អានតួអត្ថបទ
ស្បៀងអាហារពិភពលោក-កូវីដ១៩

WFP៖ ប្រទេស​ក្រីក្រ​ពឹងផ្អែក​លើការ​នាំចូល​ ប្រឈមនឹង​ការ​ខ្វះខាត​ស្បៀង​អាហារ​ដោយសារ​កូវីដ​១៩

កូវីដ​១៩​ គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។ ស្របពេល​ដែល​ ជំងឺ​រាតត្បាត​នេះ​ នៅ​បន្ត​បោះពួយ​វាយប្រហារ​ពិភពលោក​ឥតស្រាន្ត​ នៅ​ថ្ងៃសុក្រ​ ទី​ ៣ មេសា​ អង្គការ​សហប្រជាជាតិ​ បាន​ព្រមាន​ថា​ កូវីដ​១៩​ កំពុង​គំរាម​កំហែង​ និង​បង្កឲ្យ​មាន​វិបត្តិ​ខ្វះខាត​ស្បៀង​អាហារ​ សម្រាប់​មនុស្ស​ចំនួន​រាប់រយ​លាននាក់​ ជាពិសេស​នៅក្នុងទ្វីប​អាហ្វ្រិក​។

កសិករស្ត្រីជនជាតិសំប៊ីមួយក្រុម កំពុងស្តាប់វិទ្យុដោយសង្ឃឹមថានឹងទទួលបានព័ត៌មានល្អ អំពីអាកាសធាតុអំណោយផលសម្រាប់រដូវដាំដុះ។
កសិករស្ត្រីជនជាតិសំប៊ីមួយក្រុម កំពុងស្តាប់វិទ្យុដោយសង្ឃឹមថានឹងទទួលបានព័ត៌មានល្អ អំពីអាកាសធាតុអំណោយផលសម្រាប់រដូវដាំដុះ។ © HANDOUT/Moses Zangar, Jr. & Georgina Smith/UNCG Zambia
ផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រទេស​ក្រីក្រ​ ដែល​ពឹងផ្អែក​លើ​ការ​នាំចេញ​មុខ​ទំនិញ​នានា​ ដើម្បី​ទទួល​បាន​លុយ​ ចំណាយ​លើ​ការនាំ​ចូល​ស្បៀង​អាហារ​ មនុស្ស​វណ្ណៈ​កណ្តាល​ អាច​នឹង​ត្រូវការ​ជំនួយស្បៀង​អាហារ​ ដើម្បី​រស់​បាន​ក្នុង​ពេល​ជួប​វិបត្តិ​កូវីដ​១៩​។ នេះ​ គឺ​ជា​ការ​ប្រកាស​ឲ្យដឹង​ពីខាង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អ.ស.ប (WFP)។

ប្រធានផ្នែកសន្តិសុខស្បៀងរបស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ លោក​អារីហ្វ​ អ៊ូសាំង​ (Arif Husain) បាន​មាន​ប្រសាសន៍​ថា​ ជាទូទៅ​ WFP​ ជួយ​ឧបត្ថម្ភ​គាំទ្រ​ស្បៀងអាហារ ​នៅពេល​មាន​គ្រោះ​ធម្មជាតិ​ដូចជា​គ្រោះ​រាំងស្ងួត​ ឬក៏​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាដើម​។ ក៏ប៉ុន្តែ​ ឥឡូវនេះ​ WFP​ ត្រូវ​ជួយ​ទាំងអស់​ និង​កម្រិត​ពិភពលោក​ទៀត​ផង​ ដែល​នេះ​មិនមែន​ជារឿង​ធ្លាប់​កើតឡើង​ពីមុនមក​ទេ​។

ជាមួយគ្នា​នេះ ​តាមរយៈ​របាយការណ៍​មួយ​ អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ឲ្យដឹងថា​ មាន​មនុស្ស​ស្ទើរតែជិត​ ២១២ លាន​នាក់​ គ្មាន​សុវត្ថិភាព​ខាង​ស្បៀងអាហារ​ ហើយ​ ៩៥​ លាននាក់​ ដែលជា​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ក្រីក្រ​ខ្វះខាតស្បៀងធ្ងន់ធ្ងរខ្លាំង។ របាយការណ៍​ខាងលើ​ដដែល​ ឲ្យដឹង​ទៀតថា​ សម្រាប់​ប្រទេស​ក្រីក្រ​ជាច្រើន​ ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​ នឹង​ធ្វើឲ្យ​ប្រទេស​ទាំងនោះ​ រង​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ជំងឺ​កូវីដ​១៩​ ទៅទៀត​។

នៅ​ទ្វីបអាហ្វ្រិក​ ជាពិសេស​ អនុ​តំបន់​សាហារ៉ា​ ដែល​រស់​ដោយ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ធញ្ញជាតិ​ គឺជា​ទ្វីប​ដែល​ប្រឈមនឹង​ហានិភ័យ​ខ្ពស់​បំផុត​។ ប្រទេស​សូម៉ាលី​ និង​ស៊ូដង់​ខាងត្បូង​ ជា​ប្រទេស​ដែល​ទទួលរង​ប៉ះពាល់ខ្លាំង​ជាងគេ​ ចំពោះ​ការ​ផ្គត់ផ្គង់​​គ្រាប់​ធញ្ញជាតិ​។ រីឯ​ប្រទេស​ផ្សេងទៀត​ មាន​ដូចជា​អង់ហ្គោឡា​ នីហ្សេរីយ៉ា​ និង​ឆាដ​ ពឹងផ្អែក​លើការ​នាំចេញ​ ដើម្បី​ទទួល​បាន​លុយ​សម្រាប់​ចំណាយ​លើការ​នាំ​ចូល​ស្បៀងអាហារ​។

គួរ​រំឭក​ជូនថា​ គិតត្រឹម​យប់​ថ្ងៃទី ៣ មេសា​ ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​ នៅ​ទូទាំង ​ពិភព​លោក​ បាន​កើនឡើង​ដល់​ជាង​ ១​លាន ៦​ម៉ឺននាក់​ ហើយ​អ្នកស្លាប់​បានឡើង​ដល់​ជាង​ ៥​ម៉ឺន​ ៦​ពាន់​នាក់​។

យោងតាម​របាយការណ៍​ចុងក្រោយ​បង្អស់​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​មាន​ចុះ​ ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ បង្ហាញថា​ ករណី​ឆ្លង​កូវីដ​១៩ នៅ​អាហ្វ្រិកមាន​ ៤​ ពាន់​ ៧​រយ​ករណី​ និង​មាន​ស្លាប់​ ១២៧ នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ