អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​ទុយនីស៊ី​នៅតែ​កេណ្ឌប្រមូល​គ្នីគ្នា​ទោះបីជា​មាន​ការ​សន្យា​ពីរដ្ឋាភិបាល​បណ្តោះ​អាសន្ន​ក៏ដោយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ ពុំបាន​ធ្វើឲ្យ​ប្រជាជន​ទុយនីស៊ី​មាន​ជំនឿ​ទុកចិត្ត​ឡើយ​ ​ ពួកគេ​នៅតែ​កេណ្ឌ​ប្រមូល​គ្នីគ្នា​ជានិច្ច​ដើម្បី​ធ្វើ​បាតុកម្ម។។​ នៅ​ថ្ងៃអាទិត្យ​ទី២៣​មករា​នេះ​ ​ គេ​ឃើញមាន​បាតុករ​មួយពាន់​ប្លាយ​នាក់​មកពី​ប៉ែក​ខាង​ត្បូង​និង​ប៉ែក​កណ្តាល​ នៃ​ប្រទេស​ទុយនីស៊ី​បាន​នាំគ្នា​មក​ទាមទារ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​រំលាយ​ ខ្លួន​ចេញ។ចំណែកឯ​ប្រធាន​នៃ​គណៈកម្មការ​កំណែ​ទម្រង់​នយោបាយ​និង​អង្កេត​ទៅលើ​អំពើ​ពុករលួយ​បាន​សន្យា​ថា​ គេនឹង​ស្វែងរក​យុត្តិធម៌​និង​ធ្វើការ​បំភ្លឺ​ទៅលើ​រាល់​ទង្វើ​ល្មើសច្បាប់​និង​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​របបផ្តាច់ការ​បិន​ អាលី។ 

បាតុកម្ម​នៅកណ្តាល​ទីក្រុង​ Tunis, នៅថ្ងៃទី២២​ មករា ​ឆ្នាំ២០១១.
បាតុកម្ម​នៅកណ្តាល​ទីក្រុង​ Tunis, នៅថ្ងៃទី២២​ មករា ​ឆ្នាំ២០១១. © AFP PHOTO / MARTIN BUREAU
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​កំណែ​ទម្រង់​នយោបាយ​និង​អង្កេត​ទៅលើ​អំពើ​ពុករលួយ​ពុំ​ធ្វើការ​កែ​ទម្រង់​ទៅលើ​រដ្ឋធម្មនុញ្ញ​ទុយនីស៊ី​ភ្លាមៗ​ទេ។​ គេ​បាន​ឲ្យ​អាទិភាព​ចម្បង​ទៅលើ​ការ​រៀបចំ​មូលដ្ឋាន​សម្រាប់​ធ្វើការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​យុត្តិធម៌​ក្នុង​រយៈពេល​៦ខែ​ខាងមុខនេះ។​ នេះ​ជាការ​ថ្លែង​គូស​បញ្ជាក់​របស់​លោក​Yahya Benachour ប្រធាន​នៃ​គណៈកម្មការ​កំណែ​ទម្រង់​នយោបាយ​និង​អង្កេត​ទៅលើ​អំពើ​ពុករលួយ។

 
អ្វី​ដែល​សំខាន់​បំផុត​គឺ​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​សេរី​ដើម្បី​ធានា​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​យុត្តិធម៌​និង​មាន​ការ​ចូលរួម​ពី​សំណាក់​រាល់​គណបក្ស​នយោបាយ​និង​ពី​សំណាក់​រាល់​ប្រជាជន​ទុយនីស៊ី។

អ្វី​ដែលបាន​មក​ធ្វើឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​នៃ​របប​បិន​ អាលី​ ស្គាល់​ភាព​ច្របូកច្របល់​ហិនហោច​បែបនេះ​គឺ​បណ្តាល​មកពី​មាន​ទង្វើ​អវិជ្ជមាន​និង​ការ​អនុវត្តន៍​តាម​មាគ៌ា​នយោបាយ​នៃ​ ”គណបក្ស​នយោបាយ​តែមួយ​គត់”​ នៃ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បិន​ អាលី។​ បាន​សេច​ក្តី​ថា​ មាន​ការ​ច្របាច់​​បញ្ចូល​គ្នា​រវាង​ ”​គណបក្ស​នយោបាយ”​ ជាមួយ​នឹង​ ”​រដ្ឋ”​ ​ ដែល​ជា​មូលហេតុ​បង្ក​បង្កើត​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​រកមុខ​រកបាត​ពុំឃើញ​ ​ បាន​សេចក្តីថា​ “​ហិបប្រាក់​របស់​រដ្ឋ”​ ក៏​ជា​ “​ហិបប្រាក់​របស់​"​គណបក្ស​នយោបាយ​កាន់អំណាច”​ ។​ ទ្រព្យសម្បត្តិ​និង​បុគ្គលិក​បម្រើ​”​រដ្ឋ”​ ក៏​ជា​ទ្រព្យសម្បត្តិ​និង​បុគ្គលិក​របស់​"​គណបក្ស​នយោបាយ​កាន់អំណាច”​។​ នេះ​ជា​ទង្វើ​ល្មើស​​ច្បាប់​មួយ​ដ៏​មហា​ធ្ងន់​ធ្ងរ។

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទុយនីស៊ី​នៃ​ឆ្នាំ​១៩៥៩​បាន​ចែងថា​ ​ “​នៅ​ខណៈពេល​ដែល​គណបក្ស​នយោបាយ​មួយ​បាន​ក្លាយទៅ​ជា​គណបក្ស​ក្តោប​ក្តាប់​អំណាច​គ្រប់​គ្រង​ប្រទេស​ ពោលគឺ​ក្តោបក្តាប់​បានទាំង​នីតិប្រតិបត្តិ​ ក្តោបក្តាប់​បានទាំង​នីតិបញ្ញត្តិ​ ​ គណបក្ស​នោះ​អាច​ធ្វើ​អ្វីៗ​បាន​ស្របច្បាប់​ទាំងអស់”​ ដែល​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​កាន់អំណាច​បក​ស្រាយ​​យល់ថា​ គេ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ហើយ​ស្រប​ច្បាប់​ទៀត​ ដែល​បន្តិចម្តងៗ​បាន​ធ្វើ​ឲ្យ​របប​គ្រប់គ្រង​ក្លាយ​ទៅជា​របប​ផ្តាច់ការ។​ គេត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​ក្នុង​ការ​បកស្រាយ​អត្ថបទ​ច្បាប់​នៅក្នុង​រដ្ឋធម្មនុញ្ញ។​ ដូច្នេះ​ វា​ពុំ​មែន​ជា​កំហុស​របស់​រដ្ឋធម្មនុញ្ញ​ទុយនីស៊ី​នៃ​ឆ្នាំ​១៩៥៩​ឡើយ។​ ក៏ប៉ុន្តែ​ វា​ជា​កំហុស​របស់​អ្នក​បកស្រាយ​ រដ្ឋធម្មនុញ្ញ​ទុយនីស៊ី​នៃ​ឆ្នាំ​១៩៥៩​យក​មក​ប្រើ។

គួរកត់​សម្គាល់ថា​ ​ ធ្វើការ​បំភ្លឺ​និង​អង្កេត​ទៅលើ​របប​ផ្តាច់ការ​បិន​ អាលី​គឺជា​កម្មវត្ថុ​ចម្បង​នៃ​គណៈកម្មការ​កំណែ​ទម្រង់​នយោបាយ​និង​អង្កេត​ទៅលើ​អំពើ​ពុករលួយ​ដែល​លោក​ប្រធាន​នៃ​គណៈកម្មការ​បាន​ទទួល​ការ​គាំទ្រ​ទាំងស្រុង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​Mohamed Ghannouchi។

សូមបញ្ជាក់ថា​ នៅ​ថ្ងៃសៅរ៍​ទី២២​មករា​មាន​បាតុករ​ទុយនីស៊ី​រាប់ពាន់នាក់​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​បង្ហាញ​កំហឹង​របស់​គេ​ ​ ដោយ​បាន​ទាមទារ​ឲ្យ​សមាជិក​ណា​នៃ​រដ្ឋាភិបាល​បង្រួប​បង្រួមជាតិ​ដែល​ធ្លាប់​បាន​ធ្វើការ​បម្រើ​របប​ផ្តាច់ការ​បិន​ អាលី​ឲ្យ​លាចាកចេញ​ពី​មុខ​តំណែង។​ ហើយ​នៅ​ពេល​នោះ​ក៏​ជា​លើក​ទីមួយ​ដែរ​ ដែល​គេ​បាន​ឃើញ​មាន​នគរបាល​ទុយនីស៊ី​មួយ​ចំនួន​បាន​នាំគ្នា​ចុះ​ថ្នល់​រួប​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ប្រជាជន​ទុយនីស៊ី។​ ហើយ​នគរបាល​ចុះ​ថ្នល់​រួប​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ប្រជាជន​ទុយនីស៊ី​ទាំងនោះ​មាន​ចំនួន​ដល់ទៅ​រាប់រយ​នាក់​ មាន​ទាំង​ចង​ក្រណាត់​ពណ៌​ក្រហម​នៅនឹង​ដើមដៃ​ជា​សញ្ញា​ផង។

ជាបឋម​ នគរបាល​ទុយនីស៊ី​ដែល​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទាំងនោះ​ចង់​សម្ដែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​មុខមាត់​ពិត​ប្រាកដ​របស់​ពួកគេ។​ ពួកគេ​បាន​ធ្វើ​ការ​សុំទោស​ចំពោះ​កំហុស​និង​អំពើ​ហិង្សា​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​ទុយនីស៊ី​នារយៈ​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅនេះ​ ​ ដោយ​បាន​​អះអាង​ថា​ពួកគេ​គ្រាន់តែ​ជា​ឧបករណ៍​ហើយ​បាន​ទទួល​បញ្ជា​ពី​អ្នក​ដឹកនាំ​នៃ​របប​ផ្តាច់ការ​បិន​ អាលី​តែ​ប៉ុណ្ណោះ។​ ​ នេះ​ ពិតជា​គួរឲ្យ​អស្ចារ្យ​និង​គួរឲ្យ​យកមក​ពិចារណា​ពេកក្រៃ។

បើ​ពិត​ជា​ដូច្នេះ​មែន​ ចុះ​ហេតុ​ដូចម្តេច​ក៏​ពុំ​ព្រម​យក​តម្រាប់​តាម​យោធា​ទុយនីស៊ី​ដែល​បាន​ប្រកែក​ពុំ​ព្រម​បាញ់​សម្លាប់​ប្រជាជន​ទុយនីស៊ី​ស្លូតត្រង់!!!

ប្រជាជន​ទុយនីស៊ី​ស្លូតត្រង់​ដែលបាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ “​សិទ្ធិសេរីភាព”​ និង​ដើម្បី​ការពារ​ “​សេចក្តី​ថ្លៃថ្នូរ”​ របស់​គេ​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ