អានតួអត្ថបទ
សិទ្ធិកុមារ

វិបត្តិអាកាសធាតុ គំរាម​អាយុជីវិត និង​ការរីកធំធាត់​របស់​កុមារ​ចំនួន​​១ពាន់​លាន​នាក់

ផលប៉ះពាល់បង្កឡើងដោយ​បម្រែបម្រួលអាកាសធាតុ បាននិងកំពុងគំរាមអាយុជីវិតកុមារ ចំនួនយ៉ាងហោច​១ពាន់​លាននាក់​ នៅទូទាំងពិភពលោក។ នេះបើផ្អែកតាមរបាយការណ៍​ប្រចាំឆ្នាំ របស់អង្គការ KidsRights ដែលមានមូលដ្ឋាននៅប្រទេសហូឡង់។ លក្ខខណ្ឌរស់នៅ ព្រមទាំងសុខុមាលភាព​របស់កុមារ ​មិនបាន​ប្រសើរឡើងទេ ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ ហើយជាងនេះទៀត វិបត្តិបង្កឡើង​ដោយជំងឺឆ្លងកូវីដ​១៩ បានធ្វើឲ្យ​កុមារអាយុក្រោម​៥ឆ្នាំ ស្លាប់ជិត​៣សែននាក់ នៅតាមប្រទេសក្រីក្រ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ និង​គ្មានការថែទាំ​សុខភាព​។

កុមារអាហ្វហ្កានីស្ថាន ដែលធ្វើការក្នុងការដ្ឋានផលិតឥដ្ឋធ្វើពីដី នៅជាយក្រុងកាប៊ូឡ ថ្ងៃទី ១៧ សីហា ២០២២
កុមារអាហ្វហ្កានីស្ថាន ដែលធ្វើការក្នុងការដ្ឋានផលិតឥដ្ឋធ្វើពីដី នៅជាយក្រុងកាប៊ូឡ ថ្ងៃទី ១៧ សីហា ២០២២ AP - Ebrahim Noroozi
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់ឆ្នាំ អង្គការ KidsRights ចេញរបាយការណ៍​ចាត់ថ្នាក់ប្រទេសចំនួន​១៨៥ប្រទេស ស្តីអំពី​ការគោរពសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ និងដោយយោងទៅតាមតួលេខរួម របស់អង្គការសហប្រជាជាតិ។ សម្រាប់របាយការណ៍​ប្រចាំឆ្នាំ​២០២២នេះ អង្គការ​ KidsRights បានទាញសញ្ញាអាសន្ន អំពីការធ្លាក់ចុះខ្លាំង នូវ​លក្ខខណ្ឌបំនិនជីវិត ព្រមទាំង​សុខុមាលភាពរបស់កុមារនៅទូទាំងពិភពលោក។ វិបត្តិជំងឺឆ្លងកូវីដ១៩ បាន​ជះឥទ្ធិពលអាក្រក់ ធ្វើឲ្យ​កុមារខ្វះ​ចំណីអាហារ គ្មានការថែទាំសុខភាពត្រឹមត្រូវ ហើយបានបណ្តាល​ឲ្យ​កុមារ​អាយុក្រោម​៥ឆ្នាំ ចំនួន២៨៦០០០នាក់ បានស្លាប់។

លោក Marc Dullaert ប្រធាននិងជាស្ថាបនិកអង្គការ KidsRights បាន​លើកឡើងថា របាយការណ៍ឆ្នាំ​២០២២ បានឆ្លុះឲ្យឃើញនូវ គ្រោះថ្នាក់ប្រឈមធ្ងន់ធ្ងរណាស់ សម្រាប់​កុមារ​ជំនាន់នេះ និងទៅជំនាន់ក្រោយ​ៗទៀត។ វិបត្តិអាកាសធាតុ កំពុងតែប៉ះពាល់យ៉ាងខ្លាំង ដល់សុខុមាលភាព ការរីកធំធាត់ទាំងរាងកាយ និង​ប្រាជ្ញាស្មារតីរបស់កុមារ។ ១០ឆ្នាំកន្លង​មកនេះ លក្ខខណ្ឌជីវិតរបស់​កុមារ មិនបាន​ប្រសើរឡើងទាល់តែសោះ។ ជាងនេះទៀត កុមារដែលត្រូវបង្ខំឲ្យ​ធ្វើការ បាន​កើនដល់ ១៦០លាននាក់ ពោលគឺកើនចំនួន៨,៤លាននាក់ ក្នុងរវាង​៤ឆ្នាំចុងក្រោយ​នេះ។

ចំណាត់ថ្នាក់​ល្អជាងគេក្នុងឆ្នាំ​២០២២ ក្នុងការគោរពសិទ្ធិកុមារ គឺមានប្រទេស​អ៊ីសឡង់ ស៊ុយអែត ហ្វាំងឡង់ និងហូឡង់ ខណៈសាធារណរដ្ឋអាហ្វ្រិកកណ្តាល សេរ៉ាឡេអូន អាហ្វហ្កានីស្ថាន និងឆាដ ស្ថិតនៅ​លេខរៀងចុងគេបង្អស់​។ ជាមួយគ្នានេះ​​ របាយការណ៍​បាន​លើកសរសើរផងដែរ អំពីប្រទេសមួយចំនួនដែល​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​ដល់សុខុមាលភាពរបស់​កុមារ ដូចជាប្រទេសអង់ហ្គោឡា ដែល​បានកាត់​បន្ថយ​ករណី​មរណភាព​កុមារអាយុក្រោម​៥ឆ្នាំ បាន​ដល់ទៅ​ពាក់កណ្តាល ប្រទេសបង់ក្លាដែស កាត់​បន្ថយ​បានជិតពាក់កណ្តាល​ បញ្ហាកុមារអាយុក្រោម៥ឆ្នាំមិនគ្រប់គីឡូ ចំណែក​ប្រទេស​បូលីវី បានកាត់បន្ថយជិតពាក់កណ្តាលដែរ នូវករណី​​គ្រោះថ្នាក់ការងាររបស់កុមារ​។​

ដោយឡែកប្រទេសមួយចំនួន ត្រូវបាន​របាយការណ៍​ស្តីបន្ទោស ជាក់ស្តែងប្រទេស នីហ្សេរីយ៉ា ដែលស្ថិតនៅលេខរៀងទី​១៧៥ ហើយដែល​មានករណី​ស្ត្រី​ស្លាប់​ក្នុងពេល​សម្រាលកូន​ ក្នុងកម្រិតខ្ពស់ខ្លាំងបំផុត។ រីឯប្រទេសម៉ុងតេណេហ្រ្កូ ស្ថិតនៅលេខរៀងទី​៤៩ មានកម្រិត​ចាក់វ៉ាក់សាំងឲ្យដល់​កុមារទាបខ្លាំង។ ប្រទេសស្វ៊ីស ដែលឆ្នាំមុនស្ថិតនៅលេខរៀងទី​២ បានធ្លាប់​មកនៅលេខរៀងទី​៣១ ដោយសារតែការអនុវត្តគោលការណ៍គ្រិះ “នៃឧត្តមប្រយោជន៍​របស់​កុមារ” នៅមិនទាន់គ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ