អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដោយសារតែកូវីដ១៩ ទិវា​ពលកម្ម​អន្តរជាតិ​​ខុសប្លែក​ពី​ធម្មតា ព្រោះគ្មាន​បាតុកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១ឧសភា ទិវាពលកម្មអន្តរជាតិឆ្នាំនេះ មានលក្ខណៈខុសប្លែកពីធម្មតា ដោយសារតែពុំមានក្បួន​បាតុកម្ម​ របស់សហជីពកម្មករនិយោជិតឡើយ នៅតាមប្រទេសនានា។ ព្រោះតែ​ជម្ងឺកូវីដ១៩ ប្រជាជន​សឹងតែទូទាំងពិភពលោក ត្រូវសំងំនៅ​ក្នុងផ្ទះ ឯការជួបជុំ​​នៅតាម​ទី​សាធារណៈ ត្រូវបាន​ហាមឃាត់។ ជា​ទិវាពលកម្ម ដែលពលករ​​កម្មករ មិនអាច​ជួបជុំគ្នា​តវ៉ា​សម្តែងមតិបាន​ ខណៈដែល​ពិភពលោក​កំពុងតែ​ប្រឈម​ នឹងវិបត្តិ​សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ហើយអ្នកដែលអាចរងផលលំបាកខ្លាំងជាងគេនោះ គឺកម្មករ ពលករ​តូចតាច​តែម្តង ដែលត្រូវ​បាត់​បង់​ការងារ បាត់បង់​ប្រាក់ចំណូល ​ដោយសារតែ​វិបត្តិសេដ្ឋកិច្ច ​បង្កឡើង​ដោយ​កូវីដ១៩។

បុគ្គលិកអនាម័យទីក្រុង និងបុគ្គលិក​ដឹកជញ្ជូនទំនិញ នៅបន្តធ្វើការដើម្បីឲ្យដំណើរការ​សង្គម បន្តទៅមុខមិនរាំងស្ទះ។ កំលាំងពលកម្ម​របស់​ពួកគេ មនុស្សទូទៅតែងតែមើលរំលង លុះជួបវិបត្តិកូវីដ១៩ ចេញពីផ្ទះមិនរួច ទើបយល់ដឹងពីសារៈសំខាន់នៃការងារទាំងនេះ។
បុគ្គលិកអនាម័យទីក្រុង និងបុគ្គលិក​ដឹកជញ្ជូនទំនិញ នៅបន្តធ្វើការដើម្បីឲ្យដំណើរការ​សង្គម បន្តទៅមុខមិនរាំងស្ទះ។ កំលាំងពលកម្ម​របស់​ពួកគេ មនុស្សទូទៅតែងតែមើលរំលង លុះជួបវិបត្តិកូវីដ១៩ ចេញពីផ្ទះមិនរួច ទើបយល់ដឹងពីសារៈសំខាន់នៃការងារទាំងនេះ។ REUTERS - CHARLES PLATIAU
ផ្សាយពាណិជ្ជកម្ម

កូវីដ១៩ ធ្វើ​ឲ្យទិវាពលកម្មអន្ត​រជាតិស្ងាត់ជ្រងំ

ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំនេះ មានបរិយាកាសខុសប្លែកពីសព្វដង ដោយសារតែគ្មានក្បួនបាតុកម្ម​ជួបជុំគ្នាទេ។​ នៅតាមប្រទេសអឺរ៉ុប ជាពិសេសបារាំងតែម្តង ដែលមាន​សកម្មភាព​សហជីពខ្លាំង តាមទំលាប់ ថ្ងៃទី១ឧសភា គឺមានមានក្បួនបាតុកម្មជួបជុំ ស្រែកទ្រហឹងអឺងកង នៅទូទាំងប្រទេសតែម្តង។

ទិវាពលកម្មអន្តរជាតិ ជាទិវា​ដែល​ឧទ្ទិសដល់ការងារដ៏លំបាក របស់ពលករ របស់កម្មករ និយោជិត នៅទូទាំងពិភពលោកយើង ដែលពួកគេ​ធ្វើការប្រើកម្លាំង បែកញើសហូរញើស ដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត។ ទិវាពលកម្មអន្តរជាតិ ក៏គឺជាឱកាសដែលសហជីព ឬតំណាងនិយោជិត ធ្វើការតវ៉ា ទាមទារសិទ្ធិ ទាមទារអត្ថប្រយោជន៍ជូនដល់ ពលករកម្មករ និងជំរុញឲ្យរដ្ឋាភិបាល ប្រឹងប្រែងពង្រឹងការរីកចំរើនក្នុងវិស័យការងារ ការពារនិយោជិតឲ្យបានច្រើន ព្រោះគឺកម្លាំងញើសឈាមរបស់​ពួក​គេនេះហើយ ដែលជាចលករ​សេដ្ឋកិច្ចរបស់ពិភពលោកយើង។

តែក្នុងបរិបទបច្ចុប្បន្ននេះ មេរោគកូវីដ១៩ បានរារាំងមិនឲ្យ​មានបាតុកម្ម ឬ មានការជួបជុំអ្វីទាំងអស់។

មិនអាចចុះផ្លូវតវ៉ា តែអាចដាក់បដាតាមបង្អួច

គ្មានការជួបជុំដង្ហែរក្បួននៅខាងក្រៅ តាមផ្លូវសាធារណៈមែន ក៏ប៉ុន្តែសហជីពនៅតាមប្រទេសជាច្រើននៅអឺរ៉ុប បានអំពាវនាវ ឲ្យ​ប្រជាជន ​នាំគ្នា​បង្ហាញ​ទឹកចិត្ត និងចូលរួម​ប្រារព្ធទិវានេះ នៅតាមផ្ទះរៀងៗខ្លួន។ ឧទាហរណ៍ ដូចជាការដាក់បដា នៅតាមមាត់បង្អួច ឬតាមរបងផ្ទះ ដើម្បីសម្តែងការតវ៉ាណាមួយ។

នៅបារាំង នៅវេលាម៉ោង១២ ថ្ងៃត្រង់ ប្រជាពលរដ្ឋ បានណាត់គ្នាទះដៃ គោះចានគោះឆ្នាំង តាមមាត់​បង្អួត​ឲ្យកងរំពងឡើង ដើម្បីអបអរទិវាពលកម្មអន្តរជាតិនេះ និងជាពិសេស គឺដើម្បីគាំទ្រ អរគុណ ចំពោះបុគ្គលិកនៅតាមមន្ទីរពេទ្យ ពលករកម្មករ ដែលនៅបន្តធ្វើការ ដូចជាបុគ្គលិក​គិតលុយ​នៅតាមផ្សារលក់ម្ហូបចំណី បុគ្គលិក​អនាម័យ បុគ្គលិកប្រមូលសម្រាម ឬបុគ្គលិកដឹកចិញ្ជូនទំនិញជាដើម ។ល។ បើគ្មានពួកគេទាំងនេះ ជីវិតរស់នៅរបស់ប្រជាជនទូទាំងប្រទេស គឺពិតជាត្រូវរាំងស្ទះទាំងស្រុង។ បុគ្គលិកទាំងនោះនៅតែបន្តធ្វើការ បើទោះបីប្រឈមខ្លាំង នឹងការឆ្លងរាលដាលនូវជំងឺកូវីដ១៩ក៏ដោយ។

នៅបារាំង មានមតិជាច្រើន បាន​អំពាវនាវ សុំឲ្យ​តំឡើងប្រាក់ខែដល់បុគ្គលិកពេទ្យ ដល់ពលករកម្មករតូចតាច និងផ្តល់អត្ថប្រយោជន៍ការងារផ្សេងៗ ដូចជាបន្ថែមថ្ងៃឈប់សម្រាក ឬ ប្រាក់បំណាច់ និងអាចឲ្យពួកគេអាចឆាប់ចូលនិវត្តន៍ ជាដើម។

យ៉ាងណាមិញ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ធ្វើសារវីដេអូខ្លីមួយ ដើម្បីផ្ញើសារ ជូនប្រជាជន​បារាំង ជាពិសេសគឺពលករកម្មករ និងសហជីពទាំងអស់​ ដែលពួកគេមិនអាចធ្វើបាតុកម្មបាន នៅក្នុងឱកាស​ទិវានេះ។

លោកម៉ាក្រុង បានលើកឡើងថា ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ​២០២០នេះ គឺមិនដូច​លើកណាទាំងអស់។ លោកម៉ាក្រុង បន្តថា លោកពិតជាយល់នូវការលំបាក បណ្តាលមកពីការហាមឃាត់ ដែលធ្វើឲ្យ​ប្រជាជនមិនអាចប្រារព្ធទិវានេះ ដូចសព្វមួយដងបាន។ លោកម៉ាក្រុង បានមានប្រសាសន៍ថា​ គឺដោយសារការងារប្រឹងប្រែង របស់ពលករ កម្មករ បុគ្គលិកពេទ្យ បុគ្គលិកសង្រ្គោះទាំងអស់ ដែលធ្វើឲ្យប្រទេសជាតិ អាចបន្តដំណើរ ឈររឹងមាំទៅមុខបាន។ ជាចុងក្រោយ លោកបានសន្យាថា ប្រជាជាតិបារាំងទាំងអស់ នឹងអាចប្រារព្ធទិវាពលកម្មអន្តរជាតិលើកក្រោយ ៗ ក្នុងបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាព នៅពេលណាបារាំងរួមគ្នាពុះពារ យកឈ្នះមេរោគឆ្លងនេះបានសម្រេច។

កម្មករពលករ ជាអ្នកប្រឈមខ្លាំងជាងគេ ចំពោះវិបត្តិសេដ្ឋកិច្ច

យ៉ាងណាក៏ដោយ វិបត្តិកូវីដ១៩ បានធ្វើឲ្យពិភពលោកយើង ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានទេ។ ជាមួយនឹងវិបត្តិសេដ្ឋកិច្ច ដែលពិភពលោកយើងកំពុងឆ្លងកាត់ ដោយសារកូវីដ១៩នេះ។ គឺពលករ កម្មករតូចតាចនៅតាមរោងចក្រសហគ្រាស​ ដែលពួកគេ​អាចក្លាយជាជនរងគ្រោះ មុនគេបង្អស់។ ក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម មូលធននិយម ពេលមានវិបត្តិម្តងៗ រោងចក្របិទទ្វារ ម្ចាស់ភាគហ៊ុនដកហ៊ុនចេញ គឺកម្មករ ពលករតូចតាច ដែលត្រូវអត់ការងារធ្វើ គ្មានប្រាក់ចំណូល។

ត្រឹមត្រីមាសទី១ដើមឆ្នាំនេះ នៅតំបន់ចាយប្រាក់អឺរ៉ូ ចំណូលដុលបានចុះថយជារួម៣,៨%។ នៅ​បារាំង​វិញ ចំណូលដុលក្នុងស្រុកបានធ្លាក់ចុះ៥,៨%។ វិទ្យាស្ថាន Eurostat បានព្យាករទុកថា ត្រីមាសទី២ នឹងថយចុះខ្លាំងជាងនេះទៀត។ ចំនួន​អ្នកអត់ការងារធ្វើបានកើនឡើងខ្លាំងសម្បើម​ណាស់។

នៅសហរដ្ឋអាមេរិក គិតពីពាក់កណ្តាលខែមីនាមក ចំនួន​មនុស្សដែលមកចុះឈ្មោះសុំប្រាក់ឧបត្ថម្ភ បន្ទាប់ពីបាត់បង់ការងារ គឺមានដល់ទៅ​៣០លាននាក់។ នេះគឺជាចំនួន​ផ្ទុះឡើងដ៏ធំមហិមា ក្នុងពេលដ៏ខ្លីបំផុត ក្នុងប្រវត្តិសាស្ត្រ។ កម្មករ ពលករ ដែលមានការងារតូចតាច ប្រើកម្លាំង បានប្រាក់កម្រៃតិច ហើយប្រឈមនឹងការបណ្តេញចេញបំផុត នៅសហរដ្ឋអាេមរិក។

ហេតុដូច្នេះហើយ បានជាក្នុងឱកាសទិវាពលកម្មអន្តរជាតិ ក្នុងបរិបទវិបត្តិដ៏ធ្ងន់ធ្ងរនេះ អង្គការ សហជីព និងអ្នកនយោបាយមួយចំនួន​ធំ បានអំពាវនាវ ឲ្យគិតគូរដល់ពលករ កម្មករដែលងាយរងគ្រោះ។ រដ្ឋត្រូវតែបំពេញតួនាទីការពារពួកគេ ជួយពួកគេ កុំឲ្យបាត់បង់ការងារ។ ក្រុមហ៊ុនអន្តរជាតិ ធំៗ ដែលតែងតែកើបប្រាក់ចំណេញ​រាប់រយលាន យកទៅឲ្យ​ម្ចាស់ភាគហ៊ុននោះ គួរតែពិចារណាជួយបុគ្គលិកនិយោជិត កុំគិតតែប្រាក់ចំណេញពេក។

វិបត្តិកូវីដ១៩នេះ បានធ្វើឲ្យ​ពិភពលោកយើងស្វែងយល់បានច្រើន អំពីភាពផុតស្រួយនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ព្រមទាំងផលអវិជ្ជមាន ​នៃការបែងចែកភោគផលមិនស្មើភាពគ្នា រវាងពលករ កម្មករតូចតាច ដែលយកញើសយកកម្លាំងដូរបាយ និងអ្នកមាន ថៅកែ ម្ចាស់ភាគហ៊ុន ដែលចាំតែកើបប្រាក់ចំណេញ មុនខ្វល់ពីការលំបាករបស់អ្នកតូចតាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ