អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អាមេរិក​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ​អាច​ក្ស័យធន​យ៉ាងដូចម្តេច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចូល​មក​ដល់​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​នៅតែ​បន្ត​បិទទ្វារ​មួយផ្នែក ដោយសារ​តែ​វិបត្តិ​ថវិកា។ ក្នុងពេល​ជាមួយគ្នា ពេលកំណត់ ដែល​សភា​អាមេរិក​ត្រូវ​ប្រឈមមុខ​នឹង​​ការក្ស័យធន ក៏​កាន់តែ​ខិតជិត​ចូលមកដល់។ លោក​អូបាម៉ា និង​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​មាន​ពេល​តែ ៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​ពីថ្ងៃ​ចន្ទ​នេះ រហូតដល់​ ថ្ងៃ​ព្រហស្បតិ៍​ទី១៧​តុលា ដើម្បី​ចរចា​គ្នា លើ​ការ​អនុម័ត​ច្បាប់​​ឲ្យ​រដ្ឋាភិបាល​អាច​ខ្ចីលុយ​មក​បង្រ្គប់​ការ​ចំណាយ និង​ចៀស​ពី​ការក្ស័យធន។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា រតនាគារ​អាមេរិក​នឹង​ត្រូវ​អស់លុយ​ ចាប់ពីថ្ងៃទី១៧​តុលា​២០១៣​ទៅ​
ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​ថា រតនាគារ​អាមេរិក​នឹង​ត្រូវ​អស់លុយ​ ចាប់ពីថ្ងៃទី១៧​តុលា​២០១៣​ទៅ​ Flickr/401 (K) 2012
ផ្សាយពាណិជ្ជកម្ម

សំណួរ-អាមេរិក​ដូចជា​ចម្លែក​បន្តិច​ពី​ប្រទេស​ផ្សេងទៀត ព្រោះ​​មុននឹង​រដ្ឋាភិបាល​ខ្ចីលុយ​គេ​បាន ទាល់តែ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​សភា​ជាមុនសិន?
 
តាមពិត រដ្ឋាភិបាល​អាមេរិក​អាច​ខ្ចីលុយ​គេ​បាន ដោយ​​មិនចាំបាច់​​សុំ​ការអនុញ្ញាត​ពី​សភា​ទេ ក៏ប៉ុន្តែ ធ្វើម៉េច​កុំ​ឲ្យ​តែ​បរិមាណ​បំណុល​សរុប កើនឡើង​ហួស​ពី​កម្រិត​អតិបរមាមួយ ដែល​កំណត់​ដោយ​ច្បាប់ (Debt Ceiling)។

បញ្ហា​ដែល​ចោទឡើង​នៅ​​ពេលនេះ គឺ​ថវិកាជាតិ​អាមេរិក​ចេះតែ​មាន​ឩនភាព​ជា​ប្រចាំ។ មុខចំណាយ​មាន​ច្រើន ចំណែក​ឯ​ចំណូល​មាន​តិច ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ខ្ចីបំណុល​គេ​ច្រើន​ ដើម្បី​មក​បង្រ្គប់​ចំណាយ។ ​បំណុល​ថ្មី​ចេះតែ​បន្ត​ខ្ចី​​ច្រើន ចំណែក​ឯ​បំណុល​ចាស់សងរំលោះ​មិនទាន់ ធ្វើ​ឲ្យ​បំណុល​ចេះតែ​គរឡើង ដល់​កម្រិត​អតិបរមា ទើប​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​​លែង​អាច​ខ្ចីបំណុល​គេ​បន្ថែមទៀត ហើយ​ត្រូវ​សុំ​ឲ្យ​សភា​អនុម័ត​ច្បាប់​ថ្មី ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុល ទើប​អាច​បន្ត​ខ្ចីបំណុល​គេ​តទៅទៀត។

សំណួរ-កន្លងមក តើ​សភា​អាមេរិក​ធ្លាប់​បាន​ដំឡើង​កម្រិត​បំណុល​អតិបរមានេះ​ប៉ុន្មាន​លើក​មកហើយ?
 
តាំង​ពី​មាន​ច្បាប់​កំណត់​អំពី​កម្រិត​បំណុល​អតិបរមា កាល​ពី​ឆ្នាំ​១៩១៧​មក សភា​អាមេរិក​ធ្លាប់​បានដំឡើង​កម្រិត​បំណុល​អតិបរមា​ចំនួន ៧៧​លើក​រួចមកហើយ ដោយ​មិនសូវ​ជា​មាន​បញ្ហា​ចោទ​ខ្លាំង​ប៉ុន្មាន​ទេ។ ការ​ដំឡើង​កម្រិត​បំណុល​អតិបរមា​បាន​ក្លាយ​ជារឿង​ស្មុគស្មាញ ចាប់តាំង​ពី​ឆ្នាំ​២០១០​មក នៅ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​បាត់បង់​សំឡេង​ភាគច្រើន នៅ​ក្នុង​រដ្ឋសភា។ ដោយសារតែ​ការ​អនុម័ត​ច្បាប់​ដំឡើង​កម្រិត​បរិមាណ​បំណុល​អតិបរមា​ត្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ​ពី​សភា​ទាំងពីរ (ព្រឹទ្ធសភា និង​រដ្ឋសភា) គណបក្ស​សាធារណរដ្ឋ​តែងតែ​រារាំង​មិន​ឲ្យ​អនុម័ត​ច្បាប់​នេះ ដើម្បី​ដាក់​សម្ពាធ ទាមទារ​ឲ្យ​លោក​អូបាម៉ា​ផ្លាស់ប្តូរ​នយោបាយ ជាពិសេស ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ស្តីពី​​កំណែទម្រង់ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​របស់​លោក​អូបាម៉ា (Obamacare)។

សំណួរ-នៅ​ពេលនេះ គេនាំគ្នា​បារម្ភ​ថា ប្រសិនបើ​សភា​អាមេរិក​មិន​​អនុម័ត​ច្បាប់​ដំឡើង​កម្រិត​ ​បំណុល​អតិបរមា​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ១៧តុលា​​នេះទេ អាមេរិក​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ក្ស័យធន។ ឌីណា! ជាទូទៅ យើងធ្លាប់​តែ​ឃើញ​ក្រុមហ៊ុន​ក្ស័យធន។ ចុះ​​​រដ្ឋវិញ​ ​អាច​នឹង​ក្ស័យធន​យ៉ាងម៉េច​ទៅវិញ?
 
ក្ស័យធន ត្រង់ចំណុចនេះ មិនមែន​សំដៅ​លើ​ការ​ក្ស័យធន​រហូតដល់​ត្រូវ​បិទទ្វារ​ដូចជា​ករណី​ក្រុមហ៊ុន ឬ​សហគ្រាសទេ ប៉ុន្តែ​ ​សំដៅ​ទៅលើ​ស្ថានភាពមួយ ដែល​បំណុល​ដែល​ត្រូវសង​មាន​ចំនួន​ច្រើន​ជាង​លុយ​ដែល​មានសម្រាប់​សងបំណុល។ ត្រង់កន្លែងនេះ​ចង់​បញ្ជាក់ថា បំណុល​ត្រូវ​សង មិនមែន​បំណុល​ដែល​ជំពាក់ទេ។ ជួនកាល​បំណុល​ដែល​ជំពាក់​មាន​ច្រើន​ដែរ ក៏ប៉ុន្តែ មិន​ទាន់​ដល់​ពេល​កំណត់​ត្រូវ​សង។ ក្នុងករណី​ក្ស័យធន បំណុល​ដែល​ជំពាក់​គេ ហើយ​ដល់​ពេល​កំណត់​ត្រូវ​សង ប៉ុន្តែ មិនមាន​លុយ​ក្នុងដៃ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​ទៅ​តាមពេល​កំណត់។

ករណី​រដ្ឋ​ក្ស័យធន​នេះ​ធ្លាប់​កើតមាន​កន្លងមក ដូចជា នៅ​ម៉ិចស៊ិក នៅ​ឆ្នាំ​១៩៨២ និង​នៅ​អាហ្សង់ទីន ឆ្នាំ​២០០១។

ការក្ស័យធនរបស់​រដ្ឋ ខុសពី​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន ឬ​សហគ្រាស។ ក្រុមហ៊ុន ឬ​សហគ្រាស ដែល​ក្ស័យធន ម្ចាស់បំណុល​អាច​ប្តឹង​ទៅ​តុលាការ​ឲ្យ​លក់​ឡាយឡុងទ្រព្យ​ក្រុមហ៊ុន ដើម្បី​សងបំណុល ហើយ​ក្រុមហ៊ុន​ដែល​ក្ស័យធន​នេះ​អាច​នឹង​ត្រូវ​បិទទ្វារ​លែង​ដំណើរការ​ទាំងស្រុង។

ចំពោះ​រដ្ឋវិញ ដែល​មាន​អធិបតេយ្យភាព គេ​មិន​អាច​ទៅ​ចាប់បង្ខំ​រដ្ឋមួយ​ឲ្យ​សងបំណុល ដូចជា​ក្រុមហ៊ុន​ឯកជន​ទេ (លើកលែងតែ​ម្ចាស់​បំណុល​នោះ​ជា​រដ្ឋ​មួយដែរ ហើយ​មាន​កម្លាំង​ទ័ព​ខ្លាំង​ ដែល​អាច​ប្រកាស​សង្រ្គាម ដើម្បី​ទារ​បំណុល)។ ជាទូទៅ ក្នុង​ករណី​រដ្ឋ​ក្ស័យធន រដ្ឋ​ច្រើន​តែ​ចរចា​ជាមួយ​ម្ចាស់​បំណុល ដើម្បី​កាត់បន្ថយ​បំណុល​មួយផ្នែក ឬ​ក៏​ពន្យារពេល​សងបំណុល។

សំណួរ-ក្នុងករណី​ដែល​ភាព​ជាប់គាំង​នៅ​សភាអាមេរិក​អូសបន្លាយ​រហូតដល់​មាន​ការ​ក្ស័យធន​មែន តើ​វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​អ្វីខ្លះ​?
 
ប្រសិនបើ​អាមេរិកខកខាន​​មិនបាន​​សងបំណុល​​គេ​ទៅតាម​ពេល​កំណត់​ទេ ទោះបី​ជា​​មិនសង​ទាំងអស់ ឬ​សងដែរ​តែ​សង​មិន​គ្រប់​ ឬ​សង​មិន​ទាន់​ពេលក៏ដោយ បញ្ហា​ដែល​ចោទឡើង គឺ​អត្រាការប្រាក់​បំណុល​រដ្ឋ​ប្រាកដ​ជា​ត្រូវ​កើនឡើង​ខ្ពស់។ នេះ​ជា​រឿង​ធម្មតា! កាលណា​ខ្ចីលុយ​គេ​ហើយ​មិនសង​គ្រប់​តាម​កាលកំណត់ ពេលក្រោយ​ចង់​ទៅ​ខ្ចី​គេ​ទៀត គេ​ប្រាកដ​ជា​មិន​ចង់​ឲ្យខ្ចី ឬ​ក៏​ឲ្យ​ខ្ចី​ដែរ ប៉ុន្តែ ទារ​ការប្រាក់​ខ្ពស់ ដើម្បី​ឲ្យ​សម​នឹង​ហានិភ័យ​នៃ​បំណុល។ អត្រាការប្រាក់​ខ្ពស់ គឺ​ជា​បន្ទុក​ធ្ងន់មួយ ដល់​ហិរញ្ញវត្ថុ​របស់​រដ្ឋ ហើយ​អាច​នាំ​ឲ្យ​អត្រាការប្រាក់​នៅ​ក្នុង​ទីផ្សារ​ឥណទានឯកជន​​​កើនឡើង​ខ្ពស់ដែរ ដែល​ជា​បន្ទុក​ធ្ងន់ សម្រាប់​​ក្រុមហ៊ុន​ ក៏​ដូចជា​ប្រជាជន​ជាទូទៅ។ ទាំងអស់​នេះ​វា​អាចនឹង​នាំ​ទៅ​បង្កើត​ជា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

ដោយសារ​តែ​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ដុល្លារ​ជា​រូបិយវត្ថុ​អន្តរជាតិ ហើយ​ទីផ្សារមូលបត្រ​អាមេរិក ជា​ទីផ្សារ​ដែល​មាន​ទំហំ​នៃ​ការ​ជួញដូរ​ធំ វិបត្តិ​នៅ​អាមេរិក​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ចលាចល​នៅលើ​ទីផ្សារ​មូលបត្រ​នៅ​ទូទាំង​ពិភពលោក​។

អ្នក​សេដ្ឋកិច្ច ក៏ដូចជា​ប្រមុខដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​សំខាន់ៗ ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារ​ពិភពលោក ជាដើម សុទ្ធតែ​បាន​ព្រមាន​ទុកជាមុន​រួច​ហើយ​ថា ប្រសិនបើ​អាមេរិក​ក្ស័យធន​មែន ពិភពលោក​ទាំងមូល​នឹង​ត្រូវ​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច ដែល​អាច​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​កាល​ពី​ឆ្នាំ​២០០៨​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ