ហុងកុង៖ អាជ្ញាធរព្រមានបង្ក្រាប បាតុករនៅតែក្រោកតវ៉ា ស្ថានការណ៍កាន់តែក្តៅ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០១
នៅកោះហុងកុង, បាតុកររាប់ពាន់នាក់ បន្តជួបជុំគ្នានៅថ្ងៃសៅរ៍ ទី៣សីហានេះ ហើយសន្យាថានឹងបន្តប្រមូលផ្តុំគ្នាទៀត នៅថ្ងៃអាទិត្យ ទី៤សីហា។ ថ្ងៃច័ន្ទ ទី៥សីហា ក៏ពួកគេនឹងនាំគ្នាធ្វើកូដកម្ម ឈប់ធ្វើការថែមទៀត។ សកម្មភាពតវ៉ារបស់ហ្វូងបាតុករហុងកុងនេះ ធ្វើឡើងជាប់ៗគ្នា អស់ចំនួន៨សប្តាហ៍មកហើយ។ ពេលថ្មីៗនេះ ប្រឈមនឹងការបង្ក្រាបពីសំណាក់ប៉ូលីស, បាតុករក៏រឹតតែកើនឡើង រហូតដល់ បុគ្គលិកធនាគាររាប់រយនាក់,ក្រុមគ្រូពេទ្យ និងមានមន្ត្រីរដ្ឋការជាច្រើន ក៏ចូលរួមធ្វើបាតុកម្មផងដែរ ដែលកាន់តែធ្វើឱ្យស្ថានការណ៍កាន់តែទុំជោរ។ ចំពោះមុខសភាពការណ៍តានតឹង, អាជ្ញាធរតំបន់ស្វ័យតហុងកុង បានចាប់ចងក្រុមអ្នកតវ៉ាជាបន្តបន្ទាប់ ហើយចំណែក អាជ្ញាធរចិន ក៏ព្រមានបង្ក្រាបផងដែរ ប៉ុន្តែបាតុកររាប់ពាន់នាក់នៅហុងកុង ហាក់ដូចជាមិនទាន់ចុះញ៉មសោះ។
តើពេលនេះ ស្ថានការណ៍នៅ កោះហុងកុង យ៉ាងម៉េចទៅហើយ?
ហុងកុង កំពុងតែពោរពេញដោយសម្រែករបស់ហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ដែលគេចោទថារណបឱបជើងចិន។ បាតុកររាប់ពាន់នាក់នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នា នៅសួនច្បារដ៏ធំទូលាយមួយ ក្បែរជាយក្រុង គឺឈ្មោះថា មុងកុក។ កន្លែងនេះ ធ្លាប់ជាទីលានប៉ះទង្គិចគ្នាដ៏ក្តៅគគុកមួយ ដែលត្រូវអាជ្ញធរធ្លាប់បង្ក្រាបបាតុកររួចមកហើយ។ ពីដំបូងឡើយ ប៉ូលីស បានហាមមិនឱ្យជួបប្រមូលផ្តុំគ្នានៅត្រង់នេះទៀតទេ។ ក៏ប៉ុន្តែ ក្រោយមក នគរបាលក៏អនុញ្ញាតឱ្យបាតុករមកជុំនៅទីនេះដដែល នៅថ្ងៃសៅរ៍ ទី៣សីហានេះ។
នៅមិនឆ្ងាយប៉ុន្មានពីនេះ ក៏មានដែរ ក្រុមបាតុករដែលគាំទ្ររដ្ឋបាលស្វ័យហុងកុង។ ក្រុមនេះ ក៏មានចំនួនរាប់រយ-ពាន់នាក់ដែរ ហើយភាគច្រើន គេសង្កេតឃើញពួកគេទាំងនោះ កាន់គ្រវីទង់ជាតិរបស់ចិន។
ទោះយ៉ាងនេះក្តី បាតុករប្រឆាំងរដ្ឋបាលហុងកុង បានត្រៀមដើរហែក្បួន ចំនួនពីរ សម្រាប់ថ្ងៃអាទិត្យ ទី៤សីហា។ គឺទីមួយ ពួកគេនឹងហែក្បួនដើរកាត់កោះហុងកុងតែម្តង ហើយក្បួនដំណើរមួយទៀត គឺដើរជាន់ភាគខាងជើងហុងកុង នៅសង្កាត់ទី៩ តំបន់ Tseung Kwan O។
ចំពោះថ្ងៃច័ន្ទ ទី៥សីហា ក្រុមបាតុករប្រឆាំង បានប្រកាសធ្វើកូដកម្មឈប់ធ្វើការជាទូទៅ ទាំងពលរដ្ឋទាំងមន្ត្រីរដ្ឋការ នៅគ្រប់ទីកន្លែង និងតំបន់សំខាន់ៗនៅហុងកុងតែម្តង។ ហើយការជួបប្រមូលផ្តុំគ្នា ក៏នឹងធ្វើដែរ នៅក្នុង ៧ កន្លែងឯណោះ។
អាជ្ញាធរហុងកុងហាមបុគ្គលិករដ្ឋ មិនឱ្យចូលប្រលូកសកម្មភាពតវ៉ា និងប្រាប់មន្ត្រីរដ្ឋការត្រូវតែតម្កល់ចិត្ត«ស្មោះត្រង់»ចំពោះរដ្ឋ
បាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុងនេះ គឺដចេញពីការមិនពេញចិត្តចំពោះថ្នាក់ដឹកនាំហុងកុង ដែលប្រុងធ្វើច្បាប់ផ្តល់បត្យាប័នបញ្ចូនអ្នកទោសដែលជាពលរដ្ឋហុងកុង ទៅកាត់ទោសជម្រះក្តីនៅតុលាការចិន។ រឿងនេះ ជាអ្វីដែលមិនអាចទទួលយកបានទេចំពោះពលរដ្ឋហុងកុងដែលស្រឡាញ់សេរីភាព ហើយពលរដ្ឋហុងកុងគ្រប់ជាន់ថ្នាក់ បានចូលរួមតវ៉ា ពិសេសក្រុមយុវជន បញ្ញវន្ត សិស្សនិស្សិត។ នៅទីបំផុត រដ្ឋបាលហុងកុង ក៏សម្រេចព្យួរគម្រោងស្នើច្បាប់នោះចោលសិនទៅ។
តែអ្វីដែលយើងគួរហើយសម្គាល់ គឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ អ្នកចូលរួមតវ៉ាកាន់តែច្រើន និងមិនថមថយសោះ បើទោះបីជាមានការបង្ក្រាប ឬរងការវាយដំដោយហិង្សាពីក្រុមសង្គមងងឹត ដែលគេសង្ស័យថា ជាបក្សពួករបស់អាជ្ញាធរចិនក៏ដោយ។ ពីថ្ងៃព្រហស្បតិ៍ មានបុគ្គលិកផ្នែកធនាគារ ជាង៧០០នាក់ មកពីធនធាគារជាង៧០ផ្សេងៗគ្នា ចូលរួមតវ៉ា ហើយនៅថ្ងៃសុក្រម្សិលមិញ ក្រុមគ្រូពេទ្យ បុគ្គលិកស្ថានប័នរដ្ឋ និងក្រុមគ្រូពេទ្យ ជាច្រើននាក់ ក៏ចូលប្រលូកនឹងការតវ៉ាប្រឆាំងរដ្ឋអំណាចនេះដែរ។
ស្ត្រីបាតុករម្នាក់ដែលជាបុគ្គលិករដ្ឋ ដោយបិទមុខ ដោយខ្លាចគេស្គាល់។ នាងបានប្រាប់អ្នកកាសែតបារាំង Le Monde ថា នាងខ្លាចដែរ ប៉ុន្តែត្រូវតែតវ៉ាខ្លះ ដើម្បីឆ្លើយតបនឹងការហាមប្រាមរបស់អាជ្ញាធរ។ ចំពោះបុគ្គលិករដ្ឋរូបនេះ នាងយល់ថា មន្ត្រីរដ្ឋការត្រូវតែអព្យាក្រឹតពិតមែន នៅម៉ោងធ្វើការងារ និងនៅក្នុងតួនាទីរបស់ខ្លួន។ ប៉ុន្តែ ពេលចប់ពីការងារ នោះ មន្ត្រីរដ្ឋ នឹងក្លាយជាពលរដ្ឋសាមញ្ញ ដូច្នេះ គេមានសេរីភាពបញ្ចេញមតិ និងតវ៉ាធ្វើបាតុកម្ម។ ចំណែកអ្នករដ្ឋការយុវជនក្មេងៗផ្សេងទៀត មិនបានប្រើម៉ាសបិទមុខនោះទេ បើទោះបីជាពួកគេដឹងច្បាស់រួចហើយថា មុខនិងឈ្មោះរបស់ពួកគេ ត្រូវអាជ្ញាធររដ្ឋអំណាច ស្គាល់ និងកត់ចំណាំទុក។ ចំពោះអ្នកតវ៉ាវ័យក្មេងទាំងនេះ គឺ«គេយល់ថាត្រូវតែត្រួសត្រាយផ្លូវសម្រាប់អនាគត ប្រកបដោយការមនសិការយល់ដឹង»។
រដ្ឋអំណាចហុងកុង និងអាជ្ញាធរចិន ទំនងជាមិនបណ្តោយឱ្យការតវ៉ានេះអូសបន្លាយដល់ស្ថានការណ៍ទុំជោរកែកុនលែងកើតនោះទេ?
រឿងថា ការតវ៉ានេះ ត្រូវអូសបន្លាយដល់ពេលណា គឺមានតែអ្នកហុងកុងខ្លួនឯងទេ ទើបដឹងច្បាស់។ ប៉ុន្តែ អ្វីដែលគេដឹងប្រាកដនោះ គឺថា រដ្ឋអំណាចហុងកុង បានបង្ក្រាបបាតុករជារឿយៗរួចមកហើយ ដោយគ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក។ មនុស្សច្រើនជាង៤៥ ត្រូវក្រុមសង្គមងងឹតវាយដំឱ្យរបួស។ បាតុករ៤៤នាក់ ត្រូវចោទប្រកាន់ ពីបទកុប្បកម្ម ដែលប្រឈមមុខ ជាប់គុក១០ឆ្នាំ។ នៅក្នុងសប្តាហ៍នេះ បុរស៨នាក់និងនារីម្នាក់ ក៏ត្រូវសមត្ថកិច្ចហុងកុង ចាប់ខ្លួន និងចោទថា កាន់កាប់គ្រឿងផ្ទុះ ជាដើម។
ចំណែក អាជ្ញាធរចិន បានបញ្ជាក់យ៉ាងច្បាស់ៗថា សមត្ថកិច្ចចិន ត្រៀនខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងការបះបោរ ហើយនៅពេលដែលស្ថានការណ៍ តម្រូវការចាំបាច់ អាជ្ញធរចិននឹងធ្វើអន្តរាគមន៍ ដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈឡើងវិញ។ នេះជាពាក្យគំរាមរបស់ មន្ត្រីជាន់ខ្ពស់ចិន លោក Xu Luying អ្នកនាំពាក្យការិយាល័យសហប្រតិបត្តិការ ដែលទទួលបន្ទុកតំបន់ស្វយ័តហុងកុងនិងម៉ាកាវ។
ម្យ៉ាងវិញទៀត ការព្រមានរបស់រដ្ឋអំណាចចិន គឺមិនមែនតែសម្តីនោះទេ តែជាបង្ហាញរូបភាពតែម្តង។ កងយោធភូមិភាគចិនប្រចាំនៅហុងកុង ពីម្សិលម្ង៉ៃ បង្ហោះផ្សាយវីដេអូឃ្លីបឃោសនាមួយ ដែលបង្ហាញ ពីរថពាសដែក ឧទ្ធម្ភាចក្រ មីស៊ីល។ ក្នុងវីដេអូនោះ ក្រុមប្រឆាំងភេរវកម្មចិន ស្រែកពាក្យស្លោកថា កងទ័ពចិន មានជំនឿទុកចិត្ត និងមានសមត្ថភាព ដើម្បីធានារក្សាសន្តិសុខនៅទីក្រុងពាក់កណ្តាលស្វយ័ត ហុងកុង។
ទោះយ៉ាងណាក៏ដោយ ក្រុមបាតុករ អ្នកតវ៉ា មិនរាថយទេ។ ពួកគេទាមទារឱ្យថ្នាក់ដឹកនាំហុងកុង លោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតជាថ្មីវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ