បារាំងនិងម៉ារ៉ុកប៉ះទង្គិចផ្នែកការទូតនឹងគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៣
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងយុត្តិធម៌ម៉ារ៉ុកបានប្រកាសព្យួរចោលនូវកិច្ចព្រមព្រៀងផ្នែកច្បាប់នានា ជាមួយប្រទេសបារាំង។ ទំនាក់ទំនងការទូតរវាងម៉ារ៉ុកនិងបារាំង បានចាប់ធ្លាក់ដុនដាប តាំងពីសប្តាហ៍មុនមក ក្នុងរឿងទាក់ទងប្រធានចារកិច្ចម៉ារ៉ុកមួយរូប ដែលរងការចោទប្រកាន់ថា បានឃុបខិតក្នុងការធ្វើទារុណកម្មអ្នកទោស។ រឿងការទូតកាន់តែដុនដាបខ្លាំងថែមទៀត នៅពេលដែលអ្នកថតឯកសារអេស្ប៉ាញមួយរូប ប្រាប់ថាតំណាងបារាំងនៅអង្គការសហប្រជាជាតិ បានចាត់ទុកម៉ារ៉ុកដូចជាស្រីសាហាយស្មន់។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងយុត្តិធម៌ម៉ារ៉ុកបានប្រាប់ថា មូលហេតុដែលក្រសួងសម្រេចព្យួរចោលនូវកិច្ចព្រមព្រៀងផ្នែកច្បាប់នានា ជាមួយបារាំង គឺដោយសារមានចំណុចខ្វះខាតច្រើន ក្នុងអនុសញ្ញារវាងបារាំងនិងម៉ារ៉ុក។ ហើយក៏មានចំណុចច្រើនទៀតដែលមិនជាដំណើរ ការបានស្រួលដែរ។ ដោយសារការព្យួរចោលនេះ ចាប់ពីពេលនេះទៅ ទំនាក់ទំនងរវាងចៅក្រមនិងមន្ត្រីប៉ូលិសផ្នែកច្បាប់ ប្រទេសទាំងពីរ នឹងត្រូវរាំងស្ទះ។ ដំណើរការនិតិវិធីរឿងលែងលះ អាពាហ៍ពិពាហ៍ រឺក៏ការថែរក្សាក្មេងៗ សម្រាប់ប្រជាជនដែលមានសញ្ជាតិពីររួមគ្នា គឺសញ្ជាតិបារាំងនិងម៉ារ៉ុក ក៏ត្រូវរាំងស្ទះផងដែរ។
បារាំងនិងម៉ារ៉ុកបានជួបការប៉ះទង្គិចផ្នែកការទូតរវាងគ្នាខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពេលដែលប៉ូលិសបារាំង៧នាក់ បានចុះទៅស្ថានទូតម៉ារ៉ុក ប្រចាំនៅក្រុងប៉ារីស សុំជួបប្រធានផ្នែកចារកិច្ចម៉ារ៉ុកមួយរូប ឈ្មោះថាអាប់ដេលឡាទីហ្វ ហាំមូឈី។ លោកហាំមូឈី រងការចោទប្រកាន់ថា បានឃុបខិតធ្វើទារុណកម្មអ្នកទោសនៅម៉ារ៉ុក។ ចៅក្រមបារាំងបានចេញលិខិតកោះហៅប្រធានចារកិច្ចម៉ារ៉ុករូបនេះ។
សម្រាប់ម៉ារ៉ុក ទង្វើរបស់ប៉ូលិសបារាំងមិនបានឆ្លងកាត់ផ្លូវទូតជាមុននោះទេ។ នេះជាការរំលោភផ្នែកការទូតទាំងស្រុង។ រដ្ឋាភិបាលម៉ារ៉ុកបរិហារបារាំងថា ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យបែបយ៉ាងបារាំងនេះ ផ្នែកការទូតគ្មានសិទ្ធិនឹងជ្រៀតជ្រែកគ្នា ក្នុងដំណើរការនៃអំណាចយុត្តិធម៌ទេ។ គួររំលឹកថា មេចារកិច្ចម៉ារ៉ុក អាប់ដេលឡាទីហ្វ ហាំមូឈី បានរងការចោទប្រកាន់ចំនួន៣ ទាក់ទងនឹងការឃុបខិតដាក់ទារុណកម្មអ្នកទោសអោយសារភាព នៅមន្ទីរឃុំឃាំងមួយកន្លែង នៅម៉ារ៉ុក។ លោក អាឌីល ឡាំតាស៊ី ជាពលរដ្ឋបារាំងដើមកំណើតម៉ារ៉ុកម្នាក់ ដែលបានដាក់ពាក្យប្តឹង បានប្រាប់ថា បានរងទារុណកម្ម៣ថ្ងៃក្នុងមន្ទីរឃុំឃាំង។ លោកឡាំតាស៊ី ត្រូវបានម៉ារ៉ុកកាត់ទោសអោយជាប់ពន្ធនាគារ១០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។
ក្នុងបណ្តឹងពីរទៀត គេចាប់អារម្មណ៍លើបណ្តឹងទាក់ទងការធ្វើទារុណកម្មលើសកម្មជននៅតំបន់សាហារ៉ាមួយរូប ដែលត្រូវម៉ារ៉ុកកាត់ទោសអោយជាប់ពន្ធនាគារ៣០ឆ្នាំ។ ជាទូទៅ ពាក្យបណ្តឹងនៅបារាំង ធ្វើឡើងក្រោមគោលការណ៍ឈ្មោះថា ដែនយុត្តាធិកាសកល មានន័យថា ប្រសិនបើជនណាម្នាក់ជាប់ពិរុទ្ធផ្នែកច្បាប់ តែជននោះមានវត្តមានក្នុងទឹកដីបារាំង ជននោះអាចដាក់ពាក្យប្តឹងទៅតុលាការបារាំងបាន។
រឿងរ៉ាវប្តឹងផ្តល់ រហូតដល់មានប៉ូលិសបារាំងចុះទៅដល់ស្ថានទូតម៉ារ៉ុក មិនទាន់រំងាប់កំហឹងម៉ារ៉ុកបានស្រួលផង។ កំហឹងម៉ារ៉ុកបានឆាបរោលរាលសាជាថ្មី នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ មូលហេតុគឺថា លោក ហ្សាវីយេ បាដេម ជាអ្នកផលិតភាពយន្តឯកសារអេស្ប៉ាញម្នាក់ បានលើកឡើងថា លោក ហ្សេរ៉ា អារ៉ូ ជាតំណាងបារាំងនៅអង្គការសហប្រជាជាតិ ធ្លាប់បានប្រាប់លោក កាលពីឆ្នាំ២០១១ថា ម៉ារ៉ុកជាស្រីសាហាយស្មន់ ដែលគេដេកជាមួយរៀងរាល់យប់ ជាស្រីដែលគេមិនសូវជាចាប់ចិត្តប្រតិព័ទ្ធអ្វីនោះទេ ប៉ុន្តែជាស្រីដែលគេត្រូវតែការពារ។ ការប្រៀបប្រដូចម៉ារ៉ុកទៅនឹងស្រីសាហាយស្មន់បែបនេះ ម៉ារ៉ុកមិនអាចទទួលយកបានឡើយ។ នៅថ្ងៃអង្គារដើមសប្តាហ៍នេះ បាតុករម៉ារ៉ុករាប់រយនាក់បាននាំគ្នាតវ៉ានៅពីមុខស្ថានទូតបារាំងប្រចាំក្រុងរ៉ាបា ស្រែកដាក់បារាំងថា ឯកអគ្គរដ្ឋទូតបារាំងកំសាក ម៉ារ៉ុកមិនអាចបណ្តោយខ្លួនអោយរងការប្រមាថបានឡើយ។ ដោយសារម៉ារ៉ុកខឹងក្តៅក្រហាយបែបនេះ បារាំងបានចេញមុខបដិសេធថា តំណាងទូតបារាំងនៅអង្គការសហប្រជាជាតិ ពិតជាបានជួបអ្នកផលិតភាពយន្តឯកសារអេស្ប៉ាញមែន ប៉ុន្តែមិនបានពោលពាក្យដូចដែលផលិតកររូបនោះលើកឡើងទេ។
ដើម្បីរំងាប់កំហឹងម៉ារ៉ុក កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំងហ្វ្រង់ស៊័រ ហូឡង់ បានទូរសព្ទទៅព្រះមហាក្សត្រម៉ារ៉ុក ព្រះចៅម៉ូហាមេដ រំលឹកបញ្ជាក់ព្រះអង្គថា មិត្តភាពរវាងបារាំងនិងម៉ារ៉ុក គឺនៅតែមានភាពខ្ជាប់ខ្ជួន មិនប្រែប្រួលឡើយ។ រដ្ឋមន្ត្រីការបរទេសបារាំងឡ៉ូរ៉ង់ហ្វាប៊ីយុសវិញក៏បានទូរសព្ទទៅរដ្ឋមន្ត្រីការបរទេសម៉ារ៉ុកផងដែរ ដើម្បីរំសាយការយល់ច្រឡំរវាងបារាំងនិងម៉ារ៉ុក។ ប្រមុខការទូតបារាំងទទួលស្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ពិតជាមានភាពតានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមែន។ លោកហ្វាប៊ីយុសសង្ឃឹមថា រឿងរ៉ាវនេះនឹងក្លាយជារឿងអតីតកាល។ ប៉ុន្តែ ម៉ារ៉ុកមិនងាយនឹងបំបាត់កំហឹងពីក្នុងចិត្តនោះទេ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍នេះ ម៉ារ៉ុកបានប្រកាសព្យួរទំនាក់ទំនងផ្នែកច្បាប់ជាមួយបារាំងតែម្តង។
ប្រាកដណាស់ បារាំងនិងម៉ារ៉ុកតែងមានទំនាក់ទំនងផ្អែលល្ហែមជាមួយគ្នា ដូចទឹកឃ្មុំ។ ម៉ារ៉ុកធ្លាប់គាំទ្របារាំងក្នុងអន្តរាគមន៍យោធានៅម៉ាលី ដោយបានបើកផ្លូវអោយយន្តហោះបារាំងហោះហើរក្នុងទឹកដីខ្លួន។ បារាំងក៏ធ្លាប់គាំទ្រម៉ារ៉ុកក្នុងរឿងតំបន់សាហារ៉ា ជាអតីតដែនអាណានិគមអេស្ប៉ាញ ដែលម៉ារ៉ុកអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ប្រឈមនឹងការចង់បានឯករាជ្យនៅទីនោះ។
តែក្នុងប៉ុន្មានថ្ងៃសោះ ភាពផ្អែមល្ហែមរវាងបារាំងនិងម៉ារ៉ុក បានប្រែរសជាតិទៅជាជូរចត់ មួយរំពេច។ ដូច្នេះ គេមិនអាចលេងសើចស្រួលៗឡើយ ក្នុងទំនាក់ទំនងការទូតរវាងប្រទេសនីមួយៗ ព្រោះថា វាផុយស្រួយ ងាយនឹងរងការប៉ះទង្គិចណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ