អង្គការសហប្រជាជាតិក្រើនតឿនគ្រប់ប្រទេស អោយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ អោយឆាប់រហ័សបំផុត
នៅថ្ងៃអាទិត្យនេះ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវជំរុញអោយរដ្ឋាភិបាលគ្រប់ប្រទេសក្នុងពិភពលោក ធ្វើយ៉ាងណាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ អោយបានឆាប់រហ័សបំផុត ដើម្បីទប់ស្កាត់ការកើនសីតុណ្ហភាពនៃភពផែនដី។ កាលពីខែមេសា ក្រុមអន្តររដ្ឋាភិបាលជំនាញផ្នែកអាកាសធាតុ បានព្រមានថា គេនៅមានលទ្ធភាព កាត់បន្ថយការកើនកំដៅនៃភពផែនដីបាន២អង្សា ប៉ុន្តែទាល់តែនាំគ្នាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់អោយបានឆាប់បំផុត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៦
ដើម្បីទប់ស្កាត់ការកើនឡើងសីតុណ្ហភាពក្នុងភពផែនដី អគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន បានអំពាវនាវ នៅថ្ងៃអាទិត្យនេះ អោយគ្រប់ប្រទេសក្នុងពិភពលោក កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់អោយបានឆាប់រហ័សបំផុត។ យោងតាមលោកបាន គីមូន អាទិភាពទី១របស់អង្គការសហប្រជាជាតិ មិនមែនផ្តោតតែលើស្ថិរភាពសេដ្ឋកិច្ចនិងសង្គម ក្នុងពិភពលោកប៉ុណ្ណោះទេ តែក៏ផ្តោតលើបញ្ហាបរិស្ថានផងដែរ។
ក្រុមអន្តររដ្ឋាភិបាលជំនាញផ្នែកអាកាសធាតុ បានព្រមានក្នុងរបាយការណ៍ខ្លួន ចុះផ្សាយក្នុងខែមេសា នៅក្រុងប៊ែរឡាំង ថា គេនៅមានលទ្ធភាព កាត់បន្ថយការកើនកំដៅនៃភពផែនដីបាន២អង្សា ប្រៀបធៀបនឹងជំនាន់ដែលមិនទាន់មានឧស្សាហកម្មនៅឡើយ។ ប៉ុន្តែ អាចកាត់បន្ថយសីតុណ្ហភាពផែនដីបាន ទាល់តែនាំគ្នាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់អោយបានពី៤០ទៅ៧០ភាគរយ អោយឆាប់រហ័សបំផុត គិតពីពេលនេះ រហូតដល់ឆ្នាំ២០៥០។ ប្រសិនបើគ្មានការផ្លាស់ប្តូររហ័សបំផុតទេនោះ នៅឆ្នាំ២១០០ ភពផែនដីនឹងកើនកំដៅពី៣,៧ ទៅ៤,៨អង្សាថែមទៀត។ គួរបញ្ជាក់ថា ឧស្សាហកម្មធ្យូងថ្មគឺជាប្រភពចំបងនៃការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់។ ប៉ុន្តែ ពិភពលោកបច្ចុប្បន្ន ពឹងផ្អែកលើថាមពលធ្យូងថ្ម និងប្រេង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវអោយគ្រប់ប្រទេសកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងសន្និសីទនៅក្រុងអាប៊ូ ដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានវត្តមានរដ្ឋមន្ត្រី និងប្រធានសហគ្រាសច្រើនរូប។ ជាសន្និសីទត្រៀមរៀបចំជំនួបកំពូលស្តីពីការកើនឡើងសីតុណ្ហភាពផែនដី ដែលត្រូវធ្វើនៅក្រុងញូវយក ថ្ងៃ២៣កញ្ញា ខាងមុខ។ សន្និសីទនេះនឹងបិទបញ្ចប់នៅថ្ងៃចន្ទនេះ។
លោកបាន គីមូន សង្ឃឹមថា នៅចុងឆ្នាំ២០១៥ខាងមុខ ជំនួបពិភាក្សាអន្តរជាតិអាចនឹងឈានទៅដល់កិច្ចព្រមព្រៀងមួយ មានទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ការពិភាក្សាអន្តរជាតិនេះ នឹងធ្វើនៅក្រុងប៉ារីស ដោយមានការចូលរួមពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសបំពុលបរិស្ថានខ្ពស់បំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ