អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបារម្ភ​នៃមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ពាក់ព័ន្ធនឹង​សង្គ្រាម​រូបិយវត្ថុ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ដែល​បារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ អាមេរិកាំង​ ​ បាន​ទាមទារ​ឲ្យ​រូបិយប័ណ្ណ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​​សំខាន់ៗ​ដូចជា​ ប្រាក់យ័នចិន​និង​ប្រាក់​real​ប្រេស៊ីល​ធ្វើការ​ដំឡើង​ថ្លៃ​របស់​ខ្លួន​ឲ្យ​ បាន​សមរម្យ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក។​ ដូច្នេះ​ ដើម្បី​ចៀស​ឲ្យ​ផុតពី​វិបត្តិ​អស់​ទាំងនេះ​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​ស្នើ​ឲ្យ​មាន​ជា​បន្ទាន់​នូវ​ការ​ សម្រប​សម្រួល​មួយ​ក្នុង​វិស័យ​នយោបាយ​សេដ្ឋកិច្ច​នៅ​ក្នុង​ក្រុម​ប្រទេស​G20 ។​ 

លោក​  Dominique Strauss-Kahn ប្រមុខដឹកនាំ​នៃ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​FMI​​
លោក​ Dominique Strauss-Kahn ប្រមុខដឹកនាំ​នៃ​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​FMI​​ © Nacho Doce/Reuters
ផ្សាយពាណិជ្ជកម្ម

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ទាមទារ​ឲ្យ​រូបិយប័ណ្ណ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់ៗ​ដូចជា​ប្រាក់យ័នចិន​និង​ប្រាក់​real​ប្រេស៊ីល​ធ្វើការ​ដំឡើង​ថ្លៃ​របស់​ខ្លួន​ ​ មកពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ចង់ឲ្យ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​សំខាន់ៗ​និង​ប្រទេស​មហា​អំណាច​​សេដ្ឋកិច្ច​ដូចជា​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ដែល​ជា​ក្បាល​ម៉ាស៊ីន​ជួយ​អូស​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ហើយ​ដែល​កំពុង​តែ​ជួបនឹង​វិបត្តិ​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​ ​ ពោលគឺ​មាន​តុល្យភាព​និង​មាន​ចីរភាព។

 
បើ​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ ​ នៅ​ឆ្នាំ២០១០​កំណើន​សេដ្ឋកិច្ច​ពិភពលោក​អាច​មាន​ប្រមាណ​៤,៨%​ ​ ហើយនៅ​ឆ្នាំ២០១១​អាចមាន​ប្រមាណ​៤,២%។​ ទាំងនេះ​ ​ ក្នុងខណៈ​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុងលោក​មាន​កំណើន​ជា​មធ្យម​ប្រមាណ​៧,១%​នៅ​ឆ្នាំ២០១០។​ ទន្ទឹមគ្នា​នេះ​ ​ សេដ្ឋកិច្ច​នៃ​ប្រទេស​បស្ចិម​លោក​ជឿនលឿន​ដូចជា​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​កំពុង​ជួប​នឹង​វិបត្តិ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ទទួល​ខុសត្រូវ​ខាង​សេដ្ឋកិច្ច​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ ​ បាន​ធ្វើការ​ទាមទារ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធ្វើការ​ដំឡើង​ថ្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​ ​ ដើម្បី​ធ្វើឲ្យ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក​មាន​ដំណើរ​ការ​ល្អ​ប្រសើរ។

ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់ៗ​ជាច្រើន​ដូចជា​ប្រទេស​ចិន​និង​ប្រទេស​ប្រេស៊ីល​នៅ​តែ​បន្ត​បង្កើន​កំណើន​សល់ផល​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ប្រទេស​បស្ចិមលោក​ ដែល​អាច​ជា​មូលហេតុ​នាំឲ្យ​កើតមាន​ភាព​តានតឹង​និង​ធ្វើឲ្យ​បាត់បង់​តុល្យភាព​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក។

ប្រទេសចិន​នៅ​ឆ្នាំ២០១០​នេះ​អាចមាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​១០,៥%​ហើយនិង​អាច​មាន​ការសល់ផល​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​ស្មើនឹង​៤,៧%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស។​ ហើយ​ការ​សល់ផល​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​កើត​មាន​នៅ​ក្នុង​សឹងគ្រប់​ប្រទេស​អាស៊ី។​ លើកលែង​តែ​សិង្ហបុរី​មួយចេញ​ដែល​ការ​សល់ផល​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​មាន​ស្មើនឹង​២០,៥%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ ហើយ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​មាន​១៥%។

កត្តា​អស់​ទាំងនេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ធ្វើការ​ទាមទារ​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក។​ គួរ​បញ្ជាក់ថា​ ​ នៅ​ប្រទេស​ជឿនលឿន​ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ២០១១​អាចធ្លាក់​មក​នៅ​២,២%​ទល់នឹង​២,៧%​នៅ​ឆ្នាំ២០១០។​ ចំណែក​ឯ​សេដ្ឋកិច្ច​នៃ​សហរដ្ឋ​អាមេរិក​វិញ​ នៅ​ឆ្នាំ២០១១​ប្រហែល​ជា​អាច​ជួប​នឹង​ដំណើរ​ដើរ​ថយ​ក្រោយ​ទៀតផង។

សេដ្ឋកិច្ច​នៃ​សហរដ្ឋ​អាមេរិក​និង​សេដ្ឋកិច្ច​នៃ​សហភាព​អឺរ៉ុប​ធ្លាក់​ស្រុត​ចុះ​យ៉ាង​ដូច្នេះ​ ​ មក​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងនោះ​៖
-​ ​ មាន​កង្វះ​ថាមពល​ក្នុង​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង។
-​ ​ មាន​កង្វះ​ក្នុង​ការ​បោះទុន​ធ្វើ​វិនិយោគ​សម្រាប់​បង្កើន​ផលិតផល។
-​ ​ អត្រា​នៃ​អ្នក​ឥត​ការងារ​ធ្វើ​អាច​កើនឡើង​ដល់ទៅ​៩,៦%​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំក្រោយ។
-​ ​ នៅ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​វិញ​ អត្រា​នៃ​អ្នក​ឥត​ការងារ​ធ្វើ​អាច​កើនឡើង​ដល់ទៅ​១០%។

ដូច្នេះ​ ដើម្បី​ចៀស​ឲ្យ​ផុតពី​វិបត្តិ​អស់​ទាំងនេះ​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​ស្នើ​ឲ្យ​មាន​ជា​បន្ទាន់​នូវ​ការ​សម្រប​សម្រួល​មួយ​ក្នុង​វិស័យ​នយោបាយ​សេដ្ឋកិច្ច​នៅ​ក្នុង​ក្រុម​ប្រទេស​G20 ។​ នយោបាយ​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​អាទិភាព​សំខាន់ៗ​បួន៖

ទី១-​ បន្ត​ធ្វើការ​សម្រប​សម្រួល​”​នយោបាយ​រូបិយវត្ថុ​”​។

ទី២-​ ពង្រឹង​ប្រព័ន្ធ​ធនាគារ​ដែល​បច្ចុប្បន្ន​នេះ​នៅ​មាន​កង្វះ​មូលធន​សម្រាប់​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​សហគ្រាស​ ហើយនិង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន។

ទី៣-​ សំអិត​សំអាង​ហិរញ្ញវត្ថុ​សាធារណៈ​ឲ្យ​មាន​តុល្យភាព។

ទី៤-​ ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់ៗ​ដែល​មាន​ការ​សល់ផល​យ៉ាង​ច្រើន​លើស​លុប​ត្រូវ​តែ​រិះរក​ឲ្យ​មាន​តុល្យភាព​ដោយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​ក្នុង​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​ ​ ហើយនិង​ត្រូវ​ធ្វើការ​ដំឡើង​ថ្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន។​ ទាំងនេះ​ ​ សម្រាប់​ផល​ប្រយោជន៍​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដូចជា​សម្រាប់​ផល​ប្រយោជន៍​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ