អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ អ្នកជំនាញហូឡង់ និងអ៊ីស្រាអែល​​ រកឃើញ អង់ទីក័រ​ដែលមាន​កម្លាំង​​ទប់​មេរោគ​កូរ៉ូណាវីរុស​ថ្មី​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​៥ឧសភា  សហគមអ្នកស្រាវជ្រាវវិជ្ជសាស្ត្រ បានផ្តោតក្តីសង្ឃឹម ក្នុងការយកឈ្នះ​ទៅលើ​មេរោគកូរ៉ូណាវីរុសថ្មីដែលបង្កជំងឺ​កូវីដ១៩ ក្រោយ​ទទួលដំណឹងថា អ្នកស្រាវជ្រាវ​ហូឡង់មួយក្រុម និងអ្នកស្រាវជ្រាវអ៊ីស្រាអែល បានរកឃើញព្រមៗគ្នា នូវ​ អង់ទីក័រមួយប្រភេទ ដែលអាច​មានកម្លាំងទប់ កុំឲ្យ​មេរោគកូរ៉ូណានេះ អាចបំបែកខ្លួន​ ចូល​ទៅតោងក្នុងសរីរាង្គមនុស្សបាន។ នេះគឺលទ្ធផលស្រាវជ្រាវដំណាក់កាលបឋម តែយ៉ាងណាវាជាក្តីសង្ឃឹមមួយ ក្នុងការស្រាវជ្រាវ ផលិតថ្នាំព្យាបាល ព្រមទាំងវ៉ាក់សាំងការពារជម្ងឺកូវីដ១៩។

រូបតំណាងមេរោគកូរ៉ូណាវីរុសថ្មី Sars-Cov-2 ដែលបង្កជំងឺកូវីដ១៩
រូបតំណាងមេរោគកូរ៉ូណាវីរុសថ្មី Sars-Cov-2 ដែលបង្កជំងឺកូវីដ១៩ © RFI
ផ្សាយពាណិជ្ជកម្ម

វាគឺជាការស្រាវជ្រាវ២ដាច់ដោយឡែកពីគ្នា មួយជារបស់ក្រុម​អ្នកស្រាវជ្រាវវិជ្ជសាស្ត្រ នៃសកលវិទ្យាល័យ Utrecht សហការជាមួយ​មជ្ឈមណ្ឌលវិជ្ជសាស្ត្រអឺរ៉ាស៊្មុស ទីក្រុងរ៉ូតែដាម ប្រទេសហូឡង់ រីឯមួយទៀត គឺជាការស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រា​វជីវសាស្ត្រ ដែលជាផ្នែកមួយនៃក្រសួងការពារជាតិអ៊ីស្រាអែល។

« អង់ទីក័រទប់ទល់មេរោគ »

ទស្សនាវត្តី The Nature ចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទទី៤ឧសភា បាន​ចុះផ្សាយ​ពីលទ្ធផល​ស្រាវជ្រាវ​ របស់ក្រុមអ្នកជំនាញហូឡង់ ស្តីអំពីការស្វែងរកអង់ទីក័រ ដែលអាចមានកម្លាំងទប់ជាមួយ​មេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ។ ក្រុមអ្នកជំនាញហូឡង់ បាន​បង្កើតអង់ទីក័រសិប្បនិម្មិតចំនួន​ប្រមាណ​៥១ ដែលសុទ្ធតែជាប្រភេទ Anticorps monoclonal។ បន្ទាប់មកទៀត គេយកវាទៅ​ឲ្យ​ជួបជាមួយនឹងមេរោគកូរ៉ូណាវីរុស (Sars-CoV-2) ដែលបានបង្កជម្ងឺ Sars កាលពីឆ្នាំ២០១៣ និងមេរោគកូរ៉ូណា​វីរុស ដែលបង្កជំងឺកូវីដ១៩។

ក្រោយការធ្វើតេស្តសាកល្បង គេបានរកឃើញអង់ទីក័រមួយក្នុងចំណោមនេះ ដែលអាចមានកម្លាំង​ទប់ទល់ជាមួយមេរោគទាំង២នេះ​បាន មិនថាមេរោគបង្កជំងឺ​Sars ឬមេរោគបង្កជំងឺកូវីដ១៩ទេ។ តាមការពន្យល់របស់អ្នកជំនាញ អង់ទីក័រនេះ វាអាចចូលទៅវាយលុក លើប្រូតេអ៊ីន ដែលស្ថិតនៅលើ​សំបក​ក្រៅរបស់មេរោគកូរ៉ូណា។ គឺប្រូតេអ៊ីននេះហើយ ដែលមានតួនាទីភ្ជាប់ខ្លួន ធ្ពក់មេរោគ​ទៅនឹងប្រព័ន្ធទទួល ​របស់កោសិកា​មនុស្សយើង ដែលភាសាបច្ចេកទេសហៅថា Récepteurs ACE2។

ដូច្នេះ កាលណាអង់ទីក័រ ទៅរំខានវាយលុកលើ​ប្រូតេអ៊ីននេះ គឺមានន័យថា មេរោគមិនអាច​បញ្រ្ចៀត​​ចូលទៅក្នុងសរីរាង្គមនុស្ស​យើង បានដោយងាយទេ។ អ្នកជំនាញហូឡង់​ លើកឡើងថា អង់ទីក័រ ដែលគេទើបតែរកឃើញនេះ តែម្នាក់វាឬក៏អាចបូកផ្សំជាមួយអង់ទីក័រផ្សេងទៀត គឺវាប្រហែលជាអាចយុទ្ធសាស្ត្រទៅថ្ងៃខាងអនាគត ក្នុងយកឈ្នះជម្ងឺកូវីដ១៩។

អ៊ីស្រាអែលនឹងផលិតអង់ទីក័រដែលស្រាវជ្រាវឃើញ ក្នុងទ្រង់ទ្រាយធំ

ទាក់ទិនលទ្ធផលស្រាវជ្រាវរបស់ក្រុមអ្នកជំនាញអ៊ីស្រាអែល គឺគេមិន​បានដឹងលំអិតប៉ុន្មានទេ។ នៅថ្ងៃទី​៥ឧសភានេះ​ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល គ្រាន់តែបានចេញលិខិត​ប្រកាសមួយ ដែលអះអាងថា អ្នកជំនាញ​នៃវិទ្យាស្ថានស្រាវជ្រាវជីវសាស្ត្រអ៊ីស្រាអែល (IIBR) បានរកឃើញអង់ទីក័រម៉ូណាក្លូណាល់ មួយប្រភេទ ដែលអាចមានកម្លាំង ទប់ជាមួយ​មេរោគកូរ៉ូណា។ នៅក្នុងលិខិតប្រកាសនេះដែរ លោកនាយកវិទ្យាស្ថានអ៊ីស្រាអែលនេះ បានបញ្ជាក់ថា គេនឹង​ដាក់ពាក្យសុំប្រឺវ៉េ ដើម្បីការពារ​លទ្ធផល​ស្រាវជ្រាវរបស់គេ ហើយបន្ទាប់មកទៀត គឺនឹងចាប់ផ្តើមផលិតអង់ទីក័រនេះ ក្នុងទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

តែយ៉ាងណា លទ្ធផលស្រាវជ្រាវទាំងអស់នេះ គឺវាស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ គេត្រូវការ​ការតាមដាន និងទិន្នន័យឲ្យ​បាន​ច្រើនជាងនេះទៀត។ តែយ៉ាងណាវាក៏ជាការសង្ឃឹមមួយដែរ ដែលក្រុមជំនាញ២ផ្សេងគ្នា បានស្រា​វជ្រាវរកឃើញ អង់ទីក័រម៉ូណូក្លូណាល់ដូចគ្នា ដែលអាចទប់ទល់ជាមួយមេរោគកូរ៉ូណាប្រភេទថ្មីនេះបាន​។

ដោយឡែក វិទ្យាស្ថានប៉ាស្ទ័ររបស់បារាំង ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការ​ស្រាវជ្រាវ​ស្វែងរកអង់ទីក័រនេះដែរ ដើម្បីរកមើលថា អង់ទីក័រមួយណា ដែលមានកម្លាំងជាងគេ អាចទប់ឬសម្លាប់មេរោគកូរ៉ូណាាបាន។ ដំណាក់កាលបន្ទាប់ គឺការចិញ្ចឹមនិងផលិតអង់ទីក័រទាំងនេះ ក្នុងទ្រង់ទ្រាយធំ ដើម្បីយកវាទៅប្រើ ព្យាបាលអ្នកជំងឺកូវីដ១៩។

អង់ទីក័រចំលងចេញ ពីកោសិកាសត្វឡាម៉ា

ការសិក្សាមួយផ្សេងទៀត របស់ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យGant ប្រទេសប៊ែលហ្សិក និង អ្នកជំនាញនៅសកលវិទ្យាល័យតិចសាស់ សហរដ្ឋអាេមរិក ដែលសាកល្បងយកអង់ទីក័រចេញ​ពីកោសិកាសត្វឡាម៉ា។ តាមពិតវាជាគម្រោងស្រាវជ្រាវចាស់​ ដែលមានកាលពីជំនាន់មេរោគជំងឺ SARS នៅឆ្នាំ២០១៣។ តែពេលនេះ គេបានយកវាមកបំបែក សិក្សាសាកល្បងជាមួយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដែលបង្កជំងឺកូវីដ១៩។

អ្នកជំនាញ​គេបាន​បង្កើតអង់ទីក័រសិប្បនិម្មិតមួួយ ដោយការច្របាច់បញ្ចូលគ្នា នៃ អង់ទីក័រចំនួន​២ របស់​សត្វឡាម៉ាដែលបាន​ផលិតប្រឈមជាមួយ​មេរោគជំងឺ SARS។ បន្ទាប់មកគេយកវាមកសាកលើមេរោគកូរ៉ូណាប្រភេទថ្មី។ យោងតាមលទ្ធផល​ ដែលចុះផ្សាយក្នុងទស្សនាវត្តីវិជ្ជសាស្ត្រ Cell នៅថ្ងៃទី​៥ឧសភានេះ គឺការសាកល្បងក្នុងមន្ទីរពិសោធន៍ បានលទ្ធផលថា អង់ទីក័រយកចេញពីសត្វឡាម៉ានេះ អាចទប់ទល់ជាមួយមេរោគកូរ៉ូណាប្រភេទថ្មីបាន។ ជាងនេះទៀត អង់ទីក័រយក​ពី​កោសិកាសត្វឡាម៉ានេះ មានទំហំតូចជាងអង់ទីក័រយកចេញពីកោសិកាមនុស្ស ដែលវាធ្វើឲ្យកាន់តែមានភាពងាយស្រួល ក្នុងការយកអង់ទីក័រនេះ បញ្ចូលទៅក្នុងសរីរាង្គមនុស្ស ដូចជាវិធីងាយៗ​ ដោយគ្រាន់តែស្រូបចូលតាមផ្លូវដង្ហើម ជាដើម។ នេះគឺលទ្ធផលសាកល្បងក្នុងមន្ទីរពិសោធន៍។ គេត្រូវរងចាំតានដាន លើលទ្ធផល នៃ​ការសាកល្បងជាក់ស្តែង យកអង់ទីក័រប្រភេទនេះ បញ្ចូលទៅក្នុងខ្លួនអ្នកជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ