ប្រធានាធិបតីថ្មីចង់បានទំនាក់ទំនងប្រក្រតីឡើងវិញជាមួយប្រទេសវ៉េណេហ្សុយអេឡា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៧
នៅប្រទេសកូឡុំប៊ី ចប់ហើយតំណែងប្រធានាធិបតីរបស់លោក Alvaro Uribé។ ប្រធានាធិបតីថ្មីដែលបានចូលជំនួសកន្លែងលោក Uribé មានឈ្មោះថា Juan Manuel Santos។ លោក Santos ដែលបានស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃសៅរ៍ ទី៧ សីហាក្នុងទីក្រុងបូហ្គោតា។ ការចូលកាន់តំណែងរបស់លោក Santos ពេលនេះបានធ្វើឡើង ចំពេលដែលកូឡុំប៊ីកំពុងមានវិបត្តិជាមួយប្រទេសវ៉េណេហ្សុយអេឡា។ ខុសពីលោក Alvaro Uribé លោក Santos បានអំពាវនាវប្រទេសវ៉េណេហ្សុយអេឡាឲ្យបើកកិច្ចសន្ទនាដោយផ្ទាល់ និងត្រង់ទៅ ត្រង់មក។
នៅក្នុងពីធីស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃសៅរ៍ ទី៧ កក្កដាម្សិលមិញ លោក Juan Manuel Santosបានអំពាវនាវប្រទេសវ៉េណេហ្សុយអេឡាឲ្យបើកកិច្ចសន្ទនាដោយផ្ទាល់ និងត្រង់ទៅ ត្រង់មក។ នេះជាចំណុចសំខាន់ដែលទំាងអស់គ្នាបានរង់ចំានៅក្នុងសុន្ទរកថារបស់លោក Juan Manuel Santos។ ការចូលកាន់តំណែងរបស់លោក Santos ពេលនេះបានធ្វើឡើង ចំពេលដែលទំនាក់ទំនងរវាងកូឡុំប៊ី និងវ៉េណេហ្សុយអេឡាកំពុងតានតឹង។
ទំនាក់ទំនងតានតឹងដែលបានកើតមានឡើងនៅក្នុងខែកក្កដាកន្លងទៅ បន្ទាប់ពីលោក Alvaro Uribé បានចោទ និងចង្អុលចំមុខលោកប្រធានាធីបតីវ៉េណេហ្សុយអេឡា Hugo Chavez ថា បានអនុញ្ញាតឲ្យយុទ្ធជននៃក្រុមឧទ្ទាម Farc យ៉ាងតិច ១៥០០នាក់ជ្រកកោនលើទឹកដីវ៉េណេហ្សុយអេឡា។ ទីក្រុងបូហ្គោតាថែមទំាងបានលើកយកភស្តុតាងមកបង្ហាញ មានទំាងរូបថត ខ្សែអាត់វីដេអូ និងទីកន្លែងរបស់ក្រុមឧទ្ទាម Farc ដែលស្ថិតក្នុងទឹកដីប្រទេសវ៉េណេហ្សុយអេឡា។ ប្រតិកម្មភ្លាមៗ និងជាបន្ទាន់ពីទីក្រុងការ៉ាកាសពេលនោះ លោកប្រមុខរដ្ឋវ៉េណេហ្សុយអេឡា Hugo Chavez បានច្រានចោលនូវការចោទប្រកាន់ពីសំណាក់លោកប្រមុខរដ្ឋកូឡុំប៊ី Alvaro Uribé និងថែមទំាងបានផ្តាច់ទំនាក់ទំនងការទូតនៅថ្ងៃទី ២២ កក្កដា។ មួយសប្តាហ៍ក្រោយមក ពោលនៅថ្ងៃទី ៣០ កក្កដា លោក Hugo Chavez បានបញ្ជូនទ័ពជើងអាកាស និងជើងគោកចំនួន ២ម៉ឺននាក់ទៅកាន់ព្រំដែន។ ជាការសម្រេចចិត្តមួយដោយលោក Chavez យល់ឃើញថា សង្រ្គាមអាចនឹងផ្ទុះឡើងពិតប្រាកដ ជាងពេលណាៗទំាងអស់។
លោក Santos៖ « មិនអាចមានសង្រ្គាមជាមួយប្រទេសវ៉េណេហ្សុយអេឡាទេ »
លោកប្រធានាធិបតីថ្មីកូឡុំប៊ី Juan Manuel Santos បានច្រានចោលព័ត៌មានដែលថា សង្រ្គាមជាមួយប្រទេសវ៉េណេហ្សុយអេឡានឹងអាចផ្ទុះឡើងដោយចៀសមិនរួច។ ការអះអាងរបៀបនេះដោយលោក Santos បានលើកយកហេតុផលថា តំាងវិបត្តិបានផ្ទុះឡើងរវាងទីក្រុងបូហ្គោតា និងការ៉ាកាសមក ប្រទេសប្រេស៊ីល និងអាហ្សង់ទីនបានជួយអន្តរាគមន៍យ៉ាងខ្នះខ្នែងនៅក្នុងសំណុំរឿងនេះ។
ថ្លៃងនៅក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការ លោក Santos បានថ្លែងអំណរគុណចំពោះប្រទេសមួយចំនួនដែលបានជួយជ្រោមជ្រែងនៅក្នុងវិបត្តិរវាងកូឡុំប៊ី និងវ៉េណេហ្សុយអេឡា។ លោក Santos បានបញ្ជាក់អំពីគោលជំហររបស់លោក ក្នុងការស្ថាបនាឡើងវិញនូវទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង គឺវ៉េណេហ្សុយអេឡា និងអេក្វាទ័រ។ ជាមួយប្រទេសវ៉េណេហ្សុយអេឡា លោក Santos បានអំពាវនាវឲ្យមានកិច្ចសន្ទនាដោយផ្ទាល់ និងត្រង់ទៅ ត្រង់មកនាពេលឆាប់ៗខាងមុខ ដែលអាចធ្វើទៅបាន។
ជាចម្លើយតបវិញ លោកប្រធានាធីបតីវ៉េណេហ្សុយអេឡា Hugo Chavez ដែលមិនបានទៅចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក Santos នោះ មិនបដិសេធនឹងការបោះដៃរបស់លោកប្រធានាធិបតីថ្មីកូឡុំប៊ីទេ និងថែមទំាងប្រកាសថា លោកត្រៀមខ្លួននឹងទៅបំពេញទស្សនកិច្ចនៅកូឡុំប៊ីនៅពេលខាងមុខ។
កល្បិចរបស់លោកប្រធានាធិបតីកូឡុំប៊ីផុតអាណ្ណត្តិ Alvaro Uribé
ការដែលលោក Alvaro Uribé បានបង្ករឿងជាមួយប្រទេសវ៉េណេហ្សុយអេឡា គឺបានធ្វើឡើងតែ ២សប្តាហ៍ប៉ុណ្ណោះ មុននឹងអាណ្ណត្តិរបស់លោកត្រូវចប់។ មតិខ្លះបានយល់ឃើញថា អ្វីដែលលោក Uribé បានបង្ករឿងជាមួយប្រទេសវ៉េណេហ្សុយអេឡានាពេលនេះ គឺជាចេតនាពិតប្រាកដរបស់លោក Uribé ដើម្បីកម្រិតលទ្ធភាពអ្នកបន្តតំណែងពីលោក គឺលោក Santos។ លោក Santos ដែលចង់បានទំនាក់ទំនងប្រក្រតីឡើងវិញរវាងទីក្រុងបូហ្គោតា និងទីក្រុងការ៉ាកាស។ ចំណែកឯមតិមួយចំនួនទៀតយល់ឃើញថា មកពីលោក Uribé ចង់ទុកផ្លូវឲ្យលោកប្រធានាធិបតីថ្មីជ្រើសរើសយុទ្ធសាស្រ្តការទូតថ្មីស្រឡាងមួយដែលមិនដើរតាមគន្លងចាស់របស់គាត់។ យ៉ាងណាក៏ដោយ គេពិបាកយល់ឲ្យបានច្បាស់ពីចរិតលក្ខណៈរបស់លោក Santos ព្រោះថា មុននឹងក្លាយជាប្រធានាធិបតីថ្មីកូឡុំប៊ីថ្ងៃនេះ លោក Juan Manuel Santos ក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីការពារជាតិរបស់លោកប្រធានាធិបតីអស់អាណ្ណត្តិ Uribé ដែរ។
ប្រយុទ្ធប្រឆំាងនឹងពួកឧទ្ទាម Farc នៅជាអាទិភាពទីមួយ
ជាមួយលោក Alvaro Uribé សន្តិសុខ គឺជាអាទិភាពទីមួយរបស់រដ្ឋាភិបាល។ សម្រាប់លោក Santos វិញ ក្រៅពីបញ្ហាសន្តិសុខ លោកចង់ផ្តោតលើនយោបាយសង្គមជាទូទៅ ពិសេសវិស័យអប់រំ។ អ្វីដែលលោក Santos បានប្រកាសដើរតាមកន្លងចាស់របស់លោក Uribé ដោយចៀសមិនរួចនោះ គឺការប្រយុទ្ធប្រឆំាងនឹងក្រុមឧទ្ទាម Farc។ តែលោក Santos អាចនឹងប្រើយុទ្ធសាស្រ្តផ្សេងពីលោក Uribé។ ត្រង់ចំណុចនេះ លោក Santos បានបញ្ជាក់យ៉ាងច្បាស់ៗថា បើក្រុមឧទ្ទាម Farc មានឆន្ទៈពិតប្រាកដក្នុងការបញ្ចប់ជម្លោះមែននោះ ទ្វារនៃការចរចានៅតែបើកចំហរជានិច្ច។
កន្លងទៅថ្មីៗនេះ ពួកឧទ្ទាម Farc បានស្នើឲ្យមានកិច្ចសន្ទនាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីថ្មី។ គោលដៅរបស់ពួក Farc គឺបិទបញ្ចប់ជម្លោះយោធាដែលបានញំាញីប្រទេសកូឡុំប៊ីអស់ជាច្រើនទសវត្សមកហើយ។ នៅក្រោមការដឹកនំារបស់លោក Uribé រយៈពេល ៨ឆ្នំាកន្លងមក លោក Uribé បានធ្វើសង្រ្គាមស៊ីសាច់ហុតឈាមជាមួយពួកឧទ្ទាម Farc ដោយមិនរារែក តែទីបំផុតទៅ ក៏មិនបានទទួលលទ្ធផលអ្វីជាដុំកំភួនដែរ។
ឥឡូវនេះ កូឡុំប៊ីមានប្រធានាធិបតីថ្មី ប្រធានាធិបតីថ្មីមាននយោបាយថ្មី។ តែគ្មានអ្វីធានាថា លោក Juan Manuel Santos នឹងយល់ព្រមអង្គុយចរចាជាមួយក្រុមឧទ្ទាម Farc ទេ។ អ្វីដែលគេអាចនិយាយបាននៅពេលនេះគឺថា សម័យកាលលោក Alvaro Uribé បានបិទបញ្ចប់ជាស្ថាពរហើយ។ ចប់ដោយបន្សល់ទុកនូវបញ្ហាជាច្រើនដែលលោក Santos ត្រូវបន្តរែកពន់ ពិសេស ព្យាយាមផ្សះផ្សាឡើងវិញទំនាក់ទំនងប្រក្រតីជាមួយប្រទេសជិតខាងក្នុងតំបន់ ដូចយ៉ាងប្រទេសវ៉េណេហ្សុយអេឡា និងអេក្វាទ័រ។
យ៉ាងណាក៏ដោយ សង្រ្គាមកាច់កុងគ្នានៅបន្តមិនទាន់ចប់ទេ រវាងលោក Alvaro Uribé និងលោក Hugo Chavez ព្រោះថានៅថ្ងៃដែលលោក Alvaro Uribé បានប្រគល់អំណាចឲ្យទៅលោក Santos លោក Uribé បានប្រកាសឲ្យដឹងថា លោកបានដាក់ពាក្យប្តឹងលោកប្រធានាធិបតីវ៉េណេហ្សុយអេឡា Hugo Chavez ទៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ។ គឺប្តឹងចោទលោក Hugo Chavez ពីបទបានអនុញ្ញាតឲ្យពួកឧទ្ទាម Farc ជ្រកកោនក្នុងទឹកដីប្រទេសវ៉េណេហ្សុយអេឡា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ