អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា គ្មាន​ការប្រជុំ​សម្ងាត់ ដើម្បី​បដិសេធ​សហចៅក្រម​អន្តរជាតិ​ថ្មី​ទេ

នៅ​ថ្ងៃ​ចន្ទ ទី​១៦​មករា​នេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក កែវ រ៉េមី បាន​ចេញ​មុខ​បដិសេធ​នឹង​ដំណឹង ដែល​បាន​ផ្សព្វផ្សាយ​តាម​ទំព័រ​កាសែត ដោយ​ថា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មិន​បាន​ប្រជុំ​សម្ងាត់ ដើម្បី​បដិសេធ មិន​ព្រម​តែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី នៅ​តុលាការ​ខ្មែរក្រហម។ មន្ត្រី​ជាន់​ខ្ពស់​ក៏​អះអាង​ដែរថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​លូកលាន់ ឬ​ជ្រៀតជ្រែក​ចូល​ក្នុង​ដំណើរការ​កាត់ទោស​មេដឹកនាំខ្មែរ​ក្រហម​ឡើយ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ​អត្ថបទ​ដែល​ចៅក្រម​អន្តរជាតិ​បម្រុង​ចោទប្រកាន់​ថា មាន​ការប្រជុំ​​មិន​ចង់​ឲ្យ​លោក​ត្រូវ​គេ​តែងតាំង​ជា​សហចៅក្រម​អន្តរជាតិ​ស៊ើបអង្កេត នៅក្នុង​តុលាការ​ខ្មែរក្រហម
កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ​អត្ថបទ​ដែល​ចៅក្រម​អន្តរជាតិ​បម្រុង​ចោទប្រកាន់​ថា មាន​ការប្រជុំ​​មិន​ចង់​ឲ្យ​លោក​ត្រូវ​គេ​តែងតាំង​ជា​សហចៅក្រម​អន្តរជាតិ​ស៊ើបអង្កេត នៅក្នុង​តុលាការ​ខ្មែរក្រហម ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃនេះ គឺជា​ការឆ្លើយតប​នឹង​ដំណឹង​ក្នុង​ទំព័រ​កាសែត ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ដែល​បាន​ស្រង់​សម្តី​របស់​សហ​ចៅក្រម​បម្រុង​អន្តរជាតិ លោក Lurant Kasper Ansermet។ លោក​ចៅក្រម បាន​ប្រាប់​កាសែត Phnom Penh Post និង​កាសែត The Cambodia Daily ថា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​ប្រជុំ​ស្ងាត់ៗ កាលពី​ចុង​អាទិត្យ​មុន ហើយ​បាន​សម្រេច បដិសេធ​មិន​ព្រម​តែងតាំង​រូបលោក ជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី ជំនួស​តំណែង​លោក​ចៅក្រម Siegfried Blunk ដែល​បាន​លាលែង​កាលពី​ខែតុលា​ឡើយ។

ក៏​ប៉ុន្តែ ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មករា ឆ្នាំ​២០១២ លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បានប្រកាសថា មិន​មាន​ការប្រជុំ​សម្ងាត់​អ្វី រវាង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទេ។ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ក៏​មិន​បាន​លូកដៃ ជ្រៀតជ្រែក​ចូលក្នុង​ដំណើរការ​តុលាការ​ខ្មែរក្រហម ពិសេស​លើ​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​តុលាការ​ខ្មែរក្រហម​ទេ។
 

លោក​កែវ រ៉េមី​ធ្វើ​សន្និសីទ​កាសែត បកស្រាយ​ការចោទប្រកាន់ នៅថ្ងៃ​ចន្ទ​ទី ១៦ មករា ២០១១
លោក​កែវ រ៉េមី​ធ្វើ​សន្និសីទ​កាសែត បកស្រាយ​ការចោទប្រកាន់ នៅថ្ងៃ​ចន្ទ​ទី ១៦ មករា ២០១១ ©RFI/ស៊ីវ ចាន់ណា

តាម​លោក កែវ រ៉េមី អំណាចរដ្ឋាភិបាល និង​អំណាចតុលាការ ស្ថិតនៅ​ដាច់​ពីគ្នា។ ម្យ៉ាងទៀត តាម​កិច្ចព្រមព្រៀង ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រាប់​តុលាការ​ខ្មែរក្រហម អង្គការសហប្រជាជាតិ ជា​អ្នកស្នើ រីឯ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន ជា​អ្នកសម្រេច​តែងតាំង។

ក្នុង​សន្និសីទកាសែត ដែល​មិន​ទទួល​សំណួរ​របស់​អ្នកកាសែត លោក កែវ រ៉េមី ក៏​បាន​ប្រតិកម្ម​នឹង​កាសែត ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​រារាំង និង​ជា​ឧបសគ្គ​ដល់​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម ដើម្បី​ដំណើរការ​រឿងក្តី​ថ្មី​២​ទៀត គឺ​០០៣ និង​០០៤។

ចំណែក​លោក ឌឹម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរក្រហម បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អង្គការ​សហប្រជាជាតិ កាលពី​ខែ​មិថុនា ឆ្នាំ​២០០៣ កំណត់ថា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មិនមាន​កាតព្វកិច្ច​ក្នុង​ការតែងតាំង​គ្រប់​ចៅក្រម​អន្តរជាតិ ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ស្នើ​សុំ​នោះ​ទេ។ ម្យ៉ាងទៀត តុលាការ​ខ្មែរក្រហម ជា​តុលាការជាតិ ដែល​តាម​កិច្ចព្រមព្រៀង ភាគី​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ ត្រូវគោរព​បូរណភាព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក។

កិច្ចប្រជុំ​ឧត្តមប្រឹក្សា​អង្គចៅក្រម ដើម្បី​សម្រេច​លើ​ការស្នើសុំ​តែងតាំង​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ មិន​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ​ខ្មែរក្រហម ព្រលយ​ឲ្យដឹង​ថា នឹង​ធ្វើ​ឡើងនៅពេលណា​នោះទេ។ តែ លោក​ឌឹម សុវណ្ណារុំ លើក​ឡើងថា ការប្រជុំ​តែងតាំង​នោះ ជា​ដែន​សមត្ថកិច្ច​ផ្លូវច្បាប់​សុទ្ធសាធ មិន​ប៉ះពាល់​ដល់​ដំណើរការ​នៅ​តុលាការ​ចម្រុះ ដែល​កំពុង​កាត់ទោស​លើ​សំណុំរឿង​០០២ នៅពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ