អានតួអត្ថបទ
អាល្លឺម៉ង់-អាកាសធាតុ

កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ការ​ទប់ស្កាត់​ការ​កើនកំដៅ​នៃ​ភពផែនដី​

តើ​​នៅថ្ងៃពុធ​នេះ ​តំណាង​ប្រទេស​១៩៥ បាន​ជួប​ប្រជុំគ្នា នៅ​ទីក្រុង​Bonn ប្រទេស​អាល្លឺម៉ង់ ក្រោម​អធិបតី​ភាពរបស់​អង្គការ​សហប្រជាជាតិ ដើម្បី​វាយតម្លៃ​​ថា តើ​ប្រទេស​និមួយៗ​អាច​ធ្វើ​អ្វីបាន​ខ្លះ ​ក្នុង​ការ​​​​ទប់ស្កាត់​ការកើន​សីតុណ្ហភាព​នៃ​ភពផែនដី។ កិច្ចប្រជុំ​អន្តរជាតិ​នេះនឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​១៥មិថុនា ​​​​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​​កិច្ច​ពិភាក្សា​ ធ្វើយ៉ាងណា​សម្រេច​អោយ​បាន​​​​​​​​​កិច្ចព្រមព្រៀង​អន្តរជាតិ​​​មួយ ​​​នៅ​ចុង​​ឆ្នាំ២០១៥ ដើម្បី​​​អនុវត្ត​​សកម្មភាព​​កាត់​បន្ថយ​​ឧស្ម័ន​ផ្ទះកញ្ចក់​ ចាប់ពីឆ្នាំ​២០២០ទៅ។ ​

អាកាសធាតុ​​​រាំង​ស្ងួត​​ធ្វើឲ្យ​​ដំណាំ​ខ្លោច (រូបភាព​ឯកសារ ក្រុង​Volgograd​ រុស្ស៊ី)។
អាកាសធាតុ​​​រាំង​ស្ងួត​​ធ្វើឲ្យ​​ដំណាំ​ខ្លោច (រូបភាព​ឯកសារ ក្រុង​Volgograd​ រុស្ស៊ី)។
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​នៅ​ក្រុងបន ប្រទេស​អាល្លឺម៉ង់​ដែល​បើក​ធ្វើ​នៅថ្ងៃ​ពុធ​ម្សិលមិញ​ ​មាន​ទិសដៅ​​​​វាយតម្លៃ ពី​​​វិធានាការ​​​​​ទប់ស្កាត់​ការកើន​កំដៅ​​សីតុណ្ហភាព​ក្នុង​ភពផែនដី ដែល​ប្រទេស​និមួយៗ​អាច​ធ្វើ​ចាប់ពីពេលនេះ រហូត​ដល់​ឆ្នាំ​២០២០។ ​កាលពីថ្ងៃ​ចន្ទ ​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ពី​​​បទដ្ឋាន​ថ្មីៗ​របស់​អាមេរិក ចំពោះបណ្តា​​​រោងចក្រ​អគ្គិសនី ដែល​គ្រប់គ្រង​​​ឧស្ម័ន​ផ្ទះកញ្ចក់​១ភាគ៣​ នៅ​សហរដ្ឋ​អាមេរិក។ ប្រៀប​នឹង​ឆ្នាំ​២០០៥ ​អាមេរិក​ចង់​បន្ថយ​ឧស្ម័ន​កាបូនិក ​អោយ​បាន​​៣០ភាគរយ ពីពេល​នេះ​រហូត​ដល់​ឆ្នាំ​២០៣០។ គួរ​រំលឹក​ថា ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ​ចេញ​មក​ពី​ឧស្សហកម្ម​ធ្យូងថ្ម គឺ​ជា​ប្រភព​ចំបង​នៃ​ការ​កើន​សីតុណ្ហភាព​​​ភព​ផែនដី។

កន្លងមក អ្នកជំនាញអាកាសធាតុ​ធ្លាប់​រំពឹង​ថា ​ការ​កើន​កំដៅសីតុណ្ហភាពនេះ ​​អាច​ធ្វើ​អោយ​ពិភពលោកប្រឈម​​នឹង​​​​អសន្តិសុខ​ផ្នែក​ចំណី​អាហារ​ ​​គ្រោះធម្មជាតិ ​​ហើយ​អាច​​ធ្វើ​អោយ​មាន​សង្គ្រាម​កើតឡើង​ទៀតផង។

នៅ​ចុង​ឆ្នាំ​២០១៥ ​ក្រុង​ប៉ារីស​នឹង​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ ស្តី​ពី​អាកាសធាតុ​ ​មាន​​ទិសដៅ​​​សម្រេច​អោយបាន​​កិច្ចព្រមព្រៀង​ តំរូវ​អោយ​គ្រប់ប្រទេស​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ​ហើយ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​​​នេះ​ ​នឹង​​ចាប់​ធ្វើ​នៅ​ឆ្នាំ​២០២០។ ការ​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២០ មាន​ទិសដៅ​​អោយ​ភពផែនដី​​ឡើង​កំដៅ​បាន​ត្រឹម​តែ​២អង្សា​ ប្រៀប​នឹង​ការ​រំពឹង​ទុក​បច្ចុប្បន្ន​ ដែល​​​​​ថា ការ​កើន​ឡើង​នៃ​​ឧស្ម័ន​ផ្ទះកញ្ចក់​ អាច​​នាំ​អោយ​ផែនដី​ឡើង​កំដៅ​រហូត​ដល់​៤អង្សា។ ​
​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​បន ​​ថ្ងៃ​ពុធ​នេះ សហភាពអឺរ៉ុប​ បាន​​ទទូច​​​អោយ​គ្រប់​ប្រទេស​​ មាន​​មហិច្ឆតា​ខ្ពស់ ចាត់​វិធានការ​​​​ អោយ​បាន​​ច្រើន​ថែមទៀត នៅ​មុន​ឆ្នាំ​២០២០។ ​

សហភាពអឺរ៉ុបរំពឹង​ថា នឹង​ធ្វើ​សកម្មភាព​បាន​​ប្រសើរ​​​ជាង​ទិសដៅ​ឆ្នាំ​២០២០។ ​​​​សហភាពអឺរ៉ុប​គិតថា ប្រៀប​នឹង​ឆ្នាំ​១៩៩០ អឺរ៉ុប​​​អាច​កាត់បន្ថយ​​​ឧស្ម័ន​​​ផ្ទះកញ្ចក់​បាន​​២៤ភាគរយ។ ការ​រំពឹង​ទុក​នេះ ខ្ពស់​ជាងទិសដៅ​ឆ្នាំ​២០២០ ដែល​សហភាព​អឺរ៉ុប​​​​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​​បាន​ត្រឹម​២០ភាគរយ​នោះ។

ក្នុង​កិច្ចពិភាក្សា​​នៅអាល្លឺម៉ង់​ពេល​នេះ​​​​​​​ ​គ្រប់​ប្រទេស​ត្រូវជជែក​គ្នា​​​​​ថា ​តើ​វិធានការ​​​ដែល​អាច​ធ្វើ​ ​​ទប់ស្កាត់​ការ​កើនកំដៅ​សីតុណ្ហភាព​នោះ ​​​ អាច​​ឆ្លើយ​តប​តាម​​​​ទិសដៅ​​​​សេដ្ឋកិច្ច​បានទេ? ហើយ​​បណ្តា​​ប្រទេស​​ឧស្សាហកម្ម​ធំៗ ​​​ត្រូវ​ចាត់​វិធានការ​ហិរញ្ញវត្ថុ​បែបណា​​ដែរ? 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ