អានតួអត្ថបទ
ឥណ្ឌូណេស៊ី-បារាំង

អ្នកសារព័ត៌មាន​បារាំង​២រូប​ជាប់ឃុំ​នៅ​ឥណ្ឌូណេស៊ី​ ជាប់​សង្ស័យ​ថា​ឃោសនា​ប្រឆាំង​រដ្ឋអំណាច​ក្រុង​Jakarta​

អ្នកសារព័ត៌មាន​បារាំង​​២រូប ​ដែល​​​​ជាប់ឃុំ​នៅ​ឥណ្ឌូណេស៊ី​មួយ​សប្តាហ៍​មកនេះ ​ជាប់​សង្ស័យ​ពី​បទ​ធ្វើការ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី។ នេះ​បើ​យោងតាម​​ការ​ប្រកាស​របស់​ប៉ូលិស​​ឥណ្ឌូណេស៊ី ថ្ងៃ​ពុធ​នេះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​នេះ ​មន្ត្រី​ស្ថានទូត​បារាំង​នៅ​ឥណ្ឌូណេស៊ី ​​​​ត្រូវ​ចុះ​ទៅ​​មើលស្ថានភាព​អ្នកសារព័ត៌មាន​ទាំង២រូប​ នៅ​ពន្ធនាគារ។ អាជ្ញាធរ​បារាំង​កំពុង​តែ​រក​ដំណោះស្រាយ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី។

ក្រុម​ផ្តាច់ទឹកដី​ដែល​អ្នកកាសែត​បារាំង​បានជួប​នៅ​ឥណ្ឌូណេស៊ី តែង​ចោទ​កងទ័ព​ឥណ្ឌូណេស៊ី​ថា ពុករលួយ ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ខេត្ត​ប៉ាពូអាស៊ី។
ក្រុម​ផ្តាច់ទឹកដី​ដែល​អ្នកកាសែត​បារាំង​បានជួប​នៅ​ឥណ្ឌូណេស៊ី តែង​ចោទ​កងទ័ព​ឥណ្ឌូណេស៊ី​ថា ពុករលួយ ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ខេត្ត​ប៉ាពូអាស៊ី។ REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ថា ​អ្នកសារព័ត៌មាន​បារាំង​ទាំង២រូប ​គឺ​លោក​តូម៉ា ដង់ឌ័រ ​និងលោកស្រី វ៉ាឡង់ទីន បួរ៉ា ជា​អ្នក​​​​បំរើការ​អោយ​ទូរទស្សន៍រួមគ្នា​រវាង​​បារាំងនិងអាល្លឺម៉ង់​ ឈ្មោះថា ​​​Arte។ អ្នកទាំង​២ បាន​ប្រើវីសា​​ទេសចរ ធ្វើដំណើរ​មក​ឥណ្ឌូណេស៊ី ​ដើម្បី​ធ្វើ​បទ​យកការណ៍​​​​​អោយ​ទូរទស្សន៍Arte។ ​​​ អាជ្ញាធរ​ឥណ្ឌូណេស៊ីបាន​​ចាប់ខ្លួន​​អ្នកសារព័៍ត៌មាន​បារាំង​ទាំង២នេះ​​ ​កាលពី​ថ្ងៃ​៦សីហា ក្នុងពេល​ពួកគេ​កំពុង​​បំពេញ​ការងារ​យកព័ត៌មាន ទាក់ទង​នឹង​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី​និយម ​ក្នុង​ខេត្ត​ប៉ាពូអាស៊ី។ អាជ្ញាធរ​​ចោទប្រកាន់​ផ្លូវការ​ថា ពួកគេ​​ទាំង២​រំលោភ​​លើ​ច្បាប់​អន្តោប្រវេសន៍​ ព្រោះ​ពួកគេ​ប្រហែល​ជា​ធ្វើការ​ខុសច្បាប់។

នៅ​ថ្ងៃ​ពុធ​នេះ ​ប៉ូលិស​ក្នុង​ស្រុក​បានប្រាប់ថា ​ក្រៅពី​បទ​ចោទប្រកាន់​នេះ​ ​​អ្នកសារព័ត៌មាន​បារាំងទាំង​២ក៏ជាប់​សង្ស័យ​ដែរ​ថា បាន​​ជួយ​អោយ​មនុស្ស​​នានា​ធ្វើ​សកម្មភាព​ក្បត់​ជាតិ​ឥណ្ឌូណេស៊ី។ ​ទោះយ៉ាង​នេះក្តី យោងតាម​ប៉ូលិស​ក្នុង​ស្រុក ​​​ការស៊ើបអង្កេត​​លើ​អ្នក​សារ ព័ត៌មាន​​បារាំង​ ​នៅ​បន្តធ្វើ​នៅឡើយ មិនទាន់​ឈានដល់​ដំណាក់កាល​អង្កេត​ចុងក្រោយ​ទេ។ ​ពេលនេះ​ អ្នកសារព័ត៌មាន​បារាំង​ទាំង២​ កំពុង​ជាប់ឃុំ​នៅ​ក្រុង​​ចាយ៉ាពូរ៉ា ក្នុង​ខេត្ត​ប៉ាពូអាស៊ី។ ​គេ​ពុំទាន់​ដឹងថា តើ​ពួកគេ​ត្រូវ​ជាប់ឃុំ​យូរ​ប៉ុណ្ណាទៀតទេ។​​ អាជ្ញាធរ​បារាំង​កំពុង​ទាក់ទង​​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ រក​ដំណោះស្រាយ។ ​

មុន​ត្រូវ​បាន​ចាប់ខ្លួន ​លោក​តូម៉ា ដង់ឌ័រ ​និងលោកស្រី វ៉ាឡង់ទីន បួរ៉ា បានជួប​ជាមួយ​ពួក​ឧទ្ទាម​​​​​មកពីបណ្តា​​ភ្នំ​ភាគកណ្តាល​ខេត្ត​ប៉ាពូអាស៊ី ​​ក្នុង​​សង្កាត់​មួយ​ឈ្មោះថា ឡាន់នី ចាយ៉ា។ នៅ​សង្កាត់​នេះ ធ្លាប់​មាន​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​៥នាក់ ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ជាសមួយ​យោធា។ ​មុន​នេះដែរ ​ប៉ូលិស​២នាក់​ត្រូវ​បាន​ស្លាប់ ក្រោយ​បាន​​ជាប់​អន្ទាក់​របស់​ពួកឧទ្ទាម។

ក្រុមឧទ្ទាម​​ផ្តាច់ទឹកដី​និយម​ មាន​ដើមកំណើត​មកពី​​តំបន់​កោះ​មេឡាណេស៊ី ជាតំបន់​សំបូរ​ធនធាន​ធម្មជាតិ។​ ​ច្រើន​ឆ្នាំ​មកនេះ ក្រុម​ឧទ្ទាម​តស៊ូ​​ប្រឆាំង​នឹង​រដ្ឋាភិបាលឥណ្ឌូណេស៊ី។ ​ពួកគេ​ចោទកងទ័ព​​ឥណ្ឌូណេស៊ី​​ថា រំលោភ​សិទ្ធិមនុស្ស ​ប្រឆាំង​ជនស៊ីវិល​ក្នុង​ខេត្ត​ប៉ាពូអាស៊ី ហើយ​​ប្រព្រឹត្ត​អំពើ​​ពុករលួយ​​ក្នុង​ប្រតិបត្តិការ​​ជីករ៉ៃ​ ​និង​​កាប់ឈើខុសច្បាប់ ខណៈ​​ប្រជាជន​​​ទីនោះ ​មាន​ជីវភាព​ក្រីក្រ៕ ​ ​​​ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ