អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ចាប់​កាត់​បន្ថយ​មែន​​បរិមាណ​ឧស្ម័ន​ដែល​បង្ហូ​ទៅ​ប្យេឡូរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទៅ​តាម​ការផ្ទុកផ្តាក់​របស់​លោក​ប្រធានាធិបតី រុស្ស៊ី Medvedev ក្រោយ​ពី​ម៉ោង ១០​ព្រឹកមិញ​ផុត​ទៅ រយៈពេល ៥​ថ្ងៃ​ដែល​បាន​ត្រូវ​កំហិត​ទុក​សំរាប់​ភាគី​ប្យេឡូរុស្ស៊ី សង​មក​រុស្ស៊ី​នូវ​បំណុល​ដែល​រដ្ឋប្យេឡូរុស្ស៊ី ជំពាក់​ក្រុមហ៊ុន​រដ្ឋរុស្ស៊ី​ខាង​ឧស្ម័ន Gazprom ក្នុង​ទឹកប្រាក់ ១៩២​លាន​ដុល្លារ ស.រ.អា. និង​ក្រោយ​ពី​កិច្ច​ចរចា​ជុំវិញ​សាច់រឿង​ដែល​មាន​មក​ទល់​ម៉ោង​នោះ បាន​ចប់​ទៅ ដោយ​គ្មាន​លទ្ធផល​ទេ។ ទោះ​យ៉ាងណា​ក្តី ​កាត់​បន្ថយ​បណ្តើរ កិច្ច​ចរចា នៅ​បន្ត​ប្រព្រឹត្ត​ទៅ​បណ្តើរ ទៅ​តាម​អនុសាសន៍​លោក​ប្រមុខ​រដ្ឋរុស្ស៊ី។សំនួរ​ដែល​ចោទ តើ​ការកាត់​បន្ថយ​នេះ​អាច​ជះ​ឥទ្ធិពល ឬ​ទេ ទៅ​លើ​ប្រទេស​មួយ​ចំនួន នៃ​សហភាព​អឺរ៉ុប ដែល​ទទួល​ឧស្ម័ន​រុស្ស៊ី​សំរាប់​តម្រូវការ​ខ្លួន ពិតជា​ហូរ​ឆ្លងកាត់​តាម​ដែនដី ប្យេឡូរុស្ស៊ី​តែម្តង។ ជា​ពិសេស ទីក្រុង Minsk បាន​ព្រមាន​ម៉ូស្គូ​ទៅ​ហើយ​ថា បើ​ការកាត់​បន្ថយ​នេះ ដែល​ឥឡូវ​មាន​ទំហំ ១៥%​សិន នឹង​ឡើង​សន្សឹមៗ លុះដល់ ៨៥% នោះ​ប្យេឡូរុស្ស៊ី​មុខ​ជា​នឹង​បង្ខំ​ចិត្ត​បូម​យក​ខ្លះៗ ពុំខាន​សំរាប់​តម្រូវការ​ខ្លួន​នូវ​ឧស្ម័ន​របស់​រុស្ស៊ី​ដែល​បង្ហូរ​កាត់ ដែនដី​ខ្លួន​ទៅ​អឺរ៉ុប​ខាងលិច។

ប្រធានា​ធិបតី​រុស្ស៊ី​​ជួប​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​Gazprom
ប្រធានា​ធិបតី​រុស្ស៊ី​​ជួប​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​Gazprom © reuters
ផ្សាយពាណិជ្ជកម្ម

បេឡូរុស្ស៊ី​ធ្លាក់ខ្លួន​ជំពាក់​បំណុល​នេះ មក​ពី​ភាគី​នេះ​នៅ​តែ​បន្ត​បង់​មក​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី Gazprom តាម​ថ្លៃ​ចាស់​ដដែល គឺ​ថ្លៃ​ឧស្ម័ន​ដែល​មាន​កំណត់ទុក​សំរាប់​ឆ្នាំ​មុន ឆ្នា២០០៩ គឺ​ត្រឹម ១៥០$/១.០០០ម ប៉ុន្តែ​សំរាប់​ឆ្នាំ ២០១០​នេះ ថ្លៃ​នៃ​ឧស្ម័ន​ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​ បេឡូរុស្ស៊ី គឺ​ឡើង​ដល់ ១៦៩$ ទៅហើយ​ក្នុង​១.០០០ម។ ហេតុ​ដែល​ធ្វើ​ឲ្យ​បំណុល​ដែល​បេឡូរុស្ស៊ី​ជំពាក់​ក្រុង​ម៉ូស្គូ ឡើង​ដល់​១៩២​លាន​ដុល្លារ​ទៅ​ហើយ។

បើ​បេឡូរុស្ស៊ី នៅតែ​រឹងត្អឹង​បង់​តាមថ្លៃ​ចាស់​ដដែល នោះ​ទៅទល់​ចុង​ឆ្នាំ ២០១០​នេះ បំណុល​នេះ​អាច​ឡើង​ដល់​៥០០ ឬ ៦០០​លាន​ដុល្លារ​ឯណោះ។ កំរិត​នៃ​តម្លៃ​ឧស្ម័ន មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ចុះ​សំរាប់​អំឡុង​ពេល ៥ឆ្នាំ រវាង​រុស្ស៊ី និង បេឡូរុស្ស៊ី កាល​ពី​យប់​ថ្ងៃ ៣១​ធ្នូ​ឆ្នាំ ២០០៦ ហៀប​ឆ្លង​ចូល​ឆ្នាំ២០០៧។ ឯកសារ​ដែល​មាន​ចុះ​សំរាប់ ៥ឆ្នាំ​នោះ ប្រមើល​នូវ​រូបមន្ត ដែល​ចែង​អំពី​មេគុណ​នៃ​តម្លៃ​ដែល បេឡូរុស្ស៊ី​ត្រូវ​បង់​មក​ឲ្យ​រុស្ស៊ី គឺ​ថា៖

-មុនដំបូង ក្នុងឆ្នាំ ២០០៧ គឺ​បង់​តាម​មេគុណ ០,៥៤ នៃ​តម្លៃ ១៨៧​ដុល្លារ​កន្លះ ឬ ១០០​ដុល្លារ ក្នុង ១.០០០​ម
- បន្ទាប់​មក​ក្នុង​ឆ្នាំ ២០០៨ មេគុណ​នេះ​ឡើង​ដល់ ០,៦៧ ឫ ១២៥​ដុល្លារ
- តមកទៀត ក្នុងឆ្នាំ ២០០៩ មេគុណ​នេះ​ឡើង​ដល់ ០,៨០ ឬ​ដល់ ១៥០​ដុល្លារ
- ហើយ​ក្នុង​ឆ្នាំ ២០១០​នេះ មេគុណ​នេះ គឺ​ក្នុង​កំរិត ០,៩០ ទៅ​ហើយ ឬ​ដល់ ១៦៩​ដុល្លារ
- លុះ​ក្នុង​ឆ្នាំ​ក្រោយ ឆ្នាំ២០១១ មេគុណនេះ នឹងឡើងដល់ ១,០គត់ ឬ ១០០% នៃតម្លែ
 ១៨៧​ដុល្លារ​កន្លះ ក្នុង  ១.០០០មដែល​ម៉ូស្គូ​ត្រូវ​លក់​ទៅ​ឲ្យ​បេឡូរុស្ស៊ី។

ឥរិយាបថ​ដែល​បេឡូរុស្ស៊ី ប្រកាន់​ក្នុង​រឿង​បំណុល​នេះ​គឺ​ថា ខ្លួន​ឥត​ជំពាក់​បំណុល​រុស្ស៊ី​អ្វី​ណា ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ក្រុមហ៊ុន​រុស្ស៊ី Gazprom ទេតើ ដែល​ជំពាក់​បេឡូរុស្ស៊ី ដល់​ទៅ​២០០ លាន​ដុល្លារ​ចំពោះ​ថ្លៃ​ឈ្នួល​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​ឆ្ពោះ​ទៅ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប តាម​បំពង់​ដែល​លូន​ឆ្លងកាត់​ដែនដី បេឡូរុស្ស៊ី ទៅកាន់​ប្រទេស​បែប​យ៉ាង ប៉ូឡូញ និង អាល្លឺម៉ង់​ជាដើម។

ស្រប​នឹង​កិច្ច​ព្រមព្រៀង​ចុះ​សំរាប់ ៥ឆ្នាំនោះ ថ្លៃ​ឈ្នួល​បង្ហូរ​នោះ មុន​ដំបូង​មាន​កំណត់ ក្នុង​តម្លៃ
១ ដុល្លារ​៤៥សេន ចំពោះ​ការបង្ហូរ​ឧស្ម័ន​រុស្ស៊ី បរិមាណ ១.០០០ម ទៅ​ចម្ងាយ រាល់តែ ១០០​គម។ ហើយ​ថ្លៃ​ឈ្នួល​បង្ហូរ​នេះ​ចេះ​តែ​កើន​ឡើង ជា​បន្ត​បន្ទាប់​ទៅដែរ លុះ​ដល់​ជិត ២​ដុល្លារ​ទៅ​ហើយ។
ដូច្នេះ តាម​យោបល់​ទីក្រុងMinsk បើ​ទូទាត់​បំណុល​ដែល​រុស្ស៊ី​ជំពាក់ បេឡូរុស្ស៊ី​ដែរ គឺ​រួចគ្នា​ទៅហើយ គ្មាន​នរណា​ជំពាក់​នរណា​ទេ។ ប៉ុន្តែ​រុស្ស៊ី មិន​ទទួល​ស្គាល់​ថា ខ្លួន​ជំពាក់​បំណុល​បេឡូរុស្ស៊ី​ឡើយ ពីព្រោះ បេឡូរុស្ស៊ី​រុញច្រាន​ចេញ​មក​នូវ​ការទាមទារ​នេះ​ដោយ​គ្មាន​តឹកតាង អ្វី​ជា​សំអាង​សោះ។

ជា​លទ្ធផល​នៃ​កិច្ច​ចរចា​ជាបន្ទាន់ តាំង​ពី​ម៉ោង ៧ព្រឹកមិញ​មក បេឡូរុស្ស៊ី​ក៏​សុខចិត្ត​សារភាព ទទួល​ស្គាល់​ថា ខ្លួន​ជំពាក់​បំណុល​ម៉ូស្គូ ១៩២​លាន​ដុល្លារ​មែន។ ប៉ុន្តែ​សុំ​សង​បំណុល​នេះ គឺ​ដោយ​បញ្ជូន​មក​ឲ្យ​រុស្ស៊ី ជា​គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ផ្សេងៗ​ទៀត។ ចំណែក​ម៉ូស្គូ សុខចិត្ត​ទទួល​សំណង​ពី​ខាង​បេឡូរុស្ស៊ី គឺតែ​ជា​លុយ​ប៉ុណ្ណោះ​មិនមែន​ជា​ទំនិញ​ទេ។ ម៉ូស្គូ​យោង​លើ ទឡ្ហីករណ៍​ដែល​ថា ៖ “ស្រប​នឹង​ច្បាប់​រុស្ស៊ី បរទេស​ដែល​ជំពាក់​បំណុល​រុស្ស៊ី​អាច​បង់​មក​ឲ្យ រុស្ស៊ី គឺតែ​ជា​រូបិយវត្ថុ​បរទេស​ប៉ុណ្ណោះ ពុំនោះ​សោតទេ គឺ​វា​ផ្ទុយ​នឹង​ច្បាប់​ដែល​មាន”។

ម្យ៉ាងទៀត តាម​ដែល​ម៉ូស្គូ​ប្រាកដ​ក្នុង​ចិត្ត ភាគី​បេឡូរុស្ស៊ី ពិត​ជា​មាន​រូបិយវត្ថុ​បរទេស​បែបនេះ សំរាប់​សង​មក​រុស្ស៊ី ដ្បិត​រុស្សី​ពេល​ថ្មីៗ បាន​ផ្ទេរ​ប្រាក់ ៦២៥​លាន​ដុល្លារ ទៅ​ឲ្យ​បេឡូរុស្ស៊ី​ទៅ​ហើយ ចំពោះ​ថ្លៃ​ហ៊ុន​ចុងក្រោយ​ក្នុង​ទំហំ ១២,៥% ពី​ក្នុង​ហ៊ុន​ទាំង​៥០% នៃ​ក្រុមហ៊ុន​បង្ហូរ​ឧស្ម័ន​របស់​រដ្ឋ​បេឡូរុស្ស៊ី ហៅ​ថា BelTrangas ដែល​ធ្លាក់​មក​ជា​ចំណែក​របស់​រុស្ស៊ី ក្នុង​តម្លៃ​សរុប ២ពាន់ ៥​រយលាន​ដុល្លារ។

ជា​បឋម​គួរ​និយាយ​ថា ពី​ក្នុង​បរិមាណ​ឧស្ម័ន ១៤០-១៦០​ពាន់លានម ដែល​រុស្ស៊ី​លក់​ទៅ សហភាព​អឺរ៉ុប ក្នុង​១ឆ្នាំៗ ២០% គឺ​បង្ហូរ​ឆ្លងកាត់​ដែនដី​បេឡូរុស្ស៊ី។ បើ​ដោយ​មក​ពី​ការកាត់​បន្ថយ​លើក​នេះ បេឡូរុស្ស៊ី​ស្រាប់តែ​ខ្វះ​ឧស្ម័ន​ប្រើ​ជា​កំដៅ នោះ​គឺ​មុខ​ជា​បង្ខំ​ចិត្ត​លួច​បូម​យក​ខ្លះៗ ពុំខាន នូវ​ឧស្ម័ន​របស់​រុស្ស៊ី​ដែល​បង្ហូរ​តាម​បំពង់​លូន​កាត់​ដែនដី​បេឡូរុស្ស៊ី ទៅ​កាន់​សហភាព​នោះ។ ភាគី​រុស្ស៊ី​គូស​បញ្ជាក់​ហើយ​គូស​បញ្ជាក់​ទៀត​ថា ការកាត់​បន្ថយ​បរិមាណ​ឧស្ម័ន​សំរាប់​បេឡូរុស្ស៊ី គឺ​នឹង​ពុំ​នាំ​ជា​ផលវិបាក​អ្វី​ណា​ទេ ដល់​បណ្តា​ប្រទេស សហភាព​អឺរ៉ុប ដែល​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី ដ្បិត​រុស្ស៊ី​នៅតែ​ព្យាយាម​បង្ហូរ​ទៅ​សហភាព​នោះ ឧស្ម័ន​ខ្លួន ក្នុង​បរិមាណ​ពេញលេញ ដូច​ដែល​មាន​ចែង​ក្នុង​កុងត្រា​អ៊ីចឹង។

ទីក្រុង​ម៉ូស្គូ​បន្ត​ដាស់​សតិ​ក្រុងMinsk​ថា បើ​បេឡូរុស្ស៊ី​នៅ​តែ​ពុំព្រម​សង​បំណុល​មក​រុស្ស៊ី​ទេ នោះ​រុស្ស៊ី​នឹង​តំឡើង​ការកាត់​បន្ថយ​ពី ១៥% នៅ​ថ្ងៃនេះ លុះ​រហូត​ដល់ ៨៥% តែម្តង ទៅ​តាម ទំហំ​នៃ​បំណុល​ដែល​បេឡូរុស្ស៊ី​ជំពាក់។ ចំណែក ឧស្ម័ន​១៥% ដែល​នឹង​នៅតែ​ត្រូវ​ម៉ូស្គូ បង្ហូរ​ទៅ​ឲ្យ​បេឡូរុស្ស៊ី​ដដែល គឺវា​នឹង​អនុញ្ញាត​ឲ្យ​បេឡូរុស្ស៊ី ទ្រទ្រង់​ប្រព័ន្ធ​បង្ហូរ​ឧស្ម័ន​របស់​ខ្លួន នៅ​អាច​ដំណើរការ​ដដែល​ទំរាំ​ដល់​ពេល​ដែល ទីក្រុង​Minsk សង​មក​រុស្ស៊ី​នូវ​បំណុល​ទាំង​អម្បាលមាណ ដែល​ខ្លួន​ជំពាក់​រុស្ស៊ី។

អាច​រងគ្រោះ​មុនគេ គឺ​ប្រទេស​ប៉ូឡូញ​ដែល​ប្រើ​ឧស្ម័ន​រុស្ស៊ី​ដល់​ទៅ​៥០% សំរាប់​បំពេញ​ដល់ តម្រូវការ​ខ្លួន។ ប៉ុន្តែ ការអូសទាញ​ទំនាក់​ទំនង​ជាមួយ​ប៉ូឡូ្ញញ​ឲ្យ​ធ្លាក់​ក្នុង​ភាពស្មុគស្មាញ ដោយ​មក​ពី​រឿង​ឧស្ម័ន​នេះ គឺ​វា​ឥត​ស្ថិត​នៅ​ឯណា​ក្នុង​ផែនការ​របស់​ទីក្រុង​ម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ