អានតួអត្ថបទ
អាកាសធាតុ

បណ្តាកោះ​​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​​រង​​អាសន្ន​​ ដោយ​​ការ​​កើនកម្ពស់​​ទឹក​សមុទ្រ​​ អំពាវនាវ​​រកជំនួយ​​

នៅថ្ងៃ​ពុធនិង​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋ​​នានា​ស្ថិត​តាម​បណ្តាកោះ​​​តំបន់​អូសេអានី​ នៅ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​បានប្រជុំ​គ្នា​នៅ​កោះ​​កូរ៉ Koror ក្នុង​រដ្ឋ​Micronésie បាន​ពិភាក្សា​គ្នា​ ក្នុង​​វេទិកា​​​​​កោះ​ប៉ាស៊ីហ្វិក ​លើក​ទី៤៥ ដើម្បីរក​វិធានការ​​ការពារ​កោះ​ទាំងនេះ​ ​ប្រឈម​នឹង​​​​ការ​កើនកម្ពស់​ទឹក​សមុទ្រ។កម្ពស់​ទឹកសមុទ្រ​​អាច​នឹង​ធ្វើ​អោយ​លិចលង់​​​​កោះ​នានា ពន្លិច​​រដ្ឋ​ទាំងឡាយ ​​​ក្នុងតំបន់​អូសេអានី អោយ​បាត់​ស្រមោល​ពី​ផែនទី​ ក្នុងពេល​អនាគត។

រដ្ឋណូរុ នៅ​តំបន់​អូសេអានី បានបាត់បង់​ឆ្នេរ​ដោយសារ​តែ​ការកើនឡើង​នៃ​កំពស់ទឹក​សមុទ្រ។
រដ្ឋណូរុ នៅ​តំបន់​អូសេអានី បានបាត់បង់​ឆ្នេរ​ដោយសារ​តែ​ការកើនឡើង​នៃ​កំពស់ទឹក​សមុទ្រ។ ( Photo : Wikimédia)
ផ្សាយពាណិជ្ជកម្ម

ក្នុង​វេទិកាកោះ​ប៉ាស៊ីហ្វិក​ លើក​ទី​៤៥ នៅ​មីក្រូណេស៊ី ​​រដ្ឋ​​ទាំង​១៦នៃ​​តំបន់​អូសេអានី បាន អំពាវនាវ​​ប្រទេស​​ឧស្សាហកម្ម​នានា ​អោយ​ចូលរួម​ដោះស្រាយ​បញ្ហា​កើនកំពស់​ទឹកសមុទ្រ​ ដែល​កំពុង​គំរាម​​ពន្លិច​បណ្តាកោះ​​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាន់តែ​ខ្លាំង​ឡើង ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ។ ជាក់ស្តែង ​ក្នុង​រដ្ឋ​វ៉ាន័រទូ Vanuatu ​​អាជ្ញាធរ​បាន​ជម្លៀស​ភូមិ​មួយ​រួចទៅហើយ ហើយ​អាកាសយានដ្ឋាន​​ទៀតសោត ​​លែងប្រើការ​បានទៀត ដោយសារ​តែ​​កំពស់ទឹក​សមុទ្រ​ចេះ​តែ​ឡើងខ្ពស់។ ​​​ ​លើសពី​នេះ រដ្ឋវ៉ាន័រទូ ក៏រង​ព្យុះ​ធំៗ​ញឹកញាប់​ដែរ។

ងាកទៅ​​​ប្រជុំកោះ ប៉ាឡាវ ​Palaos វិញ ​តែ​ក្នុង​២ឆ្នាំ​ប៉ុណ្ណោះ ​​កោះ​​Palaos បាន​រងគ្រោះ​ដោយ​ព្យុះសង្ឃរា​ធំៗ​ដល់ទៅ​២ដង។ កោះប៉ាឡាវ មិនដែល​រងគ្រោះ​បែបនេះ​​ទេ ក្នុង​​២០ឆ្នាំ​កន្លងមក។ ​ រដ្ឋណូរុ Nauru កំពុង​ចង់​សាងសង់​ឆ្នេរ​ដែល​លិច​​បាត់ និង​ធ្វើទំនប់​ការពារ​ខ្លួន​ឡើងវិញ។ ​​យោងតាម​ប្រធាន​កោះប៉ាឡាវ ​​ហេតុការណ៍ទាំងនេះ គឺមិនមែន​បណ្តាល​មកពី​ការកើន​កំពស់​ទឹកសមុទ្រ​តែ មួយមុខទេ វា​ក៏​បណ្តាល​មកពី ការកើន​កំដៅ​សីតុណ្ហភាព​នៃ​ភពផែនដី​ដែរ។ ហើយ​ប្រទេស​ដែល​ទទួល​ខុសត្រូវនោះ គឺ​បណ្តា​ប្រទេស​ឧស្សាហកម្ម ប្រទេស​អភិវឌ្ឍន៍​ទាំងនោះ​ឯង ព្រោះថា ប្រជាជន​នៅតាម​ប្រទេស​អភិវឌ្ឍន៍​ជា​អ្នក​ចូលរួម​បង្ក​ការកើនកំដៅ​សីតុណ្ហភាព​ផែនដី។ បណ្តា​រដ្ឋស្ថិត​តាមកោះប៉ាស៊ីហ្វិក ក្នុង​​​តំបន់​អូសេអានី បាន​អំពាវនាវ​អោយប្រទេស​ឧស្សាហកម្ម​ ​​ខិតខំ​គិតគូរដល់​បរិស្ថាន ​និង​ចូលរួម​ជួយ​​ការពារ​ រក​វិធានការ​​​ប្រឈម​នឹង​​​​ការគំរាមកំហែងនៃ​​បាតុភូត​ធម្មជាតិ​ទាំងនេះ។ ​

បណ្តា​រដ្ឋតំបន់​អូសេអានី ភ័យខ្លាច​ថា ដោយសារ​ការកើនឡើង​កំពស់​ទឹកសមុទ្រ អាជ្ញាធរត្រូវ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​ ដូច្នេះ ​ដីធ្លី ធនធាន​វប្បធម៌ដែល​មាន​តាំង​ពី​ប្រវត្តិសាស្ត្រ​យូរលង់​មក ​អាច​នឹង​រង​​ការ​បាត់បង់។ លើស​ពីនេះ​ទៀត ប្រជាជន​តំបន់​កោះ​​ មិនចង់​ចាកចេញ​ពី​ដីដូនតា​​របស់​ខ្លួន​នោះទេ ពួកគេ​សុខចិត្ត​ស្លាប់​នៅ​​​ប្រទេស​កំណើត​​​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ