អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វែង​យល់​អំពី​ចលនា​ភេរវនិយម​នៅ​នីហ្សេរីយ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហ្វ្រង់ស៊ី កូឡុម​ ​(Francis Collomp) ដែល​ទើប​រត់​គេច​ខ្លួន​រួច​ពី​កណ្តាប់​ដៃ​ភេរវជន​​ចំណាប់​ថ្នូរ​ នៅ​ប្រទេស​នីហ្សេរីយ៉ា បាន​អញ្ជើញ​មក​ដល់​ក្រុង​ប៉ារីស​ហើយ ព្រឹកមិញ តាម​ជើង​យន្តហោះ​ពិសេស។ ជាមួយ​នឹង​ការ​ត្រេក​អរ ចំពោះ​សេរីភាព​ចំណាប់​ថ្នូរ ភាព​ស្រពិច​ស្រពិល​ក៏​មាន​ច្រើន​ទាក់ទង​លក្ខខណ្ឌ​នៃ​ការ​រត់​គេច​ខ្លួន​របស់​លោក​វិស្វករ ហ្វ្រង់ស៊ី កូឡុម។ ពី​ព្រោះ​ដំបូងឡើយ ប្រមុខ​រដ្ឋ​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​ចេញ​សេចក្តី​ថ្លែង​ការ​​អបអរ និង​អរគុណ​ភ្លាម ប្រទេស​នីហ្សេរីយ៉ាចំពោះ​​សេរីភាព​លោក ហ្វ្រង់ស៊ី កូឡុំ មុន​នឹង​បញ្ជាក់​ថា​អតីត​ចំណាប់​ថ្នូរ​បារាំង​រូប​នេះ បាន​រត់​គេច​ខ្លួន​រួច ដោយ​ខ្លួន​ឯង​ទេ។

លោក Francis Collomp អតីត​ចំណាប់​ថ្នូរ​របស់​Ansaru នៅ​ Nigeria ពេល​មក​ដល់​ក្រុង​ប៉ារីស ថ្ងៃ​ចន្ទ​ទី ១៨ វិច្ឆិកា ២០១៣
លោក Francis Collomp អតីត​ចំណាប់​ថ្នូរ​របស់​Ansaru នៅ​ Nigeria ពេល​មក​ដល់​ក្រុង​ប៉ារីស ថ្ងៃ​ចន្ទ​ទី ១៨ វិច្ឆិកា ២០១៣ AFP PHOTO / POOL / KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វ្រង់ស៊ី កូឡុម ជា​វិស្វករ មាន​អាយុ​៦៤​ឆ្នាំ ដែល​បាន​ជាប់​ជា​ចំណាប់​ថ្នូរ នៅ​ប្រទេស​នីហ្សេរីយ៉ា​ កាលពី​​ថ្ងៃ​ទី ១៩​ធ្នូ ឆ្នាំ​២០១២ បាន​​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ប៉ារីស​នៅ​វេលា​ម៉ោង ៥​ព្រឹក​ ម៉ោង​សកល ​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ដោយ​គ្មានសេចក្តី​ថ្លែងការណ៍​ផ្លូវការ​អ្វីទេ។ ទទួល​ស្វាគមន៍​ជា​លក្ខណៈ​គ្រួសាររួច​ លោក​ហ្វ្រង់ស៊ី កូឡុម ត្រូវ​បញ្ជូន​ទៅសម្រាក​ព្យាបាល​តាម​ដាន​សុខភាព​នៅ​មន្ទីរ​ពេទ្យសិន។ លោក​ចុះ​ស្គមអស់​៣០​គីឡូ​ ក្នុង​រយៈ​ពេល​១១​ខែ​ក្នុង​កណ្តាប់​ដៃ​ពួក​ភេរវជន ប៉ុន្តែ​សតិ​បញ្ញាស្មារតី​​នៅរឹង​មាំ​ល្អ។

 
លក្ខខណ្ឌ​ស្រពិច​ស្រពិល​នៃ​ការ​រត់​គេច​ខ្លួច

បន្ទាប់​ពី​មាន​ព័ត៌មាន​ចម្រូង​ចម្រាស​គ្នា​ ពីរ​បីម៉ោង ទាក់ទង​នឹងសេរីភាព​របស់​លោក ហ្វ្រង់ស៊ី កូឡុំ លក្ខខណ្ឌ​នៃ​ការ​រត់​គេច​ខ្លួន បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ឡើងៗហើយ។ បើ​តាម​ប្រភព​ការទូត ដែល​វិទ្យុ​បារាំង​ទទួល​បាន អតីតចំណាប់​ថ្នូរ​របស់​យើង បាន​រត់​គេច​ខ្លួន ចេញ​ពី​កន្លែង​ឃុំឃាំង​នៅ​ក្រុង zaria នៃ​តំបន់​បែក​ខាង​ជើង​នីហ្សេរីយ៉ា។ ​ឆ្លៀត​ពេល​ឆ្មាំ​គុក​ធ្វេសប្រហែស ព្រោះ​ជាប់​សូត្រ​ធម៌ភ្លេច​ចាក់​សោទ្វារ​គុក លោក ហ្វ្រង់ស៊ី កូឡុម បាន​រត់​ចេញ​ ជិះ​ម៉ូតូ​ឌុប​សំដៅ​ប៉ុស្តិ៍​ប៉ូលិស រួច​ទូរស័ព្ទ​ទៅ​ស្ថានទូត​បារាំង ប្រចាំ​ក្រុង​អាប៊ូហ្សា ដើម្បី​បាន​ការ​ការពារ​ពី​បារាំង។

ប៉ុន្តែ​ការ​រៀបរាប់​នេះ​មាន​លាក់​នូវ​ចំណុច​ស្រពិច​ស្រពិលខ្លះ ព្រោះ​បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ទៀត​ស្និទ្ធ​នឹង​ភ្នាក់ងារសារព័ត៌មាន​បារាំង AFP មាន​បញ្ជាក់​អំពី​ប្រតិបត្តិការ​យោធា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នីហ្សេរីយ៉ា និង​ពួក​ភេរវជន​ប្រដាប់​អាវុធ ទើប​លោក​កូឡុម​អាច​ឆ្លៀត​រត់​គេច​ខ្លួន​បាន ប៉ុន្តែ​ទាហាន​នីហ្សេរីយ៉ា​ មិន​បញ្ជាក់​ដំណឹង​នេះ​ទេ។​ សម្រាប់​ប្រភព​ការទូត​បារាំង គឺ​នៅ​ពេល​ដែល​អ្នក​រត់​បាត់​ទើបឆ្មាំ​គុក​នាំ​គ្នា​ផ្ទុះអាវុធ​តាម​រក។ ចំណុច​អាទិ៍​កំបាំង​មួ​យ​ទៀត​ គឺ​ថ្ងៃ​។ ដំបូង​ឡើយ​គេ​និយាយ​ពី​ថ្ងៃ​អាទិត្យ ឯ​ប្រភព​នីហ្សេរីយ៉ា ថា​ថ្ងៃ​សៅរ៍។ តែ​អ្វី​ដែល​ប្រាកដ គឺ​នេះ​ ជា​លើក​ទីមួយ ដែល​ចំណាប់​ថ្នូរ​អាច​គេច ​រួច​ជីវិត​ពី​កណ្តាប់​ដៃ​ពួក​ភេរវនិយម​ អាន់ហ្សារ៉ូ។ អាន់ហ្សារ៉ូ ដែល​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ចំណាប់​ថ្នូរ​ទេ ប៉ុន្តែ ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​Ansaru សាខា​របស់​លចនា​អ៊ីស្លាម​ជ្រុលនិយម​បូកូអារ៉ាម បាន​សម្លាប់​​ទាំង​អស់​ចំណាប់​ថ្នូរ​បរទេស​១០​នាក់ ក្នុង​ប្រតិបត្តិការរំដោះ​ពួក​គេ។

សកម្មភាព​និង​ឥទ្ធិពល​របស់​ អាន់ហ្សារ៉ូ Ansaru ឬ បូកូហារ៉ាម Boko Haram នៅ​នីហ្សេរីយ៉ា

បូកូ ហារ៉ាម បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ Mohammed Yusuf នៅ Maiduguri ភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា។ ថ្វីបើ​ប្រទេស​នេះ​ មាន​ប្រជាជន​ភាគ​ច្រើន ប្រកាន់​សាសនា​គ្រិស្ត ភាគ​ខាង​ជើង​វិញ​គ្របដណ្តប់​ដោយអ្នក​កាន់​សាសនា​អ៊ីស្លាម។ ចលនា​បូកូហារ៉ាម ជា​​ភាសា​តំបន់​មាន​ន័យ​ថា “អប់រំ​តាម​បែប​បស្ចឹម​លោក​ជា​ការ​ប្រព្រឹត្តកំហុស”។ ក្រុម​នេះ​ជា​និកាយ​ជ្រុល​និយម និង​យង់ឃ្នង​បំផុត ប្រកាន់​យកច្បាប់អ៊ីស្លាម​តឹង​រ៉ឹង​ charia…

ដំបូង​ ក្រុម​នេះ​វាយប្រហារ​តែ​អាជ្ញាធរ​នីហ្សេរីយ៉ា​ ដោយ​អំពើ​លួច​ ប្លន់​ យក​អាវុធ​ និង​សម្លាប់​ប៉ូលិស ព្រមទាំង​ចាប់​ចំណាប់​ថ្នូរ​ដើម្បី​ទារ​លុយ។ រដ្ឋាភិបាល​ក្រុង​អាប៊ូហ្សា បាន​បើក​​យុទ្ធនាការ​បោស​សម្អាត​ក្រុម​នេះ ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០០៩ ដោយ​សម្លាប់​ក្រុម​ប្រដាប់​អាវុធ​បាន​៨០០​នាក់ ប៉ុន្តែ​បូកូហារ៉ាម កាន់​តែ​ខ្លាំង​ និង​កាន់​តែ​ផ្តាច់​ការ ធ្វើ​សកម្មភាព​កាន់​ខ្លាំង​ បង្ក​ជា​ភេរវកម្ម​ប្រឆាំង​សាលា​រៀន វិហារកាតូលិក តំណាង​ស្ថាប័នអន្តរជាតិ​ និង​ចាប់​ខ្លួនបរទេស។

ទំនាក់ទំនង​របស់​បូកូហារ៉ាម ជាមួយ​នឹង​អង្គការ​ភេរវនិយ​អាល់កៃដា មិន​សូវ​ច្បាស់​ទេ។ បូកូហារ៉ាម​​​ធ្លាប់​ទទួល​ស្គាល់​ថា​បាន​បំពាក់បំប៉ន​ក្រុម​ជីហាត នៅ​ក្នុង​ជំរំ​ជាមួយ​នឹង​​ក្រុម​ Aqmi នៅ​សូម៉ាលី ស៊ូដង់ ឬ​នៅដើមបូព៌ា។ ពោល​គឺ​​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​បូកូហារ៉ាម និង​Aqmi​ នេះ​បើ​ភ្នាក់ងារ​ស៊ើប​ការណ៍​អាល់ហ្សេរី ហើយ​អាមេរិក​ក៏​បាន​បញ្ចូល​ក្រុម​បូកូហារ៉ាម​ និង​អាន់ហ្សារ៉ូនេះ នៅ​ក្នុង​បញ្ជី​ខ្មៅ​ភេរវនិយម កាលពី​ថ្ងៃ​ពុធ និង​ផ្តល់​តម្លៃ​ក្បាល​មេកើយ​បូកូហារ៉ាម​ ៧​លាន​ដុល្លារ។

អាន់ហ្សារ៉ូ ដែល​តាំង​ពី​ចូលឆ្នាំ​២០១៣​មក ធ្វើ​សកម្មភាព​ខ្លាំង ចាប់​ខ្លួន​និង​សម្លាប់​ជន​បរទេស​​ជា​ច្រើន​នាក់។ រហូត​ក្រុង​អាប៊ូហ្សា​ ចេញក្រិត្យ​​ដាក់​តំបន់​ឦសាន តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៣​មក ​ក្នុង​ភាព​អាសន្ន ដោយ​បញ្ជូន​កម្លាំង​យោធា​យ៉ាងសន្ធឹក​សន្ធាប់​ទៅ​ឈរ​ជើង និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជិត​ខាង​ មាន​ជាអាទិ៍​ នីហ្សេ ឆាដ ឬ​កាមឺរ៉ូន ជួយ​សហការ។ តែ​សកម្មភាព​ ចាប់​ជំរិត​នៅ​តែ​មាន​ជាក់​ស្តែង ការ​ចាប់​ខ្លួន​សង្ឃ​កាតូលិក​បារាំង​ បង្ហាញ​យ៉ាង​ច្បាស់​ អំពី​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ