អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាកាសធាតុ៖ សន្និសីទ​ដែល​បង្កប់​ដោយ​ក្តីសង្ឃឹម​តិចតួច

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិ​លើក​ទី១៦​ស្តីពី​អាកាសធាតុ​ផ្តើម​បើក​ជា​ផ្លូវការ​ ចាប់​ពី​ថ្ងៃទី២៩ វិច្ឆិកា នេះ រហូត​ដល់​ថ្ងៃទី ១២ ធ្នូ នៅ​ទីក្រុង​​មាត់សមុទ្រ​កង់គូន ប្រទេស​ម៉ិចស៊ិក។ សន្និសីទ​ដែល​ចូល​រួម​ដោយ​ប្រទេស​ជាង ១៩០ នៅ​ទូទំាង​ពិភពលោក និង​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​លើ​​ ភពផែនដី។

អាកាសធាតុ៖ សន្និសីទ​ដែល​បង្កប់​ដោយ​ក្តីសង្ឃឹម​តិចតួច
អាកាសធាតុ៖ សន្និសីទ​ដែល​បង្កប់​ដោយ​ក្តីសង្ឃឹម​តិចតួច RFI/Patrice Gouy
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​លើក​ទី១៦​ស្តីពី​អាកាសធាតុ​នេះ​មិន​មាន​ការ​ចូល​រួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ដូច​កាល​ក្នុង​សន្និសីទ​នៅ​ប្រទេស​ដាណឺម៉ាក​កាល​ពី​ចុង​ឆ្នំា ២០០៩​កន្លង​ទៅ​ទេ គឺ​មាន​ការ​ចូល​រួម​ត្រឹម​តែ​ថ្នាក់​រដ្ឋមន្រ្តី​​ក្រសួង​បរិស្ថាន​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ការ​ជជែក​គ្នា​អាច​នឹង​មាន​លក្ខណៈ​ងាយស្រួល​ជាង ពោល​គឺ​មិន​សូវ​មាន​ការ​តឹងតែង និង​មិន​សូវ​មាន​គំនាប​ប៉ុន្មាន​ទេ។

ប្រធានបទ​ដែល​ត្រូវ​លើក​ទៅ​ជជែក​ក៏​មិន​ខុស​អ្វី​ពី​សន្និសីទ​នៅ​ទីក្រុង Copenhague កាល​ពី​មួយ​ឆ្នំា ២០០៩ ទេ។ អ្វី​ដែល​ប្រទេស​ពាក់ព័ន្ធ​ទំាង​អស់​ព្យាយាម​សម្រច​ឲ្យ​បាន​នោះ គឺ​កិច្ចព្រមព្រៀង​ថ្មី​មួយ ជំនួស​​ឲ្យ​ពិធីសារ​ក្យូតូ​ដែល​នឹង​ត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃទី៣១ ធ្នូ ឆ្នំា ២០១២​ខាង​មុខ។
ពិធីសារ​ក្យូតូ​ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃទី១១ ធ្នូ ឆ្នំា ១៩៩៧ បាន​កំណត់​ពី​កិច្ចសន្យា​ជា​តួលេខ​របស់​ប្រទេស​ហត្ថលេខី​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ពិសេស​ឧស្ម័ន​កាបូនិច​ទៅ​ក្នុង​បរិយាកាស​ក្នុង​ចន្លោះ​ឆ្នំា ២០០៨-២០១២។ ដូច្នេះ​ឃើញ​ថា គោលដៅ​​នៃ​សន្និសីទ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិច​រយៈពេល ២សប្តាហ៍​នេះ គឺ​ស្វែង​រក​សន្ធិសញ្ញា​ថ្មី​មួយ​បន្ត​ពី​សន្ធិសញ្ញា​ក្យូតូ​សម្រាប់​ចន្លោះ​ឆ្នំា ២០១៣-២០២០។

កាល​ពី​ខែ​មេសា និង​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ កិច្ចចរចា​ជា​ឧភតោភាគី​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ចិន។ គឺ​កិច្ចព្រមព្រៀង​ទំាង​ឡាយ​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចចរចា​នោះ​ឯង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានបទ​គោល​នៅ​សន្និសីទ​កង់គូន។ ក្នុង​នោះ​រួម​មាន ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​កំណត់ Quotas នៃ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស ពិសេស ប្រទេស​ពាក់ព័ន្ធ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​កំរិត​មិន​ឲ្យ​សីតុណ្ហភាព​លើ​ភពផែនដី​កើន​លើស​បន្ថែម​ចំនួន ២​អង្សា។

គោលដៅ​សំខាន់​មួយ​ទៀត​នៃ​សន្និសីទ​កង់គូន គឺ​ពិនិត្យ​អំពី​កិច្ចសន្យា​របស់​ប្រទេស​អ្នក​មាន នា​សន្និសីទ​នៅ​ប្រទេស​ដាណឺម៉ាក ដែល​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ១០ម៉ឺន​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ នៅ​ក្នុង​យុទ្ធនាការ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​​ក្នុង​បរិយាកាស។

តុល្យការ​នៃ​សន្និសីទ​នៅ​ប្រទេស​ដាណឺម៉ាក​ក្នុង​ឆ្នំា ២០០៩

ជា​រួម លទ្ធផល​ដែល​បាន​ចរចា​គ្នា​អស់​រយៈពេល ១២​ថ្ងៃ​រវាង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង​ជាង ១៩០ ប្រទេស​ក្នុង​ប្រទេស​ដាណឺម៉ាក​ក្នុង​ឆ្នំា ២០០៩ ទទួល​បាន​តិច​តួច​ស្តួចស្តើង​ណាស់ គឺ​មិន​ដូច​អ្វី​ដែល​ទំាង​អស់​គ្នា​ទន្ទឹង​រង់ចំា​ទេ។ សន្និសីទ​នៅ​ដាណឺម៉ាក​បាន​បិទ​បញ្ចប់​ដោយ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ មាន​ន័យ​ថា ប្រទេស​ណា​ចង់​អនុវត្ត​តាម​ក៏​អនុវត្ត​ទៅ ប្រទេស​ណា​មិន​អនុវត្ត​ទេ ក៏​ហី​ទៅ។ មួយ​វិញ​ទៀត កិច្ចព្រមព្រៀង​នៅ Copenhague មិន​មែន​កើត​ចេញ​ពី​លទ្ធផល​នៃ​កិច្ចចរចា​រួម​រវាង​ប្រទេស​ពាក់ព័ន្ធ​ទំាង​អស់​ទេ តែ​កើត​មាន​ពី​ការ​ព្រមព្រៀង​គ្នា​រវាង​ប្រមុខរដ្ឋ​ប្រមាណ​ជា​២០​ប្រទេស ពិសេស​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ អាមេរិក និង​ចិន​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាង​គេ​នៅ​លើ​​ភពផែនដី។ ពិត​មែន​តែ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​បាន​ចែង​យ៉ាង​ច្បាស់​ពី​ការ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​​នៅ​ក្នុង​បរិយាកាស​ក៏​ដោយ ក៏​គេ​មិន​ឃើញ​មាន​កិច្ចសន្យា​ជា​តួលេខ​ច្បាស់លាស់​ណា​មួយ​ទេ។

មែនទែន​ទៅ កិច្ចព្រមព្រៀង​ដែល​សន្និសីទ Copenhague សម្រេច​បាន ជា​កិច្ចព្រមព្រៀង​មួយ​ល្អ​មើល​តែ​ប៉ុណ្ណោះ ពិសេស គ្រាន់​តែ​ជា​រូបភាព​មួយ​ដើម្បី​ឲ្យ​គេ​មើល​ទៅ​ឃើញ​ថា សន្និសីទ Copenhague មិន​បរាជ័យ​ទំាង​ស្រុង​ទេ។

ភាព​មិន​ចុះ​សម្រុង​គ្នា​កំពុង​បន្ត​មាន​នៅ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី

គេ​សង្កេត​ឃើញ​ថា បញ្ហា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​លើ​ភពផែនដី គឺ​ជា​បញ្ហា​មួយ​ដែល​គេ​ពិបាក​នឹង​រក​បាន​កិច្ចព្រមព្រៀង​រួម​សម្រាប់​ទំាង​អស់​គ្នា​ណាស់ ពិសេស រវាង​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​​ដែល​កំពុង​តែ​មាន​ឧស្សាហកម្ម​ជឿនលឿន​ដូច​យ៉ាង​ប្រទេស​ចិន។
 
ភាព​មិន​ចុះ​សម្រុង​គ្នា​បាន​កើត​ចេញ​ពី​ការ​ច្រណែន​គ្នា។ កន្លង​មក ប្រទេស​ដែល​ប្រទាញប្រទង់​គ្នា​ខ្លំាង​ជាង​គេ គឺ​អាមេរិក និង​ចិន។ ចិន​ដែល​កំពុង​មាន​ឧស្សាហកម្ម​ជឿន​លឿន​តែង​តែ​អះអាង​ថា ខ្លួន​មិន​ជាប់​កាតព្វកិច្ច​អ្វី នឹង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ទេ។ ការ​អះអាង​របៀប​នេះ ត្រូវ​បាន​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​មួយ​ចំនួន​ដូច​យ៉ាង​អាមេរិក​មិន​សុខចិត្ត​ទេ ពីព្រោះ​គេ​យល់​ថា ចិន​គឺ​មិនមែន​ជា​ប្រទេស​កំពុង​អភិវឌ្ឍទៀត​ឡើយ ព្រោះ​ពេល​នេះ ចិន​បាន​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២​ក្នុង​លោក​​ទៅ​ហើយ។

សរុប​មក​វិញ ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​កាត់​ការ​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​ពេល​នេះ មិន​បាន​កើត​មាន​តែ​រវាង​ប្រទេស​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ក៏​មាន​ផង​ដែរ រវាង​ប្រទេស​កំពុង​អភិវឌ្ឃ។ ដំបូង​រវាង​ប្រទេស​អភិវឌ្ឍ​ដូច​យ៉ាង​សហរដ្ឋអាមេរិក កាណាដា ជប៉ុន និង​អូស្រ្តាលី ហាក់​ដូច​ជា​និយាយ​មិន​ចុះ​​សម្រុង​គ្នា​ជុំវិញ​កិច្ចសន្យា​ថ្មី និង​អត្រា​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។ អត្រា​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​មាន​ចំនួន ៣០% ចាប់​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ឆ្នំា ២០២០ ដោយ​ប្រៀបធៀប​នឹង​អត្រា​ដែល​មាន​ក្នុង​ឆ្នំា ១៩៩០។

ការ​ខ្វែង​គំនិត​គ្នា​ក៏​មាន​ផង​ដែរ រវាង​ប្រទេស​កំពុង​អភិឌ្ឍ ដូច​យ៉ាង​ប្រទេស​ប្រេស៊ីល អាហ្រិ្វកខាងត្បូង ចិន និង​ឥណ្ឌា។ ជា​ការ​ពិត ប្រទេស​កំពុង​អភិវឌ្ឍ​ទំាង​នេះ​បាន​ចាត់​ទុក​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ថា ជា​កាតាព្វកិច្ច​រួម​ដើម្បី​ប្រយោជន៍​ទំាង​អស់​គ្នា។ តែ​ជាមួយ​គ្នា​នេះ ពួក​គេ​បាន​ទាមទារ​ឲ្យ​ពិនិត្យ​មើល​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នីមួយៗ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​គេ។

ជារួម ប្រទេស​ទំាង​ជាង ១៩០ ដែល​ជា​ប្រទេស​ហត្ថលេខី​លើ​ពិធិសារ​ក្យូតូ បាន​ចាត់​ទុក​បញ្ហា​អាកាសធាតុ​ថា ជា​ប្រធានបទ​ពិភពលោក។ តែ​បញ្ហា​នៅ​ត្រង់​ថា ដោយ​ម្នាក់ៗ​បាន​គិត​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ធំ​នោះ បាន​ធ្វើ​ឲ្យ​សំណុំរឿង​អាកាសធាតុ​បែក​ជា​២ក្រុម​ប្រឆំាង​គ្នា គឺ​ក្រុម​ដែល​ចង់​បាន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ និង​ក្រុម​ដែល​ព្យាយាម​យក​​ជើង​រាទឹក ដោយ​ចង់​បាន​ដំណោះស្រាយ​បញ្ហា​នេះ ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ទៅ​វិញ។

អ៊ីចឹង​សួរ​ថា តើ​អ្វី​ទៅ ដែល​ទំាង​អស់​គ្នា​កំពុង​រង់ចំា​ពី​សន្និសីទ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិច​ពេល​នេះ ?

គេ​មិន​បាន​រង់ចំា​អ្វី​ជា​ដុំកំភួន​ទេ។ ចំណាប់​អារម្មណ៍​របៀប​នេះ​បាន​កើត​មាន​តំាង​ពី​សន្និសីទ​បាន​ចាប់​ផ្តើម​ទៅ​ទៀត។ តើ​សន្និសីទ​កង់គូន​នឹង​ទទួល​លទ្ធផល​ដូច​សន្និសីទ Copenhague ឬ ?

វា​ដូច​ជា​រហ័ស​ពេក បើ​គេ​ហ៊ាន​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​ណា​មួយ​នោះ ព្រោះ​ថា សន្និសីទ​ទើប​ចាប់​ផ្តើម និង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី ១២ ធ្នូ​ខែ​ក្រោយ។ សន្និសីទ​កង់គូន​នឹង​ទទួល​បរាជ័យ ឬ​ជោគជ័យ​នៅ​មិន​ទាន់​ដឹង​ទេ អ្វី​ដែល​គេ​ដឹង កម្តៅ​នៃ​ភពផែនដី​កំពុង​បន្ត​ឡើងនិង​ដែល​គ្មាន​នរណា​ម្នាក់ ហ៊ាន​​ឆ្លើយ​ថា មិនមែន​ជា​កំហុស​របស់​ខ្លួន​នោះ​ឡើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ