អានតួអត្ថបទ
អាមេរិក-ឥណ្ឌា

លោកស្រី​គ្លីនតុន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា

បន្ទាប់​ពី​ទស្សនកិច្ច​នៅ​​ចិន និង​បង់ក្លាដែស លោក​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ បាន​ទៅដល់​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ។ គោលដៅ​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាមេរិក-ឥណ្ឌា ក្នុង​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ចម្រូងចម្រាស​ជុំវិញ​​ទណ្ឌកម្ម​លើ​ប្រេងកាត​អ៊ីរ៉ង់។

លោកស្រី​​ហ៊ីឡារី គ្លីនតុន ពេល​មក​ដល់​​ព្រលាន​យន្តហោះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា ថ្ងៃទី៦ ឧសភា ២០១២
លោកស្រី​​ហ៊ីឡារី គ្លីនតុន ពេល​មក​ដល់​​ព្រលាន​យន្តហោះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា ថ្ងៃទី៦ ឧសភា ២០១២ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​អាមេរិក-ឥណ្ឌា​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌា​បដិសេធ​មិន​ព្រម​អនុវត្ត​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់។

គួររំឭកឡើងវិញ​ថា ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ហាមឃាត់​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ អាមេរិក​ក៏​បាន​ព្រមាន​ផងដែរ​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​របស់​​ប្រទេស​ណា​ដែល​នៅ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ អាមេរិក​បាន​សម្រេច​​លើកលែង​ទណ្ឌកម្ម​នេះ ដល់​ប្រទេស​ជប៉ុន និង​ប្រទេស​មួយចំនួន​ផ្សេងទៀត ​នៅ​សហភាព​អឺរ៉ុប ក្រោយ​ពី​ប្រទេស​ទាំងនេះ​បាន​កាត់បន្ថយ​ការ​នាំប្រេង​ពី​អ៊ីរ៉ង់។

ឥណ្ឌាវិញ ដែល​ជា​ប្រទេស​កំពុង​ត្រូវ​ការ​ថាមពល​ច្រើន ដើម្បី​បំពេញ​តាមតម្រូវការ​នៃ​កំណើន​សកម្មភាព​សេដ្ឋកិច្ច មានការ​ពឹងផ្អែក​ខ្លាំង​លើ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។ ដូច្នេះ​ហើយ​បាន​ជា​ឥណ្ឌា​មិនចង់​​​អនុវត្ត​ទណ្ឌកម្ម​របស់​អាមេរិក។ ប៉ុន្តែ បើ​មិន​កាត់បន្ថយ​ការ​ទិញប្រេង​ពី​អ៊ីរ៉ង់ទេ ប្រព័ន្ធ​ធនាគារ​របស់​ឥណ្ឌា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​របស់​អាមេរិក ដែល​អាច​នឹង​បង្ក​ឧបសគ្គ​ដល់​ការ​ទូទាត់​ថ្លៃ​ប្រេង ដែល​បច្ចុប្បន្ន​ត្រូវ​ទូទាត់​ជា​លុយដុល្លារ​អាមេរិក។

ឥណ្ឌា​រំពឹង​ថា​នឹង​អាច​ចរចា​ជាមួយ​លោក​ស្រី​គ្លីនតុន ដើម្បី​​បញ្ចៀស​ទណ្ឌកម្ម​របស់​អាមេរិក។ ចំណែក​លោកស្រី​គ្លីនតុន​វិញ ក៏​ចង់​​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នេះ​ដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង​​ជា​ដៃគូ​រវាង ​អាមេរិក និងឥណ្ឌា។

ប្រទេស​ទាំងពីរ​នេះ​ធ្លាប់​ឆ្លងកាត់​នូវ​ទំនាក់ទំនង​ជូរចត់ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ដោយសារ​តែ​ឥណ្ឌា​​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហភាព​សូវៀត។ ក្រោយ​ពី​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់ អាមេរិក​បាន​ចាប់ផ្តើម​ព្យាយាម​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ឡើងវិញ នៅ​ចុងទសវត្សរ៍​ទី​៩០ ក្នុងពេល​ដែល​លោក​ប៊ីល គ្លីនតុន​ធ្វើ​ជា​ប្រធានាធិបតី។

បច្ចុប្បន្ន អាមេរិក​រំពឹង​​​ចង់​បាន​ឥណ្ឌា​មក​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្រ្ត ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ។ ក៏ប៉ុន្តែ ជាទូទៅ​ ភាព​រកាំរកូស​ក្នុង​ទំនាក់ទំនង​អាមេរិក-ឥណ្ឌា​​​តែងតែ​កើតមាន ជាពិសេស ចាប់តាំង​ពី​អាមេរិក​បាន​ពង្រឹង​កិច្ច​​សហ​ប្រតិបត្តិ​ការ​​ជាមួយ​ប៉ាគីស្ថាន ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម។ ប៉ាគីស្ថាន គឺ​ជា​គូ​សត្រូវ​ដ៏ធំ​មួយ​របស់​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ