អានតួអត្ថបទ
កម្ពុជា-ថៃ

លោក​ហោ ណាំហុង​ចេញ​ទៅ​ឥណ្ឌូនេស៊ី​ជាមួយ​ក្តីសង្ឃឹម​ខ្លាំង

ប្រមុខ​ការទូត​ខ្មែរ​ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​ បាន​ដឹកនាំ​គណៈប្រតិភូ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​រក​ដំណោះស្រាយ​កិច្ចព្រមព្រៀង​ឈប់បាញ់​ជាមួយ​ប្រទេស​ថៃ នៅ​ចំពោះមុខ​ប្រធាន​អាស៊ាន។ លោក​ហោ ណាំហុង​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ មុន​ឡើង​យន្តហោះ​ថា លោក​មាន​ក្តីសង្ឃឹម​ច្រើន​លើការ​សម្រេចចិត្ត​របស់​អាស៊ាន។

លោក​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

01:57

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ហោ ណាំហុង​ បាន​ចាកចេញ​ទៅ​ទីក្រុង​ហ្សាការតា  ប្រទេស​ឥណ្ឌូនេស៊ី​ហើយ ​កាលពី​ព្រឹកថ្ងៃចន្ទទី២១កុម្ភៈនេះ ដើម្បី​ទៅចូលរួមដោះស្រាយ​ទំនាស់​យោធា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមការអញ្ជើញរបស់រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន។ កម្ពុជា តាមរ​យៈ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ស្នើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ឈប់បាញ់​រួចហើយ សម្រាប់​ការ​ពិភាក្សា​ដោះស្រាយ​បទ​ឈប់​បាញ់​រវាង​ទីក្រុង​ភ្នំពេញ និង​បាងកក។

ប្រមុខ​ការទូត​ខ្មែរ​បាន​ចាកចេញ​ជាមួយ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ទៀត​ផង ដែលក្នុង​គណៈប្រតិភូ​នោះ មាន​សុទ្ធ​តែ​សមាសភាព​ដែល​ពាក់ព័ន្ធ​កិច្ចការ​ព្រំដែន ដែល ក្នុងនោះ​ក៏​មាន​លោក​ឧត្តមសេនីយ៍​ទោ​ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក​ផងដែរ ​ដែល​ចុងក្រោយ​​នេះ​ បាន​ក្លាយ​ទៅជា​តួអង្គ​ចរចាផ្នែកយោធា​ក្នុង​ទំនាស់​ព្រំដែន។

នៅក្នុង​សន្និសីទ​កាសែត ដែល​ត្រូវ​បាន​រៀបចំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុនការ​ចាកចេញ​ដំណើរ​នោះ លោក​ប្រមុខការទូត​កម្ពុជា​បាន​ទទួលព័ត៌មាន​ល្អ​មួយ​ចំនួន ដែល​ធ្វើ​អោយ​លោក​មាន​គំនិត​សុទិដ្ឋិនិយម ​សម្រាប់​ការប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ទីមួយ គឺការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ ​កាស៊ីត ភិរម្យ​ ដែល​ថា ប្រទេស​ថៃ​យល់ព្រម​អោយ​មាន​អ្នកសង្កេតការណ៍​ពី​ប្រទេស​ឥណ្ឌូនេស៊ី​សម្រាប់​ភាគីខ្លួន។ ​វត្តមាន​អ្នកសង្កេតការណ៍​នៅ​ព្រំដែន គឺ​ជា​បំណង​របស់​កម្ពុជា។ ទីពីរ ​មាន​ការ​ប្រកាស​គាំទ្រ​ពី​សភា​អឺរ៉ុប​អោយ​មាន​ការ​គោរព​សាលក្រម​តុលាការ​ក្រុងឡាអេ។

ប្រមុខ​ការទូត​កម្ពុជាមាន​ជំនឿ​យ៉ាងខ្លាំង​ទៅលើ​ស្ថាប័ន​អាស៊ាន។ លោកហោ ណាំហុង​ បាន​បញ្ជាក់​ថា បើទោះណា​ជា​អាស៊ាន​មិនមែន​ជាស្ថាប័ន​តុលាការ​ក៏ដោយ ប៉ុន្តែ​អាស៊ាន​គឺជា​អង្គការ​មាន​ទម្ងន់​ខាង​នយោបាយ និង​សេដ្ឋកិច្ច។ ការសម្រេច​របស់​អាស៊ាន​មាន​ទម្ងន់​ផ្នែក​នយោបាយ​លើឆាកអន្តរជាតិ។

ទោះយ៉ាងណាក៏ដោយ សម្រាប់លោកហោ ណាំហុង កម្ពុជាបានត្រៀមខ្លួនរួចហើយ ក្នុងការ​ប្តឹង​ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បី​ស្នើ​អោយ​បកស្រាយ​សាលក្រម ឆ្នាំ១៩៦២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ