អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុងបាងកកកំពុងបន្តក្លាយជាសមរភូមិប្រយុទ្ធរវាងពួកអាវក្រហម និងទ័ពរដ្ឋាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៥ ឧសភា​នេះ​ទៀត ទីក្រុង​បាងកក​កំពុង​បន្ត​ក្លាយ​ជា​ឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ហិង្សា​រវាង​ ក្រុម​បាតុករ​អាវ​ក្រហម និង​ទ័ព​រដ្ឋាភិបាល។ គិត​តំាង​ពី​ថ្ងៃ​ផ្ទុះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ឧសភា​មក អំពើ​ហឹង្សា​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ២០នាក់ និង​របួស​យ៉ាង​តិច ១៤១​នាក់​ផ្សេង​ទៀត។

ទាហាន​ថៃ​កំពុង​បន្ត​រុល​ទៅ​មុខ ដើម្បី​ប្រឈម​ទប់​នឹង​ពួក​អាវក្រហម
ទាហាន​ថៃ​កំពុង​បន្ត​រុល​ទៅ​មុខ ដើម្បី​ប្រឈម​ទប់​នឹង​ពួក​អាវក្រហម ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈពេល​ខ្លី​មក ស្នូរ​កំាភ្លើង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​យ៉ាង​ខ្ទរខ្ទារ​នៅ​ក្នុង​ទីក្រុង​បាងកក​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ឧសភា។ តែ​គ្រាប់​កំាភ្លើង មាន​ទំាង​គ្រាប់​ជ័រ លាយ​ឡំ​នឹង​គ្រាប់​មែន​ទែន មិន​បាន​ធ្វើ​ឲ្យ​ពួក​បាតុករ​អាវក្រហម​បាក់​ស្មារតី​ឡើយ។ ពួក​គេ​នៅ​តែ​បន្ត​ក្រាញ​ននៀល​នៅ​ក្នុង​ជំរំ​មួយ​ស្ថិត​ក្នុង​សង្កាត់​ពាណិជ្ជកម្ម Rachaprasong ដែល​ពួក​គេ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​របង​ឫស្សី និង​កង់ឡាន​អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក។ នៅ​ពេល​នេះ ទាហាន​កំពុង​ឡោមព័ទ្ធ​ជំរំ​នោះ ដោយ​បាន​បិទ​ច្រក​ចេញ ចូល។ តែ​គេ​នៅ​ទាន់​ដឹង​ទេ ថា​តើ​នៅ​ពេល​ណា​ទៅ ដែល​ទ័ព​នឹង​ផ្តើម​ប្រតិបត្តិការ​វាយ​បំបែក​ជំរំ​នោះ។

 
លោក Nim Somprasong ជា​បាតុករ​អាវ​ក្រហម​ម្នាក់​បាន​បញ្ជាក់​ថា ទាហាន​បាន​បាញ់​តម្រង់​លើ​ហ្វូង​បាតុករ​ដោយ​មិន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ទេ។ លោក Nim Somprasong បាន​និយាយ​យ៉ាង​ដូច្នេះ៖ « ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ជ្រុល​ហួស ដោយ​គ្មាន​បង្ហាញ​ភស្តុតាង​ច្បាស់​លាស់។ ទាហាន​បាន​ធ្វើ​ការ​បាញ់​រះ ដោយ​មិន​បាន​ពិចារណា​អ្វី​ទំាង​អស់ ពិសេស ពួក​គេ​មិន​បាន​ចោទ​សួ​ខ្លួន​ឯង​ទេ​ថា ពួក​យើង​ក៏​ជា​ជនជាតិ​ថៃ​ដូច​ពួក​គេ​ដែរ។ ពួក​គេ​បាន​ចោទ​ពួក​យើង​ថា ជា​ពួក​ភេរវជន។ ខ្ញុំ​គិត​ថា ការ​ចោទ​របៀប​នេះ គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ធ្វើ​ការ​វាយបង្រ្កាប​តែ​ប៉ុណ្ណោះ។ យើង​មាន​តែ​ដំបង ដើម្បី​ការពារ​ខ្លួន។ ចំណែក​ឯ​ពួក​ទាហាន​វិញ គេ​បាន​ប្រើ​ប្រាស់​សុទ្ធ​តែ​អាវុធ​ទំនើបៗ មាន​ទំាង​អាវុធ​ស័្វយប្រវត្តិ M១៦ ទៀត​ផង »។

ជាមួយនឹងការបាញ់រះយ៉ាងកម្រោលនេះបានជម្រុញឲ្យក្រុមបាតុករមិនអាចទប់កំហឹងរបស់ខ្លួនបាន។ការជេរប្រមាជលាយឡំនឹងការគប់ដបសំាងនិងដុំថ្មក៏បានកើតមានឡើងទៅលើហ្វូងទាហានដែលស្ថិតនៅចំងាយប្រមាណ២០០ម៉ែត្រពីពួកបាតុករ។បាតុករម្នាក់ទៀតដែលមិនបញ្ចេញឈ្មោះក៏មិនអាចទប់កំហឹងរបស់ខ្លួនបានទេ។បាតុករ​រូប​នោះ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា « ពួក​ទាហានដែល​នៅ​ទីនេះ​គឺ​ដើម្បី​សម្លាប់​រង្គាល​ពួក​យើងនិង​សម្លាប់​ហ្វូង​មនុស្ស​នៅ​ទីនេះ។យើង​នឹង​បន្ត​តស៊ូ​ទប់ទល់​ជា​មួយ​ពួក​គេ​ រហូត​ដល់នាទី​ចុង​ក្រោយ​។ពួក​យើង​ជា​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​តែ​ពួក​គេ​បាន​បាញ់​រះ​មក​លើ​ពួក​យើង​ដោយ​គ្រាប់​កាំភ្លើង​មែនទែន។ នៅទីនេះពួកយើង​គ្មាន​អាវុធ​ទេ »។ សំណួរ​ដែល​កំពុង​ចោទ​ឡើង​នោះ​គឺ​ថា តើ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ពេល​នេះគឺ​ជា​សង្រ្គាម​ស៊ីវិល​ឬ យ៉ាង​ណា ?

សម្រាប់​លោក Shawn Bung-prakorn ដែល​ជា​អ្នក​នំា​ពាក្យ​ម្នាក់​របស់​ចលនា​ពួក​អាវ​ក្រហម​បាន​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា៖ « យើង​កំពុង​ប្រឈម​មុខ​នឹង​កំលំាង​ទាហាន​ដែល​ពួក​គេ​គ្មាន​បទពិសោធន៍​ក្នុង​ការ​ទប់ទល់​នឹង​ជន​ស៊ីវិល​ទេ។ អំពើហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស និង​របួស​នា​ពេល​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិបត្តិ​នយោបាយ​កំពុង​នំា​ប្រទេស​ថៃ​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល។ ពួក​អាវ​ក្រហម​មិន​ចុះ​ញ៉ម​ទេ ពួក​គេ​បន្ត​នំា​គ្នា​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឆ្ងាយៗ មក​កាន់​ទីក្រុង​បាងកក។ យើង​បាន​ធ្វើ​សំណើ​ចំនួន​ពីរ​ទៅ​កាន់​រដ្ឋាភិបាល ទីមួយ៖ បញ្ឈប់​អំពើហិង្សា ដើម្បី​ចៀសវាង​ការ​ស្លាប់​មនុស្ស​ជា​ថ្មី និង​ទីពីរ៖ ឲ្យ​ដក​កំលំាង​ទាហាន​ចេញ​ពី​ទីក្រុង។ តែ​រដ្ឋាភិបាល​បាន​ចាត់​ទុក​សំណើ​ខាង​លើ​ថា ជា​រឿង​អាម៉ាស​មុខ​មួយ​ទៅ​វិញ។ អីចឹង​មាន​ន័យ​ថា អំពើហិង្សា​នឹង​ត្រូវ​ផ្ទុះ​ជា​ថ្មី នៅ​រាត្រី​នេះ ដោយ​ចៀស​មិន​រួច »។

គ្រាន់​តែ​ជាង​២៤​ម៉ោង​ប៉ុណ្ណោះ វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​ធ្ងន់ធ្ងរ និង​ដែល​គ្មាន​ភាគី​ណា​មួយ​ត្រៀម​ខ្លួន​នឹង​សម្រប​សម្រួល​ដោយ​សន្តិវិធី។ នៅ​មាន​តួអង្គ​សំខាន់​ពីរ​រូប​ផ្សេង​ទៀត​គឺ ព្រះមហាក្សត្រ ព្រះចៅ​ភូមិបុលអាឌូយ៉ាដេត និង​លោក​អតីត​នាយក​រដ្ឋមន្រ្តី​​ថៃ​ថាក់ស៊ីន។ ព្រះចៅ​ភូមិបុលអាឌូយ៉ាដេត​ដែល​កំពុង​គង់​ព្យាបាល​ក្នុង​មន្ទីរពេទ្យ នៅ​មិន​ទាន់​មាន​ព្រះរាជ​បន្ទូល​អ្វី​ទំាង​អស់។ ចំណែក​តួអង្គ​ថាក់ស៊ីន​វិញ​បាន​ត្រឹម​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ជាថ្មី​ឡើង​វិញ។ ក៏ប៉ុន្តែ​សំណួរ​ដែល​ចោទ​នោះ​គឺ​ថា តើ​ស្ថានការណ៍​បាន​ធ្លាក់​ដល់​ម្លឹង​ហើយ​ លោក​ថាក់ស៊ីន​នៅ​តែ​មាន​ឥទ្ធិពល និង​ទឹកមាត់​ប្រៃ​ដើម្បី​និយាយ​ជាមួយ​ពួក​អាវ​ក្រហម​ទៀត ឬ​យ៉ាង​ណា ?
បើ​ពិនិត្យ​ជា​រួម​ទៅ ចលនា​របស់​ពួក​អាវក្រហម​ពេល​នេះ​ហាក់​បាន​ប្រែ​ក្លាយ​ទៅ​ជា​ចលនា​សង្គម​មួយ ដែល​មិន​មែន​តែ​ដើម្បី​លោក ថាក់​ស៊ីន​តែ​ម្នាក់​គត់​ទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ