អានតួអត្ថបទ
កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ផ្តើម​ពិនិត្យ​គម្រោង​ផ្តល់​ជំនួយ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB នៅ​ថ្ងៃ​ទី​៤​មិថុនា​នេះ បាន​ផ្តើម​ពិនិត្យ​មើល លើ​គម្រោង​ផ្តល់​ជំនួយ ចំនួន ២​របស់​ខ្លួន ដែល​កំពុង​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ នៅ​កម្ពុជា។ នៅ​ក្នុង​ដំណើរ​ពិនិត្យ​មើល​គម្រោង​របស់​ខ្លួន​រយៈពេល​២​ថ្ងៃ​នេះ ធនាគា​អភិវឌ្ឍន៍អាស៊ី ADB បាន​នាំ​អ្នក​កាសែត​ជាង​២០​នាក់ ដើម្បី​ចុះ​យក​ព័ត៌មាន និង​ធ្វើ​សេចក្តីរាយការណ៍​ពី​គម្រោង​របស់​ខ្លួន ដែល​មាន​ទំហំ​ទឹកប្រាក់ សរុប​ជាង​៥០​លាន​ដុល្លារ​អាមេរិក។

សិស្សានុសិស្ស​ នៅ​វិទ្យាល័យ​បាក់ទូក
សិស្សានុសិស្ស​ នៅ​វិទ្យាល័យ​បាក់ទូក @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ផ្តើម​ចេញពី​មជ្ឈមណ្ឌល​សារគមនាគមន៍ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ អ្នក​សារព័ត៌​មាន​សរុប​ជាង​២០​នាក់ មក​ពី​ស្ថា​ប័ន​នានា បាន​ពិនិត្យ​មើល​គម្រោង ដែល​ផ្តល់​ជំនួយ​ដោយ​ធនាគា​អភិវឌ្ឍន៍អាស៊ី ADB មុន​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​កាន់​ខេត្តស្វាយរៀង ដើម្បី​បន្ត​ពិនិត្យមើល​មជ្ឈមណ្ឌល​ប​ណ្ដុះ​បណ្ដាល​ថ្នាក់​តំបន់។ ជា​គម្រោង​ចំនួន​ពីរ ដែល​ផ្តល់​ដោយ​ធនាគា​អភិវឌ្ឍន៍អាស៊ី ADB។

ទី​១ គឺជា​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ (EEQP) ក្រោម​ជំនួយ​ឥត​សំណង ២៧,១ លាន​ដុល្លារ និង​គម្រោង​ជំនួយឥតសំណង ២៤,៥ លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​ពង្រីក​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (STTEV) ដែល​ជួយ​បង្កើត​ការងារ បង្កើន​ផលិតភាព​កសិកម្ម និង​បង្កើត​បណ្ដាញ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​​ក្រីក្រ ក្នុងការ​ឆ្លើយ​តប ចំពោះ​តម្រូវការ​ក្នុង​ទីផ្សារការងារ។

គម្រោង​លើកកម្ពស់​គុណភាព​អប់រំ ដែល​បានចាប់ផ្ដើម​កាលពី​ឆ្នាំ ២០០៨ នឹងត្រូវ​បញ្ចប់​នៅ​ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ។ ចំណែកឯ​គម្រោង​ពង្រីក​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ចាប់ផ្ដើម​កាលពី​ឆ្នាំ២០១០ នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែមិថុនា​ឆ្នាំ​២០១៥​ខាងមុខ។ គម្រោង​ទាំង២នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ថវិកាបដិភាគ​ចំនួន ៩,៣ លាន​ដុល្លារ។

ស្ថិតនៅក្នុង​គម្រោង​នេះ មជ្ឈមណ្ឌល​សារគមនាគមន៍​មួយ ដែល​ស្ថិតនៅក្នុង​បរិវេណ​វិទ្យាស្ថាន​​​​ជាតិ​អប់រំ ត្រូវបាន​បង្កើតឡើង​ក្នុង​ខែកុម្ភៈ​ឆ្នាំ២០១៤។ មជ្ឈមណ្ឌល​នេះ កំពុង​ត្រូវ​បាន​​ប្រើប្រាស់ និង​ដំណើរការ​ដោយ​គ្រូឧទ្ទេស​ចំនួន១២០នាក់ និង​គរុ​សិស្ស​ចំនួន​១០០០​នាក់​ មកពី​ទូទាំងប្រទេស។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បាន​ចូលរួម​ពិនិត្យមើល​គម្រោង​នេះ បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបង្កើត​មជ្ឈមណ្ឌល​សារគមនាគមន៍​ដោយ​ADB​នេះ។​

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ១៩៩៦មក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​សម្រាប់​វិស័យ​អប់រំ និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​សរុប​ជាង ២០៤,៦ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ៥២,៦ លាន​ដុល្លារ គឺជា​ជំនួយឥតសំណង​របស់​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ