អានតួអត្ថបទ
តូក្យូ

លោក ​ការឡូស ហ្គោន ថា​បាន​​រៀបចំគម្រោង​ការ​តែ«ម្នាក់​ឯង​គត់» ដើម្បីគេចខ្លួន

សំណុំរឿង​លោក ​ការឡូស ហ្គោន អតីត​អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​រឺណូ-នីសាន់​ ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ដល់​ប្រទេសលីបង់​, អ្វី​ថ្មីដែល​គេ​ដឹង គឺថា មាន​ភស្តុតាង​វីដេអូ​កាមេរ៉ា នៅ​​ផ្ទះរបស់​​គាត់​ក្នុង​​តូក្យូ ដែល​​បញ្ជាក់ថា លោក ​ការឡូស ហ្គោន បាន​បើក​ឡាន​ចេញ​ពីគេហដ្ឋាន​តែម្នាក់ឯង។ ​រូប​ភាពនេះ គឺ​វីដេអូ​ចុងក្រោយ​បំផុត ដែល​មាន​រូប​លោក ​ការឡូស ហ្គោន នៅ​តូក្យូ។ ពី​ប្រទេស​លីបង់ លោក ​ការឡូស ហ្គោន បាន​បញ្ជាក់​ពី​ថ្ងៃព្រហស្បតិ៍​ ទី​២មករា​  ថា​លោក​បាន​​រៀបចំគម្រោង​ការ​តែ«ម្នាក់​ឯង​គត់» ដើម្បី​រត់​ចាក​ចេញពី​ប្រទេស​ជប៉ុន។ ការអះអាង​បញ្ជាក់​របស់​លោក​យ៉ាងដូច្នេះ​ គឺបន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ​ជុំ​ទិញ នាំគ្នា​ទម្លាក់​ការ​សង្ស័យ​ទៅ​លើ​ភរិយា​របស់លោក ថា​ជាអ្ន​កនៅ​ពីក្រោយ​គ្រោង​ការជម្លៀស​ខ្លួន​របស់​ស្វាមី និងជាអ្នក​ចេញលុយកាក់​សម្រាប់​រៀបចំ​គ្រោងការនេះ​។

លោក ​ការឡូស ហ្គោន ថា​លោក​បាន​​រៀបចំគម្រោង​ការ​តែ«ម្នាក់​ឯង​គត់» ដើម្បី​រត់​ចាក​ចេញពី​ប្រទេស​ជប៉ុន។
លោក ​ការឡូស ហ្គោន ថា​លោក​បាន​​រៀបចំគម្រោង​ការ​តែ«ម្នាក់​ឯង​គត់» ដើម្បី​រត់​ចាក​ចេញពី​ប្រទេស​ជប៉ុន។ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

នៅ​តូក្យូ ប៉ូលីស​ជប៉ុន​បាន​ចូលទៅ​ឆែក​ឆែរ​ផ្ទះ​របស់​លោក ​ការឡូស ហ្គោន។ ហើយ​នៅ​តួកគី វិញ ប៉ូលីស​តួកគី​ បាន​កោះហៅ​អ្ន​កបើក​បរ​យន្តហោះ​ចំនួន​៤នាក់ ទៅសួរ​នាំ​ ដើម្បី​ឈ្វេង​យល់​ពី​ដំណើរ​ភៀសខ្លួន​របស់​លោក ហ្គោន។ នៅពេលនេះ គេ​យល់​ជាបឋមថា លោក ​ការឡូស ហ្គោន បា​នចេញពី​ផ្ទះនៅ​តូក្យូ នា​​យប់​ជ្រៅ​ថ្ងៃ​អាទិត្យ ទី​២៩ធ្នូ ដោយឡើង​​ជិះ​យន្តហោះ​ឯកជនមួយ​​ នៅ​ព្រលាន​យន្ត​អន្តរជាតិ Kansai ក្បែរ​ក្រុង​ Osaka គឺ​ភាគខាង​លិច​តូក្យូ ដើម្បី​តម្រង់​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ អ៊ីស្តង់ប៊ូល។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ លោក​បន្ត​ជិះ​យន្តហោះ​ឯកជន​ ពី​អាកាសយានដ្ឋានអាតាតួក (Ataturk ) ដើម្បី​ទៅជាន់​ដី​នៃរដ្ឋធានីបៃរូត (Beyrouth) ប្រទេសលីបង់។

ជាការ​រម្លឹក លោក ​ការឡូស ហ្គោន អាយុ​៦៥ឆ្នាំ ជាអតីតអគ្គនាយកក្រុមហ៊ុនរថយន្តរឺណូ-នីសាន់ ហើយ​កាន់​សញ្ជាតិ​​បារាំង លីបង់ និង​ ប្រេស៊ីល​។ លោក​ត្រូវ​តុលាការ​តូក្យូ​ ចោទប្រកាន់​លើ​សំណុំ​រឿងជា​ច្រើន​ទាក់ទង​នឹង​រឿង​​ពុករលួយ គេចពន្ធដារ​ ហើយ​ត្រូវ​ប៉ូលីស​ជប៉ុន​ ចាប់​ខ្លួន​ អស់​ចំនួន​១៣០ថ្ងៃ​។

នៅ​ពេល​គេច​ខ្លួន​រួច លោក ការឡូស ហ្គោន ប្រកាសថា «​លោក​មិនមែន​គេច​ពី​តុលាការ​ទេ តែ​គេច​ពី​ប្រព័ន្ធ​អយុត្តិធម៌​របស់​ជប៉ុន»។ ជុំវិញរឿងនេះ ការឡូស ហ្គោន ថា​​នឹង​ធ្វើ​សន្និសីទ​កាសែត​លម្អិត​បន្ថែម នៅ​សប្តាហ៍​ក្រោយ​នេះ ពី​ប្រទេស​លីបង់។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ