អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ច​អាស៊ី​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​អតិផរណា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កក្កដា​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ADB ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​នៅ​អាស៊ី។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់​ជាង ៦០ទំព័រ ADB បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​ជា​យថាហេតុ​នូវ​វិបត្តិ​អតិផរណា និង​វិបត្តិ​ប្រាក់បៀវត្ស​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន។

ទីស្នាក់ការកណ្តាល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី
ទីស្នាក់ការកណ្តាល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ក្រោយ​វិបត្តិ​សេដ្ឋិកិច្ច​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ពិភពលោក​ក្នុង​ឆ្នំា ២០០៨ មក មាន​ប្រទេស​ខ្លះ​ក៏​បាន​ផ្តើម​ងើប​ផុត​ពី​វិបត្តិ ចំណែក​ឯ​ប្រទេស​ខ្លះ​ទៀត​ក៏​កំពុង​បន្ត​ត្រដាបត្រដួស​ដដែល។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់ និង​ផ្ទុយ​ពី​ប្រទេស​អភិវឌ្ឍន៍គេ​សង្កេត​ឃើញ​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​​ហាក់​ដូច​បាន​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​លឿន​ជាង​គេ និង​ថែម​ទំាង​កំពុង​តែ​ដើរតួនាទី​ជា​ក្បាល​ម៉ាស៊ីន​មួយ​ដ៏​សំខាន់​សម្រាប់​អូស​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ផង។ របាយការណ៍​របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​ទើប​ចេញ​ផ្សាយ​ថ្ងៃ​នេះ​បាន​ប្រមើល​មើល​ថា បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីក​លូតលាស់ ដូច​យ៉ាង​ប្រទេស​ចិន កូរ៉េខាងត្បូង វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា និង​ឡាវ អាច​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ចំនួន ៧,៩% សម្រាប់​ឆ្នំា ២០១១ នេះ។ ប៉ុន្តែ​សម្រាប់​ឆ្នំា ២០១២​ខាង​មុខ អត្រា​នេះ​នឹង​អាច​ធ្លាក់​មក​នៅ​ត្រឹម ៧,៧% វិញ។

ដូច​យើង​យ៉ាង​បាន​ដឹង​ស្រាប់​ហើយ​ថា កំណើន​សេដ្ឋកិច្ច​ដែល​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​កំពុង​បន្ត​មាន តិច ឬ​ច្រើន រហូត​មក​ដល់​ពេល​នេះ ដូច​យ៉ាង​ប្រទេស​ចិន​ជា​ដើម គឺ​បាន​មក​ពី​ការ​នំា​ផលិតផល​ចេញ​ទៅ​ក្រៅ​ប្រទេស។ អ៊ីចឹង​ហើយ​បាន​ជា ADB បាន​បញ្ជាក់​ថា វិបត្តិ​ប្រាក់​បំណុល​ដែល​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​កំពុង​ពើប​ប្រទះ​ក្តី កំណើន​សេដ្ឋកិច្ច​សន្សឹមៗ​នៅ​សហរដ្ឋអាមេរិក​ក្តី ឬ​មួយ​ក៏​ផលវិបាក​ដែល​ជប៉ុន​កំពុង​ឆ្លង​កាត់​នៅ​ក្រោយ​គ្រោះរញ្ជួយដី​ក្តី អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នំា​ចេញ​របស់​ប្រទេស​នៅ​អាស៊ី។ យ៉ាង​ណា​ក៏​ដោយ ADB មិន​បាន​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿង​មួយ​ដែល​ថ្នាក់​ដឹក​នំា​នៅ​អាស៊ី​ត្រូវ​បារម្ភ​ទេ ព្រោះ​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​នៅ​តែ​មាន​លក្ខណៈ​មំាទំា​ជានិច្ច។

សន្ទុះ​សេដ្ឋកិច្ច​នៅ​អាស៊ី​កំពុង​ជម្រុញ​ឲ្យ​មាន​វិបត្តិ​អតិផរណា

របាយការណ៍​របស់ ADB បាន​ទាញ​សញ្ញាអាសន្ន​ថា នៅ​សឹង​តែ​គ្រប់​ប្រទេស​ទំាង​អស់​ក្នុង​តំបន់​អាស៊ី សុទ្ធ​តែ​បាន​និង​កំពុង​ជួប​ប្រទះ​នូវ​​វិបត្តិ​អតិផរណា​ដូច​គ្នា គ្រាន់​តែ​ប្រទេស​ខ្លះ​មាន​អត្រា​អតិផរណា​ទាប ប្រទេស​ខ្លះ​ទៀត មាន​អត្រា​អតិផរណា​ខ្ពស់។ ជាទូទៅ អត្រា​អតិផរណា​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ទំាង​អស់​មាន​ចន្លោះ​ពី ៣ ទៅ ៦%។ វា​លើក​លែង​តែ​ប្រទេស​វៀតណាម​មួយ ដែល​មាន​អត្រា​អតិផរណា​រហូត​ដល់​ទៅ ២០%។ មាន​មូលហតុ​ច្រើន​ដែល​ជម្រុញ​ឲ្យ​មាន​កំណើន​អត្រា​អតិផរណា ប៉ុន្តែ​មាន​មូលហេតុ​សំខាន់​ចំនួន​ពីរ​ដែល​បាន​លើក​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ទីមួយ៖ គឺ​មក​ពី​មាន​កំណើន​តម្រូវការ​ផ្ទៃក្នុង និង​ទីពីរ៖ គឺ​ការ​ឡើង​ថ្លៃ​តម្លៃ​វត្ថុធាតុដើម។

សម្រាប់ ADB អត្រា​អតិផរណា​កើន​ហួស​ពី​ការ​គ្រោង​ទុក នឹង​អាច​ជម្រុញ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់ និង​មាន​ការ​ទាមទារ​ដំឡើង​ប្រាក់បៀវត្ស ដែល​នេះ នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​សេដ្ឋកិច្ច។ នេះ គឺ​ជា​ហានិភ័យ​មួយ​ដែល​ថ្នាក់ដឹកនំា​នយោបាយ​បាន​យល់​ច្បាស់​ណាស់ និង​កំពុង​ស្វែង​រក​វិធានការ​ទប់​ទល់។ ដើម្បី​អាច​ប្រឈម​ទប់​នឹង​ហានិភ័យ​ដែល​ផ្ទុះ​ចេញ​ពី​អតិផរណា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ជម្រុញ​ឲ្យ​ចាត់​វិធានការ តាមរយៈ​ការ​តម្លើង​អត្រា​ការប្រាក់ និង​ការ​តម្លើង​អត្រា​ប្តូរ​រូបិយវត្ថុជាតិ ធៀប​នឹង​ប្រាក់បរទេស ពិសេស​គឺ​ប្រាក់​ដុល្លារ​អាមេរិក។

ការ​ដំឡើង​អត្រា​ការប្រាក់​ខ្ពស់ នឹង​នំា​ឲ្យ​ប្រជាជន​ផ្តើម​កាត់​បន្ថយ​ការ​ចំណាយ​ប្រចំា​ថ្ងៃ ដោយ​ពួក​គេ​នំា​គ្នា​យក​លុយ​ទៅ​សន្សំ ដើម្បី​យក​ការប្រាក់ស៊ី​​វិញ។ ការ​ដំឡើង​អត្រា​ការប្រាក់​ខ្ពស់ នឹង​ជម្រុញ​ឲ្យ​អ្នកវិនិយោគ​កាត់​បន្ថយ​ការ​ខ្ចី​លុយ​ពី​ធនាគារ​ យក​ទៅ​បង្កើន​មុខ​របរ​រកស៊ី។ ដូច្នេះ​ឃើញ​ថា ការ​កាត់​បន្ថយ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន និង​ការ​កាត់បន្ថយ​ការ​បោះទុន​រកស៊ី​របស់​ឈ្មួញ អាច​នឹង​កាត់បន្ថយ​សកម្មភាព​សេដ្ឋកិច្ច​កុំ​ឲ្យ​បោះពួយ​ទៅ​មុខ​ជ្រុល​ពេក និង​អាច​ចូលរួម​ជួយ​ទប់ស្កាត់​វិបត្តិ​អតិផរណា៕

សរុប​មក​វិញ ប្រទេស​មួយ​ដែល​សុខភាព​សេដ្ឋកិច្ច​ល្អ ពិត​ជា​មាន​មោទនភាព​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​ប្រយត្ន័ប្រយែង​ធ្វើ​យ៉ាង​ណា​កុំ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​សន្ទុះ​ជ្រុលពេក ព្រោះ​វា​អាច​នឹង​ជះ​ផលវិបាក​ដល់​ខ្លួន​ផង និង​​អាច​ឆ្លង​រាលដាល​នៅ​ទូទំាង​ពិភពលោក​ផង​ដែរ។ ឧទាហរណ៍ ដូច​ករណី​ប្រទេស​ចិន ពិតណាស់​ថា ជា​មួយ​នឹង​នយោបាយ​អត្រា​ការប្រាក់​ទាប និង​ការ​រក្សា​តម្លៃ​ប្រាក់​យ័ន​ឲ្យ​នៅ​កម្រិត​មួយ​ទាប ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ពិត​ជា​បាន​អនុញ្ញាត​ឲ្យ​ចិន​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​មក​ទល់​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ បើ​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ ខ្លួន​ឯង ជា​អ្នក​ទទួល​គ្រោះថ្នាក់។ នយោបាយ​ប្រាក់​យ័ន​ទាប​ជ្រុល ធៀប​នឹង​ប្រាក់​ដុល្លារ អាច​ធ្វើ​ឲ្យ​ទីផ្សារ​រូបិយវត្ថុ និង​ពាណិជ្ជកម្ម​ក្នុង​ស្រុក​បាត់បង់​តុល្យភាព។ នយោបាយ​អត្រាការប្រាក់​ទាប អាច​នឹង​ធ្វើ​ឲ្យ​មាន​កំណើន​ប្រាក់​កម្ចី និង​ផ្ទុះ​ឡើង​នូវ​វិបត្តិ​អចលនទ្រព្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ