អានតួអត្ថបទ
កម្ពុជា

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សាទរ​ចំពោះ​ការ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ប្រឆាំង

ភ្លាមៗក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូនបញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្ររបស់ខ្លួន​ទៅ គ.ជ.ប ដើម្បី​​ចូលរួម​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​​​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​ការចូលរួម​ប្រកួត​របស់​គណបក្ស​ប្រឆាំង។ ប៉ុន្តែ ទន្ទឹមនឹងនោះ លោក​ក៏បាន​ថ្លែង​ចំអក​ដល់​«ជម្លោះ​ផ្ទៃក្នុង»​ក្នុង​គណបក្ស​ប្រឆាំង​ទាក់ទង​នឹង​ការដាក់​បេក្ខជន​ឲ្យ​ឈរឈ្មោះ​ផងដែរ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សាទរ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ចំពោះ​ការចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​របស់​គ​ណ​បក្សប្រឆាំង។ ក្នុង​ដំណើរ​ចុះទៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចូលរួម​ពិធី​កាត់​ឫស​សី​មា​ក្នុង​វត្ត​មួយ​ក្នុងស្រុក​រលាប្អៀ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ស្វាគមន៍​ដល់​គូប្រកួត​ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី២៨កក្កដា​ខាងមុខ។

ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់ពី​គណបក្សប្រឆាំង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​របស់ខ្លួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា​មុននេះ​គណបក្សប្រឆាំង​បាន​គំរាមថា​នឹងមិន​ចូលរួម​ការបោះឆ្នោត​ទេ ប៉ុន្តែ ឥឡូវនេះ ពួកគេ​បាន​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត​ហើយ។

ទន្ទឹមនឹង​ការស្វាគមន៍ ប្រមុខ​រដ្ឋាភិបាល​បក្ស​កាន់អំណាច​ក៏បាន​លើកឡើង​អំពី​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ផងដែរ។ ប៉ុន្តែ គណបក្សប្រឆាំង​តែង​ចាត់ទុក​ការ​ថ្លែង​បែបនេះ​ថា​ជា​យុទ្ធសាស្ត្រ​ក្នុងការ​បំបែក​គណបក្ស​របស់ខ្លួន​តែប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទើបតែ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន​ទៅកាន់ គ.ជ.ប កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​ ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​គណបក្ស​ដែល​កាន់អំណាច​ជាង៣ទសវត្សរ៍។ ប៉ុន្តែ ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ពេញសិទ្ធិ​និង​បម្រុង​ទាំង២៦៤ នាក់​នោះ​គ្មាន​ឈ្មោះ​លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​នេះ​ទេ។ មូលហេតុ​គឺ​ដោយសារតែ​លោក​សម រង្ស៊ី កំពុង​ជាប់ទោស​រឿង​ព្រំដែន​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​ទី៦ដែល​បាន​ចុះឈ្មោះ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥នេះ។ ការចុះឈ្មោះ​គណបក្សនយោបាយ​នឹង​ឈានដល់​ទីបញ្ចប់​​នៅ​ថ្ងៃ​ចន្ទ​ទី១៣ឧសភា​ដើម​សប្តាហ៍​ក្រោយ​នេះហើយ​ បន្ទាប់ពី​បានចាប់ផ្តើម​កាលពី​ថ្ងៃទី២៩មេសា។

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ការចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​បានធ្វើ​ឡើង​ដោយ​មិន​អស់​ចិត្ត​ ពីព្រោះ​ការទាមទារ​របស់ខ្លួន​ឲ្យ​ប្តូរ​សមាសភាព គ.ជ.ប ឲ្យ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ និង​ឲ្យ​លោក​សម រង្ស៊ី បាន​ចូលរួម​ការបោះឆ្នោត មិនបាន​ទទួលលទ្ធផល​ឡើយ។ ការប្រកាស​ស្វាគមន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​បក្សប្រឆាំង​បាន​ធ្វើឡើង​ខណៈដែល​គូប្រជែង​ដ៏​សំខាន់​ម្នាក់​របស់លោក​អវត្តមាន​ពី​ទីលាន​ប្រកួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ