សង្គ្រាមពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់បានកិច្ចព្រមព្រៀងរួមគ្រប់វិស័យជាមួយចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥២
នៅក្នុងសប្តាហ៍នេះ អាមេរិកនិងចិន ផ្តើមចូលតុចរចាជាថ្មី ដើម្បីរកផ្លូវទៅដោះស្រាយជម្លោះពាណិជ្ជកម្ម។ ប្រមុខដឹកនាំការចរចាពីភាគីចិន លោកអនុនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរចេញពីស្រុកចិនហើយ សម្រាប់ចូលរួមតុជជែកគ្នាជាមួយភាគីអាមេរិក នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី១០ និងទី១១ តុលា។ ការផ្តើមពិភាក្សាគ្នានេះ ស្ថិតនៅក្នុងបរិយាកាសតានតឹង ដ្បិតអាមេរិក កំពុងត្រៀមដាក់ក្រុមហ៊ុនឯកជននិងក្រុមហ៊ុនរបស់រដ្ឋចិន ចំនួន២៨ ចូលបញ្ជីខ្មៅ គឺក្រោយពីមានភស្តុតាងថ្មី បង្ហាញថា អាជ្ញាធរចិនកំពុងតែធ្វើទុក្ខបុកម្នេញនិងចង់លុបបំបាត់ពូជសាសន៍ជនជាតិភាគតិចអ៊ីស្លាម អ៊ុយហ្គួរ។ ដូច្នេះ តើការចរចាគ្នានេះ អាចនឹងឈានទៅលុបបំបាត់ជម្លោះនៃសង្គ្រាមពាណិជកម្មបានដែរឬទេ?
កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមលើគ្រប់វិស័យ មានន័យយ៉ាងម៉េចវិញ?
ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសចង់បានកិច្ចព្រមព្រៀងរួមគ្រប់វិស័យជាមួយចិន គឺនៅក្នុងឱកាសដែលលោកចុះកិច្ចព្រមព្រៀងដោយផ្នែក ជាមួយប្រទេសជប៉ុន។ សម្ព័ន្ធមិត្តចាក់ទឹកមិនលិចអាមេរិកនិងជប៉ុន បានព្រមព្រៀងគ្នាលើកលែងពន្ធ ឬ/និងកាត់បន្ថយពន្ធចំពោះគ្នាទៅវិញទៅមក នៅលើផ្នែកទំនិញកសិកម្ម ដូចជា សណ្តែក តែខៀវ សាច់ជ្រូក សាច់គោ ជាដើម។ ក៏ប៉ុន្តែ ផ្នែកឧស្សាហកម្ម ដូចជាការនាំចូលរថយន្តជប៉ុន ទៅអាមេរិក គឺនៅជាប់ពន្ធច្រើននៅឡើយ។
ចំណុចបែបដូច្នេះ គឺអាមេរិកមិនចង់ធ្វើជាមួយប្រទេសចិននោះឡើយ។ ពោលគឺប្រធានាធិបតីលោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងរួមគ្រប់វិស័យតែម្តង ហើយទាល់តែជាកិច្ចព្រមព្រៀងថ្មីមួយដែលល្អ ប្រសិនបើមិនល្អប្រសើរបម្រើប្រយោជន៍សេដ្ឋកិច្ចបានច្រើនសម្រាប់អាមេរិកទេ គឺអាមេរិករបស់លោក ត្រាំ សុខចិត្តថាមិនបាច់ចុះកិច្ចព្រមព្រៀងអ្វីទាំងអស់។
បន្ថែមពីនេះ ភាគីអាមេរិក តាមរយៈថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ទៀតថា នឹងយកគ្រប់ប្រធានបទនៃផ្នែកពាណិជកម្ម មកដាក់លើតុដើម្បីចរចាគ្នាតែម្តង។
ពីភាគចិនវិញ មិនទាន់បញ្ហាជំហរពីការដាក់លក្ខខណ្ឌអ្វីនៅឡើយទេ។ ថ្នាក់ដឹកនាំចិនទទួលបន្ទុកចរចាក្នុងជម្លោះពាណិជកម្ម ដែលដឹកនាំដោយអនុនាយករដ្ឋមន្ត្រី បានធ្វើដំណើរចេញពីស្រុកចិន សម្រាប់ទៅចរចា ថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ទី១០-១១ តុលា។ ការចរចានេះគឺជាការជួបចរចាគ្នា ជាគម្រប់លើកទី១៣ គិតតាំងពីពេលដែលមហាប្រទេសទាំងពីរប្រកាសសង្គ្រាមពាណិជ្ជកម្ម ដាក់គ្នាទៅវិញទៅមក ជាង១ឆ្នាំកន្លះមកនេះ។
គ្រាន់តែឮដំណឹងពីដំណើរការព្រមចូលតុចរចាគ្នានេះ គឺសុខភាពសេដ្ឋកិច្ចពិភពលោកទាំងមូល ហាក់បានធូរស្រាលបន្តិច
សុខភាពទីផ្សាភាគហ៊ុនពិភពលោក បានក្រោកងើប បានល្អ នៅដើមសប្តាហ៍នេះ តាំងពីផ្សារហ៊ុននៅក្រុងញូវយ៉ក នៅក្រុងឡុងរបស់អង់គ្លេស នៅអឺរ៉ុប នៅអាស៊ី តូក្យូ សៀងហៃ គឺសុទ្ធតែចេញរបាយការណ៍ហិរញ្ញវត្ថុមកថា បានងើបឡើងល្អទាំងអស់។
រឿងនេះ គឺគ្មានអ្វីចម្លែកទេ ព្រោះគេបានដឹងហើយថា សង្គ្រាមពាណិជ្ជកម្មរវាងយក្សចិននិងដំរីអាមេរិក មិនមែនប៉ះពាល់តែប្រទេសទាំងពីរទេ គឺផលវិបាកកើតមានដល់គ្រប់ប្រទេសលើកលោក គ្រាន់តែតិចឬច្រើន។
ដើម្បីចូលតុចរចា តើចិននិងអាមេរិក ផ្តល់សម្បទានអ្វីឱ្យគ្នាខ្លះ ?
ចិននិងអាមេរិក ចាំបាច់ណាស់ការសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីសម្តែងឆន្ទៈវិលរកតុចរចា។ ការសម្បទានផ្តល់ឱ្យគ្នាទៅវិញទៅមក គឺគេឃើញមានច្រើន នៅក្នុងខែកញ្ញាកន្លងទៅ។
តាមធម្មតា ពន្ធនាំចូលថ្មី លើរង្វង់ទឹកប្រាក់២៥០ពាន់លានដុល្លារចំពោះទំនិញ ត្រូវចូលជាធរមានរួចទៅហើយ ប៉ុន្តែ អាមេរិកបានលើកពេលអនុវត្តពន្ធនាំចូលនេះ ទៅពាក់កណ្តាលខែតុលាវិញ គឺថ្ងៃទី១៥សប្តាហ៍ក្រោយ ពីព្រោះអាមេរិកយល់ថា ដើមខែតុលា ចិនរវល់ខ្លាំងដើម្បីរៀបចំបុណ្យខួបកំណើត៧០ឆ្នាំនៃបក្សកុម្មុយនីស្ត។
ពីខាងចិនវិញ ក្រុងប៉េកាំងយោគយល់ផ្តល់ការសម្បទានដល់អាមេរិកវិញ ដោយអនុញ្ញាតឲ្យនាំចូល ជ្រូកនិងសាច់ជ្រូក ព្រមទាំង សណ្តែករបស់អាមេរិក នាំចូលលក់នៅស្រុកចិនវិញ។ ដូចយើងដឹងស្រាប់ថា ជ្រូកនិងសណ្តែក ជាផលិតផលកសិកម្មដ៏សំខាន់មួយរបស់អាមេរិក។
មួយវិញទៀត សហគ្រាសរកស៊ីផ្នែកហិរញ្ញរបស់អាមេរិក គឺក្រុមហ៊ុន PayPal ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ទើបតែទទួលអាជ្ញាបណ្ណបានសិទ្ធិរកស៊ីទូទាត់សាច់ប្រាក់និងការចាយវាយផ្សេងៗ នៅក្នុងប្រទេសចិន។ នេះគឺជាក្រុមហ៊ុនបរទេសទីមួយហើយ ដែលអនុញ្ញាតឱ្យរកស៊ីផ្នែកនេះ នៅស្រុកចិន។
សំណុំរឿងជនជាតិភាគតិច អ៊ុយហ្គោ៖ អាមេរិក លាក់ស្នៀត និងចាក់ចិនមួយកូនកាំបិតពីក្រោយ
ចំណុចនេះ គឺត្រូវអ្នកវិភាគស្ថានការណ៍ គេមើលឃើញថា អាមេរិកបានដាក់សម្ពាធខ្លាំង ហើយសម្ពាធនេះ គឺដល់កម្រិតកំពូលតែម្តង។ ពោលគឺថ្ងៃទី៧តុលា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថាខ្លួនកំពុងដាក់បញ្ចូលក្រុមហ៊ុនចិន២៨ទៅក្នុងបញ្ជីខ្មៅ ដែលត្រូវទទួលទណ្ឌកម្មអាមេរិក។ ការប្រកាសដូច្នេះ គឺក្រោយពីភ្នាក់ងារអាមេរិក មានភស្តុតាងថ្មីបន្ថែម តាមរយៈកាំមេរ៉ាវីដេអូ ពីការដែលចិនកំពុងធ្វើទុក្ខវេទនាដល់ជនជាតិភាគតិចអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម។ សំណុំរឿងអ៊ុយហ្គួរនេះ គឺធ្វើឱ្យចិនបាក់មុខខ្លាំងលើឆាកអន្តរជាតិ។ ដូច្នេះ បើតាមអ្នកវិភាគ បើអាមេរិក មានសមានចិត្តល្អ ចង់ចរចាដោយស្មើមុខស្មើមាត់ មិនគួរយករឿងនេះ មកបញ្ឆេះបែបនេះឡើយ។
ម្យ៉ាងវិញទៀត លោក ដូណាល់ ត្រាំ តែម្តង ដែលចោទថាចិនរកស៊ីមិនស្មោះត្រង់ តាមរយៈការជួយឧបត្ថម្ភធនដល់សហគ្រាសនិងក្រុមហ៊ុនពាណិជ្ជកម្មចិន ជាដើម។ តែដល់អាមេរិកខ្លួនឯង ក៏ធ្វើរបៀបនេះដែរ។ ជាក់ស្តែង អាមេរិករបស់លោក ត្រាំ បានជួយឧបត្ថម្ភធន ចំនួន២៨ពាន់លានដុល្លារ ទៅដល់កសិករដែរ។
បន្ថែមពីនេះ អាមេរិករបស់លោក ត្រាំ នៅតែប្រកាសអួតញឹកញយ និងថ្មីៗនេះក៏និយាយដែរ ថាសេដ្ឋកិច្ចរបស់ខ្លួន នៅតែខ្លាំងពូកែ នៅតែរឹងមាំ ហើយសេដ្ឋកិច្ចចិន អាចនឹងដួលប៉ះជើងស្លាប់។ ក្នុងក្រសែភ្នែកអ្នកវិភាគ បើអាមេរិកទុកមុខទុកមាត់ឱ្យដៃគូចរចា នោះអាមេរិក មិនព្រលយពាក្យដៀមដាមដូច្នេះហើយ។
ពីភាគចិនវិញ បានទទួលស្គាល់ថា កំណើតសេដ្ឋកិច្ចចិនក្នុងពីរខែជាប់ៗគ្នាមកនេះ បើទោះបីមិនកើនខ្លាំង តែកើនឡើងតិចៗ នេះជាចំណែកមួយនៃចំហាយរបស់សង្គ្រាមពាណិជ្ជកម្ម។ ផ្នែកដែលប៉ះពាល់ខ្លាំង ជាដំបូង គឺផ្នែកសេវាកម្ម។
ទោះយ៉ាងណាក៏ដោយ ចំពោះមហាយក្សចិន ហើយដូចអ្វីដែលអ្នកជំនាញសេដ្ឋកិច្ចពិភពលោក ធ្លាប់ដាក់តឿនជាញយដងមកហើយថា «គ្មានប្រទេសមួយ អាចឈ្នះ ងើបក្បាលពីសង្គ្រាមពាណិជ្ជដោយជោគជ័យសប្បាយចិត្តនោះទេ។ តែកាលណាធ្លាក់ក្នុងជម្លោះពាណិជ្ជកម្មហើយ គឺមានតែខាតបង់ទាំងអស់គ្នា»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ