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​អាស៊ាន​​និង​អាស៊ីបូព៌ា​ដែល​ចាប់បើក​ធ្វើ​​នៅ​ក្នុង​ប្រទេស​ឡាវ​នៅ​ថ្ងៃ​នេះ​មិនមាន​វត្តមាន​បារាំង​នោះទេ ព្រោះបារាំង​មិន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង៨​ជាដៃគូ​អាស៊ាន។ ក៏ប៉ុន្តែ បារាំង​ក៏​មិនមែន​អវត្តមាន​ទាំងស្រុង​ពី​តំបន់​អាស៊ី​នោះដែរ។ លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ហូឡង់ កំពុងតែ​មមាញឹក​នៅ​អាស៊ី​ តាំង​ពី​ចុងសប្តាហ៍​មុន​ម៉្លេះ។ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ជំនួបកំពូល​ក្រុម​ប្រទេស G20 នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​ឆ្លៀត​ជួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ជាច្រើន​នៅ​អាស៊ី រួមមាន​ទាំង​ប្រធានាធិបតី​ចិន​ផង លោក​ប្រធានាធិបតី​បារាំងបាន​បន្ត​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម។

រដ្ឋាភិបាល​បារាំង​បាន​ឲ្យដឹង​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ របស់​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​វៀតណាម ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ទំនាក់ទំនង​ជា​យុទ្ធសាស្រ្ត​ទ្វេភាគី​ជាមួយ​វៀតណាម​ផង និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ជាទូទៅ​ផងដែរ។

ក៏ប៉ុន្តែ គេ​មិន​ត្រូវ​ភ្លេចទេ​ថា វៀតណាម គឺ​ជា​ប្រទេស​ដែល​កំពុង​ជាប់ជម្លោះ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង ហើយ​ជាទូទៅ​តែងតែ​ប្រកាន់ជំហរ​តឹងរ៉ឹង​ជាងគេ​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះនេះ។ ហើយ​ដំណើរទស្សនកិច្ច​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​វៀតណាម​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស ២ផ្សេងទៀត គឺ​លោក​អូបាម៉ា និង​លោក​ណារិនដ្រា ម៉ូឌី ដែល​សុទ្ធតែ​កំពុង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

គេ​សង្កេតឃើញ​ថា បារាំង​បាន​ចាប់ផ្តើម​លូកដៃ លូកមាត់ ចូល​មក​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ចាប់តាំង​ពី​ខែមិថុនា​កន្លងទៅ។ នៅឯ​វេទិកា​សន្តិសុខ​អាស៊ី (Shangri-la Dialogue) ដែល​រៀបចំ​ធ្វើ​នៅ​សិង្ហបុរី កាល​ពីថ្ងៃ​ទី៥​មិថុនា លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្រ្តី​ការពារជាតិ​បារាំង​បាន​ប្រកាស​ឲ្យដឹង អំពី​ការផ្តួចផ្តើម​គំនិត​របស់​បារាំង ក្នុងការ​ជំរុញ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប បើក​​​ប្រតិបត្តិការ​រួម​​ក្នុងការ​ល្បាតដែនសមុទ្រ​ជា​លក្ខណៈ​ទៀងទាត់​នៅ​ក្នុង​តំបន់​អាស៊ី។ ប្រតិបត្តិការ​ល្បាតដែនសមុទ្រ​បែបនេះ​ហើយ ដែល​អាមេរិក​តែងតែ​ធ្វើ​ជា​ប្រចាំ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ដែល​តែងតែ​នាំ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​នឹង​ចិន។

បន្ថែម​ពីលើ​នេះ​ទៅទៀត កាលពី​ខែ​កក្កដា ​​ក្រោយ​ពី​​តុលាការអាជ្ញាកណ្តាល​ក្រុង​ឡាអេ សម្រេច​ថា ការទាមទារ​របស់​ចិន​នៅ​ក្នុងតំបន់​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ការ​រំលោភ​ទៅលើ​ច្បាប់​អន្តរជាតិ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​ទទួលស្គាល់​សេចក្តីសម្រេច​នេះ បារាំង​បាន​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប ក្នុងការ​​ទាមទារ​ជាសាធារណៈ​ឲ្យ​ “គ្រប់ភាគី​ទាំងអស់​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ និង​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន ដូចដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​អ.ស.ប ស្តីពី​ច្បាប់​សមុទ្រ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ”។

គេ​អាច​ចោទជា​សំណួរ​​ថា តើ​បារាំង​មាន​ផលប្រយោជន៍​អ្វី ដែល​ចូល​ខ្លួន​មក​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ ដែល​នៅ​ចម្ងាយ​រាប់ម៉ឺន​គីឡូម៉ែត្រ​ពី​ប្រទេស​របស់​ខ្លួន​បែបនេះ?

តាមពិត បារាំង​ថ្វីដ្បិតតែ​ជា​ប្រទេស​នៅ​ឯ​តំបន់​អឺរ៉ុប ក៏ប៉ុន្តែ មាន​ដែនដី​​ជា​ច្រើន​នៅ​ឯនាយសមុទ្រ ជាពិសេស ដែនដី​ដែល​ជា​កោះ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា ហើយ​បារាំងគឺ​​ជា​ប្រទេស​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក។ តំបន់សេដ្ឋកិច្ច​ផ្តាច់មុខ​ដែល​លាតសន្ធឹង​រហូត​ទៅដល់​ចម្ងាយ ២០០ម៉ៃល៍​ពីឆ្នេរ​ស្រប​ទៅតាម​អនុសញ្ញា​អ.ស.ប​ស្តីពី​ច្បាប់​សមុទ្រ។

គិតជាសរុប បារាំង​មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​នេះ​រហូតដល់​ទៅ​ជាង ១១លាន​គីឡូម៉ែត្រ​ការ៉េ ដោយ​នៅ​ក្នុង​ចំណោម​នោះ មាន​រហូតដល់​ទៅ ៦២% ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង ២៤% នៅ​ក្នុង​មហាសមុទ្រឥណ្ឌា។ ចំណែកឯ​​​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់​មួយ ដែល​តភ្ជាប់​ពី​មហាសមុទ្រ​ឥណ្ឌា ទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​នៅមិនទាន់​និយាយ​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស ដែល​មាន​មួយ​ផ្នែក​ធំ​ត្រូវ​ដឹកជញ្ជូន​តាម​សមុទ្រ​​ឆ្លងកាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង។

ដូច្នេះ ការ​គោរព​ច្បាប់​សមុទ្រ ស្ថិរភាព​និង​សន្តិសុខ​នៃ​ដែន​សមុទ្រ និង​ជា​ពិសេស សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​ដំណើរ​តាម​សមុទ្រ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិសុខ​ជាតិ​របស់​បារាំង។

បន្ថែម​ពីលើ​នេះ​ទៅទៀត បារាំង​គឺ​ជា​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ​ដ៏​ធំមួយ​នៅលើ​ពិភពលោក ហើយ​អាស៊ី​គឺ​ជា​ទីផ្សារ​ដ៏សំខាន់​មួយ សម្រាប់​ឧស្សាហកម្ម​សព្វាវុធ​របស់​បារាំង។

កាលពីពេលថ្មីៗ​នេះ បារាំង​ទើប​នឹង​បាន​ចុះ​កិច្ចសន្យា​ដ៏សម្បើម​មួយ លក់​នាវាមុជទឹក​រហូតដល់​ទៅ ១២គ្រឿង​ ទៅ​ឲ្យ​អូស្រ្តាលី ហើយ​​បារាំង​កំពុងតែ​ចរចា​យ៉ាង​សកម្ម ក្នុងការ​លក់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​ឥណ្ឌា។ នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​វិញ បារាំង​បានចូលរួម​យ៉ាងសកម្ម​ជួយ​ម៉ាឡេស៊ី ក្នុងការ​បង្កើត​កង​នាវាមុជទឹក ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សិង្ហបុរី ក្នុង​វិស័យ​​យោធា។

នៅ​ក្នុង​ពេល​ដែល​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់តែ​កើនឡើង តម្រូវការ​គ្រឿងសព្វាវុធ​នៅ​អាស៊ី​ ជាពិសេស ខាងផ្នែក​ទ័ព​ជើងទឹក និង​ទ័ពអាកាស ក៏​អាច​នឹង​ត្រូវ​កើនឡើង​កាន់តែ​ខ្លាំងថែមទៀត។ ដូច្នេះ ការចូល​ពាក់ព័ន្ធ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ អាច​ជា​ឱកាស​មួយ សម្រាប់​បារាំង ក្នុងការ​ពង្រីក​ចំណែក​ទីផ្សារ​សព្វាវុធ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ