អានតួអត្ថបទ
កម្ពុជា

លោក​ហោ ណាំហុង​ ស្នើ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​សម រង្ស៊ី ម​ក​អនុវត្ត​ទោស

លោក​ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ស្នើដ​ល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់ខ្លួន​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពីចាញ់ក្តី​លោក​ក្នុង​សំណុំ​រឿង​បរិហាកេរ្ត៍​ជា​សាធារណៈ ​និង ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​។ ការ​ស្នើ​របស់​ប្រមុខ​ការទូត​កម្ពុជា​នៅ​ពេលនេះ ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​សម រង្ស៊ី ​កំពុង​ស្ថិត​ក្រៅ​ប្រទេស​ដោយ​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​មក​អនុវត្ត​ទោស​នៅ​ឡើយ​។

លោក ហោ ណំាហុង និង​លោក​សម រង្ស៊ី
លោក ហោ ណំាហុង និង​លោក​សម រង្ស៊ី
ផ្សាយពាណិជ្ជកម្ម

“ដោយ​មេធាវី​របស់​ខ្ញុំ ​បាន​ស្នើ​សុំ​កាល​ពី​ថ្ងៃ​ទី ១៣ វិច្ឆិកា ឆ្នាំ ២០១៥​ ឲ្យ​តុលាការ​អនុវត្ត​សាលដីកា​ស្ថាពរ​ លេខ​១៧ ​ក្រ​៥.ប ចុះ​ថ្ងៃ​ទី ​១២ ​មីនា ​ឆ្នាំ​ ២០១៣ របស់​សាលា​ឧទ្ធរណ៍ ​ខ្ញុំ​សុំ​អោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​សាលដីកា​ខាង​លើ​នេះ ​ចាប់​ខ្លួន​ទណ្ឌិត សម រង្ស៊ី ​ដើម្បី​ស្របតាម​ច្បាប់​នៃ​នីតិរដ្ឋ​កម្ពុជា”​។ ​នេះ ​គឺ​ជាប្រកាស​ស្នើសុំ​ទៅ​សមត្ថកិច្ច​កម្ពុជា​របស់​លោកហោ ​ណាំហុ​ង ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​ថ្ងៃ​សុក្រ​។

​សំណើរ​បស់​ប្រមុខការ​ទូត​កម្ពុជា​នៅ​ពេល​នេះ គឺ​បា​ន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់​ពី​លោកសម រង្ស៊ី ប្រមុខ​គណបក្ស​ប្រឆាំង​កម្ពុជា​ បាន​បរិយាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពីរ​សៀល​ថ្ងៃ​ទី​២០ វិច្ឆិកា​ ដោយ​បដិសេធ​សុំទោស​លោក​ហោ ​ណាំ​ហុង ​ដើម្បី​ទទួល​បាន​ការ​ឈប់​ចោទ​ប្រកាន់​ពី​បទ​បរិហា​កេរ្តិ៍​។ មិន​តែ​ប៉ុណ្ណោះ ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ បាន​លើក​ឡើង​ថា ​លោក​ហោ ណាំ​ហុង​ ទេ​ ដែល​ត្រូវ​សូមទោស​ដួង​វិញ្ញាណក្ខន្ធ និង​ក្រុមគ្រួសារ​ជនរង​គ្រោះ​ដែល​ត្រូវ​បាន​ពួកខ្មែរ​ក្រហម​សម្លាប់​ បន្ទាប់​ពី​យកចេញ​ពី​គុកបឹង​ត្របែក​នៅ​ចុង​ទស្សវត្សរ៍​ឆ្នាំ ១៩៧០ ដោយសារ​តែ​លោក ​ហោ ណាំ​ហុង​ បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរ​ក្រហម ​ហើយ​បាន​មួល​បង្កាច់​ជន​ស្លូត​ត្រង់​ ដើម្បី​យកចិត្ត​ពួកខ្មែរ​ក្រហម ​ដើម្បី​បាន​រួច​ខ្លួន​ចំពោះ​រូបលោក ​និង​ក្រុម​គ្រួសារ​។

ជាមួយ​គ្នា​នេះ លោក​សម រង្ស៊ី​ ក៏​បានដក​ស្រង់​ឯកសារ​ផ្ទៃក្នុង​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ​មក​បញ្ជាក់​បន្ថែម​ថា ហោ ​ណាំ​ហុង​ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ​តែ​លោក​បាន​រួចផុត​ពីការ​ស្លាប់​ ពី​ព្រោះ​លោក​ធ្លាប់​បាន​រៀនសូត្រ​ជា​មួយ ​លោក ​អៀង ​សារី​។ លោក​ហោ ណាំហុង​ បាន​ក្លាយ​ទៅ​ជា​មេ​ជំរំ ​(គុក)​ បឹង​ត្របែក ​ហើយ​លោក​ព្រម​ទាំង​ភរិយា ​បាន​សហការ​ជាមួយ​ពួកខ្មែរ​ក្រហម​ក្នុងការ​សម្លាប់​មនុស្ស​ជាច្រើន​ដែល​ជាប់​ឃុំឃាំង​នៅ​ទីនោះ​។

នៅក្នុង​សំណេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​សុ​ក្រ​នោះ ​លោក​ហោ ណាំហុង ​មិនបាន​ឆ្លើយ​តប​បែប​ណា​នោះ​ទេ ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី ​នេះ ​ក្រៅ​តែ​ពី​លើក​ឡើង​ពី​ដំណើរ​ការ​ប្តឹង​ផ្តល់​រវាង​រូប​លោក និង ​លោក​សម រង្ស៊ី ​នៅ​ឯ​តុលាការ​ក្នុង​ស្រុក​បារាំង​តែ​ប៉ុណ្ណោះ​។ សាលា​ដំបូង​ផ្នែក​រដ្ឋ​ប្បវេណី ​និង សាលា​ឧទ្ធរណ៍​ក្រុង​ប៉ារីស​ សុទ្ធ​តែ​បាន​សម្រេច​ថា លោក​សម រង្ស៊ី ​បាន​បរិហារ៍​កេរ្តិ៍​លើ​លោក​ហោ ​ណាំហុ​ង​។ ចំណែក​តុលាការ​កំពូល​បារាំង​វិញ ​ក៏បាន​វិនិច្ឆ័យ​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​បាន​ចាត់​ទុក​ថា លោក សម រង្ស៊ី ​ត្រូវ​ទទួល​បាន​ការ​អភ័យ​ទោស​ដោយ​សុទ្ធចិត្ត​ និង​ត្រូវ​បាន​លើក​លែង​ទោស​ទាំង​អស់​។

​សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ តុលាការ​ក្រុង​ភ្នំពេញ កា​ល​ពី​ថ្ងៃ​ទី​១៣ វិ​ច្ឆិកា​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ី មក​អនុវត្តទោស​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ និង​ ពិន័យ​ជាទឹក​ប្រាក់​ចំនួន​៨​លាន​រៀល ​ក្រោម​បទ​ចោទ​ប្រកាន់​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ទៅ​លើ ​លោកហោ ណាំហុង ​អំពី​តួនាទី​របស់​លោក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ ក្រោយ​ពី​តុលាការ​ចេញ​ដីកា ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ក៏​បាន​រៀប​ចំ​គណៈកម្មការ​ពិសេសមួយ ​ដើម្បី​តាម​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ